អេម៉ុស 8:1-14

អេម៉ុស 8:1-14 គខប

ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ​ដូច​ត​ទៅ: ខ្ញុំ​ឃើញ​កំប្រោង​មួយ មាន​ពេញ​ដោយ​ផ្លែ​ឈើ​ទុំ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​ឃើញ​កំប្រោង មួយ មាន​ពេញ​ដោយ​ផ្លែ​ឈើ​ទុំ» ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចុង​បញ្ចប់​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង ជិត​មក​ដល់​ហើយ យើង​នឹង​មិន​អធ្យាស្រ័យ​ឲ្យ​គេ​ទៀត​ទេ។ នៅ​ថ្ងៃ​នោះ សម្រែក​ថ្ងូរ​នឹង​មក​ជំនួស ចម្រៀង​សប្បាយ​នៅ​ក្នុង​វិហារ​ហ្លួង។ មាន​សាក‌សព​ពាស‌ពេញ ហើយ​មាន​ភាព​ស្ងាត់​ជ្រងំ​នៅ​គ្រប់​ទី​កន្លែង» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ អស់​អ្នក​ដែល​ចេះ​តែ​ជិះ‌ជាន់​អ្នក​ក្រីក្រ ហើយ​ធ្វើ​ឲ្យ​ជន​ទុគ៌ត​ត្រូវ​វិនាស ចូរ​ស្ដាប់​ពាក្យ​ខ្ញុំ! អ្នក​រាល់​គ្នា​តែងតែ​បន់​ឲ្យ​បុណ្យ​ចូល​ខែ​ថ្មី និង​ថ្ងៃ​សប្ប័ទ*​ឆាប់​ចប់ ដើម្បី​បើក​ជង្រុក​លក់​ស្រូវ ដោយ​យក​តៅ​តូច​ជាង​ធម្មតា​មក​វាល់ ហើយ​ដំឡើង​ថ្លៃ ព្រម​ទាំង​កេង‌ប្រវ័ញ្ច​គេ ដោយ​បំបាត់​ភ្នែក​ជញ្ជីង​ទៀត​ផង។ អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ​ជន​ទុគ៌ត យក​ស្បែក​ជើង​មួយ​គូ​ទៅ​ដូរ​យក​ជន​ក្រីក្រ។ សូម្បី​តែ​អង្កាម​ក៏​អ្នក​រាល់​គ្នា​លក់​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់ ដោយ​យក​ទឹក​ដី ដែល​ជា​មោទន‌ភាព របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ជា​សាក្សី​ថា: យើង​នឹង​មិន​ភ្លេច​អំពើ​អាក្រក់​ណា​មួយ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​នោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​រញ្ជួយ​ផែនដី អ្នក​ស្រុក​ទាំង​អស់​នឹង​នាំ​គ្នា​កាន់​ទុក្ខ។ ផែនដី​ទាំង​មូល​នឹង​កក្រើក​ឡើង រួច​ស្ងប់​វិញ ដូច​ទឹក​ទន្លេ​នៅ​ស្រុក​អេស៊ីប​ជន់​ឡើង រួច​ស្រក​ទៅ​វិញ​ដែរ។ នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ព្រះ‌អាទិត្យ​លិច នៅ​ពេល​ថ្ងៃ​ត្រង់ ហើយ​ឲ្យ​ផែនដី​ងងឹត​សូន្យ​នៅ​ពេល​ថ្ងៃ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ យើង​នឹង​ធ្វើ​ឲ្យ​ពិធី​បុណ្យ​ដ៏​សប្បាយ របស់​អ្នក​រាល់​គ្នា ក្លាយ​ទៅ​ជា​ពិធី​កាន់​ទុក្ខ ហើយ​ឲ្យ​បទ​ចម្រៀង​របស់​អ្នក​រាល់​គ្នា ក្លាយ​ទៅ​ជា​បទ​ទំនួញ។ យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ស្លៀក​ពាក់​កាន់​ទុក្ខ ព្រម​ទាំង​កោរ​សក់​ផង។ យើង​នឹង​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​កាន់​ទុក្ខ ដូច​គេ​កាន់​ទុក្ខ​កូន​តែ​មួយ ទៅ​អនាគត អ្នក​រាល់​គ្នា​ស្គាល់​តែ​ភាព​ជូរ​ចត់។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​ធ្វើ​ឲ្យ ការ​អត់​ឃ្លាន​កើត​នៅ​ក្នុង​ស្រុក តែ​មិន​មែន​ការ​អត់​ឃ្លាន​ខាង​អាហារ ឬ​ការ​ស្រេក​ទឹក​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ការ​ស្រេក​ឃ្លាន​ចង់​ស្ដាប់ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​នឹង​ដើរ​ចុះ​ឡើង ពី​សមុទ្រ​មួយ​ទៅ​សមុទ្រ​មួយ ត្រាច់‌ចរ​ពី​ទិស​ខាង​ជើង ទៅ​ទិស​ខាង​កើត ដើម្បី​ស្វែង​រក​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ តែ​រក​មិន​ឃើញ​ឡើយ។ នៅ​ថ្ងៃ​នោះ ស្រី​ក្រមុំ​ដ៏​ស្អាតៗ និង​កំលោះៗ នឹង​អស់​កម្លាំង​ដួល ដោយ​ស្រេក​ទឹក។ អ្នក​ណា​ស្បថ​ក្នុង​នាម​ព្រះ​ក្លែងក្លាយ នៅ​ក្រុង​សាម៉ារី​ថា: “ខ្ញុំ​សូម​ស្បថ ដោយ​យក​ព្រះ‌ជន្ម របស់​ព្រះ​នៅ​ក្រុង​ដាន់​ជា​សាក្សី” “ខ្ញុំ​សូម​ស្បថ ដោយ​យក ព្រះ​នៅ​បៀរ‌សេបា​ជា​សាក្សី” អ្នក​នោះ​មុខ​ជា​ដួល​ស្លាប់ ក្រោក​ឡើង​វិញ​មិន​រួច​ឡើយ។»