ទុតិយកថា 5
5
1លោកម៉ូសេបានកោះហៅប្រជាជនអ៊ីស្រាអែលទាំងមូល ហើយមានប្រសាសន៍ទៅពួកគេថា៖ «អ៊ីស្រាអែលអើយ ចូរស្ដាប់ៈ នេះជាច្បាប់ និងវិន័យដែលខ្ញុំប្រកាសប្រាប់ឲ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះ។ ចូររៀនសេចក្ដីទាំងនេះឲ្យបានច្បាស់ ហើយកាន់ និងប្រតិបត្តិតាម។ 2ព្រះអម្ចាស់ ជាព្រះនៃយើង បានចងសម្ពន្ធមេត្រីជាមួយដូនតារបស់យើង នៅភ្នំហោរែប។ 3ព្រះអម្ចាស់ពុំគ្រាន់តែចងសម្ពន្ធមេត្រីនេះជាមួយដូនតារបស់យើងប៉ុណ្ណោះទេ ព្រះអង្គក៏បានចងជាមួយយើងទាំងអស់គ្នា នៅទីនេះ ហើយមានជីវិតនៅថ្ងៃនេះដែរ។ 4ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់អ្នករាល់គ្នា នៅចំពោះមុខផ្ទាល់ លើភ្នំ ពីក្នុងភ្លើង។ 5ចំណែកឯខ្ញុំវិញ ពេលនោះ ខ្ញុំឈរនៅចន្លោះព្រះអម្ចាស់ និងអ្នករាល់គ្នា ដើម្បីនាំព្រះបន្ទូលរបស់ព្រះអង្គមកប្រាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាភ័យខ្លាចភ្លើង ហើយអ្នករាល់គ្នាពុំបានឡើងទៅលើភ្នំទេ។ ព្រះអង្គមានព្រះបន្ទូលថា:#៥.៥ ក្រឹត្យវិន័យទាំងដប់ប្រការនៅក្នុងគម្ពីរទុតិយកថានេះមានលក្ខណៈប្លែកពីអត្ថបទក្នុង នក ២០.១-១៧បន្តិច។
6“យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងបាននាំអ្នកចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
7មិនត្រូវគោរពព្រះណាផ្សេង ក្រៅពីយើងឡើយ។ 8#លវ. ២៦.១; ទក. ៤.១៥-១៨, ២៧.១៥មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹក ក្រោមដី ធ្វើជាព្រះឡើយ។ 9#នក. ៣៤.៦-៧; ជគ. ១៤.១៨; ទក. ៧.៩-១០មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេងក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ 10ផ្ទុយទៅវិញ យើងនឹងសម្តែងសេចក្ដីសប្បុរស រហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់យើង។
11 #
លវ. ១៩.១២
មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតព្រះអម្ចាស់នឹងមិនអត់ឱនឲ្យអ្នកដែលយកព្រះនាមរបស់ព្រះអង្គ ទៅប្រើឥតបានការរបៀបនេះជាដាច់ខាត។
12 #
នក. ១៦.២៣-៣០, ៣១.១២-១៤ ចូរគោរពថ្ងៃសប្ប័ទ* ហើយញែកថ្ងៃនោះទុកជាថ្ងៃដ៏វិសុទ្ធ ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក បានបង្គាប់ដល់អ្នក។ 13#នក. ២៣.១២, ៣១.១៥, ៣៤.២១, ៣៥.២; លវ. ២៣.៣អ្នកមានពេលប្រាំមួយថ្ងៃសម្រាប់បំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើ 14តែថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។ ដូច្នេះ នៅថ្ងៃនោះ ទាំងអ្នក ទាំងកូនប្រុស កូនស្រីរបស់អ្នក ទាំងអ្នកបម្រើប្រុសស្រី ទាំងគោ ទាំងលា ទាំងហ្វូងសត្វ និងជនបរទេសដែលរស់នៅជាមួយអ្នក មិនត្រូវធ្វើការអ្វីឡើយ។ ត្រូវឲ្យអ្នកបម្រើប្រុសស្រីរបស់អ្នកបានសម្រាកដូចអ្នកដែរ។ 15អ្នកត្រូវនឹកចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហើយព្រះអម្ចាស់ ជាព្រះរបស់អ្នក បាននាំអ្នកចាកចេញពីទីនោះ ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ។ ហេតុនេះហើយបានជាព្រះអម្ចាស់ ជាព្រះរបស់អ្នក បង្គាប់ឲ្យអ្នកគោរពថ្ងៃសប្ប័ទ។
16 #
ទក. ២៧.១៦; មថ. ១៥.៤, ១៩.១៩; មក. ៧.១០, ១០.១៩; លក. ១៨.២០; អភ. ៦.២, ៣ ចូរគោរពមាតាបិតារបស់អ្នក ដូចព្រះអម្ចាស់ ជាព្រះនៃអ្នក បានបង្គាប់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺនយូរ និងមានសុភមង្គល នៅលើដីដែលព្រះអម្ចាស់ ជាព្រះនៃអ្នកប្រទានដល់អ្នក។
17 #
លប. ៩.៦; លវ. ២៤.១៧; មថ. ៥.២១, ១៩.១៨; មក. ១០.១៩; លក. ១៨.២០; រ៉ូម. ១៣.៩; យក. ២.១១ កុំសម្លាប់មនុស្ស។
18 #
លវ. ២០.១០; មថ. ៥.២៧, ១៩.១៨; មក. ១០.១៩; លក. ១៨.២០; រ៉ូម. ១៣.៩; យក. ២.១១ កុំប្រព្រឹត្តអំពើផិតក្បត់។
19 #
លវ. ១៩.១១; មថ. ១៩.១៨; មក. ១០.១៩; លក. ១៨.២០; រ៉ូម. ១៣.៩ កុំលួចប្លន់គេ។
20 #
នក. ២៣.១; មថ. ១៩.១៨; មក. ១០.១៩; លក. ១៨.២០ កុំធ្វើសាក្សីក្លែងក្លាយ នាំឲ្យអ្នកដទៃមានទោស។
21 #
រ៉ូម. ៧.៧, ១៣.៩ កុំលោភលន់ចង់បានប្រពន្ធគេ កុំប៉ងប្រាថ្នាចង់បានផ្ទះរបស់អ្នកដទៃ ឬក៏ចង់បានស្រែចម្ការ អ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬរបស់អ្វីផ្សេងទៀតរបស់គេឡើយ”។
22 #
ហប. ១២.១៨-១៩
នេះហើយជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ក្រុមជំនុំទាំងមូល ដោយបន្លឺព្រះសូរសៀងខ្លាំងៗ នៅលើភ្នំ ពីក្នុងភ្លើង ពពក* និងអ័ព្ទ។ ព្រះអង្គពុំមានព្រះបន្ទូលអ្វីថែមពីលើនេះទៀតទេ ព្រះអង្គបានចារព្រះបន្ទូលទាំងនោះនៅលើបន្ទះថ្មពីរ រួចប្រគល់មកឲ្យខ្ញុំ។
23ក្រោយពីបានឮព្រះសូរសៀងពីទីងងឹត ក្នុងពេលភ្លើងកំពុងតែឆាបឆេះភ្នំនោះ មេដឹកនាំនៃកុលសម្ព័ន្ធ និងពួកព្រឹទ្ធាចារ្យទាំងអស់របស់អ្នករាល់គ្នាមកជិតខ្ញុំ 24ហើយពោលថា “ព្រះអម្ចាស់ ជាព្រះនៃយើង បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីរុងរឿង និងភាពឧត្តុង្គឧត្ដមរបស់ព្រះអង្គ យើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអង្គពីក្នុងភ្លើង។ ថ្ងៃនេះ យើងខ្ញុំឃើញថាព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់មនុស្ស ហើយមនុស្សអាចនៅមានជីវិតរស់រាន។ 25ហេតុនេះ សូមកុំបណ្ដោយឲ្យយើងខ្ញុំស្លាប់ឡើយ ដ្បិតភ្លើងដ៏សន្ធោសន្ធៅនោះនឹងឆាបឆេះយើងខ្ញុំ។ ប្រសិនបើយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃយើងតទៅមុខទៀត យើងខ្ញុំមុខជាស្លាប់មិនខាន។ 26មិនដែលមានមនុស្សណាបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ ពីក្នុងភ្លើង ដូចយើងខ្ញុំបានឮ ហើយនៅរស់រានមានជីវិតបែបនេះឡើយ។ 27ដូច្នេះ សូមលោកចូលទៅជិតព្រះអង្គ ហើយស្ដាប់សេចក្ដីដែលព្រះអម្ចាស់ ជាព្រះនៃយើងមានព្រះបន្ទូល រួចនាំព្រះបន្ទូលរបស់ព្រះអង្គមកប្រាប់យើងខ្ញុំផង។ យើងខ្ញុំនឹងស្ដាប់ព្រះបន្ទូល ហើយប្រតិបត្តិតាម”។
28 ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យដែលអ្នករាល់គ្នាពោលមកកាន់ខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: “យើងបានឮពាក្យដែលប្រជាជនពោលមកកាន់អ្នកហើយ អ្វីៗដែលពួកគេនិយាយសុទ្ធតែត្រឹមត្រូវ។ 29ប្រសិនបើពួកគេមានចិត្តកោតខ្លាចយើងរហូត ហើយគោរពបទបញ្ជាទាំងប៉ុន្មានរបស់យើងជារៀងរាល់ថ្ងៃ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេ មុខជាមានសុភមង្គលដរាបតរៀងទៅ! 30ចូរទៅប្រាប់ពួកគេឲ្យវិលត្រឡប់ទៅកាន់ជំរំរបស់គេរៀងៗខ្លួនចុះ។ 31ចំណែកឯអ្នកវិញ ចូរនៅទីនេះជាមួយយើងហើយ យើងនឹងប្រាប់អ្នកអំពីបទបញ្ជា ច្បាប់ និងវិន័យទាំងប៉ុន្មាន ដែលអ្នកត្រូវយកទៅបង្រៀនពួកគេ ដើម្បីឲ្យពួកគេប្រតិបត្តិតាមនៅក្នុងស្រុក ដែលយើងនឹងប្រគល់ឲ្យពួកគេកាន់កាប់”។ 32អ្នករាល់គ្នាត្រូវគោរព និងប្រតិបត្តិតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់ដល់អ្នករាល់គ្នា ដោយឥតងាកទៅឆ្វេង ឬទៅស្ដាំ។ 33ត្រូវដើរតាមមាគ៌ាដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់មក ឥតល្អៀងត្រង់ណាឡើយ ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត មានសុភមង្គល និងមានអាយុយឺនយូរ នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់»។
ទើបបានជ្រើសរើសហើយ៖
ទុតិយកថា 5: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.