ទុតិយកថា 6

6
ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក
1«នេះ​ជា​បទ‌បញ្ជា គឺ​ច្បាប់ និង​វិន័យ​ផ្សេងៗ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​ឲ្យ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។ 2ធ្វើ​ដូច្នេះ អ្នក​នឹង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត អ្នក និង​កូន​ចៅ​របស់​អ្នក ត្រូវ​កាន់​តាម​ច្បាប់ និង​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​ឲ្យ ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ។ 3អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា ហើយ​យក​ទៅ​កាន់ និង​ប្រតិបត្តិ​តាម​ចុះ ដើម្បី​ឲ្យ​អ្នក​មាន​សុភមង្គល ហើយ​កើន​ចំនួន​ច្រើន​ឥត​គណនា​នៅ​ក្នុង​ស្រុក​ដ៏​សម្បូណ៌​សប្បាយ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក បាន​សន្យា​ជា​មួយ​អ្នក។
4 អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! មាន​តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង មួយ​ព្រះអង្គ​គត់ ដែល​ពិត​ជា​ព្រះ‌អម្ចាស់5 អ្នក​ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង​កាយ។ 6 ត្រូវ​ទុក​ឲ្យ​ព្រះ‌បន្ទូល​ដែល​ខ្ញុំ​ប្រគល់​ដល់​អ្នក​នៅ​ថ្ងៃ​នេះ ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ជានិច្ច។ 7ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​អំពី​ព្រះ‌បន្ទូល​នេះ គឺ​ត្រូវ​និយាយ​ឲ្យ​វា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​ធ្វើ​ដំណើរ ពេល​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។ 8ត្រូវ​ចង​ព្រះ‌បន្ទូល​ទាំង​នេះ​ជា​សញ្ញា ជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក។ 9ចូរ​សរសេរ​លើ​ក្រប​ទ្វារ​ផ្ទះ និង​ក្លោង​ទ្វារ​ក្រុង​របស់​អ្នក»។
កុំ​បំភ្លេច​ព្រះ‌ជាម្ចាស់​ឡើយ
10 «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក​ថា​នឹង​ប្រគល់​ឲ្យ​អ្នក។ ស្រុក​នោះ​មាន​ក្រុង​ដ៏​ធំៗ ហើយ​ស្អាតៗ ជា​ក្រុង​ដែល​អ្នក​មិន​បាន​សង់ 11ព្រម​ទាំង​មាន​ផ្ទះ​ពេញ​ទៅ​ដោយ​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង ជា​ទ្រព្យ​ដែល​អ្នក​ពុំ​បាន​ស្វះ‌ស្វែង​រក មាន​អណ្ដូង​ស្រាប់ គឺ​អណ្ដូង​ដែល​អ្នក​ពុំ​បាន​ជីក ហើយ​មាន​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​អូលីវ​ដែល​អ្នក​ពុំ​បាន​ដាំ។ 12ពេល​ណា​អ្នក​មាន​ភោគ‌ផល​បរិភោគ​ឆ្អែត​ហើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​ភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ 13 ចូរ​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​គោរព​បម្រើ​ព្រះអង្គ និង​ពោល​ពាក្យ​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ។ 14មិន​ត្រូវ​ជំពាក់​ចិត្ត​ជា​មួយ​ព្រះ​ឯ​ទៀតៗ ក្នុង​ចំណោម​ព្រះ​របស់​ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​អ្នក​រាល់​គ្នា​ឡើយ 15ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​គង់​នៅ​ជា​មួយ​អ្នក ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​ជំពាក់​ចិត្ត​ជា​មួយ​ព្រះ​ណា​ផ្សេង​ទៀត​ជា​ដាច់​ខាត។ បើ​មិន​ដូច្នោះ​ទេ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​អ្នក ហើយ​លុប​បំបាត់​អ្នក​ពី​ផែនដី​នេះ។ 16 មិន​ត្រូវ​ល្បង‌ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​ល្បង‌ល​ព្រះអង្គ នៅ​ម៉ាសា​នោះ​ឡើយ។ 17ផ្ទុយ​ទៅ​វិញ ត្រូវ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ឲ្យ​បាន​ខ្ជាប់ខ្ជួន ព្រម​ទាំង​កាន់​តាម​ដំបូន្មាន និង​ច្បាប់ ដែល​ព្រះអង្គ​បាន​បង្គាប់។ 18ត្រូវ​ប្រព្រឹត្ត​អំពើ​សុចរិត និង​ត្រឹម​ត្រូវ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​អ្នក​មាន​សុភមង្គល ហើយ​កាន់​កាប់​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​បុព្វបុរស​របស់​អ្នក​ថា នឹង​ប្រទាន​ដល់​អ្នក 19ដោយ​បណ្ដេញ​ខ្មាំង​សត្រូវ​ទាំង​អស់​ចេញ​ពី​មុខ​អ្នក ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទុក។
20នៅ​ថ្ងៃ​មុខ ប្រសិន​បើ​កូន​របស់​អ្នក​សួរ​ថា: តើ​ដំបូន្មាន ច្បាប់ និង​វិន័យ​ទាំង‌ឡាយ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក​យើង​នេះ មាន​ន័យ​ដូច​ម្ដេច? 21អ្នក​ត្រូវ​ប្រាប់​កូន​វិញ​ថា: ពី​មុន យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះចៅ​ផារ៉ោន​នៅ​ស្រុក​អេស៊ីប ហើយ​ព្រះ‌អម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។ 22ព្រះ‌អម្ចាស់​បាន​សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​យ៉ាង​សម្បើម​អស្ចារ្យ ឲ្យ​យើង​ឃើញ ដើម្បី​កម្ទេច​ព្រះចៅ​ផារ៉ោន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច។ 23ព្រះ‌អម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​នោះ មក​នៅ​ក្នុង​ស្រុក​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ថា​នឹង​ប្រគល់​មក​ឲ្យ​យើង។ 24ព្រះ‌អម្ចាស់​បាន​បញ្ជា​ឲ្យ​យើង​ប្រតិបត្តិ​តាម​ច្បាប់​ទាំង​នេះ ព្រម​ទាំង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​យើង​មាន​សុភមង្គល​ជា​រៀង​រាល់​ថ្ងៃ និង​ឲ្យ​ព្រះអង្គ​ថែ‌រក្សា​អាយុ​ជីវិត​របស់​យើង ដូច​ព្រះអង្គ​ថែ‌រក្សា​នៅ​ថ្ងៃ​នេះ។ 25យើង​ត្រូវ​គោរព និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​នេះ ដូច​ព្រះអង្គ​បាន​បង្គាប់​មក ដើម្បី​ឲ្យ​យើង​បាន​សុចរិត ហើយ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង»។

ទើបបានជ្រើសរើសហើយ៖

ទុតិយកថា 6: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ