ព្រះគ្រិស្តជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗ សព្វសារពើក្នុងអង្គព្រះគ្រិស្ត ទាំងនៅស្ថានបរមសុខ* ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទាំងទេវរាជ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុស័ក្តិសិទ្ធិ និងអំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រិស្ត និងសម្រាប់ព្រះគ្រិស្ត។ ព្រះគ្រិស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។ ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺក្រុមជំនុំ* ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យ គ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រិស្ត។ ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់ នៅលើផែនដី និងនៅស្ថានបរមសុខ ឲ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រិស្ត និងសម្រាប់ព្រះគ្រិស្ត គឺព្រះជាម្ចាស់បានធ្វើឲ្យមានសន្តិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិត នៅលើឈើឆ្កាង។ ចំពោះបងប្អូនវិញ ពីដើម បងប្អូននៅខាងក្រៅប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយជាសត្រូវនឹងព្រះអង្គ ព្រោះតែគំនិត និងអំពើអាក្រក់របស់បងប្អូន។ ប៉ុន្តែឥឡូវនេះ ព្រះអង្គបានសម្រុះសម្រួលបងប្អូនឲ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រា ដែលកើតមកជាមនុស្សបានសោយទិវង្គត ដើម្បីឲ្យបងប្អូនបានវិសុទ្ធ* ឥតសៅហ្មង ឥតកំហុស និងអាចឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។ ប៉ុន្តែ បងប្អូនត្រូវតែកាន់ជំនឿឲ្យបានរឹងប៉ឹងខ្ជាប់ខ្ជួន ដើម្បីកុំឲ្យឃ្លាតចាកពីសេចក្ដីសង្ឃឹមដែលបងប្អូនមានតាំងពីបានឮដំណឹងល្អ*មកនោះ គឺជាដំណឹងល្អដែលគេបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំប៉ូល បានទទួលមុខងារបម្រើដំណឹងល្អនេះដែរ។ ឥឡូវនេះ ខ្ញុំមានអំណរដោយរងទុក្ខលំបាកសម្រាប់បងប្អូន ព្រោះខ្ញុំរងទុក្ខលំបាកក្នុងរូបកាយដូច្នេះ ដើម្បីជួយបំពេញទុក្ខលំបាករបស់ព្រះគ្រិស្ត សម្រាប់ព្រះកាយរបស់ព្រះអង្គ ដែលជាក្រុមជំនុំ*។ ខ្ញុំបានទទួលមុខងារបម្រើក្រុមជំនុំនេះ តាមការចាត់ចែងដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឲ្យខ្ញុំធ្វើ គឺណែនាំបងប្អូនឲ្យស្គាល់ព្រះបន្ទូលរបស់ព្រះអង្គបានសព្វគ្រប់។ នេះហើយជាគម្រោងការដ៏លាក់កំបាំងដែលព្រះជាម្ចាស់បានលាក់ទុក តាំងពីយូរអង្វែងតរៀងមក មិនឲ្យមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ព្រះអង្គបានបង្ហាញឲ្យប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គស្គាល់។ ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យប្រជាជនដ៏វិសុទ្ធនេះ ស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគម្រោងការនេះនៅក្នុងចំណោមសាសន៍ដទៃ ពោលគឺព្រះគ្រិស្តគង់នៅក្នុងបងប្អូន ព្រះអង្គប្រទានឲ្យបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់ព្រះអង្គ។ ដូច្នេះ យើងផ្សព្វផ្សាយដំណឹងអំពីព្រះគ្រិស្តនេះហើយ យើងដាស់តឿន និងប្រៀនប្រដៅមនុស្សគ្រប់ៗរូប ដោយប្រើប្រាជ្ញាគ្រប់យ៉ាង ធ្វើឲ្យគេទាំងអស់គ្នាបានគ្រប់លក្ខណៈក្នុងអង្គព្រះគ្រិស្ត។ ខ្ញុំធ្វើការនឿយហត់ ដើម្បីសម្រេចគោលដៅនេះឯង គឺខំប្រឹងតយុទ្ធដោយប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គ ដែលកំពុងតែមានសកម្មភាពក្នុងរូបខ្ញុំយ៉ាងខ្លាំង។
អាន កូឡូស 1
ស្ដាប់នូវ កូឡូស 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កូឡូស 1:15-29
11 ថ្ងៃ។
«រក្សាព្រះយេស៊ូវជាមុនសិន» គឺជាការផ្តោតសំខាន់នៃសំបុត្រទៅកាន់ពួកកូល៉ុស ដែលផ្តល់ជំនួយក្នុងការដើរក្នុងអត្តសញ្ញាណពេញលេញជាមួយព្រះគ្រីស្ទ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈកូល៉ុស នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ