និក្ខមនំ 18:1-12

និក្ខមនំ 18:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យេត្រូ​ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន ហើយ​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ ឮ​គេ​និយាយ​ពី​កិច្ច​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​លោក​ម៉ូសេ និង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ គឺ​ពី​ដំណើរ​ដែល​ព្រះ​អង្គ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ នោះ​លោក​ក៏​នាំ​នាង​សេផូរ៉ា ជា​ប្រពន្ធ​របស់​លោក​ម៉ូសេ ដែល​លោក​ម៉ូសេ​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រម​ទាំង​កូន​របស់​នាង​ទាំង​ពីរ​ដែរ គឺ​មួយ​ឈ្មោះ​គើសម (ដ្បិត​លោក​ម៉ូសេ​គិត​ថា «ខ្ញុំ​ជា​អ្នក​ស្នាក់ នៅ​ប្រទេស​ដទៃ») ហើយ​មួយ​ទៀត​ឈ្មោះ​អេលា‌ស៊ើរ (ដ្បិត​លោក​គិត​ថា «ព្រះ​របស់​ឪពុក​ខ្ញុំ​បាន​ជួយ​ខ្ញុំ ក៏​បានរំ​ដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ដាវ​របស់​ផារ៉ោន»)។ លោក​យេត្រូ ឪពុក​ក្មេក​របស់​លោក​ម៉ូសេ និង​កូន​ទាំង​ពីរ ព្រម​ទាំង​ប្រពន្ធ​របស់​លោក​ម៉ូសេ ក៏​នាំ​គ្នា​មក​រក​លោក​ម៉ូសេ​នៅ​ទី​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​លោក​បោះ​ជំរំ នៅ​ភ្នំ​របស់​ព្រះ។ លោក​យេត្រូ​ឲ្យ​គេ​ទៅប្រាប់​លោក​ម៉ូសេ​ថា៖ «ខ្ញុំ យេត្រូ ជា​ឪពុក​ក្មេក​របស់​កូន ធ្វើ​ដំណើរ​មក​ជួប​កូន នាំ​ទាំង​ប្រពន្ធ និង​កូន​ទាំង​ពីរ​របស់​កូន​មក​ជា‌មួយ​ដែរ»។ លោក​ម៉ូសេ​ក៏​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ក្រាប​សំពះ ហើយ​ថើប​លោក រួច​លោក​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ជំរំ។ លោក​ម៉ូសេ​ចាប់​ផ្តើម​រៀប‌រាប់​ប្រាប់​ឪពុក​ក្មេក ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​ផារ៉ោន និង​សាសន៍​អេស៊ីព្ទ ដោយ​យល់​ដល់​អ៊ីស្រា‌អែល ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​តាម​ផ្លូវ និង​ពី​ដំណើរ​ដែល​ព្រះ‌យេហូវ៉ា​បាន​ជួយ​ពួក‌គេ​ឲ្យ​រួច។ លោក​យេត្រូ​ក៏​មាន​ចិត្ត​ត្រេក​អរ​ចំពោះ​ការ​ល្អទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​អ៊ីស្រា‌អែល ដោយ​ព្រះ‌អង្គ​បាន​ជួយ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​អេស៊ីព្ទ។ លោក​យេត្រូ​ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​បាន​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​សាសន៍​អេស៊ីព្ទ និង​ពី​កណ្ដាប់​ដៃ​របស់​ផារ៉ោន។ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ធំ​លើស​អស់​ទាំង​ព្រះ ព្រោះ​ព្រះ‌អង្គ​បាន​រំដោះ​ប្រជា‌ជន​នេះ ឲ្យ​រួច​ពី​អំណាច​សាសន៍​អេស៊ីព្ទ នៅ​ពេល​ដែល​គេ​បាន​ប្រព្រឹត្ត​នឹង​ប្រជាជន​នេះ​ដោយ​ព្រហើន»។ លោក​យេត្រូជា​ឪពុក​ក្មេករបស់​លោក​ម៉ូសេ​យក​តង្វាយ​ដុត និង​យញ្ញ‌បូជា​ថ្វាយ​ដល់​ព្រះ ហើយ​លោក​អើរ៉ុន និង​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល ក៏​មក​បរិ‌ភោគ​ភោជនា‌ហារ​ជា‌មួយ​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​នៅ​ចំពោះ​ព្រះ​ដែរ។

ចែក​រំលែក
អាន និក្ខមនំ 18

និក្ខមនំ 18:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យេត្រូ​ជា​បូជា‌ចារ្យ​នៅ​ស្រុក​ម៉ាឌាន ហើយ​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ ឮ​គេ​និយាយ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ចំពោះ​លោក​ម៉ូសេ និង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ គឺ​ព្រះ‌អម្ចាស់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ លោក​យេត្រូ ជា​ឪពុក​ក្មេក ក៏​នាំ​លោក​ស្រី​សេផូ‌រ៉ា ជា​ភរិយា​របស់​លោក​ម៉ូសេ ដែល​លោក​ម៉ូសេ​បាន​ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ ព្រម​ទាំង​កូន​ប្រុស​របស់​លោក​ទាំង​ពីរ​នាក់​មក​ជា​មួយ​ដែរ។ កូន​ប្រុស​ច្បង​ឈ្មោះ គើ‌សម ដ្បិត​លោក​ម៉ូសេ​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។ ចំណែក​កូន​ប្អូន មាន​ឈ្មោះ​ថា​អេលា‌ស៊ើរ ដ្បិត​លោក​ម៉ូសេ​គិត​ថា ព្រះ​របស់​ឪពុក​ខ្ញុំ​បាន​ជួយ​ខ្ញុំ ព្រះអង្គ​បាន​ការពារ​ខ្ញុំ​ឲ្យ​រួច​ពី​មុខ​ដាវ​របស់​ស្ដេច​ផារ៉ោន។ លោក​យេត្រូ​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ បាន​ធ្វើ​ដំណើរ​ជា​មួយ​កូន​ប្រុស​ទាំង​ពីរ និង​ភរិយា​របស់​លោក​ម៉ូសេ ដើម្បី​មក​ជួប​លោក​ម៉ូសេ​នៅ​វាល​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​លោក​បោះ​ជំរំ នៅ​ភ្នំ​របស់​ព្រះ‌ជាម្ចាស់។ លោក​យេត្រូ​ឲ្យ​គេ​មក​ប្រាប់​លោក​ម៉ូសេ​ថា៖ «ខ្ញុំ​ជា​ឪពុក​ក្មេក បាន​នាំ​ប្រពន្ធ និង​កូន​ប្រុស​ទាំង​ពីរ មក​ជួប​លោក»។ លោក​ម៉ូសេ​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ទាំង​ក្រាប​សំពះ​លោក ហើយ​ថើប​លោក​ទៀត​ផង។ ពួក​គេ​សួរ​សុខ​ទុក្ខ​គ្នា រួច​ចូល​ទៅ​ក្នុង​ជំរំ។ លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​ឪពុក​ក្មេក​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ​ចំពោះ​ព្រះចៅ​ផារ៉ោន និង​ជន‌ជាតិ​អេស៊ីប ដើម្បី​ជួយ​អ៊ីស្រា‌អែល។ លោក​ក៏​រៀប​រាប់​អំពី​ការ​ដែល​ព្រះ‌អម្ចាស់​បាន​ជួយ​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ជួប​ប្រទះ​នៅ​តាម​ផ្លូវ។ លោក​យេត្រូ​មាន​ចិត្ត​រីក‌រាយ​ចំពោះ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ ដើម្បី​រំដោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។ លោក​ពោល​ថា៖ «សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដែល​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប និង​ស្ដេច​ផារ៉ោន។ ឥឡូវ​នេះ ខ្ញុំ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ធំ​ឧត្ដម​លើស​ព្រះ​ទាំង​អស់ គឺ​ព្រះអង្គ​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ពេល​ដែល​ជន‌ជាតិ​អេស៊ីប​ជិះ‌ជាន់​សង្កត់‌សង្កិន»។ លោក​យេត្រូ ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ យក​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​ឯ​ទៀតៗ​ថ្វាយ​ព្រះ‌ជាម្ចាស់។ លោក​អើរ៉ុន និង​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​នាំ​គ្នា​បរិភោគ​អាហារ​ជា​មួយ​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ដែរ។

ចែក​រំលែក
អាន និក្ខមនំ 18

និក្ខមនំ 18:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​យេត្រូ ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន ដែល​ជា​ឪពុក​ក្មេក​ម៉ូសេ កាល​បាន​ឮ​ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ម៉ូសេ នឹង​ពួក​អ៊ីស្រាអែល​ជា​រាស្ត្រ​ទ្រង់ ដោយ​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​លោក​ក៏​នាំ​នាង​សេផូរ៉ា​ជា​ប្រពន្ធ​ម៉ូសេ ដែល​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទៅ​ជា​មួយ ព្រម​ទាំង​កូន​របស់​នាង​ទាំង​២​ដែរ គឺ​១​ឈ្មោះ​គើសំម ដ្បិត​ម៉ូសេ​នឹក​ថា អញ​នៅ​ប្រទេស​ក្រៅ ហើយ​១​ទៀត​ឈ្មោះ​អេលា‌ស៊ើរ ដ្បិត​លោក​ថា ព្រះ​នៃ​ឪពុក​អញ​ទ្រង់​បាន​ជួយ​អញ ក៏​បាន​ដោះ​អញ​ឲ្យ​រួច​ពី​ដាវ​របស់​ផារ៉ោន​ផង យេត្រូ ឪពុក​ក្មេក​ម៉ូសេ នឹង​កូន​ទាំង​២ ព្រម​ទាំង​ប្រពន្ធ​ម៉ូសេ ក៏​នាំ​គ្នា​មក​ឯ​លោក​នៅ​ទី​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​ដំឡើង​ត្រសាល​នៅ​ជើង​ភ្នំ​នៃ​ព្រះ យេត្រូ​ក៏​ផ្តាំ​ទៅ​ម៉ូសេ​ថា អញ យេត្រូ​ជា​ឪពុក​ក្មេក​ឯង​បាន​មក​ដល់​ហើយ បាន​នាំ​ទាំង​ប្រពន្ធ នឹង​កូន​ឯង​ទាំង​២​មក​ជា​មួយ​ផង ដូច្នេះ​ម៉ូសេ​ក៏​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ក៏​ក្រាប​សំពះ​ហើយ​ថើប​លោក រួច​លោក​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​សេចក្ដី​សុខ​ទុក្ខ ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល ឯ​ម៉ូសេ​លោក​ចាប់​តាំង​រ៉ាយ‌រឿង​ប្រាប់​ឪពុក​ក្មេក ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ដល់​ផារ៉ោន នឹង​សាសន៍​អេស៊ីព្ទ ដោយ​ទ្រង់​យល់​ដល់​ពួក​អ៊ីស្រាអែល នឹង​ពី​សេចក្ដី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​តាម​ផ្លូវ ហើយ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ឲ្យ​រួច​ទាំង​អស់ យេត្រូ​ក៏​មាន​សេចក្ដី​អំណរ ដោយ​អស់​ទាំង​សេចក្ដី​ល្អ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​ពួក​អ៊ីស្រាអែល ដោយ​ទ្រង់​បាន​ជួយ​ឲ្យ​គេ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ ក៏​ពោល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​ទ្រង់​បាន​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ នឹង​ពី​កណ្តាប់​ដៃ​នៃ​ផារ៉ោន ព្រម​ទាំង​បណ្តាជន ឲ្យ​រួច​ពី​ក្រោម​អំណាច​សាសន៍​អេស៊ីព្ទ​ផង ឥឡូវ​នេះ អញ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​លើស​អស់​ទាំង​ព្រះ ដ្បិត​ទ្រង់​បាន​ឈ្នះ​ក្នុង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​ដោយ​ព្រហើន​ចំពោះ​ឯង​រាល់​គ្នា រួច​យេត្រូ​ជា​ឪពុក​ក្មេក​ម៉ូសេ លោក​យក​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​ទៅ​ថ្វាយ​ដល់​ព្រះ ហើយ​អើរ៉ុន នឹង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រាអែល ក៏​មក​បរិភោគ​ភោជ‌នាហារ​ជា​មួយ​នឹង​ឪពុក​ក្មេក​របស់​ម៉ូសេ​នៅ​ចំពោះ​ព្រះ​ដែរ។

ចែក​រំលែក
អាន និក្ខមនំ 18