អេម៉ុស 5:1-17

អេម៉ុស 5:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ពាក្យ​ដែល​ខ្ញុំស្មូត្រ​បទ​ទំនួញអំ​ពី​អ្នក​រាល់​គ្នា​នេះ​ចុះ! អ៊ីស្រាអែល​ជា​ស្ត្រី​ព្រហ្ម‌ចារី​បាន​ដួល​ចុះ ក្រោក​ឡើង​វិញមិន​បាន​ហើយ នាង​ត្រូវ​គេ​បោះ​បង់​ចោល​នៅ​លើ​ទឹក​ដី​ខ្លួន គ្មាន​អ្នក​ណា​លើក​នាង​ឡើយ។ ដ្បិត​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទី​ក្រុង​ណា​ដែល​លើក​ទ័ព​ចេញ​ទៅ​មួយ​ពាន់ នឹង​សល់​តែ​មួយ​រយ ហើយ​ទី​ក្រុង​ណា​ដែល​ចេញ​ទៅ​មួយ​រយ នឹង​នៅ​សល់​តែ​ដប់​ប៉ុណ្ណោះ ។ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់ ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដូច្នេះ​ថា ចូរ​ស្វែង​រក​យើង នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ កុំ​ស្វែង​រក​បេត-អែល ឬ​ចូល​ទៅ​ក្នុង​គីល‌កាល​ឡើយ ក៏​កុំ​ឆ្លង​ទៅ​បៀរ-សេបា​ដែរ ដ្បិត​គីល‌កាល​ប្រាកដ​ជា​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​បេត-អែល​នឹង​ត្រូវ​សូន្យ​បាត់​ទៅ។ ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា​វិញ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ ក្រែង​ព្រះ‌អង្គឆាប​ឆេះ​ឡើង ដូច​ជា​ភ្លើង​នៅ​ក្នុង​ពូជ‌ពង្សយ៉ូសែប ហើយ​បញ្ឆេះ​អស់​រលីង​ទៅ ឥត​មាន​អ្នក​ណា​នៅ​បេត-អែល អាច​នឹង​ពន្លត់​បាន​ឡើយ។ ម្នាល​អ្នក​រាល់​គ្នា​ដែល​បង្វែរ​យុត្តិ‌ធម៌​ឲ្យ​ទៅ​ជា​ស្លែង ហើយ​បោះ​សេចក្ដី​សុចរិត​ចុះ​ទៅ​ដី​អើយ! ព្រះ‌អង្គ​ដែល​បាន​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នាយ​ព្រាន ក៏​ធ្វើ​ឲ្យ​ភាព​អន្ធ‌ការ​ប្រែ​ទៅ​ជា​ព្រលឹម​ស្រាង ហើយ​ធ្វើ​ឲ្យ​ថ្ងៃ​ត្រឡប់​ទៅ​ជា​យប់ ព្រម​ទាំង​ហៅ​ទឹក​សមុទ្រ​មក​ចាក់​ស្រោច​លើ​ផែនដី ព្រះ‌នាម​របស់​ព្រះ‌អង្គ គឺ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ធ្វើ​ឲ្យ​មហន្តរាយ​កើត​ដល់ មនុស្ស​ខ្លាំង​ពូកែ​យ៉ាង​ទាន់​ហន់ ដល់​ម៉្លេះ​បាន​ជា​បន្ទាយ​ទាំង​ឡាយ​ក៏​ត្រូវ​វិនាស​ដែរ។ គេ​ស្អប់​អ្នក​ដែល​បន្ទោស​នៅ​ត្រង់​ទ្វារ​ក្រុង ហើយ​គេ​ខ្ពើម​អ្នក​ដែល​និយាយ​សេចក្ដី​ពិត។ ដូច្នេះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​មនុស្ស​ក្រី​ក្រ ហើយ​រឹប​អូស​យក​ស្រូវ​ពី​គេ អ្នក​រាល់​គ្នា​បាន​សង់​ផ្ទះ​ដោយ​ថ្ម​ដាប់ តែ​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ទេ អ្នក​រាល់​គ្នា​បាន​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ជា​ទី​គាប់​ចិត្ត តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ចម្ការ​នោះ​ឡើយ។ ដ្បិត​យើង​ដឹង​ហើយ​ថា អំពើ​រំលង​របស់​អ្នក​រាល់​គ្នា​មាន​ច្រើន​ណាស់ ហើយ​អំពើ​បាប​របស់​អ្នក​រាល់​គ្នាក៏​សម្បើម​ណាស់​ផង អ្នក​រាល់​គ្នា​នេះ​ហើយ​ដែល​ធ្វើទុក្ខ​មនុស្ស​សុចរិត ហើយ​ស៊ី​សំណូក ក៏បង្វែរ​មនុស្ស​កម្សត់​ទុគ៌ត​នៅ​ទ្វារ​ក្រុង ។ ហេតុ​នេះ មនុស្ស​ឈ្លាស​វៃ នឹង​ស្ងៀម​នៅ​ក្នុង​គ្រា​បែប​នេះ ដ្បិត​នេះ​ជា​គ្រា​មួយ​ដ៏​អាក្រក់។ ចូរ​ស្វែង​រក​អំពើ​ល្អ កុំ​ស្វែង​រក​អំពើ​អាក្រក់​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រស់​នៅ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ព្រះ‌អង្គ​នឹង​គង់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​និយាយ​ហើយ។ ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ ចូរ​តាំង​ឲ្យ​មាន​យុត្តិ‌ធម៌​នៅ​ត្រង់​ទ្វារ​ក្រុង នោះ​ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​សម្ដែង​ព្រះ​គុណ​ដល់​សំណល់​នៃ​ពួក​យ៉ូសែប។ ហេតុ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មនុស្ស​នឹង​ទ្រហោ​យំ​នៅ​គ្រប់​ទាំងទី​ធ្លា ហើយ​នៅ​គ្រប់​ទាំង​ផ្លូវ​គេ​នឹង​ពោល​ថា "វរ​ហើយ វរ​ហើយ!" គេ​នឹង​ហៅ​ពួក​អ្នក​ស្រែ​ចម្ការ​ឲ្យ​មកយំ​‌សោក ហើយ​ពួក​អ្នក​ដែល​ប្រសប់​ទួញ​ទំនួញ​មក​ទ្រហោ​យំ នៅ​គ្រប់​ទាំង​ចម្ការ​ទំពាំង‌បាយ‌ជូរ នឹង​មាន​សំឡេង​ទ្រហោ​យំ ដ្បិត​យើង​នឹង​ដើរ​កាត់​កណ្ដាល​អ្នក​រាល់​គ្នា នោះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន អេម៉ុស 5

អេម៉ុស 5:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​ចៅ​អ៊ីស្រា‌អែល​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ! ចូរ​ស្ដាប់​ទំនួញ​ដែល​ខ្ញុំ​ស្មូត្រ​អំពី​អ្នក​រាល់​គ្នា! អ៊ីស្រា‌អែល​ដែល​ជា​ស្ត្រី​ព្រហ្មចារី ត្រូវ​រលំ​ហើយ នាង​មិន​អាច​ក្រោក​ឡើង​វិញ​បាន​ទៀត​ទេ។ នាង​ដេក​ដួល​នៅ​លើ​ទឹក​ដី​របស់​ខ្លួន គ្មាន​នរណា​លើក​នាង​ឡើយ ដ្បិត​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ក្រុង​របស់​អ៊ីស្រា‌អែល​ដែល​ចាត់​ទាហាន មួយ​ពាន់​នាក់​ឲ្យ​ទៅ​ច្បាំង ឃើញ​ពួក​គេ​ត្រឡប់​មក​វិញ​តែ​មួយ​រយ​នាក់។ ក្រុង​ដែល​ចាត់​ទាហាន​មួយ​រយ​នាក់ ឲ្យ​ទៅ​ច្បាំង ឃើញ​ពួក​គេ​ត្រឡប់​មក​វិញ តែ​ដប់​នាក់​ប៉ុណ្ណោះ!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់ កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «ចូរ​ស្វែង​រក​យើង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។ កុំ​ទៅ​បេត‌អែល កុំ​ទៅ​គីលកាល កុំ​ទៅ​បៀរ‌សេបា​ឡើយ ដ្បិត​អ្នក​ក្រុង​គីលកាល​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ ជា​ឈ្លើយ​ទាំង​អស់​គ្នា រីឯ​បេត‌អែល​ដែល​ជា​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នឹង​ក្លាយ​ទៅ​ដំណាក់​ទុច្ចរិត»។ កូន​ចៅ​លោក​យ៉ូសែប​អើយ ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត! ចូរ​ប្រយ័ត្ន ក្រែង​ព្រះអង្គ​ឆាប‌ឆេះ​អ្នក​រាល់​គ្នា ហើយ​គ្មាន​នរណា​នៅ​បេត‌អែល អាច​នឹង​ពន្លត់​បាន​ឡើយ។ អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​យុត្តិធម៌ ប្រែ​ទៅ​ជា​ពិស‌ពុល ព្រម​ទាំង​ជាន់​ឈ្លី​សេចក្ដី​សុចរិត​ទៀត​ផង។ ព្រះអង្គ​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នង្គ័ល ព្រះអង្គ​ធ្វើ​ឲ្យ​ភាព​អន្ធការ ប្រែ​ទៅ​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ ព្រះអង្គ​ធ្វើ​ឲ្យ​ថ្ងៃ​ប្រែ​ទៅ​ជា​យប់​ងងឹត ព្រះអង្គ​ហៅ​ទឹក​សមុទ្រ​មក​ស្រោច​ស្រព​ផែនដី ព្រះ‌នាម​របស់​ព្រះអង្គ គឺ​ព្រះ‌អម្ចាស់។ ព្រះអង្គ​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​យ៉ាង​ទាន់‌ហន់ ចំពោះ​អ្នក​ខ្លាំង​ពូកែ ហើយ​ធ្វើ​ឲ្យ​បន្ទាយ​ដ៏​រឹង‌មាំ​ត្រូវ​វិនាស។ ពួក​គេ​ស្អប់​ចៅ‌ក្រម​ដែល​កាត់​ក្ដី​ដោយ​យុត្តិធម៌ ពួក​គេ​មិន​ចូល​ចិត្ត​សាក្សី​ទៀង​ត្រង់​ទេ។ អ្នក​រាល់​គ្នា​ជិះ‌ជាន់​ជន​ទុគ៌ត ហើយ​រឹប​អូស​យក​ស្រូវ​របស់​គេ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​នឹង មិន​អាច​រស់​នៅ​ក្នុង​ផ្ទះ​ដ៏​មាន​តម្លៃ ដែល​អ្នក​រាល់​គ្នា​បាន​សង់​នោះ​ទេ។ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​ផឹក ស្រា​ទំពាំង‌បាយជូរ​ដ៏​ឆ្ងាញ់ ពី​ចម្ការ​ដែល​អ្នក​រាល់​គ្នា​បាន​ដាំ​នោះ​ដែរ។ «យើង​ដឹង​ថា អ្នក​រាល់​គ្នា​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ជា​ច្រើន ហើយ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ក៏​ធ្ងន់‌ធ្ងរ​ដែរ អ្នក​រាល់​គ្នា​សង្កត់‌សង្កិន​មនុស្ស​សុចរិត អ្នក​រាល់​គ្នា​ទទួល​សំណូក ហើយ​មិន​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ​ទេ។ បច្ចុប្បន្ន‌កាល​នេះ​ជា​គ្រា​មួយ​ដ៏​លំបាក ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​មាន​ប្រាជ្ញា សុខ​ចិត្ត​នៅ​ស្ងៀម»។ ចូរ​ខិត‌ខំ​ស្វែង​រក​អំពើ​ល្អ កុំ​ស្វែង​រក​អំពើ​អាក្រក់​ឡើយ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត ហើយ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល នឹង​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​និយាយ​ស្រាប់។ ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ ចូរ​កាត់​ក្ដី​ដោយ​គតិ‌យុត្តិធម៌​ឡើង​វិញ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​ប្រហែល​ជា អាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​លោក​យ៉ូសែប ដែល​នៅ​សេស‌សល់។ ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស‌ម្នា​នឹង​សោក​សង្រេង នៅ​តាម​ទី​សាធារណៈ​ទាំង​អស់ គេ​នឹង​គក់​ទ្រូង​យំ​នៅ​តាម​ដង​ផ្លូវ​នានា គេ​ហៅ​អ្នក​ភ្ជួរ​រាស់​មក​កាន់​ទុក្ខ ហើយ​ហៅ​អ្នក​ដែល​ចេះ​យំ​រៀប​រាប់ ឲ្យ​មក​យំ​សម្រាប់​ពិធី​បញ្ចុះ​សព។ ក្នុង​គ្រា​ដែល​យើង​ដើរ​កាត់​ចំណោម​អ្នក​រាល់​គ្នា មនុស្ស‌ម្នា​នឹង​សោក​សង្រេង នៅ​តាម​ចម្ការ​ទំពាំង‌បាយជូរ​ទាំង​អស់» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន អេម៉ុស 5

អេម៉ុស 5:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ពាក្យ​ដែល​អញ​តាំង​ឡើង​នេះ ទុក​សំរាប់​ជា​ពាក្យ​ទំនួញ​ពី​ឯង​រាល់​គ្នា​ចុះ នាង​ព្រហ្មចារី គឺ​នគរ​អ៊ីស្រាអែល បាន​ដួល​ចុះ​ហើយ នឹង​ក្រោក​ឡើង​វិញ​មិន​បាន​ឡើយ នាង​ដេក​ត្រមោច​នៅ​លើ​ដី​ខ្លួន គ្មាន​អ្នក​ណា​នឹង​លើក​ឡើង​វិញ​សោះ ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ទី​ក្រុង​ណា​ដែល​លើក​ទ័ព​១​ពាន់​ចេញ​ទៅ នោះ​នឹង​សល់​នៅ​តែ​១​រយ​វិញ ហើយ​ទី​ក្រុង​ដែល​មាន​១​រយ​ចេញ​ទៅ នោះ​នឹង​សល់​នៅ​តែ​១០​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ទេ។ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ដូច្នេះ​ថា ចូរ​ស្វែង​រក​អញ នោះ​ឯង​រាល់​គ្នា​នឹង​រស់​នៅ កុំ​ឲ្យ​រក​ដល់​បេត-អែល ឬ​ចូល​ទៅ​ក្នុង​គីលកាល​ឡើយ ក៏​កុំ​ឲ្យ​រំលង​ទៅ​ដល់​បៀរ-សេបា​ដែរ ពី​ព្រោះ​គីលកាល​នឹង​ត្រូវ​ទៅ​ជា​ឈ្លើយ​ពិត ហើយ​បេត-អែល​នឹង​ត្រូវ​សូន្យ​បាត់​ទៅ ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា​វិញ នោះ​ឯង​រាល់​គ្នា​នឹង​រស់​នៅ ក្រែង​ទ្រង់​កាត់​ឆេះ​ឡើង ដូច​ជា​ភ្លើង​នៅ​ក្នុង​វង្ស​យ៉ូសែប ហើយ​បញ្ឆេះ​អស់​រលីង​ទៅ ឥត​មាន​អ្នក​ណា​នៅ​បេត-អែល ដែល​អាច​នឹង​ពន្លត់​បាន​ឡើយ ម្នាល​ឯង​រាល់​គ្នា​ដែល​បំផ្លាស់​បំប្រែ​សេចក្ដី​យុត្តិ‌ធម៌ ឲ្យ​ទៅ​ជា​ស្លែង ហើយ​បោះ​សេចក្ដី​សុចរិត​ចុះ​ដល់​ដី ចូរ​ស្វែង​រក​ព្រះ​ដែល​ទ្រង់​បាន​បង្កើត​ផ្កាយ​កូន​មាន់ នឹង​ផ្កាយ​នាយ​ព្រាន ក៏​ធ្វើ​ឲ្យ​ម្លប់​នៃ​សេចក្ដី​ស្លាប់​ប្រែ​ទៅ​ជា​ព្រលឹម​ស្រាង ហើយ​ឲ្យ​ថ្ងៃ​ត្រឡប់​ទៅ​ជា​យប់​វិញ ព្រម​ទាំង​ហៅ​ទឹក​សមុទ្រ​មក រួច​ចាក់​ទៅ​លើ​ផែនដី ព្រះ‌នាម​ទ្រង់ គឺ​ព្រះ‌យេហូវ៉ា ទ្រង់​នាំ​ការ​បំផ្លាញ​មក​លើ​មនុស្ស​ខ្លាំង​ពូកែ​ភ្លាម​១​រំពេច ដល់​ម៉្លេះ​បាន​ជា​ទាំង​បន្ទាយ​ក៏​ត្រូវ​បំផ្លាញ​ផង។ គេ​រមែង​ស្អប់​អ្នក ដែល​បន្ទោស​នៅ​ត្រង់​ទ្វារ​ក្រុង ហើយ​ក៏​តែង‌តែ​ខ្ពើម​អ្នក ដែល​ពោល​សេចក្ដី​ទៀង​ត្រង់​ផង ដូច្នេះ ដោយ​ព្រោះ​ឯង​រាល់​គ្នា​តែង​ញាំ‌ញី​ពួក​ក្រ ហើយ​រឹប​យក​ស្រូវ​ពី​គេ បាន​ជា​ឯង​រាល់​គ្នា​នឹង​សង់​ផ្ទះ​ដោយ​ថ្ម​ដាប់ តែ​មិន​បាន​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ឯង​រាល់​គ្នា​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ​ដ៏​គាប់​ចិត្ត តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​នោះ​ឡើយ ដ្បិត​អញ​ដឹង​ហើយ​ថា អំពើ​រំលង​របស់​ឯង​រាល់​គ្នា​មាន​សន្ធឹក​ណាស់ ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា​ក៏​មាន​ទំងន់​ពេក​ផង គឺ​ឯង​រាល់​គ្នា​ហើយ ជា​ពួក​អ្នក​ដែល​បៀត‌បៀន​មនុស្ស​សុចរិត ហើយ​ស៊ី​សំណូក ព្រម​ទាំង​បង្វែរ​មនុស្ស​កំសត់​ទុគ៌ត​មិន​ឲ្យ​បាន​សំរេច​តាម​អំណាច​ច្បាប់ ហេតុ​នោះ មនុស្ស​ដែល​មាន​គំនិត​វាង‌វៃ នឹង​ស្ងៀម​នៅ ក្នុង​គ្រា​យ៉ាង​នេះ ដ្បិត​ជា​គ្រា​អាក្រក់​ហើយ។ ចូរ​ស្វែង​រក​សេចក្ដី​ល្អ កុំ​រក​សេចក្ដី​អាក្រក់​ឡើយ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រស់​នៅ យ៉ាង​នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​ឯង​ជា​ពិត​ដូចជា​ឯង​ធ្លាប់​ថា​ហើយ ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ​វិញ ចូរ​តាំង​ឲ្យ​មាន​សេចក្ដី​យុត្តិ‌ធម៌​នៅ​ត្រង់​ទ្វារ​ក្រុង​ចុះ នោះ​ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ប្រព្រឹត្ត​ដល់​សំណល់​នៃ​ពួក​យ៉ូសែប ដោយ​ករុណា​គុណ​ទេ​ដឹង។ ហេតុ​នោះព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ‌អម្ចាស់ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មនុស្ស​នឹង​ទ្រហោ​យំ​នៅ​គ្រប់​ទាំង​ផ្លូវ​ធ្លា ហើយ​នៅ​គ្រប់​ទាំង​ផ្លូវ​គេ​នឹង​ថា វរ​ហើយ វរ​ហើយ គេ​នឹង​ហៅ​ពួក​អ្នក​ស្រែ​ចំការ​ឲ្យ​មក​សោយ‌សោក ហើយ​ពួក​អ្នក​ដែល​ប្រសប់​ទួញ​ទំនួញ​ឲ្យ​មក​ទ្រហោ​យំ នៅ​គ្រប់​ទាំង​ចំការ​ទំពាំង‌បាយ‌ជូរ គេ​នឹង​ទ្រហោ​យំ​ដែរ ដ្បិត​អញ​នឹង​ដើរ​កាត់​កណ្តាល​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន អេម៉ុស 5