កិច្ចការ 8:14-25

កិច្ចការ 8:14-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ពួក​សាវក​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ឮ​ថា ស្រុក​សា‌ម៉ារី​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ គេ​ក៏​ចាត់លោក​ពេត្រុស និង​លោក​យ៉ូហាន ឲ្យ​ទៅ​ជួប​អ្នកទាំង​នោះ។ លុះ​អ្នក​ទាំង​ពីរ​បាន​ចុះ​ទៅ​ដល់ ក៏​អធិស្ឋាន​ឲ្យ​ពួក​គេដើម្បី​ឲ្យ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដ្បិត​ព្រះ‌វិញ្ញាណ​មិន​ទាន់​បាន​យាង​ចុះ​មកសណ្ឋិត​លើ​ពួក​គេ​ណា​ម្នាក់​នៅ​ឡើយ​ទេ គេ​គ្រាន់​តែ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ​ប៉ុណ្ណោះ។ ពេល​នោះ អ្នក​ទាំង​ពីរ​បាន​ដាក់​ដៃ​លើ​គេ ហើយ​គេ​ក៏​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ កាល​ស៊ីម៉ូន​បាន​ឃើញ​ថា ព្រះ​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​តាម​រយៈ​ពួក​សាវក​ដាក់​ដៃ​លើ គាត់​ក៏​យក​ប្រាក់​មក​ជូនអ្នក​ទាំង​ពីរ ដោយ​ពោល​ថា៖ «សូម​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា អ្នក​នោះ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ»។ ប៉ុន្តែ លោក​ពេត្រុស​តប​ទៅ​គាត់​ថា៖ «ចូរ​ឲ្យ​ប្រាក់​របស់​អ្នក វិនាស​ជា‌មួយ​អ្នក​ទៅ​ចុះ ព្រោះ​អ្នក​ស្មាន​ថា អ្នក​អាច​យក​ប្រាក់​មក​ទិញ​អំណោយ‌ទាន​របស់​ព្រះ​បាន! អ្នក​គ្មាន​ភាគ គ្មាន​ចំណែក​ក្នុង​ការ​នេះ​ឡើយ ព្រោះ​ចិត្ត​អ្នក​មិន​ទៀង​ត្រង់​ចំពោះ​ព្រះ​ទេ។ ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចេញ​ពី​សេចក្តី​អាក្រក់​នេះ​ទៅ ហើយ​អធិស្ឋាន​ដល់​ព្រះ‌អម្ចាស់ ក្រែង​ទ្រង់​អត់​ទោស​ឲ្យ​អ្នក​ដែល​មានបំណងបែប​នេះ។ ដ្បិត​ខ្ញុំ​ឃើញ​ថា អ្នក​នៅ​ជាប់​ក្នុង​សេចក្តី​ជូរ​ល្វីង ហើយ​ក៏​ជាប់​ក្នុង​ចំណង​នៃ​អំពើ​ទុច្ចរិត​ដែរ»។ លោក​ស៊ីម៉ូន​តប​ថា៖ «សូម​អធិស្ឋាន​ដល់​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ហេតុ​អាក្រក់​ណាកើត​ឡើង​ដល់​ខ្ញុំ ដូច​លោក​មាន​ប្រសាសន៍​នោះ​ឡើយ»។ កាល​អ្នក​ទាំង​ពីរ​បាន​ធ្វើ​បន្ទាល់ ហើយ​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​រួច​ហើយ ពួក​លោក​ក៏​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ទាំង​ប្រកាស​ដំណឹង​ល្អ​ដល់​ភូមិ​ជា​ច្រើន​របស់​សាសន៍​សា‌ម៉ារី។

ចែក​រំលែក
អាន កិច្ចការ 8

កិច្ចការ 8:14-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រុម​សាវ័ក*​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ឮ​ដំណឹង​ថា អ្នក​ស្រុក​សាម៉ារី​នាំ​គ្នា​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ក៏​ចាត់​លោក​ពេត្រុស និង​លោក​យ៉ូហាន ឲ្យ​ទៅ​ជួប​អ្នក​ទាំង​នោះ។ លុះ​ទៅ​ដល់​ស្រុក​សាម៉ារី សាវ័ក*​ទាំង​ពីរ​ក៏​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សុំ​ឲ្យ​ពួក​អ្នក​ជឿ​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ដ្បិត​ព្រះ‌វិញ្ញាណ​ពុំ​ទាន់​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​នៅ​ឡើយ​ទេ គឺ​គេ​គ្រាន់​តែ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ​ប៉ុណ្ណោះ។ ពេល​នោះ លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ដាក់​ដៃ*​លើ​គេ ហើយ​គេ​ក៏​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ។ កាល​លោក​ស៊ីម៉ូន​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​អ្នក​ជឿ ដោយ​សាវ័ក​ដាក់​ដៃ​លើ​ដូច្នោះ គាត់​ក៏​យក​ប្រាក់​មក​ជូន​សាវ័ក​ទាំង​ពីរ ហើយ​ពោល​ថា៖ «សូម​លោក​ប្រគល់​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា អ្នក​នោះ​នឹង​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ដែរ»។ លោក​ពេត្រុស​តប​ទៅ​គាត់​វិញ​ថា៖ «ចូរ​ឲ្យ​ប្រាក់​របស់​អ្នក​វិនាស​អន្តរាយ​ជា​មួយ​អ្នក​ទៅ អ្នក​នឹក​ស្មាន​ថា អាច​យក​ប្រាក់​មក​ទិញ​ព្រះ​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់​បាន! អ្នក​គ្មាន​ចំណែក គ្មាន​សិទ្ធិ​អ្វី​ក្នុង​កិច្ចការ​នេះ​ឡើយ ដ្បិត​ចិត្ត​របស់​អ្នក​មិន​ទៀង​ត្រង់​ចំពោះ​ព្រះ‌ជាម្ចាស់​ទាល់​តែ​សោះ។ ចូរ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ចោល​ទៅ ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ក្រែង​លោ​ព្រះអង្គ​លើក‌លែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​បែប​នេះ ដ្បិត​ខ្ញុំ​ឃើញ​ថា​អ្នក​មាន​ចិត្ត​ខ្មៅ ហើយ​ក៏​នៅ​ជាប់​ចំណង​អំពើ​ទុច្ចរិត​ដែរ»។ លោក​ស៊ីម៉ូន​តប​ទៅ​វិញ​ថា៖ «សូម​លោក​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ហេតុ​អាក្រក់​ណា​មួយ​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ ដូច​លោក​មាន​ប្រសាសន៍​នោះ​ឡើយ»។ ក្រោយ​ពី​បាន​ផ្ដល់​សក្ខីភាព និង​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​រួច​ហើយ សាវ័ក​ទាំង​ពីរ​រូប​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ក្នុង​ភូមិ​ជា​ច្រើន នៅ​ស្រុក​សាម៉ារី​ផង។

ចែក​រំលែក
អាន កិច្ចការ 8

កិច្ចការ 8:14-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ពួក​សាវក នៅ​ក្រុង​យេរូ‌សាឡិម បាន​ឮ​ថា ស្រុក​សាម៉ារី​ទទួល​ព្រះ‌បន្ទូល​ហើយ នោះ​គេ​ចាត់​ពេត្រុស នឹង​យ៉ូហាន ឲ្យ​ទៅ​ឯ​ពួក​អ្នក​នោះ លុះ​អ្នក​ទាំង​២​បាន​ចុះ​ទៅ​ដល់​ហើយ នោះ​ក៏​អធិស្ឋាន​ឲ្យ​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដ្បិត​ព្រះ‌វិញ្ញាណ​មិន​ទាន់​ចុះ​មក សណ្ឋិត​លើ​ពួក​គេ​ណា​មួយ​នៅ​ឡើយ គេ​គ្រាន់​តែ​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​ប៉ុណ្ណោះ ដូច្នេះ អ្នក​ទាំង​២​ក៏​ដាក់​ដៃ​លើ​គេ ហើយ​គេ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ កាល​ស៊ីម៉ូន​បាន​ឃើញ​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​ដោយ​ពួក​សាវក​ដាក់​ដៃ​លើ​គេ​ដូច្នោះ នោះ​គាត់​យក​ប្រាក់​មក​ជូន ដោយ​ពាក្យ​ថា សូម​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា ឲ្យ​អ្នក​នោះ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដែរ តែ​ពេត្រុស​ឆ្លើយ​តប​ថា ចូរ​ឲ្យ​ប្រាក់​អ្នក​វិនាស​ទៅ​ជា​មួយ​នឹង​អ្នក​ចុះ ព្រោះ​អ្នក​ស្មាន​ថា នឹង​យក​ប្រាក់​មក​ទិញ​អំណោយ​ទាន​របស់​ព្រះ​បាន​ដូច្នេះ អ្នក​គ្មាន​ភាគ​គ្មាន​ចំណែក​ក្នុង​ការ​នេះ​ឡើយ ព្រោះ​ចិត្ត​អ្នក​មិន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ​ទេ ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចេញ​ពី​សេចក្ដី​អាក្រក់​នេះ​ចុះ ហើយ​សូម​អង្វរ​ដល់​ព្រះ‌អម្ចាស់​វិញ ក្រែង​ទ្រង់​នឹង​អត់​ទោស​ដល់​គំនិត​ក្នុង​ចិត្ត​អ្នក​បាន ដ្បិត​ខ្ញុំ​យល់​ឃើញ​ថា អ្នក​នៅ​ក្នុង​សេចក្ដី​ជូរ​ល្វីង ហើយ​ក៏​ជាប់​ដោយ​ចំណង​នៃ​សេចក្ដី​ទុច្ចរិត​ផង ស៊ីម៉ូន​ឆ្លើយ​ឡើង​ថា សូម​លោក​ជួយ​អង្វរ​ដល់​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ការ​អ្វី​មួយ ដូច​លោក​មាន​ប្រសាសន៍​នោះ បាន​កើត​មក​ដល់​ខ្ញុំ​ឡើយ កាល​អ្នក​ទាំង​២​បាន​ប្រឹង​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត ហើយ​ប្រាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​រួច​ហើយ នោះ​ក៏​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ទាំង​ប្រកាស​ប្រាប់​ដំណឹង​ល្អ នៅ​ក្នុង​ភូមិ​របស់​សាសន៍​សាម៉ារី​ជា​ច្រើន​តាម​ផ្លូវ​រៀង​ទៅ។

ចែក​រំលែក
អាន កិច្ចការ 8