ពេលព្រះអម្ចាស់យាងកាត់ស្រុកអេស៊ីប ដើម្បីប្រហារជនជាតិអេស៊ីប ហើយទតឃើញឈាមលើក្របទ្វារទាំងសងខាង និងក្របទ្វារខាងលើនោះ ព្រះអង្គនឹងយាងរំលងផ្ទះរបស់អ្នករាល់គ្នា មិនឲ្យមេបំផ្លាញចូលទៅប្រហារអ្នករាល់គ្នាឡើយ។ អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នាត្រូវគោរពតាមច្បាប់នេះ រហូតតទៅ។ នៅពេលអ្នករាល់គ្នាចូលទៅក្នុងទឹកដីដែលព្រះអម្ចាស់ប្រទានឲ្យអ្នករាល់គ្នា ស្របតាមព្រះបន្ទូលសន្យា អ្នករាល់គ្នាត្រូវតែធ្វើពិធីបុណ្យនេះ។ បើកូនចៅរបស់អ្នករាល់គ្នាសួរថា ពិធីបុណ្យនេះមានអត្ថន័យដូចម្ដេច ចូរប្រាប់ពួកគេថា: នេះជាយញ្ញបូជានៃពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់។ កាលពួកយើងនៅស្រុកអេស៊ីប ព្រះអង្គប្រហារជនជាតិអេស៊ីប តែព្រះអង្គបានរំលងផ្ទះរបស់ពួកយើង ហើយទុកជីវិតឲ្យពួកយើង»។ ប្រជាជនក៏នាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់។ ជនជាតិអ៊ីស្រាអែលចាកចេញទៅ ហើយធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។ នៅកណ្ដាលអធ្រាត្រ ព្រះអម្ចាស់បានប្រហារកូនច្បងទាំងអស់ នៅស្រុកអេស៊ីប គឺចាប់តាំងពីបុត្រច្បងរបស់ព្រះចៅផារ៉ោនដែលគ្រងរាជ្យ រហូតដល់កូនច្បងរបស់អ្នកជាប់គុក ព្រមទាំងកូនដំបូងទាំងប៉ុន្មានរបស់ហ្វូងសត្វដែរ។ នៅយប់នោះ ព្រះចៅផារ៉ោន នាម៉ឺនសព្វមុខមន្ត្រីទាំងអស់ និងជនជាតិអេស៊ីបទាំងអស់ ក្រោកឡើងគ្រប់ៗគ្នា ហើយមានឮសម្រែកទ្រហោយំយ៉ាងខ្លាំង ក្នុងស្រុកអេស៊ីបទាំងមូល ដ្បិតគ្មានផ្ទះណាមួយដែលគ្មានមនុស្សស្លាប់ទេ។ ព្រះចៅផារ៉ោនហៅលោកម៉ូសេ និងលោកអើរ៉ុនមកទាំងយប់ ហើយមានរាជឱង្ការទៅកាន់លោកទាំងពីរថា៖ «ចូរនាំពួកអ៊ីស្រាអែលចេញពីស្រុកយើងជាប្រញាប់ទៅ! ចូរនាំគ្នាទៅបម្រើព្រះអម្ចាស់ ដូចអ្នករាល់គ្នាបានសុំនោះទៅ! ចូរនាំហ្វូងចៀម និងហ្វូងគោទៅជាមួយ តាមសំណូមពររបស់អ្នករាល់គ្នាចុះ! បន្ទាប់មក ចូរឲ្យពរយើងផង!»។ ដោយជនជាតិអេស៊ីបស្មានថា គេមុខជាស្លាប់ទាំងអស់ គេក៏បង្ខំជនជាតិអ៊ីស្រាអែលឲ្យចាកចេញពីស្រុករបស់ខ្លួនជាបន្ទាន់។ ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលយកម្សៅដែលមិនទាន់ដោរ និងយកផើងសម្រាប់លាយម្សៅរុំនឹងអាវធំ ហើយលីចេញទៅ។ ជនជាតិអ៊ីស្រាអែលធ្វើតាមពាក្យដែលលោកម៉ូសេបានប្រាប់ពួកគេ គឺពួកគេសុំរបស់របរដែលធ្វើពីមាស និងប្រាក់ ព្រមទាំងសុំសម្លៀកបំពាក់ ពីជនជាតិអេស៊ីប។ ព្រះអម្ចាស់បានធ្វើឲ្យជនជាតិអេស៊ីបអនុគ្រោះដល់ប្រជាជនអ៊ីស្រាអែល ដោយប្រគល់នូវអ្វីៗដែលពួកគេសុំ។ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានរឹបអូសយកទ្រព្យសម្បត្តិពីជនជាតិអេស៊ីប។ ជនជាតិអ៊ីស្រាអែលធ្វើដំណើរពីក្រុងរ៉ាមសេសទៅក្រុងសិកូត។ ពួកគេមានចំនួនប្រមាណប្រាំមួយសែននាក់ ដោយមិនរាប់ក្មេងៗទេ។ មានប្រជាជនដទៃទៀតជាច្រើនចេញដំណើរទៅជាមួយពួកគេដែរ ព្រមទាំងមានហ្វូងចៀម និងហ្វូងគោ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។ ពួកគេប្រើម្សៅមិនទាន់ដោរ ដែលគេបានយកពីស្រុកអេស៊ីបមកនោះ ដុតជានំប៉័ងឥតមេ ដ្បិតជនជាតិអេស៊ីបបានដេញពួកគេចេញមកយ៉ាងតក់ក្រហល់ គ្មានពេលនឹងរៀបចំស្បៀង សម្រាប់បរិភោគតាមផ្លូវឡើយ។ ជនជាតិអ៊ីស្រាអែលស្នាក់នៅស្រុកអេស៊ីប អស់រយៈពេលបួនរយសាមសិបឆ្នាំ។ លុះផុតរយៈពេលបួនរយសាមសិបឆ្នាំហើយ នៅពេលកំណត់នេះ ប្រជាជនទាំងមូលរបស់ព្រះអម្ចាស់ក៏នាំគ្នាចាកចេញពីស្រុកអេស៊ីប។ នៅយប់នោះ ជនជាតិអ៊ីស្រាអែលគ្រប់ដំណតរៀងទៅ ត្រូវតែចាំយាម ដើម្បីនឹកគុណព្រះអម្ចាស់ដែលបាននាំពួកគេចេញពីស្រុកអេស៊ីប។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «ក្បួនតម្រាសម្រាប់ពិធីបុណ្យចម្លង*មានដូចតទៅ: ជនបរទេសគ្មានសិទ្ធិចូលរួមបរិភោគអាហារនៃពិធីបុណ្យចម្លងទេ។ ទាសករដែលអ្នករាល់គ្នាទិញមក អាចបរិភោគអាហារនៃបុណ្យនេះបាន លុះត្រាតែអ្នករាល់គ្នាធ្វើពិធីកាត់ស្បែក*ឲ្យជាមុនសិន។ សាសន៍ដទៃដែលមករស់នៅជាបណ្ដោះអាសន្នជាមួយអ្នករាល់គ្នា និងជនបរទេសដែលស៊ីឈ្នួលអ្នករាល់គ្នា ក៏គ្មានសិទ្ធិបរិភោគអាហារនៃពិធីបុណ្យនេះដែរ។ ត្រូវបរិភោគនៅក្នុងផ្ទះ គឺមិនត្រូវយកសាច់ចេញទៅក្រៅផ្ទះជាដាច់ខាត ហើយមិនត្រូវបំបាក់ឆ្អឹងសត្វឡើយ។ សហគមន៍អ៊ីស្រាអែលទាំងមូលត្រូវប្រារព្ធពិធីបុណ្យនេះ។ ប្រសិនបើជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា ចង់ចូលរួមប្រារព្ធពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់ដែរ នោះត្រូវឲ្យប្រុសៗរបស់ពួកគេទទួលពិធីកាត់ស្បែកជាមុនសិន ទើបគេអាចចូលរួមប្រារព្ធពិធីបុណ្យដូចម្ចាស់ស្រុកដែរ។ ជនមិនកាត់ស្បែកពុំអាចចូលរួមបរិភោគអាហារនៃបុណ្យចម្លងជាដាច់ខាត។ មានក្រឹត្យវិន័យតែមួយសម្រាប់ម្ចាស់ស្រុក និងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា»។ ជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាប្រតិបត្តិតាមព្រះបន្ទូល ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។ នៅថ្ងៃកំណត់នោះ ព្រះអម្ចាស់នាំជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ព។
អាន និក្ខមនំ 12
ស្ដាប់នូវ និក្ខមនំ 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 12:23-51
3 Days
When darkness surrounds you, how should you respond? For the next 3 days, immerse yourself in the Easter story and discover how to hold onto hope when you feel forsaken, alone, or unworthy.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ