និក្ខមនំ 12:23-51

និក្ខមនំ 12:23-51 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​យាង​កាត់​ស្រុក ដើម្បី​វាយ​សាសន៍​អេស៊ីព្ទ កាល​ណា​ព្រះ‌អង្គ​ទត​ឃើញ​ឈាម​ប្រឡាក់​នៅ​ធ្នឹម និង​ក្រប​ទ្វារ​ទាំង​សង​ខាង ព្រះ‌អង្គ​នឹង​រំលង​ហួស​ទ្វារ​នោះ​ទៅ មិន​ឲ្យ​មេ​បំផ្លាញ​ចូល​ទៅ​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ផ្ទះ​ឡើយ។ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ច្បាប់​នេះ ទុក​សម្រាប់​ខ្លួន​អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ។ កាល​ណា​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ដូច​ដែល​ព្រះ​អង្គ​បាន​សន្យា អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​នេះ​កុំ​ខាន។ បើ​កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា "តើ​ពិធី​បុណ្យ​នេះ​មាន​ន័យ​ដូច​ម្តេច?" អ្នក​រាល់​គ្នា​ត្រូវ​ឆ្លើយ​ថា "នេះ​គឺ​ជា​យញ្ញ‌បូជា​នៃ​ពិធី​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​បាន​យាង​រំលង​ផ្ទះ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស្រុក​អេស៊ីព្ទ កាល​ពី​ព្រះ‌អង្គ​បាន​វាយ​សាសន៍​អេស៊ីព្ទ តែ​បាន​ប្រោស​ឲ្យ​ពួក​ផ្ទះ​របស់​យើង​រាល់​គ្នា​រួច​ជីវិត"»។ នោះ​បណ្ដា​ជន​ក៏​ឱន​ក្បាល​ចុះ​ថ្វាយ​បង្គំ។ បន្ទាប់​មក កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​ធ្វើ​តាម​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។ នៅ​កណ្ដាល​អធ្រាត្រ​ក្នុង​យប់​នោះ ព្រះ‌យេហូវ៉ា​បាន​វាយ​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីព្ទ ចាប់​ពី​បុត្រ​ច្បង​របស់​ផារ៉ោន​ដែល​គង់​លើ​បល្ល័ង្ក​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ទោស​ដែល​នៅ​ក្នុង​គុក ព្រម​ទាំង​កូន​ច្បង​របស់​សត្វ​ទាំង​អស់​ដែរ។ ផារ៉ោន​ក៏​តើន​ឡើង​ទាំង​យប់ ព្រម​ទាំង​ពួ​ក​នាម៉ឺន​មន្ត្រី​ទាំង​អស់ និង​សាសន៍​អេស៊ីព្ទ​ទាំង​អស់ ហើយ​មាន​សម្រែក​ទ្រហោ‌យំ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គ្មាន​ផ្ទះ​ណា​មួយ​ដែល​មិន​មាន​ម្នាក់​ស្លាប់​នោះ​ទេ។ ពេល​នោះ ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក​ទាំង​យប់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ពី​កណ្ដាល​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង ចូរ​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា ដូច​អ្នក​រាល់​គ្នា​បាន​សុំ​នោះ​ទៅ! ចូរ​នាំ​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ ដូច​ដែល​អ្នក​បាន​និយាយ ហើយ​ចេញ​ទៅ រួច​ឲ្យ​ពរ​យើង​ផង!»។ សាសន៍​អេស៊ីព្ទ​ក៏​បង្ខំ​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ពី​ស្រុក​ជា​ប្រញាប់ ដ្បិត​គេ​ពោល​ថា៖ «យើង​មុខ​ជា​ស្លាប់​ទាំង​អស់​គ្នា»។ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យក​ម្សៅ​ដែល​មិន​ទាន់​ដាក់​ដំបែ និង​ផើង​សម្រាប់​លាយ​ម្សៅ រុំ​ក្នុង​អាវ ហើយ​លី​ចេញ​ទៅ។ កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​តាម​បង្គាប់​លោក​ម៉ូសេ គឺ​គេ​សុំ​គ្រឿង​មាស គ្រឿង​ប្រាក់ និង​ខោ​អាវ​ពី​សាសន៍​អេស៊ីព្ទ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រកប​ដោយ​គុណ​នៅ​ចំពោះ​សាសន៍​អេស៊ីព្ទ គឺ​បាន​ប្រគល់​អ្វីៗ​ឲ្យ​តាម​ដែល​គេ​សុំ ហើយ​គេ​បាន​បង្ហិន​បង្ហោច​សាសន៍​អេស៊ីព្ទ​បែប​ដូច្នេះ​ឯង។ កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ដំណើរ​ពី​ក្រុង​រ៉ាមសេស​ដើរ​ដោយ​ជើង ទៅ​ដល់​ក្រុង​ស៊ូកូថ មាន​ចំនួន​ប្រុសៗ​ប្រមាណ​ជា​ប្រាំមួយ​សែន​នាក់ ឥត​រាប់​ស្ត្រី និង​កូន​ក្មេង​ឡើយ។ មាន​បណ្ដា‌ជន​ដទៃ​ទៀត​ជា​ច្រើន​បាន​ឡើង​ទៅ​ជា‌មួយ​ពួក‌គេ​ដែរ ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ គឺ​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​សន្ធាប់។ គេ​នាំ​គ្នា​យក​ម្សៅ​ដែល​យក​ពី​ស្រុក​អេស៊ីព្ទ​មក ទៅ​ដុត​ធ្វើ​ជា​នំ​ឥត​ដំបែ ដ្បិត​មិន​ទាន់​បាន​ដាក់​ដំបែ​នៅ​ឡើយ ព្រោះ​ពេល​ដែល​គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​មិន​អាច​បង្អែ‌បង្អង់​បាន​ទេ ក៏​មិន​បាន​រៀប​ចំ​ម្ហូប‌ម្ហា​សម្រាប់​តាម​ផ្លូវ​ឡើយ។ កូន​ចៅ​អ៊ីស្រា‌អែល​បាន​រស់​នៅ​ស្រុក​អេស៊ីព្ទ អស់​រយៈ​ពេល​បួន​រយ​សាម​សិប​ឆ្នាំ។ លុះ​ផុត​រយៈ​ពេល​បួន​រយ​សាម​សិប​ឆ្នាំ​នោះ​ទៅ នៅ​ថ្ងៃ​ផុត​កំណត់​នោះ​ឯង ពួក​ពល​របស់​ព្រះ‌យេហូវ៉ា​ក៏​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ នោះ​ជា​យប់​មួយ​ដែល​ត្រូវ​ចាំ​យាម​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រោះ​ព្រះ‌អង្គ​បាន​នាំ​ពួក‌គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ យប់​នោះ​ហើយ​ជា​យប់​ចាំ​យាម​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ត្រូវ​គោរព​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គ្រប់​តំណ​តរៀង​ទៅ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «នេះ​ជា​ច្បាប់​សម្រាប់​បុណ្យ​រំលង គឺ​មិន​ត្រូវ​ឲ្យ​អ្នក​ប្រទេស​ក្រៅ​ណា​បរិ‌ភោគ​អាហារ​បុណ្យ​រំលង​ឡើយ តែ​បាវ​បម្រើ​ដែល​អ្នក​រាល់​គ្នា​បាន​ទិញ​មក នោះ​គេ​អាច​បរិ‌ភោគ​បាន ក្រោយ​ពី​បាន​ទទួល​ពិធី​កាត់​ស្បែក​ហើយ ឯ​អ្នក​ប្រទេស​ក្រៅ ឬ​ជើង​ឈ្នួល នោះ​មិន​អាច​បរិ‌ភោគ​បាន​ឡើយ។ ត្រូវ​បរិ‌ភោគ​នៅ​ក្នុង​ផ្ទះតែ​មួយ មិន​ត្រូវ​យក​សាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ ហើយ​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឡើយ។ ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ។ ប្រសិន‌បើ​អ្នក​ប្រទេស​ក្រៅ​ដែល​រស់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ហើយ​ចង់​ចូល​រួម​ពិធី​បុណ្យ​រំលង​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ប្រុសៗ​របស់​គេ​ត្រូវ​ទទួល​ពិធី​កាត់​ស្បែក​សិន ទើប​ចូល​មក​ប្រារព្ធ​ពិធី​បុណ្យ​នេះ​បាន ហើយ​អ្នក​នោះ​នឹង​ត្រូវ​បាន​ចាត់​ទុក​ដូច​ជា​អ្នក​ស្រុក​ដែរ តែ​អ្នក​ណា​ដែល​មិន​កាត់​ស្បែក មិន​អាច​បរិ‌ភោគ​អាហារ​បុណ្យ​រំលង​បាន​ឡើយ។ គឺ​មាន​ច្បាប់​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​អ្នក​ស្រុក និង​ពួក​អ្ន​ក​ស្រុក​ក្រៅ​ដែល​រស់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា»។ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដូច្នោះ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។ នៅ​ថ្ងៃ​កំណត់​នោះ​ឯង ព្រះ‌យេហូវ៉ា​បាន​នាំ​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​ស្រុក​អេស៊ីព្ទ ទាំង​កងៗ។

ចែក​រំលែក
អាន និក្ខមនំ 12

និក្ខមនំ 12:23-51 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ព្រះ‌អម្ចាស់​យាង​កាត់​ស្រុក​អេស៊ីប ដើម្បី​ប្រហារ​ជន‌ជាតិ​អេស៊ីប ហើយ​ទត​ឃើញ​ឈាម​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង និង​ក្រប​ទ្វារ​ខាង​លើ​នោះ ព្រះអង្គ​នឹង​យាង​រំលង​ផ្ទះ​របស់​អ្នក​រាល់​គ្នា មិន​ឲ្យ​មេ​បំផ្លាញ​ចូល​ទៅ​ប្រហារ​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ត្រូវ​គោរព​តាម​ច្បាប់​នេះ រហូត​ត​ទៅ។ នៅ​ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ស្រប​តាម​ព្រះ‌បន្ទូល​សន្យា អ្នក​រាល់​គ្នា​ត្រូវ​តែ​ធ្វើ​ពិធី​បុណ្យ​នេះ។ បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ពិធី​បុណ្យ​នេះ​មាន​អត្ថ‌ន័យ​ដូច​ម្ដេច ចូរ​ប្រាប់​ពួក​គេ​ថា: នេះ​ជា​យញ្ញ‌បូជា​នៃ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់។ កាល​ពួក​យើង​នៅ​ស្រុក​អេស៊ីប ព្រះអង្គ​ប្រហារ​ជន‌ជាតិ​អេស៊ីប តែ​ព្រះអង្គ​បាន​រំលង​ផ្ទះ​របស់​ពួក​យើង ហើយ​ទុក​ជីវិត​ឲ្យ​ពួក​យើង»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។ នៅ​កណ្ដាល​អធ្រាត្រ ព្រះ‌អម្ចាស់​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់ នៅ​ស្រុក​អេស៊ីប គឺ​ចាប់​តាំង​ពី​បុត្រ​ច្បង​របស់​ព្រះចៅ​ផារ៉ោន​ដែល​គ្រង​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ជាប់​គុក ព្រម​ទាំង​កូន​ដំបូង​ទាំង​ប៉ុន្មាន​របស់​ហ្វូង​សត្វ​ដែរ។ នៅ​យប់​នោះ ព្រះចៅ​ផារ៉ោន នាម៉ឺន​សព្វ​មុខ​មន្ត្រី​ទាំង​អស់ និង​ជន‌ជាតិ​អេស៊ីប​ទាំង​អស់ ក្រោក​ឡើង​គ្រប់ៗ​គ្នា ហើយ​មាន​ឮ​សម្រែក​ទ្រហោ​យំ​យ៉ាង​ខ្លាំង ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល ដ្បិត​គ្មាន​ផ្ទះ​ណា​មួយ​ដែល​គ្មាន​មនុស្ស​ស្លាប់​ទេ។ ព្រះចៅ​ផារ៉ោន​ហៅ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​មក​ទាំង​យប់ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ចូរ​នាំ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​យើង​ជា​ប្រញាប់​ទៅ! ចូរ​នាំ​គ្នា​ទៅ​បម្រើ​ព្រះ‌អម្ចាស់ ដូច​អ្នក​រាល់​គ្នា​បាន​សុំ​នោះ​ទៅ! ចូរ​នាំ​ហ្វូង​ចៀម និង​ហ្វូង​គោ​ទៅ​ជា​មួយ តាម​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា​ចុះ! បន្ទាប់​មក ចូរ​ឲ្យ​ពរ​យើង​ផង!»។ ដោយ​ជន‌ជាតិ​អេស៊ីប​ស្មាន​ថា គេ​មុខ​ជា​ស្លាប់​ទាំង​អស់ គេ​ក៏​បង្ខំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ចាក​ចេញ​ពី​ស្រុក​របស់​ខ្លួន​ជា​បន្ទាន់។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​ម្សៅ​ដែល​មិន​ទាន់​ដោរ និង​យក​ផើង​សម្រាប់​លាយ​ម្សៅ​រុំ​នឹង​អាវ​ធំ ហើយ​លី​ចេញ​ទៅ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ គឺ​ពួក​គេ​សុំ​របស់​របរ​ដែល​ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​សុំ​សម្លៀក‌បំពាក់ ពី​ជន‌ជាតិ​អេស៊ីប។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​អនុ‌គ្រោះ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល ដោយ​ប្រគល់​នូវ​អ្វីៗ​ដែល​ពួក​គេ​សុំ។ ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ជន‌ជាតិ​អេស៊ីប។ ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​ពី​ក្រុង​រ៉ាម‌សេស​ទៅ​ក្រុង​សិកូត។ ពួក​គេ​មាន​ចំនួន​ប្រមាណ​ប្រាំ​មួយ​សែន​នាក់ ដោយ​មិន​រាប់​ក្មេងៗ​ទេ។ មាន​ប្រជា‌ជន​ដទៃ​ទៀត​ជា​ច្រើន​ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ដែរ ព្រម​ទាំង​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​ផង។ ពួក​គេ​ប្រើ​ម្សៅ​មិន​ទាន់​ដោរ ដែល​គេ​បាន​យក​ពី​ស្រុក​អេស៊ីប​មក​នោះ ដុត​ជា​នំប៉័ង​ឥត​មេ ដ្បិត​ជន‌ជាតិ​អេស៊ីប​បាន​ដេញ​ពួក​គេ​ចេញ​មក​យ៉ាង​តក់‌ក្រហល់ គ្មាន​ពេល​នឹង​រៀបចំ​ស្បៀង សម្រាប់​បរិភោគ​តាម​ផ្លូវ​ឡើយ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ស្នាក់​នៅ​ស្រុក​អេស៊ីប អស់​រយៈ​ពេល​បួន​រយ​សាម‌សិប​ឆ្នាំ។ លុះ​ផុត​រយៈ​ពេល​បួន​រយ​សាម‌សិប​ឆ្នាំ​ហើយ នៅ​ពេល​កំណត់​នេះ ប្រជា‌ជន​ទាំង​មូល​របស់​ព្រះ‌អម្ចាស់​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ នៅ​យប់​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​គ្រប់​ដំណ​ត​រៀង​ទៅ ត្រូវ​តែ​ចាំ​យាម ដើម្បី​នឹក​គុណ​ព្រះ‌អម្ចាស់​ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ក្បួន​តម្រា​សម្រាប់​ពិធី​បុណ្យ​ចម្លង*​មាន​ដូច​ត​ទៅ: ជន​បរទេស​គ្មាន​សិទ្ធិ​ចូល​រួម​បរិភោគ​អាហារ​នៃ​ពិធី​បុណ្យ​ចម្លង​ទេ។ ទាសករ​ដែល​អ្នក​រាល់​គ្នា​ទិញ​មក អាច​បរិភោគ​អាហារ​នៃ​បុណ្យ​នេះ​បាន លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក*​ឲ្យ​ជា​មុន​សិន។ សាសន៍​ដទៃ​ដែល​មក​រស់​នៅ​ជា​បណ្ដោះ‌អាសន្ន​ជា​មួយ​អ្នក​រាល់​គ្នា និង​ជន​បរទេស​ដែល​ស៊ី​ឈ្នួល​អ្នក​រាល់​គ្នា ក៏​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​នៃ​ពិធី​បុណ្យ​នេះ​ដែរ។ ត្រូវ​បរិភោគ​នៅ​ក្នុង​ផ្ទះ គឺ​មិន​ត្រូវ​យក​សាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ជា​ដាច់​ខាត ហើយ​មិន​ត្រូវ​បំបាក់​ឆ្អឹង​សត្វ​ឡើយ។ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ។ ប្រសិន​បើ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ចង់​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់​ដែរ នោះ​ត្រូវ​ឲ្យ​ប្រុសៗ​របស់​ពួក​គេ​ទទួល​ពិធី​កាត់​ស្បែក​ជា​មុន​សិន ទើប​គេ​អាច​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ដូច​ម្ចាស់​ស្រុក​ដែរ។ ជន​មិន​កាត់​ស្បែក​ពុំ​អាច​ចូល​រួម​បរិភោគ​អាហារ​នៃ​បុណ្យ​ចម្លង​ជា​ដាច់​ខាត។ មាន​ក្រឹត្យ‌វិន័យ​តែ​មួយ​សម្រាប់​ម្ចាស់​ស្រុក និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។ នៅ​ថ្ងៃ​កំណត់​នោះ ព្រះ‌អម្ចាស់​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព។

ចែក​រំលែក
អាន និក្ខមនំ 12

និក្ខមនំ 12:23-51 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​កាត់​ស្រុក ដើម្បី​វាយ​ពួក​សាសន៍​អេស៊ីព្ទ កាល​ណា​ទ្រង់​ទត​ឃើញ​ឈាម​ប្រឡាក់​នៅ​ធ្នឹម ហើយ​នឹង​ក្រប​ទ្វារ​ទាំង​សង​ខាង នោះ​ទ្រង់​នឹង​រំលង​ហួស​ទ្វារ​នោះ​ទៅ មិន​ឲ្យ​មេ​បំផ្លាញ​ចូល​វាយ​ក្នុង​ផ្ទះ​អ្នក​រាល់​គ្នា​ទេ ដូច្នេះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​កាន់​របៀប​នេះ ទុក​ជា​ច្បាប់​សំរាប់​ខ្លួន​អ្នក​រាល់​គ្នា នឹង​កូន​ចៅ​ត​រៀង​ទៅ កាល​ណា​អ្នក​រាល់​គ្នា​បាន​ចូល ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​មក​តាម​សេចក្ដី​សន្យា​ទ្រង់ នោះ​ត្រូវ​កាន់​តាម​របៀប​នេះ​កុំ​ខាន បើ​កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា តើ​របៀប​នេះ​មាន​ន័យ​ដូច​ម្តេច នោះ​ត្រូវ​ឆ្លើយ​ថា នេះ​គឺ​ជា​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​យាង​រំលង​ផ្ទះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ទ្រង់​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​បាន​ប្រោស​ឲ្យ​ពួក​ផ្ទះ​យើង​រាល់​គ្នា​រួច នោះ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល​គេ​ឱន​ក្បាល​ចុះ​ថ្វាយ‌បង្គំ ហើយ​នាំ​គ្នា​ទៅ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ នឹង​អើរ៉ុន គេ​ក៏​ធ្វើ​សំរេច​ការ​នោះ។ រីឯ​នៅ​កណ្តាល​អធ្រាត្រ​ក្នុង​យប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ ចាប់​តាំង​ពី​បុត្រ​ច្បង​របស់​ផារ៉ោន ដែល​គង់​លើ​បល្ល័ង្ក​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ទោស​នៅ​ក្នុង​គុក ព្រម​ទាំង​កូន​ច្បង​នៃ​អស់​ទាំង​សត្វ​ផង ផារ៉ោន​ទ្រង់​ក៏​តើន​ឡើង​ទាំង​យប់ ព្រម​ទាំង​ពួក​មហា‌តលិក​ទ្រង់ នឹង​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា នោះ​ក៏​ឮ​សំរែក​ទ្រហោ‌យំ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គ្មាន​ផ្ទះ​ឯ​ណា​មួយ​ដែល​មិន​មាន​ម្នាក់​ស្លាប់​នោះ​ទេ ផារ៉ោន​ទ្រង់​មាន​បន្ទូល​ហៅ​ម៉ូសេ នឹង​អើរ៉ុន​មក​ទាំង​យប់​ប្រាប់​ថា ចូរ​ឯង​រាល់​គ្នា​ក្រោក​ឡើង​នាំ​គ្នា​ចេញ​ពី​កណ្តាល​រាស្ត្រ​អញ​នេះ​ទៅ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ផង ចូរ​ទៅ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដូច​ជា​ឯង​រាល់​គ្នា​បាន​សូម​នោះ​ចុះ ចូរ​នាំ​ទាំង​ហ្វូង​ចៀម​ហ្វូង​គោ​ទៅ​ផង ដូច​ជា​បាន​សូម​ហើយ ទៅ​ចុះ ហើយ​សូម​ឲ្យ​ពរ​ដល់​អញ​ផង ពួក​សាសន៍​អេស៊ីព្ទ​ក៏​បង្ខំ​ពួក​អ៊ីស្រាអែល​ឲ្យ​ចេញ​ពី​ស្រុក​ទៅ​ជា​ប្រញាប់ ដោយ​ពាក្យ​ថា យើង​ស្លាប់​ទាំង​អស់​គ្នា​ហើយ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​យក​ម្សៅ​ដែល​មិន​ទាន់​ដាក់​ដំបែ នឹង​ស្នាច​សំរាប់​លាយ​ម្សៅ​រុំ​ក្នុង​អាវ​គេ​លី​ទៅ ក៏​ធ្វើ​តាម​បង្គាប់​ម៉ូសេ គឺ​គេ​សូម​គ្រឿង​មាស គ្រឿង​ប្រាក់ នឹង​ខោ​អាវ​ពី​សាសន៍​អេស៊ីព្ទ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ប្រកប​ដោយ​គុណ​នៃ​សាសន៍​អេស៊ីព្ទ ដល់​ម៉្លេះ​បាន​ជា​គេ​ចែក​ឲ្យ​តាម​ដែល​សូម យ៉ាង​នោះ​គេ​ក៏​បង្ហិន‌បង្ហោច​ដល់​ពួក​សាសន៍​អេស៊ីព្ទ។ ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ចេញ​ពី​ស្រុក​រ៉ាមសេស​ដើរ​ដោយ​ជើង​ទៅ​ដល់​សិកូត មាន​មនុស្ស​ប្រុសៗ​ចំនួន​៦​សែន​នាក់​ឥត​រាប់​កូន​ក្មេង​ឡើយ ក៏​មាន​មនុស្ស​សន្ធឹក​គ្រប់​បែប​ឡើង​ទៅ​ជា​មួយ​ដែរ ព្រម​ទាំង​ហ្វូង​ចៀម​ហ្វូង​គោ​គេ ជា​ហ្វូង​សត្វ​មាន​ប្រមាណ​សន្ធឹក​ណាស់ គេ​នាំ​គ្នា​យក​ម្សៅ ដែល​យក​ពី​ស្រុក​អេស៊ីព្ទ​មក ទៅ​ដុត​ធ្វើ​ជា​នំ​ឥត​ដំបែ ដ្បិត​មិន​ទាន់​បាន​ដាក់​ដំបែ​នៅ​ឡើយ​ទេ ពី​ព្រោះ​ពេល​ដែល​គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ឥត​មាន​ឲ្យ​បង្អែ‌បង្អង់​បាន​ទេ បាន​ជា​គេ​មិន​បាន​ធ្វើ​ម្ហូប‌ម្ហា​សំរាប់​តាម​ផ្លូវ​ឡើយ។ រីឯ​វេលា ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីព្ទ នោះ​បាន​៤៣០​ឆ្នាំ រួច​ដល់​ផុត​ពី​៤៣០​ឆ្នាំ​នោះ​ទៅ នៅ​ថ្ងៃ​ដដែល​នោះ​ឯង ពួក​កក‌កុញ​របស់​ព្រះ‌យេហូវ៉ា​គេ​ក៏​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ គឺ​ជា​យប់​១​ដែល​ត្រូវ​កាន់​យ៉ាង​សំខាន់​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យប់​នោះ​ឯង​ជា​យប់​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ ត្រូវ​កាន់​យ៉ាង​សំខាន់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​ដំណ​គេ​ត​រៀង​ទៅ។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា នេះ​ជា​ច្បាប់​សំរាប់​បុណ្យ​រំលង គឺ​មិន​ត្រូវ​ឲ្យ​អ្នក​ប្រទេស​ក្រៅ​ណា​បរិភោគ​បុណ្យ​នេះ​ឡើយ តែ​អស់​ទាំង​បាវ​បំរើ​ដែល​ឯង​រាល់​គ្នា​ទិញ​នឹង​ប្រាក់​មក បើ​កាល​ណា​បាន​កាត់​ស្បែក​ឲ្យ​ហើយ នោះ​ឲ្យ​គេ​បរិភោគ​ទៅ​បាន ឯ​អ្នក​ប្រទេស​ក្រៅ​ឬ​ជើង​ឈ្នួល នោះ​មិន​ត្រូវ​បរិភោគ​ទេ ត្រូវ​ឲ្យ​បរិភោគ​នៅ​ក្នុង​ផ្ទះ​តែ​១ មិន​ត្រូវ​យក​សាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ផង ត្រូវ​ឲ្យ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ធ្វើ​បុណ្យ​នេះ បើ​មាន​អ្នក​ប្រទេស​ក្រៅ​ណា​មួយ​មក​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ហើយ​ចង់​ធ្វើ​បុណ្យ​រំលង​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ត្រូវ​ឲ្យ​ពួក​ប្រុសៗ​របស់​គេ​ទទួល​កាត់​ស្បែក​សិន ទើប​នឹង​ចូល​មក​ធ្វើ​បាន យ៉ាង​នេះ​គេ​នឹង​បាន​ដូច​ជា​អ្នក​ស្រុក​ដែរ តែ​អ្នក​ឯ​ណា​ដែល​មិន​បាន​កាត់​ស្បែក​សោះ នោះ​នឹង​បរិភោគ​បុណ្យ​នេះ​មិន​បាន​ឡើយ មាន​ច្បាប់​តែ​១​ប៉ុណ្ណោះ សំរាប់​ពួក​អ្នក​ស្រុក ហើយ​នឹង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​ដែរ។ ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​ក៏​ធ្វើ​ដូច្នោះ តាម​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ​នឹង​អើរ៉ុន គេ​បាន​ធ្វើ​សំរេច​ការ​ទាំង​នោះ ហើយ​នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា ទ្រង់​ក៏​នាំ​កូន​ចៅ​អ៊ីស្រាអែល ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដោយ​ពួក​កង​របស់​គេ។

ចែក​រំលែក
អាន និក្ខមនំ 12