កូឡូស 1:15-29
កូឡូស 1:15-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គជារូបអង្គព្រះដែលមើលមិនឃើញ ជាកូនច្បងនៃអ្វីៗទាំងអស់ ដែលព្រះបានបង្កើតមក ដ្បិតព្រះអង្គហើយ ដែលបង្កើតអ្វីទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទោះរាជបល្ល័ង្ក ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ អ្វីៗទាំងអស់កើតមកដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ។ ព្រះអង្គគង់នៅមុនអ្វីៗទាំងអស់ ហើយនៅក្នុងព្រះអង្គ អ្វីៗទាំងអស់ក៏នៅស្ថិតស្ថេរជាមួយគ្នា។ ព្រះអង្គជាសិរសារបស់រូបកាយ ដែលជាក្រុមជំនុំ ព្រះអង្គជាដើមដំបូង ជាកូនច្បងដែលបានរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យព្រះអង្គបានធ្វើជាប្រមុខក្នុងគ្រប់ទាំងអស់ ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្តីពោរពេញបានស្ថិតនៅក្នុងព្រះអង្គ ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ ទោះជានៅផែនដី ឬនៅស្ថានសួគ៌ ទាំងបង្កើតឲ្យមានសន្ដិភាព តាមរយៈលោហិតរបស់ព្រះអង្គដែលបង្ហូរនៅលើឈើឆ្កាង។ រីឯអ្នករាល់គ្នា ដែលពីដើមត្រូវឃ្លាតឆ្ងាយ ហើយជាខ្មាំងសត្រូវក្នុងគំនិត ដោយសារអំពើអាក្រក់ ឥឡូវនេះ ព្រះអង្គបានផ្សះផ្សាក្នុងរូបសាច់ព្រះអង្គ ដោយបានទទួលសុគត ដើម្បីថ្វាយអ្នករាល់គ្នាជាតង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះព្រះអង្គ ប្រសិនបើអ្នករាល់គ្នាពិតជាបានចាក់គ្រឹះ ហើយមាំមួននៅក្នុងជំនឿ ឥតងាកបែរចេញពីសេចក្តីសង្ឃឹមរបស់ដំណឹងល្អ ដែលអ្នករាល់គ្នាបានឮ ជាដំណឹងដែលបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ។ ឯខ្ញុំ ប៉ុល បានក្លាយជាអ្នកបម្រើដំណឹងល្អនេះ។ ឥឡូវនេះ ខ្ញុំមានចិត្តអំណរក្នុងការដែលខ្ញុំរងទុក្ខលំបាក ដោយព្រោះអ្នករាល់គ្នា ហើយទុក្ខវេទនារបស់ព្រះគ្រីស្ទ ដែលខ្វះក្នុងរូបសាច់ខ្ញុំ នោះខ្ញុំកំពុងតែបំពេញឡើង ដោយព្រោះរូបកាយព្រះអង្គ ដែលជាក្រុមជំនុំ។ ខ្ញុំបានត្រឡប់ជាអ្នកបម្រើរបស់ក្រុមជំនុំ តាមមុខងារជាអ្នកមើលខុសត្រូវរបស់ព្រះ ដែលបានប្រគល់មកខ្ញុំសម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាស្គាល់ព្រះបន្ទូលរបស់ព្រះបានពេញលេញ ជាសេចក្តីអាថ៌កំបាំងដែលលាក់ទុក តាំងពីអស់កល្ប គ្រប់ជំនាន់តរៀងមក តែឥឡូវនេះ បានបើកសម្ដែងឲ្យពួកបរិសុទ្ធរបស់ព្រះអង្គស្គាល់។ ព្រះសព្វព្រះហឫទ័យនឹងសម្ដែងឲ្យពួកគេស្គាល់សិរីល្អដ៏បរិបូរ នៃសេចក្តីអាថ៌កំបាំងដ៏អស្ចារ្យនេះជាយ៉ាងណាក្នុងចំណោមពួកសាសន៍ដទៃ គឺព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ជាសេចក្ដីសង្ឃឹមនៃសិរីល្អ។ យើងប្រកាសអំពីព្រះអង្គ ទាំងទូន្មានមនុស្សគ្រប់គ្នា ហើយបង្រៀនមនុស្សគ្រប់គ្នា ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យយើងបានថ្វាយមនុស្សទាំងអស់ ជាមនុស្សគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ។ សម្រាប់ការនេះ ខ្ញុំខំធ្វើការនឿយហត់ ទាំងតយុទ្ធតាមឫទ្ធិបារមីរបស់ព្រះអង្គ ដែលធ្វើការក្នុងខ្ញុំប្រកបដោយចេស្ដា។
កូឡូស 1:15-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះគ្រិស្តជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗ សព្វសារពើក្នុងអង្គព្រះគ្រិស្ត ទាំងនៅស្ថានបរមសុខ* ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទាំងទេវរាជ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុស័ក្តិសិទ្ធិ និងអំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រិស្ត និងសម្រាប់ព្រះគ្រិស្ត។ ព្រះគ្រិស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។ ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺក្រុមជំនុំ* ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យ គ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រិស្ត។ ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់ នៅលើផែនដី និងនៅស្ថានបរមសុខ ឲ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រិស្ត និងសម្រាប់ព្រះគ្រិស្ត គឺព្រះជាម្ចាស់បានធ្វើឲ្យមានសន្តិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិត នៅលើឈើឆ្កាង។ ចំពោះបងប្អូនវិញ ពីដើម បងប្អូននៅខាងក្រៅប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ហើយជាសត្រូវនឹងព្រះអង្គ ព្រោះតែគំនិត និងអំពើអាក្រក់របស់បងប្អូន។ ប៉ុន្តែឥឡូវនេះ ព្រះអង្គបានសម្រុះសម្រួលបងប្អូនឲ្យជានានឹងព្រះអង្គវិញ ដោយព្រះបុត្រា ដែលកើតមកជាមនុស្សបានសោយទិវង្គត ដើម្បីឲ្យបងប្អូនបានវិសុទ្ធ* ឥតសៅហ្មង ឥតកំហុស និងអាចឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។ ប៉ុន្តែ បងប្អូនត្រូវតែកាន់ជំនឿឲ្យបានរឹងប៉ឹងខ្ជាប់ខ្ជួន ដើម្បីកុំឲ្យឃ្លាតចាកពីសេចក្ដីសង្ឃឹមដែលបងប្អូនមានតាំងពីបានឮដំណឹងល្អ*មកនោះ គឺជាដំណឹងល្អដែលគេបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំប៉ូល បានទទួលមុខងារបម្រើដំណឹងល្អនេះដែរ។ ឥឡូវនេះ ខ្ញុំមានអំណរដោយរងទុក្ខលំបាកសម្រាប់បងប្អូន ព្រោះខ្ញុំរងទុក្ខលំបាកក្នុងរូបកាយដូច្នេះ ដើម្បីជួយបំពេញទុក្ខលំបាករបស់ព្រះគ្រិស្ត សម្រាប់ព្រះកាយរបស់ព្រះអង្គ ដែលជាក្រុមជំនុំ*។ ខ្ញុំបានទទួលមុខងារបម្រើក្រុមជំនុំនេះ តាមការចាត់ចែងដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឲ្យខ្ញុំធ្វើ គឺណែនាំបងប្អូនឲ្យស្គាល់ព្រះបន្ទូលរបស់ព្រះអង្គបានសព្វគ្រប់។ នេះហើយជាគម្រោងការដ៏លាក់កំបាំងដែលព្រះជាម្ចាស់បានលាក់ទុក តាំងពីយូរអង្វែងតរៀងមក មិនឲ្យមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ព្រះអង្គបានបង្ហាញឲ្យប្រជាជនដ៏វិសុទ្ធ*របស់ព្រះអង្គស្គាល់។ ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យប្រជាជនដ៏វិសុទ្ធនេះ ស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគម្រោងការនេះនៅក្នុងចំណោមសាសន៍ដទៃ ពោលគឺព្រះគ្រិស្តគង់នៅក្នុងបងប្អូន ព្រះអង្គប្រទានឲ្យបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់ព្រះអង្គ។ ដូច្នេះ យើងផ្សព្វផ្សាយដំណឹងអំពីព្រះគ្រិស្តនេះហើយ យើងដាស់តឿន និងប្រៀនប្រដៅមនុស្សគ្រប់ៗរូប ដោយប្រើប្រាជ្ញាគ្រប់យ៉ាង ធ្វើឲ្យគេទាំងអស់គ្នាបានគ្រប់លក្ខណៈក្នុងអង្គព្រះគ្រិស្ត។ ខ្ញុំធ្វើការនឿយហត់ ដើម្បីសម្រេចគោលដៅនេះឯង គឺខំប្រឹងតយុទ្ធដោយប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គ ដែលកំពុងតែមានសកម្មភាពក្នុងរូបខ្ញុំយ៉ាងខ្លាំង។
កូឡូស 1:15-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដែលទ្រង់ជារូបអង្គនៃព្រះដ៏មើលមិនឃើញ ជាបងច្បងនៃគ្រប់ទាំងអស់ ដែលព្រះបានបង្កើតមក ដ្បិតគឺទ្រង់ហើយ ដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ នឹងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ នោះសុទ្ធតែកើតមកដោយសារទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំងអស់ក៏នៅស្ថិតស្ថេរ ដោយសារទ្រង់ ទ្រង់ជាសិរសារបស់រូបកាយ គឺជាពួកជំនុំ ទ្រង់ជាដើម ក៏បានរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ ដើម្បីឲ្យទ្រង់បានជាប្រធានក្នុងគ្រប់ទាំងអស់ ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្ដីពោរពេញបានស្ថិតនៅក្នុងទ្រង់ ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ ទោះបើរបស់នៅស្ថានសួគ៌ ឬនៅផែនដីក្តី ទាំងតាំងស្ពានមេត្រី ដោយសារព្រះលោហិតនៃឈើឆ្កាងទ្រង់ រីឯអ្នករាល់គ្នា ដែលពីដើមត្រូវពង្រាត់ចេញ ហើយជាខ្មាំងសត្រូវក្នុងគំនិត ដោយអំពើអាក្រក់នោះ ឥឡូវនេះវិញ ទ្រង់បានផ្សះផ្សាក្នុងរូបសាច់ទ្រង់ ដោយបានទទួលសុគត ដើម្បីនឹងថ្វាយអ្នករាល់គ្នាជាដង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់ នោះគឺបើតិចណាស់ អ្នករាល់គ្នាបានតាំងនៅជាប់លាប់ ហើយមាំមួន ក្នុងសេចក្ដីជំនឿដែរ ឥតងាកបែរចេញពីសេចក្ដីសង្ឃឹមរបស់ដំណឹងល្អ ដែលអ្នករាល់គ្នាបានឮ ជាដំណឹងដែលបានផ្សាយទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃផង ឯប៉ុលខ្ញុំ ជាអ្នកបំរើចំពោះដំណឹងល្អនោះដែរ។ ឥឡូវនេះ ខ្ញុំមានចិត្តអំណរក្នុងការរងទុក្ខលំបាក ដែលខ្ញុំទ្រាំដោយព្រោះអ្នករាល់គ្នា ហើយសេចក្ដីវេទនាណារបស់ព្រះគ្រីស្ទ ដែលខ្វះក្នុងរូបសាច់ខ្ញុំ នោះខ្ញុំកំពុងតែបំពេញឡើង ដោយព្រោះរូបកាយទ្រង់ គឺជាពួកជំនុំ ខ្ញុំបានត្រឡប់ជាអ្នកបំរើដល់ពួកជំនុំនោះ តាមការកាន់កាប់ត្រួតត្រារបស់ព្រះ ដែលបានប្រគល់មកខ្ញុំសំរាប់អ្នករាល់គ្នា ដើម្បីនឹងបំពេញព្រះបន្ទូល គឺជាសេចក្ដីអាថ៌កំបាំងដែលលាក់ទុក តាំងពីអស់កល្បរៀងរាល់តែដំណតមក តែឥឡូវនេះ បានបើកសំដែងឲ្យពួកបរិសុទ្ធទ្រង់ស្គាល់ ព្រះទ្រង់បានសព្វព្រះហឫទ័យ នឹងសំដែងឲ្យពួកបរិសុទ្ធនោះដឹងថា សិរីល្អដ៏បរិបូររបស់សេចក្ដីអាថ៌កំបាំងនេះជាយ៉ាងណា ក្នុងពួកសាសន៍ដទៃ គឺថា ព្រះគ្រីស្ទទ្រង់សណ្ឋិតនៅក្នុងអ្នករាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្តម យើងខ្ញុំប្រកាសប្រាប់ពីទ្រង់ ទាំងទូន្មានដល់គ្រប់មនុស្ស ហើយទាំងបង្រៀនដល់គ្រប់មនុស្ស ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យបានថ្វាយគ្រប់មនុស្ស ជាដង្វាយគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ ខ្ញុំក៏ខំធ្វើការនោះឯង ទាំងតយុទ្ធតាមឫទ្ធិបារមីទ្រង់ ដែលបណ្តាលឡើងក្នុងខ្ញុំដោយព្រះចេស្តា។