លោកយេត្រូជាបូជាចារ្យនៅស្រុកម៉ាឌាន ហើយត្រូវជាឪពុកក្មេករបស់លោកម៉ូសេ ឮគេនិយាយពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើចំពោះលោកម៉ូសេ និងអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់ព្រះអង្គ គឺព្រះអម្ចាស់បាននាំពួកគេចេញពីស្រុកអេស៊ីប។ លោកយេត្រូ ជាឪពុកក្មេក ក៏នាំលោកស្រីសេផូរ៉ា ជាភរិយារបស់លោកម៉ូសេ ដែលលោកម៉ូសេបានឲ្យត្រឡប់ទៅស្រុកវិញ ព្រមទាំងកូនប្រុសរបស់លោកទាំងពីរនាក់មកជាមួយដែរ។ កូនប្រុសច្បងឈ្មោះ គើសម ដ្បិតលោកម៉ូសេគិតថា ខ្ញុំជាជនបរទេសដែលរស់នៅក្នុងស្រុកដទៃ។ ចំណែកកូនប្អូន មានឈ្មោះថាអេលាស៊ើរ ដ្បិតលោកម៉ូសេគិតថា ព្រះរបស់ឪពុកខ្ញុំបានជួយខ្ញុំ ព្រះអង្គបានការពារខ្ញុំឲ្យរួចពីមុខដាវរបស់ស្ដេចផារ៉ោន។ លោកយេត្រូជាឪពុកក្មេករបស់លោកម៉ូសេ បានធ្វើដំណើរជាមួយកូនប្រុសទាំងពីរ និងភរិយារបស់លោកម៉ូសេ ដើម្បីមកជួបលោកម៉ូសេនៅវាលរហោស្ថាន ត្រង់កន្លែងដែលលោកបោះជំរំ នៅភ្នំរបស់ព្រះជាម្ចាស់។ លោកយេត្រូឲ្យគេមកប្រាប់លោកម៉ូសេថា៖ «ខ្ញុំជាឪពុកក្មេក បាននាំប្រពន្ធ និងកូនប្រុសទាំងពីរ មកជួបលោក»។ លោកម៉ូសេចេញទៅទទួលឪពុកក្មេក ទាំងក្រាបសំពះលោក ហើយថើបលោកទៀតផង។ ពួកគេសួរសុខទុក្ខគ្នា រួចចូលទៅក្នុងជំរំ។ លោកម៉ូសេរៀបរាប់ប្រាប់ឪពុកក្មេកអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានធ្វើចំពោះព្រះចៅផារ៉ោន និងជនជាតិអេស៊ីប ដើម្បីជួយអ៊ីស្រាអែល។ លោកក៏រៀបរាប់អំពីការដែលព្រះអម្ចាស់បានជួយប្រជាជនអ៊ីស្រាអែល ឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន ដែលពួកគេជួបប្រទះនៅតាមផ្លូវ។ លោកយេត្រូមានចិត្តរីករាយចំពោះការល្អទាំងប៉ុន្មានដែលព្រះអម្ចាស់បានធ្វើ ដើម្បីរំដោះអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ លោកពោលថា៖ «សូមសរសើរតម្កើងព្រះអម្ចាស់ ដែលបានរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប និងស្ដេចផារ៉ោន។ ឥឡូវនេះ ខ្ញុំទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះដ៏ធំឧត្ដមលើសព្រះទាំងអស់ គឺព្រះអង្គរំដោះជនជាតិអ៊ីស្រាអែល នៅពេលដែលជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិន»។ លោកយេត្រូ ជាឪពុកក្មេករបស់លោកម៉ូសេ យកតង្វាយដុតទាំងមូល* និងយញ្ញបូជាឯទៀតៗថ្វាយព្រះជាម្ចាស់។ លោកអើរ៉ុន និងព្រឹទ្ធាចារ្យអ៊ីស្រាអែលទាំងអស់ ក៏នាំគ្នាបរិភោគអាហារជាមួយឪពុកក្មេករបស់លោកម៉ូសេ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ដែរ។
អាន និក្ខមនំ 18
ស្ដាប់នូវ និក្ខមនំ 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 18:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ