អេម៉ុស 8:1-14

អេម៉ុស 8:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អម្ចាស់​យេហូវ៉ា​បង្ហាញ​ខ្ញុំ​ដូច្នេះ មើល៍ មាន​កំប្រោង​មួយ​ពេញ​ដោយ​ផ្លែ​ឈើ​រដូវ​ក្តៅ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «ឃើញ​កំប្រោង​មួយ​ពេញ​ដោយ​ផ្លែ​ឈើ​រដូវ​ក្តៅ » រួច​ព្រះ‌យេហូវ៉ា​ប្រាប់​ខ្ញុំ​ថា៖ «ចុង​បញ្ចប់ បាន​មក​ដល់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ហើយ យើង​នឹង​លែង​មើល​រំលង​គេ​ទៀត​ហើយ។ នៅ​ថ្ងៃ​នោះ បទ​ចម្រៀង​ដែល​ច្រៀង​នៅ​ក្នុង​ព្រះ‌វិហារ នឹង​ត្រឡប់​ជា​សម្រែក​ទ្រ‌ហោ​យំ មាន​សាក‌សព​យ៉ាង​ច្រើន​សន្ធឹក ហើយ​ត្រូវ​គេ​បោះ​ចោល​គ្រប់​ទី​កន្លែង។ ចូរ​ស្ងៀម‌ស្ងាត់!» នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌អម្ចាស់​យេហូវ៉ា។ ចូរ​ស្ដាប់​សេចក្ដី​នេះ​ចុះ! ម្នាល​ពួក​អ្នក​ដែល​ជិះ​ជាន់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​ធ្វើ​ឲ្យ​អ្នក​ក្រីក្រ​នៅ​ក្នុង​ស្រុក​ត្រូវ​វិនាស ដោយ​ពាក្យ​ថា "តើ​ពេល​ណា​ទើប​ផុត​ថ្ងៃ​បុណ្យ​ចូល​ខែ ដើម្បី​ឲ្យ​យើង​បាន​លក់​ស្រូវ ហើយ​ថ្ងៃ​សប្ប័ទ​ដែរ ដើម្បី​ឲ្យ​យើង​បាន​ដាក់​លក់​ភោជ្ជ‌សាលី? យើង​នឹង​បង្រួម​រង្វាល់ ហើយ​ដំឡើង​ថ្លៃ រួច​បញ្ឆោត​គេ​ដោយ​ជញ្ជីង​មិន​ត្រឹម‌ត្រូវ ប្រ‌យោជន៍​ឲ្យ​យើង​បាន​ទិញ​មនុស្ស​ក្រីក្រ​ដោយ​ប្រាក់ និង​មនុស្ស​កម្សត់​ទុគ៌ត ដោយ​ស្បែក​ជើង​មួយ​គូ ព្រម​ទាំង​លក់​សំដី​ស្រូវ​ដែរ"។ ព្រះ‌យេហូវ៉ា​បាន​ស្បថ​ដោយ​សារ​អំនួត​របស់​យ៉ាកុប​ថា "ពិត​ប្រាកដ​ជា​យើង​នឹង​មិន​ភ្លេច​អំពើ​ណា​មួយ ដែល​គេ​បាន​ប្រព្រឹត្ត​ឡើយ"។ ដោយ​ហេតុ​នេះ តើ​ស្រុក​មិន​ញាប់‌ញ័រ ហើយ​គ្រប់​គ្នា​ដែល​រស់​នៅ​ក្នុង​ស្រុក តើ​មិន​សោយ​សោក​ទេ​ឬ? អើ ស្រុក​នេះ​ទាំង​មូល​នឹង​ឡើង​លិច​ដូច​ទន្លេ​ធំ និង​ចម្រើន​ដី ហើយ​ស្រោច‌ស្រព រួច​ស្រក​ទៅ​វិញ ដូច​ជា​ទន្លេ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ។ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ព្រះ‌អាទិត្យ​លិច នៅ​ពេល​ថ្ងៃ​ត្រង់ ហើយ​ឲ្យ​ផែនដី​ងងឹត នៅ​ពេល​មេឃ​ស្រឡះ។ យើង​នឹង​ធ្វើ​ឲ្យ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ទៅ​ជា​ការ​យំ​សោក ហើយ​ឲ្យ​បទ​ចម្រៀង​របស់​អ្នក​រាល់​គ្នា ទៅ​ជា​ពាក្យ​ទំនួញ។ យើង​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ចង្កេះ​ស្លៀក​ពាក់​សំពត់​ធ្មៃ ហើយ​ឲ្យ​គ្រប់​ទាំង​ក្បាល​ទៅ​ជា​ត្រងោល។ យើង​នឹង​ធ្វើ​ឲ្យ​មាន​ការ​យំ​សោក ដូច​គេ​យំ​សោក​នឹង​កូន​តែ​មួយ ហើយ​ចុង​បំផុត​នៃ​ការ​នោះ​នឹង​ដូច​ជា​ថ្ងៃ​ជូរ​ល្វីង។ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ គ្រា​នោះនឹង​មក​ដល់ ដែល​យើង​នឹង​ចាត់​អំណត់​មក​លើ​ស្រុក​នេះ មិន​មែន​ជា​អំណត់​ដែល​អត់​អាហារ ឬ​ដែល​ស្រេក​ទឹក​ទេ គឺ​ជា​អំណត់ដែល​មិន​បាន​ឮ​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា​វិញ។ គេ​នឹង​ដើរ​ចុះ​ឡើង​ពី​សមុទ្រ​ម្ខាង​ទៅ​សមុទ្រ​ម្ខាង ហើយ​ពី​ទិស​ខាង​ជើង រហូត​ដល់​ទិស​ខាង​កើត គេ​នឹង​រត់​ច្រវាត់ ដើម្បី​ស្វែង​រក​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា តែ​នឹង​មិន​ប្រទះ​ឡើយ។ នៅ​ថ្ងៃ​នោះ ក្រមុំ​ស្អាតៗ និង​កំលោះៗ នឹង​ល្វើយ​ទៅ​ដោយ​ស្រេក​ទឹក។ អស់​អ្នក​ដែល​ស្បថ​ដោយ​អំពើ​បាប​របស់​សាម៉ារី ពោល​ថា "ដូចដែល​ព្រះ​របស់អ្នក​រស់​នៅ ឱ​ដាន់​អើយ" ហើយ​ថា "ដូច​ដែល​ផ្លូវ​ប្រព្រឹត្ត របស់​បៀរ-សេបា​រស់​នៅ" យ៉ាង​ណា នោះ​គេ​នឹង​ដួល ហើយ​ក្រោក​ឡើង​វិញ​មិន​រួច​ឡើយ»។

ចែក​រំលែក
អាន អេម៉ុស 8

អេម៉ុស 8:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ​ដូច​ត​ទៅ: ខ្ញុំ​ឃើញ​កំប្រោង​មួយ មាន​ពេញ​ដោយ​ផ្លែ​ឈើ​ទុំ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​ឃើញ​កំប្រោង មួយ មាន​ពេញ​ដោយ​ផ្លែ​ឈើ​ទុំ» ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចុង​បញ្ចប់​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង ជិត​មក​ដល់​ហើយ យើង​នឹង​មិន​អធ្យាស្រ័យ​ឲ្យ​គេ​ទៀត​ទេ។ នៅ​ថ្ងៃ​នោះ សម្រែក​ថ្ងូរ​នឹង​មក​ជំនួស ចម្រៀង​សប្បាយ​នៅ​ក្នុង​វិហារ​ហ្លួង។ មាន​សាក‌សព​ពាស‌ពេញ ហើយ​មាន​ភាព​ស្ងាត់​ជ្រងំ​នៅ​គ្រប់​ទី​កន្លែង» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ អស់​អ្នក​ដែល​ចេះ​តែ​ជិះ‌ជាន់​អ្នក​ក្រីក្រ ហើយ​ធ្វើ​ឲ្យ​ជន​ទុគ៌ត​ត្រូវ​វិនាស ចូរ​ស្ដាប់​ពាក្យ​ខ្ញុំ! អ្នក​រាល់​គ្នា​តែងតែ​បន់​ឲ្យ​បុណ្យ​ចូល​ខែ​ថ្មី និង​ថ្ងៃ​សប្ប័ទ*​ឆាប់​ចប់ ដើម្បី​បើក​ជង្រុក​លក់​ស្រូវ ដោយ​យក​តៅ​តូច​ជាង​ធម្មតា​មក​វាល់ ហើយ​ដំឡើង​ថ្លៃ ព្រម​ទាំង​កេង‌ប្រវ័ញ្ច​គេ ដោយ​បំបាត់​ភ្នែក​ជញ្ជីង​ទៀត​ផង។ អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ​ជន​ទុគ៌ត យក​ស្បែក​ជើង​មួយ​គូ​ទៅ​ដូរ​យក​ជន​ក្រីក្រ។ សូម្បី​តែ​អង្កាម​ក៏​អ្នក​រាល់​គ្នា​លក់​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់ ដោយ​យក​ទឹក​ដី ដែល​ជា​មោទន‌ភាព របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ជា​សាក្សី​ថា: យើង​នឹង​មិន​ភ្លេច​អំពើ​អាក្រក់​ណា​មួយ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​នោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​រញ្ជួយ​ផែនដី អ្នក​ស្រុក​ទាំង​អស់​នឹង​នាំ​គ្នា​កាន់​ទុក្ខ។ ផែនដី​ទាំង​មូល​នឹង​កក្រើក​ឡើង រួច​ស្ងប់​វិញ ដូច​ទឹក​ទន្លេ​នៅ​ស្រុក​អេស៊ីប​ជន់​ឡើង រួច​ស្រក​ទៅ​វិញ​ដែរ។ នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ព្រះ‌អាទិត្យ​លិច នៅ​ពេល​ថ្ងៃ​ត្រង់ ហើយ​ឲ្យ​ផែនដី​ងងឹត​សូន្យ​នៅ​ពេល​ថ្ងៃ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ យើង​នឹង​ធ្វើ​ឲ្យ​ពិធី​បុណ្យ​ដ៏​សប្បាយ របស់​អ្នក​រាល់​គ្នា ក្លាយ​ទៅ​ជា​ពិធី​កាន់​ទុក្ខ ហើយ​ឲ្យ​បទ​ចម្រៀង​របស់​អ្នក​រាល់​គ្នា ក្លាយ​ទៅ​ជា​បទ​ទំនួញ។ យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ស្លៀក​ពាក់​កាន់​ទុក្ខ ព្រម​ទាំង​កោរ​សក់​ផង។ យើង​នឹង​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​កាន់​ទុក្ខ ដូច​គេ​កាន់​ទុក្ខ​កូន​តែ​មួយ ទៅ​អនាគត អ្នក​រាល់​គ្នា​ស្គាល់​តែ​ភាព​ជូរ​ចត់។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​ធ្វើ​ឲ្យ ការ​អត់​ឃ្លាន​កើត​នៅ​ក្នុង​ស្រុក តែ​មិន​មែន​ការ​អត់​ឃ្លាន​ខាង​អាហារ ឬ​ការ​ស្រេក​ទឹក​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ការ​ស្រេក​ឃ្លាន​ចង់​ស្ដាប់ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​នឹង​ដើរ​ចុះ​ឡើង ពី​សមុទ្រ​មួយ​ទៅ​សមុទ្រ​មួយ ត្រាច់‌ចរ​ពី​ទិស​ខាង​ជើង ទៅ​ទិស​ខាង​កើត ដើម្បី​ស្វែង​រក​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ តែ​រក​មិន​ឃើញ​ឡើយ។ នៅ​ថ្ងៃ​នោះ ស្រី​ក្រមុំ​ដ៏​ស្អាតៗ និង​កំលោះៗ នឹង​អស់​កម្លាំង​ដួល ដោយ​ស្រេក​ទឹក។ អ្នក​ណា​ស្បថ​ក្នុង​នាម​ព្រះ​ក្លែងក្លាយ នៅ​ក្រុង​សាម៉ារី​ថា: “ខ្ញុំ​សូម​ស្បថ ដោយ​យក​ព្រះ‌ជន្ម របស់​ព្រះ​នៅ​ក្រុង​ដាន់​ជា​សាក្សី” “ខ្ញុំ​សូម​ស្បថ ដោយ​យក ព្រះ​នៅ​បៀរ‌សេបា​ជា​សាក្សី” អ្នក​នោះ​មុខ​ជា​ដួល​ស្លាប់ ក្រោក​ឡើង​វិញ​មិន​រួច​ឡើយ។»

ចែក​រំលែក
អាន អេម៉ុស 8

អេម៉ុស 8:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​ក៏​បង្ហាញ​ខ្ញុំ​ដូច្នេះ មើល មាន​កំប្រោង​១​ពេញ​ដោយ​ផ្លែ​រដូវ​ក្តៅ ហើយ​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា អេម៉ុស​អើយ ឯង​ឃើញ​អ្វី នោះ​ខ្ញុំ​ទូល​ឆ្លើយ​ថា ឃើញ​កំប្រោង​ពេញ​ដោយ​ផ្លែ​រដូវ​ក្តៅ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រាប់​ខ្ញុំ​ថា ចុង​បំផុត​បាន​មក​ដល់​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​ហើយ អញ​នឹង​មិន​ដើរ​បង្ហួស​គេ​ទៅ​ទៀត​ឡើយ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ បទ​ចំរៀង​ដែល​ច្រៀង​នៅ​ក្នុង​ព្រះ‌វិហារ នឹង​ត្រឡប់​ជា​សំរែក​ទ្រហោ‌យំ​វិញ នឹង​មាន​សាក‌សព​យ៉ាង​សន្ធឹក​នៅ​គ្រប់​ទី​កន្លែង គេ​នឹង​បោះ​សព​ទាំង​នោះ​ចេញ​ដោយ​ស្ងៀម‌ស្ងាត់។ ម្នាល ពួក​អ្នក​ដែល​ចង់​លេប​មនុស្ស​កំសត់​ទុគ៌ត​ទៅ ដើម្បី​នឹង​ធ្វើ​ឲ្យ​មនុស្ស​ក្រីក្រ​នៅ​ក្នុង​ស្រុក​បាត់​ចេញ ដោយ​ពាក្យ​ថា តើ​ដល់​កាល​ណា​បាន​ផុត​ពី​ថ្ងៃ​បុណ្យ​ចូល​ខែ​ទៅ ដើម្បី​ឲ្យ​យើង​បាន​លក់​ស្រូវ ហើយ​នឹង​ថ្ងៃ​ឈប់​សំរាក​ដែរ ដើម្បី​ឲ្យ​យើង​បាន​ដាក់​លក់​ភោជ្ជ‌សាលី ព្រម​ទាំង​ធ្វើ​បង្រួម​រង្វាល់ ហើយ​ដំឡើង​ថ្លៃ រួច​ឆ​បំបាត់​ដោយ​ជញ្ជីង​មិន​ត្រឹម‌ត្រូវ ប្រយោជន៍​ឲ្យ​បាន​ទិញ​មនុស្ស​ក្រីក្រ​ដោយ​ប្រាក់ នឹង​មនុស្ស​កំសត់​ទុគ៌ត ដោយ​ស្បែក​ជើង​១​សំរាប់ ព្រម​ទាំង​លក់​សំដី​ស្រូវ​ផង ចូរ​ស្តាប់​សេចក្ដី​នេះ​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​ដោយ​សិរី‌ល្អ​នៃ​យ៉ាកុប​ថា ពិត​ប្រាកដ​ជា​អញ​នឹង​មិន​ដែល​ភ្លេច​អំពើ​របស់​គេ​ណា​១​ឡើយ ដោយ​ហេតុ​ទាំង​នោះ តើ​ស្រុក​មិន​ញាប់‌ញ័រ​ទេ​ឬ​អី ហើយ​គ្រប់​ទាំង​មនុស្ស​នៅ​ក្នុង​ស្រុក តើ​មិន​សោយ​សោក​ឬ អើ​ស្រុក​នេះ​ទាំង​មូល​នឹង​ឡើង​លិច​ដូច​ទន្លេ​ធំ នឹង​ចំរើន​ដី ហើយ​ស្រោច‌ស្រព រួច​ស្រក​ទៅ​វិញ ដូច​ជា​ទន្លេ​នៃ​ស្រុក​អេស៊ីព្ទ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ​អញ​នឹង​ធ្វើ​ឲ្យ​ព្រះ‌អាទិត្យ​លិច​ទៅ នៅ​ពេល​ថ្ងៃ​ត្រង់ ឲ្យ​ផែនដី​បាន​ទៅ​ជា​ងងឹត កំពុង​ដែល​មេឃ​នៅ​ស្រឡះ​ផង អញ​នឹង​ធ្វើ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ទៅ​ជា​ការ​យំ​សោក ហើយ​ឲ្យ​បទ​ចំរៀង​របស់​ឯង​រាល់​គ្នា​ទៅ​ជា​ពាក្យ​ទំនួញ​វិញ អញ​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ចង្កេះ​បាន​ស្លៀក​ដោយ​សំពត់​ធ្មៃ ហើយ​គ្រប់​ទាំង​ក្បាល​បាន​ត្រងោល​ផង អញ​នឹង​ធ្វើ​ឲ្យ​មាន​ការ​យំ​សោក ដូច​ជា​ការ​យំ​សោក​នឹង​កូន​តែ​មួយ ឯ​ចុង​បំផុត​នៃ​ការ​នោះ​នឹង​ត្រូវ​ជា​ថ្ងៃ​យ៉ាង​ល្វីង។ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល មាន​គ្រា​មក ដែល​អញ​នឹង​ចាត់​ប្រើ​អំណត់​មក​ក្នុង​ស្រុក មិន​មែន​ជា​អំណត់​ដែល​អត់​អាហារ ឬ​ដែល​ស្រេក​ទឹក​ទេ គឺ​ជា​អំណត់​ខាង​ឯ​ការ​ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​វិញ គេ​នឹង​ដើរ​ចុះ​ឡើង​ពី​សមុទ្រ​ម្ខាង​ទៅ​សមុទ្រ​ម្ខាង ហើយ​ពី​ទិស​ខាង​ជើង​រហូត​ដល់​ទិស​ខាង​កើត គេ​នឹង​រត់​ច្រវាត់​ខំ​រក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា តែ​នឹង​មិន​ប្រទះ​ឡើយ នៅ​ថ្ងៃ​នោះ ពួក​ក្រមុំៗ​យ៉ាង​ល្អ នឹង​ពួក​កំឡោះៗ​នឹង​ល្វើយ​ទៅ​ដោយ​ស្រេក ពួក​អ្នក​ដែល​ស្បថ​ដោយ​អំពើ​បាប​របស់​សាម៉ារី ដោយ​ថា «ដូច​ជា​ព្រះ​ឯង​រស់​នៅ ឱ​ដាន់​អើយ» ហើយ​ថា «ដូច​ជា​ផ្លូវ​ប្រព្រឹត្ត​នៃ​បៀរ-សេបា​បាន​រស់​នៅ»ដែរ ពួក​ទាំង​នោះ​នឹង​ដួល ឥត​ក្រោក​ឡើង​វិញ​ឡើយ។

ចែក​រំលែក
អាន អេម៉ុស 8