អេម៉ុស 1:1-5
អេម៉ុស 1:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាពាក្យរបស់ហោរាអេម៉ុស ជាម្នាក់ក្នុងចំណោមពួកគង្វាលនៅត្កូអា ជាសេចក្ដីដែលលោកបានឃើញពីដំណើរស្រុកអ៊ីស្រាអែល នៅក្នុងរជ្ជកាលព្រះបាទអូសៀស ស្តេចស្រុកយូដា និងក្នុងរជ្ជកាលព្រះបាទយេរ៉ូបោម ជាបុត្រព្រះបាទយ៉ូអាស ស្តេចស្រុកអ៊ីស្រាអែល គឺពីរឆ្នាំ មុនរញ្ជួយផែនដី។ លោកពោលថា ព្រះយេហូវ៉ាគ្រហឹមពីស៊ីយ៉ូន ហើយបញ្ចេញព្រះសូរសៀងពីក្រុងយេរូសាឡិម នោះវាលស្មៅរបស់ពួកគង្វាលក៏សោកសៅ ហើយកំពូលភ្នំកើមែលក៏ហួតហែងទៅ។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់ក្រុងដាម៉ាស អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានបញ្ជាន់ស្រុកកាឡាត ដោយគ្រឿងបញ្ជាន់ធ្វើពីដែក។ យើងនឹងចាត់ភ្លើងឲ្យទៅលើផ្ទះរបស់ហាសែល ហើយភ្លើងនោះនឹងឆេះបំផ្លាញ ទីមាំមួនរបស់បេន-ហាដាឌ។ យើងនឹងបំបាក់រនុកទ្វាររបស់ក្រុងដាម៉ាស ហើយកាត់ពួកអ្នកនៅជ្រលងភ្នំអាវេនចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យរបស់បេត-អេដែនផង នោះពួកសាសន៍ស៊ីរីនឹងទៅជាឈ្លើយនៅស្រុកគារ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
អេម៉ុស 1:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាពាក្យរបស់លោកអេម៉ុស ជាអ្នកចិញ្ចឹមសត្វនៅភូមិត្កូអា រៀបរាប់អំពីនិមិត្តហេតុអស្ចារ្យដែលលោកបានឃើញ ស្ដីអំពីស្រុកអ៊ីស្រាអែល ពីរឆ្នាំមុនរញ្ជួយផែនដី គឺនៅរជ្ជកាលព្រះបាទអូសៀសស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះបាទយេរ៉ូបោម បុត្ររបស់ព្រះបាទយ៉ូអាស ស្ដេចស្រុកអ៊ីស្រាអែល។ លោកមានប្រសាសន៍ថា: ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូន ព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹម វាលស្មៅរបស់ពួកគង្វាលក៏ក្រៀមស្ងួត ហើយកំពូលភ្នំកើមែលក៏ហួតហែងអស់ដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកក្រុងដាម៉ាសបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានកិនកម្ទេចអ្នកស្រុកកាឡាដ នឹងរនាស់ដែក។ ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះវាំង របស់ស្ដេចហាសែល ព្រមទាំងឆេះកម្ទេចប្រាសាទរបស់ ស្ដេចបេនហាដាដទៀតផង។ យើងនឹងបំបាក់រនុកទ្វារក្រុងដាម៉ាស យើងនឹងលុបបំបាត់ប្រជាជនឲ្យអស់ពី ជ្រលងភ្នំ«ទុច្ចរិត» ព្រមទាំងទម្លាក់អ្នកកាន់កាប់អំណាច ឲ្យបាត់អស់ពីក្រុង«សប្បាយ» ហើយអ្នកស្រុកស៊ីរីនឹងត្រូវគេកៀរយកទៅជាឈ្លើយនៅស្រុកគៀរ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អេម៉ុស 1:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាពាក្យរបស់អេម៉ុស ជាម្នាក់ក្នុងពួកគង្វាលនៅត្កូអា គឺជាសេចក្ដីដែលគាត់បានឃើញ ពីដំណើរពួកអ៊ីស្រាអែលនៅក្នុងរាជ្យនៃអូសៀស ជាស្តេចយូដា ហើយក្នុងរាជ្យនៃយេរ៉ូបោម ជាបុត្រយ៉ូអាស ស្តេចអ៊ីស្រាអែលគឺ២ឆ្នាំមុនកក្រើកដី។ គាត់ពោលថា ព្រះយេហូវ៉ាទ្រង់នឹងស្រែកគ្រហឹមពីស៊ីយ៉ូន ហើយបញ្ចេញព្រះសូរសៀងពីក្រុងយេរូសាឡិមមក នោះទីវាលស្មៅរបស់ពួកអ្នកគង្វាលនឹងសៅសោក ហើយកំពូលភ្នំកើមែលនឹងហែងទៅ។ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ក្រុងដាម៉ាស អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានបញ្ជាន់ស្រុកកាឡាត ដោយគ្រឿងបញ្ជាន់ធ្វើពីដែក អញនឹងចាត់ប្រើភ្លើង ឲ្យចូលទៅក្នុងផ្ទះរបស់ហាសែល ភ្លើងនោះនឹងឆេះដំណាក់របស់បេន-ហាដាឌទៅ អញនឹងបំបាក់រនុកទ្វាររបស់ក្រុងដាម៉ាស ហើយកាត់ពួកអ្នកនៅច្រកភ្នំអាវេនចេញ ព្រមទាំងអ្នកដែលកាន់ដំបងរាជ្យរបស់បេត-អេដែនផង នោះពួកសាសន៍ស៊ីរីនឹងត្រូវទៅជាឈ្លើយដល់ស្រុកគារ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។