កូនចៅអ៊ីស្រាអែលអើយ ចូរនាំគ្នាស្ដាប់ពាក្យនេះ! ចូរស្ដាប់ទំនួញដែលខ្ញុំស្មូត្រអំពីអ្នករាល់គ្នា! អ៊ីស្រាអែលដែលជាស្ត្រីព្រហ្មចារី ត្រូវរលំហើយ នាងមិនអាចក្រោកឡើងវិញបានទៀតទេ។ នាងដេកដួលនៅលើទឹកដីរបស់ខ្លួន គ្មាននរណាលើកនាងឡើយ ដ្បិតព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ក្រុងរបស់អ៊ីស្រាអែលដែលចាត់ទាហាន មួយពាន់នាក់ឲ្យទៅច្បាំង ឃើញពួកគេត្រឡប់មកវិញតែមួយរយនាក់។ ក្រុងដែលចាត់ទាហានមួយរយនាក់ ឲ្យទៅច្បាំង ឃើញពួកគេត្រឡប់មកវិញ តែដប់នាក់ប៉ុណ្ណោះ!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ កូនចៅអ៊ីស្រាអែលថា៖ «ចូរស្វែងរកយើង នោះអ្នករាល់គ្នានឹងមានជីវិត។ កុំទៅបេតអែល កុំទៅគីលកាល កុំទៅបៀរសេបាឡើយ ដ្បិតអ្នកក្រុងគីលកាលនឹងត្រូវគេកៀរយកទៅ ជាឈ្លើយទាំងអស់គ្នា រីឯបេតអែលដែលជាដំណាក់របស់ព្រះជាម្ចាស់ នឹងក្លាយទៅដំណាក់ទុច្ចរិត»។ កូនចៅលោកយ៉ូសែបអើយ ចូរស្វែងរកព្រះអម្ចាស់ នោះអ្នករាល់គ្នានឹងមានជីវិត! ចូរប្រយ័ត្ន ក្រែងព្រះអង្គឆាបឆេះអ្នករាល់គ្នា ហើយគ្មាននរណានៅបេតអែល អាចនឹងពន្លត់បានឡើយ។ អ្នករាល់គ្នាបានធ្វើឲ្យយុត្តិធម៌ ប្រែទៅជាពិសពុល ព្រមទាំងជាន់ឈ្លីសេចក្ដីសុចរិតទៀតផង។ ព្រះអង្គបង្កើតផ្កាយកូនមាន់ និងផ្កាយនង្គ័ល ព្រះអង្គធ្វើឲ្យភាពអន្ធការ ប្រែទៅជាពន្លឺនៅពេលថ្ងៃរះ ព្រះអង្គធ្វើឲ្យថ្ងៃប្រែទៅជាយប់ងងឹត ព្រះអង្គហៅទឹកសមុទ្រមកស្រោចស្រពផែនដី ព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។ ព្រះអង្គធ្វើឲ្យមហន្តរាយកើតយ៉ាងទាន់ហន់ ចំពោះអ្នកខ្លាំងពូកែ ហើយធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវវិនាស។ ពួកគេស្អប់ចៅក្រមដែលកាត់ក្ដីដោយយុត្តិធម៌ ពួកគេមិនចូលចិត្តសាក្សីទៀងត្រង់ទេ។ អ្នករាល់គ្នាជិះជាន់ជនទុគ៌ត ហើយរឹបអូសយកស្រូវរបស់គេ ហេតុនេះហើយបានជាអ្នករាល់គ្នានឹង មិនអាចរស់នៅក្នុងផ្ទះដ៏មានតម្លៃ ដែលអ្នករាល់គ្នាបានសង់នោះទេ។ អ្នករាល់គ្នាក៏ពុំអាចផឹក ស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ ពីចម្ការដែលអ្នករាល់គ្នាបានដាំនោះដែរ។ «យើងដឹងថា អ្នករាល់គ្នាប្រព្រឹត្ត អំពើទុច្ចរិតជាច្រើន ហើយអំពើបាបរបស់អ្នករាល់គ្នាក៏ធ្ងន់ធ្ងរដែរ អ្នករាល់គ្នាសង្កត់សង្កិនមនុស្សសុចរិត អ្នករាល់គ្នាទទួលសំណូក ហើយមិនរកយុត្តិធម៌ឲ្យជនក្រីក្រទេ។ បច្ចុប្បន្នកាលនេះជាគ្រាមួយដ៏លំបាក ហេតុនេះហើយបានជាអ្នកមានប្រាជ្ញា សុខចិត្តនៅស្ងៀម»។ ចូរខិតខំស្វែងរកអំពើល្អ កុំស្វែងរកអំពើអាក្រក់ឡើយ នោះអ្នករាល់គ្នានឹងមានជីវិត ហើយព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល នឹងគង់នៅជាមួយអ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់និយាយស្រាប់។ ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរកាត់ក្ដីដោយគតិយុត្តិធម៌ឡើងវិញ ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលប្រហែលជា អាណិតអាសូរដល់ពូជពង្សលោកយ៉ូសែប ដែលនៅសេសសល់។ ហេតុនេះ ព្រះជាអម្ចាស់ជាព្រះនៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «មនុស្សម្នានឹងសោកសង្រេង នៅតាមទីសាធារណៈទាំងអស់ គេនឹងគក់ទ្រូងយំនៅតាមដងផ្លូវនានា គេហៅអ្នកភ្ជួររាស់មកកាន់ទុក្ខ ហើយហៅអ្នកដែលចេះយំរៀបរាប់ ឲ្យមកយំសម្រាប់ពិធីបញ្ចុះសព។ ក្នុងគ្រាដែលយើងដើរកាត់ចំណោមអ្នករាល់គ្នា មនុស្សម្នានឹងសោកសង្រេង នៅតាមចម្ការទំពាំងបាយជូរទាំងអស់» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អាន អេម៉ុស 5
ស្ដាប់នូវ អេម៉ុស 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេម៉ុស 5:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ