ក្រុមសាវ័ក*នៅក្រុងយេរូសាឡឹមបានឮដំណឹងថា អ្នកស្រុកសាម៉ារីនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ចាត់លោកពេត្រុស និងលោកយ៉ូហាន ឲ្យទៅជួបអ្នកទាំងនោះ។ លុះទៅដល់ស្រុកសាម៉ារី សាវ័ក*ទាំងពីរក៏ទូលអង្វរព្រះជាម្ចាស់ សុំឲ្យពួកអ្នកជឿបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ* ដ្បិតព្រះវិញ្ញាណពុំទាន់យាងចុះមកសណ្ឋិតលើអ្នកណាម្នាក់ ក្នុងចំណោមពួកគេនៅឡើយទេ គឺគេគ្រាន់តែបានទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ។ ពេលនោះ លោកពេត្រុស និងលោកយ៉ូហានបានដាក់ដៃ*លើគេ ហើយគេក៏បានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។ កាលលោកស៊ីម៉ូនឃើញថា ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកអ្នកជឿ ដោយសាវ័កដាក់ដៃលើដូច្នោះ គាត់ក៏យកប្រាក់មកជូនសាវ័កទាំងពីរ ហើយពោលថា៖ «សូមលោកប្រគល់ឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា អ្នកនោះនឹងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដែរ»។ លោកពេត្រុសតបទៅគាត់វិញថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសអន្តរាយជាមួយអ្នកទៅ អ្នកនឹកស្មានថា អាចយកប្រាក់មកទិញព្រះអំណោយទានរបស់ព្រះជាម្ចាស់បាន! អ្នកគ្មានចំណែក គ្មានសិទ្ធិអ្វីក្នុងកិច្ចការនេះឡើយ ដ្បិតចិត្តរបស់អ្នកមិនទៀងត្រង់ចំពោះព្រះជាម្ចាស់ទាល់តែសោះ។ ចូរលះបង់ចិត្តគំនិតអាក្រក់ចោលទៅ ហើយទូលអង្វរព្រះអម្ចាស់ ក្រែងលោព្រះអង្គលើកលែងទោសឲ្យអ្នកដែលមានចិត្តបែបនេះ ដ្បិតខ្ញុំឃើញថាអ្នកមានចិត្តខ្មៅ ហើយក៏នៅជាប់ចំណងអំពើទុច្ចរិតដែរ»។ លោកស៊ីម៉ូនតបទៅវិញថា៖ «សូមលោកទូលអង្វរព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានហេតុអាក្រក់ណាមួយកើតឡើងចំពោះរូបខ្ញុំ ដូចលោកមានប្រសាសន៍នោះឡើយ»។ ក្រោយពីបានផ្ដល់សក្ខីភាព និងប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ សាវ័កទាំងពីររូបក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ទាំងផ្សព្វផ្សាយដំណឹងល្អក្នុងភូមិជាច្រើន នៅស្រុកសាម៉ារីផង។
អាន កិច្ចការ 8
ស្ដាប់នូវ កិច្ចការ 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 8:14-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ