កិច្ចការ 27:13-44

កិច្ចការ 27:13-44 គខប

ពេល​នោះ មាន​ខ្យល់​បក់​មក​តិចៗ​ពី​ទិស​ខាង​ត្បូង ពួក​គេ​យល់​ឃើញ​ថា ជា​ឱកាស​ល្អ​សម្រាប់​គម្រោង‌ការ​របស់​គេ គេ​ក៏​នាំ​គ្នា​ស្រាវ​យុថ្កា ហើយ​ចេញ​សំពៅ​សសៀរៗ​កោះ​ក្រែត​ទៅ។ ប៉ុន្តែ បន្តិច​ក្រោយ​មក មាន​ខ្យល់​ព្យុះ​មួយ​យ៉ាង​ខ្លាំង ឈ្មោះ «ខ្យល់​ព្យុះ​អ៊ើរ៉ា‌គ្លីដូន» បក់​ពី​កោះ​មក នាំ​សំពៅ​ទៅ​តាម​ខ្យល់ ហើយ​ដោយ​យើង​ពុំ​អាច​ធ្វើ​ឲ្យ​សំពៅ​បើក​បញ្ច្រាស​ខ្យល់​វិញ​បាន យើង​ក៏​បណ្ដោយ​ឲ្យ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់​ទៅ។ ពេល​មក​ដល់​ខាង​ត្បូង​កោះ​តូច​មួយ​ឈ្មោះ​កោះ​ក្លូដេ យើង​បាន​លើក​សំប៉ាន​ឡើង ទាំង​ពិបាក បន្ទាប់​មក យើង​យក​ខ្សែ‌ពួរ​សម្រាប់​ប្រើ​នៅ​គ្រា​មាន​អាសន្ន មក​ចង​ព័ទ្ធ​ជុំ‌វិញ​សំពៅ ការ‌ពារ​កុំ​ឲ្យ​ធ្លាយ។ យើង​ក៏​បាន​ទម្លាក់​ឈើ​បណ្ដែត​ចុះ​ដែរ ក្រែង​លោ​សំពៅ​ទៅ​កឿង​នៅ​ឈូង​សមុទ្រ​សៀរ‌ទីស រួច​ហើយ​ទុក​ឲ្យ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់។ នៅ​ថ្ងៃ​បន្ទាប់ ដោយ​ខ្យល់​ព្យុះ​បក់​បោក​មក​ខ្លាំង​ពេក គេ​បាន​ទម្លាក់​ទំនិញ​ចោល។ នៅ​ថ្ងៃ​ទី​បី សូម្បី​តែ​ពួក​អ្នក​សំពៅ​ក៏​បោះ​គ្រឿង​ប្រដាប់​សំពៅ​ចោល​ដែរ។ យើង​មើល​ថ្ងៃ ឬ​ផ្កាយ​មិន​ឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​ដោយ​ខ្យល់​ព្យុះ​នៅ​តែ​មាន​សន្ទុះ​ខ្លាំង​ដដែល នៅ​ទី​បំផុត យើង​ក៏​លែង​មាន​សង្ឃឹម​ថា​នឹង​បាន​រួច​ជីវិត។ យើង​ពុំ​បាន​បរិភោគ​អ្វី​ជា​យូរ​ថ្ងៃ​មក​ហើយ។ លោក​ប៉ូល​ក៏​ក្រោក​ឈរ នៅ​កណ្ដាល​ចំណោម​អស់​អ្នក​ដែល​នៅ​ក្នុង​សំពៅ ហើយ​មាន​ប្រសាសន៍​ថា៖ «បើ​បងប្អូន​ស្ដាប់​ខ្ញុំ ហើយ​មិន​ចាក​ចេញ​ពី​កោះ​ក្រែត​មក​ទេ​នោះ បងប្អូន​ពិត​ជា​មិន​ត្រូវ​អន្តរាយ​ខូច​ខាត​ដូច្នេះ​ទេ។ ប៉ុន្តែ សូម​បងប្អូន​កុំ​អស់​សង្ឃឹម​អី! គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ គឺ​មាន​តែ​សំពៅ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អន្តរាយ។ ព្រោះ​ពី​យប់‌មិញ មាន​ទេវតា*​របស់​ព្រះ‌ជាម្ចាស់ ដែល​ខ្ញុំ​ជឿ និង​គោរព​បម្រើ បាន​មក​ជិត​ខ្ញុំ ប្រាប់​ថា “ប៉ូល​អើយ កុំ​ខ្លាច​អី ដ្បិត​អ្នក​ត្រូវ​តែ​បាន​ទៅ​ឈរ​នៅ​មុខ​ព្រះ‌ចៅ​អធិ‌រាជ ហើយ​ដោយ​ព្រះ‌ជាម្ចាស់​ប្រោស‌ប្រណី​អ្នក ព្រះអង្គ​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​អ្នក ឲ្យ​បាន​រួច​ជីវិត​ផង​ដែរ”។ ហេតុ​នេះ បងប្អូន​អើយ ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង ដ្បិត​ខ្ញុំ​ជឿ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់​ថា​នឹង​បាន​សម្រេច​ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មែន គឺ​សំពៅ​យើង​នឹង​ត្រូវ​ទៅ​កឿង នៅ​កោះ​ណា​មួយ​ជា​មិន​ខាន»។ សំពៅ​យើង​បាន​រសាត់​អណ្ដែត​លើ​ផ្ទៃ​សមុទ្រ​អាឌ្រា អស់​រយៈ​ពេល​ដប់‌បួន​ថ្ងៃ​មក​ហើយ។ ពេល​នោះ ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ ពួក​អ្នក​សំពៅ​នឹក​សង្ស័យ​ថា ប្រហែល​ជា​មក​ជិត​ដល់​ដី​គោក​ហើយ។ គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ឃើញ​ថា​មាន​ជម្រៅ​សាម‌សិប​ប្រាំ‌ពីរ​ម៉ែត្រ។ លុះ​ទៅ​មុខ​បន្តិច គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ម្ដង​ទៀត ឃើញ​ថា​មាន​ជម្រៅ​ម្ភៃ​ប្រាំ​បី​ម៉ែត្រ។ ដោយ​ខ្លាច​ក្រែង​សំពៅ​រសាត់​ទៅ​ប៉ះ​នឹង​ថ្ម ពួក​គេ​ទម្លាក់​យុថ្កា​បួន​នៅ​ខាង​កន្សៃ ហើយ​ទន្ទឹង​រង់‌ចាំ​ភ្លឺ។ ពួក​អ្នក​សំពៅ​ចង់​រត់​ចោល​សំពៅ គេ​ក៏​នាំ​គ្នា​សម្រូត​សំប៉ាន​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​យក​លេស​ថា គេ​ចង់​ទាញ​យុថ្កា​ទៅ​ដាក់​នៅ​ខាង​ក្បាល​សំពៅ​វិញ។ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​នាយ​ទាហាន និង​កូន​ទាហាន​ថា៖ «ប្រសិន​បើ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ អស់​លោក​ប្រាកដ​ជា​ពុំ​អាច​រួច​ជីវិត​ឡើយ»។ ពួក​ទាហាន​ក៏​កាប់​ផ្ដាច់​ខ្សែ ទម្លាក់​សំប៉ាន​នោះ​ទៅ​ក្នុង​សមុទ្រ​បាត់​ទៅ។ លុះ​ទៀប​ភ្លឺ លោក​ប៉ូល​អញ្ជើញ​គេ​ទាំង​អស់​គ្នា​ឲ្យ​បរិភោគ​អាហារ ដោយ​មាន​ប្រសាសន៍​ថា៖ «បងប្អូន​បាន​ទ្រាំ​តម​អាហារ​អស់​រយៈ​ពេល​ដប់‌បួន​ថ្ងៃ​មក​ហើយ បងប្អូន​ពុំ​បាន​ពិសា​អ្វី​សោះ។ ដូច្នេះ សូម​បងប្អូន​អញ្ជើញ​ពិសា​ទៅ ដើម្បី​ឲ្យ​បាន​រួច​ជីវិត ដ្បិត​នៅ​ក្នុង​ចំណោម​បងប្អូន សូម្បី​តែ​សក់​មួយ​សរសៃ​របស់​បងប្អូន​ក៏​មិន​បាត់​ផង»។ លោក​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​យក​នំប៉័ង​មក​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា រួច​លោក​កាច់​បរិភោគ។ ពេល​នោះ អ្នក​ដែល​នៅ​ក្នុង​សំពៅ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ គេ​ក៏​បរិភោគ​ទាំង​អស់​គ្នា។ នៅ​ក្នុង​សំពៅ​នោះ យើង​មាន​គ្នា​ទាំង​អស់​ពីរ​រយ​ចិត‌សិប​ប្រាំ​មួយ​នាក់។ កាល​បរិភោគ​ឆ្អែត​ហើយ គេ​ក៏​លើក​បាវ​ស្រូវ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​ស្រាល​សំពៅ។ លុះ​ភ្លឺ​ឡើង អ្នក​សំពៅ​មើល​ស្រុក​នោះ​មិន​ស្គាល់​ទេ គេ​ឃើញ​តែ​ឆក​សមុទ្រ ដែល​មាន​វាល​ខ្សាច់។ គេ​បាន​សម្រេច​ចិត្ត​ចូល​សំពៅ​ទៅ​បង្កឿង​នៅ​ទី​នោះ ប្រសិន​បើ​អាច​ចូល​ទៅ​បាន។ គេ​ក៏​ស្រាយ​ខ្សែ​យុថ្កា​ទម្លាក់​ចោល​ទៅ​ក្នុង​សមុទ្រ ព្រម​ទាំង​ស្រាយ​ខ្សែ​ចង្កូត​ចោល​ផង​ដែរ រួច​គេ​លើក​ក្ដោង​ខាង​មុខ​ឡើង ឲ្យ​សំពៅ​ចូល​ទៅ​រក​ច្រាំង ប៉ុន្តែ សំពៅ​បាន​បុក​ខ្សាច់ ដែល​នៅ​ចន្លោះ​ខ្សែ​ទឹក​ពីរ បណ្ដាល​ឲ្យ​សំពៅ​កឿង​នៅ​ទី​នោះ​ទៅ ក្បាល​សំពៅ​នៅ​ជាប់​នឹង​ថ្កល់ រីឯ​កន្សៃ​វិញ បាន​ត្រូវ​បាក់​បែក ដោយ​ទឹក​រលក​បក់​បោក​ផ្ទប់​មក​យ៉ាង​ខ្លាំង។ ពួក​ទាហាន​មាន​បំណង​សម្លាប់​អ្នក​ទោស​ទាំង​អស់​ចោល ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ហែល​ទឹក​គេច​ខ្លួន​បាន​ឡើយ។ ប៉ុន្តែ ដោយ​នាយ​ទាហាន​ចង់​សង្គ្រោះ​ជីវិត​លោក​ប៉ូល គាត់​ក៏​ជំទាស់​នឹង​គោល​បំណង​របស់​កូន​ទាហាន​ទាំង​នោះ។ គាត់​បាន​បញ្ជា​ឲ្យ​អស់​អ្នក​ដែល​ចេះ​ហែល​ទឹក​លោត​ទៅ​ក្នុង​ទឹក ហែល​ទៅ​រក​គោក​មុន រីឯ​អ្នក​មិន​ចេះ​ហែល​ទឹក ត្រូវ​តោង​បន្ទះ​ក្ដារ ឬ​តោង​បំណែក​សំពៅ ហែល​ទៅ​តាម​ក្រោយ។ ធ្វើ​ដូច្នេះ គេ​បាន​ទៅ​ដល់​ដី​គោក ដោយ​សុខ‌សាន្ត​គ្រប់ៗ​គ្នា។

វីដេអូសម្រាប់ កិច្ចការ 27:13-44