អេម៉ុស 1:1-5

អេម៉ុស 1:1-5 គខប

នេះ​ជា​ពាក្យ​របស់​លោក​អេម៉ុស ជា​អ្នក​ចិញ្ចឹម​សត្វ​នៅ​ភូមិ​ត្កូអា រៀប​រាប់​អំពី​និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​លោក​បាន​ឃើញ ស្ដី​អំពី​ស្រុក​អ៊ីស្រា‌អែល ពីរ​ឆ្នាំ​មុន​រញ្ជួយ​ផែនដី គឺ​នៅ​រជ្ជកាល​ព្រះ‌បាទ​អូសៀស​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ព្រះ‌បាទ​យេរ៉ូ‌បោម បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ លោក​មាន​ប្រសាសន៍​ថា: ព្រះ‌អម្ចាស់​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូន ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​ពី​ក្រុង​យេរូ‌សាឡឹម វាល​ស្មៅ​របស់​ពួក​គង្វាល​ក៏​ក្រៀម​ស្ងួត ហើយ​កំពូល​ភ្នំ​កើមែល​ក៏​ហួត‌ហែង​អស់​ដែរ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ក្រុង​ដាម៉ាស​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​កិន​កម្ទេច​អ្នក​ស្រុក​កាឡាដ នឹង​រនាស់​ដែក។ ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ​វាំង របស់​ស្ដេច​ហាសែល ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទ​របស់ ស្ដេច​បេនហា‌ដាដ​ទៀត​ផង។ យើង​នឹង​បំបាក់​រនុក​ទ្វារ​ក្រុង​ដាម៉ាស យើង​នឹង​លុប​បំបាត់​ប្រជា‌ជន​ឲ្យ​អស់​ពី ជ្រលង​ភ្នំ«ទុច្ចរិត» ព្រម​ទាំង​ទម្លាក់​អ្នក​កាន់​កាប់​អំណាច ឲ្យ​បាត់​អស់​ពី​ក្រុង«សប្បាយ» ហើយ​អ្នក​ស្រុក​ស៊ីរី​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ»។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។