កិច្ចការ 27:13-44

កិច្ចការ 27:13-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​មាន​ខ្យល់​បក់​រំភើយៗ​មក​ពី​ទិស​ខាង​ត្បូង នោះ​គេស្មាន​ថា គេ​បាន​សម្រេច​តាម​បំណង​របស់​គេ រួច​គេ​ក៏​ស្រាវ​យុថ្កា​ឡើង ហើយ​ចេញ​សំពៅ​តាម​បណ្ដោយ​កោះ​ក្រេត។ ប៉ុន្ដែ បន្តិច​ក្រោយ​មក មាន​ខ្យល់​ព្យុះ​កំណាចមួយ ឈ្មោះខ្យល់ព្យុះ​អ៊ើរ៉ា‌គ្លីដូន បក់​គំហុក​ចេញ​ពី​កោះ​មក។ ដោយ​សំពៅ​ទៅ​មុខ​មិន​រួច ហើយ​មិន​អាច​បើក​បញ្រ្ចាសខ្យល់​បាន យើង​ក៏​បណ្តោយ​ឲ្យ​សំពៅ​រសាត់​តាម​ខ្យល់។ កាល​បាន​សសៀរ​តាម​កោះ​តូច​មួយ ឈ្មោះកោះ​ក្លូដេ យើង​អាច​លើក​សំប៉ាន ឡើង​បាន​ទាំង​ពិបាក។ ក្រោយ​ពី​បាន​លើក​សំប៉ាន​រួច​ហើយ គេ​ក៏​យក​ខ្សែ​ពួរ​ចង​ព័ទ្ធ​ជុំ​វិញ​សំពៅ។ បន្ទាប់​មក ដោយ​ខ្លាច​ក្រែង​សំពៅ​កឿងនឹងផ្នូក​ខ្សាច់​នៅ​ឈូង​សមុទ្រសៀរ​ទីស គេ​ក៏​ទម្លាក់​យុថ្កា​ទប់ ឲ្យ​សំពៅ​រសាត់​តាម​ខ្យល់។ នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ទម្លាក់​ទំនិញ​ចោល ព្រោះ​ខ្យល់​ព្យុះ​សង្ឃរា​បក់​បោក​មក​លើ​យើង​ជា​ខ្លាំង។ នៅ​ថ្ងៃ​ទី​បី គេ​ក៏​គ្រវែង​គ្រឿង​ប្រដាប់​សំពៅ​ចោល​ទៀត ដោយ​ដៃ​របស់​គេ​ផ្ទាល់។ កាល​មើល​មិន​ឃើញ​ថ្ងៃ ឬ​ផ្កាយ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​ខ្យល់​ព្យុះ​នៅ​តែ​បក់​គំហុក​ខ្លាំង ទីបំផុត​យើង​ក៏​អស់​សង្ឃឹម​ថា​នឹង​បាន​រួច​ជីវិត។ ដោយ​គេ​មិន​បាន​ទទួល​ទាន​អាហារ​ជា​យូរ​ថ្ងៃ លោក​ប៉ុល​ក៏​ឈរ​ឡើង​នៅ​កណ្តាល​ចំណោម​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ប​ង​ប្អូន​អើយ អ្នក​រាល់​គ្នា​គួរ​តែ​បាន​ស្តាប់​តាម​ខ្ញុំ ហើយកុំ​ចេញ​ពី​កោះ​ក្រេត​មក នោះ​មិន​ត្រូវ​អន្តរាយ ហើយ​ខូច​ខាត​ដូច្នេះ​ទេ។ តែ​ឥឡូវ​នេះ ខ្ញុំ​សុំ​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យមាន​ទឹក​ចិត្ត​ឡើង ដ្បិត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាត់​បង់​ជីវិត​ឡើយ គឺ​ខូច​ខាត​តែ​សំពៅ​ប៉ុណ្ណោះ។ ដ្បិត​យប់​មិញ​នេះ មាន​ទេវតា​របស់​ព្រះ ដែល​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ឈរ​ក្បែរ​ខ្ញុំ ហើយ​ប្រាប់​ថា៖ "ប៉ុល​អើយ កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​អ្នក​ត្រូវតែ​ឈរ​នៅ​មុខ​សេ‌សារ ហើយ​មើល៍ ព្រះ‌ទ្រង់​ប្រោស​ប្រទាន​អស់​អ្នកដែល​រួម​ដំណើរ​ជា‌មួយ​អ្នក ដល់​អ្នក​ហើយ"។ ដូច្នេះ បង‌ប្អូន​អើយ ចូរ​មាន​ទឹក​ចិត្ត​ឡើង ដ្បិត​ខ្ញុំ​មាន​ជំនឿ​ដល់​ព្រះថា ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ នោះ​នឹង​កើត​មក​ដូច្នោះ​មែន។ ប៉ុន្តែ យើង​ត្រូវ​កឿងសំពៅនៅ​លើកោះ​ណា​មួយ​មិន​ខាន»។ កាល​ចូល​ដល់​យប់​ទី​ដប់បួន ពេល​យើង​រសាត់​លើ​ផ្ទៃ​សមុទ្រ​អាឌ្រា នោះប្រមាណ​ជា​ពាក់​កណ្តាល​អធ្រាត្រ អ្នក​សំពៅ​ស្មាន​ថា​ជិត​ដល់​ដី​គោក​ហើយ។ ដូច្នេះ គេ​ក៏​បោះ​សំណ​ស្ទង់​ចុះ​ទៅ​ក្នុង​ទឹក ឃើញ​មានជម្រៅ​ម្ភៃ​ព្យាម ។ លុះ​ទៅ​មុខ​បន្តិច​ទៀត គេ​ស្ទង់មើល​ម្ដង​ទៀត ឃើញ​មាន​ជម្រៅ​ដប់​ប្រាំ​ព្យាម។ ដោយ​ខ្លាច​ក្រែង​សំពៅ​រសាត់​ទៅ​ប៉ះ​នឹង​ថ្ម គេ​ក៏​ទម្លាក់​យុថ្កាបួន ចេញ​ពី​កន្សៃ ហើយ​អធិស្ឋាន​ឲ្យ​មាន​ពន្លឺ​ថ្ងៃ។ ប៉ុន្ដែ ពេល​ពួក​អ្នក​សំពៅ​ចង់​រត់​ចោល​សំពៅ ហើយ​សម្រូត​សំប៉ាន​ទម្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​ធ្វើ​ដូច​ជា​ចង់​ទម្លាក់​យុថ្កា​ពី​ក្បាល​សំពៅ លោក​ប៉ុល​មាន​ប្រសាសន៍​ទៅ​មេទ័ពរង និង​ពួក​ទាហាន​ថា៖ «ប្រសិន‌បើ​អ្នក​ទាំង‌នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ នោះអ្នក​រាល់​គ្នា​មិន​អាច​រួច​ជីវិត​បាន​ឡើយ»។ ពេល​នោះ ពួក​ទាហាន​ក៏​កាត់​ផ្ដាច់ ឲ្យ​សំប៉ាន​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​បាត់​ទៅ។ លុះ​ពេល​ទៀប​ភ្លឺ លោក​ប៉ុល​ប្រាប់​គេ​ទាំង​អស់​គ្នា​ឲ្យ​បរិ‌ភោគ ដោយមាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះជា​ថ្ងៃ​ទី​ដប់បួន​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ទ្រាំ​អត់​អាហារ មិន​បាន​បរិ‌ភោគ​អ្វី​សោះ។ ដូច្នេះ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នាឲ្យ​ពិសា​អាហារ​ទៅ ដើម្បី​ឲ្យ​មាន​កម្លាំង ដ្បិត​សូម្បី​តែ​សក់​មួយ​សរសៃ​នៅ​ក្បាល​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​បាត់​ផង»។ កាល​លោក​មាន​ប្រសាន៍​ដូច្នេះ​រួច​ហើយ លោកក៏​យក​នំបុ័ង​មក ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះនៅ​មុខ​គេ​ទាំង​អស់​គ្នា រួចក៏​កាច់​បរិ‌ភោគ​ទៅ។ ពេល​នោះ គេទាំង​អស់​គ្នា​ក៏​មាន​កម្លាំង​ចិត្ត ហើយ​បរិ‌ភោគ​អាហារ។ (យើង​ទាំង​អស់​គ្នា​ដែល​នៅ​ក្នុង​សំពៅ មាន​គ្នា​ពីររយ​ចិតសិប​ប្រាំមួយ​នាក់)។ កាល​បរិ‌ភោគ​ឆ្អែត​ហើយ គេ​ក៏​សម្រាល​សំពៅ ដោយ​ទម្លាក់​ស្រូវ​ចុះ​ទៅ​ក្នុង​សមុទ្រ។ លុះ​ភ្លឺ​ឡើង គេ​មើល​ស្រុក​នោះ​មិន​ស្គាល់​ទេ តែ​គេ​ឃើញ​ឆក​សមុទ្រដែល​មាន​វាល​ខ្សាច់ ហើយ​គេ​ចង់​តម្រង់​សំពៅ​ឲ្យ​ទៅ​កឿង​នៅ​ទី​នោះ ប្រសិន‌បើ​អាច។ ដូច្នេះ គេ​ក៏​កាត់​ផ្ដាច់​ខ្សែ​យុថ្កា​ចោលទៅ​ក្នុង​សមុទ្រ ស្រាយ​ខ្សែ​ដែល​ចង​ចង្កូត​ចេញ ហើយ​លើក​ក្តោង​ខាង​មុខ​ឲ្យ​ត្រូវ​ខ្យល់ តម្រង់​សំពៅ​ទៅ​រក​ឆ្នេរ។ ប៉ុន្ដែ សំពៅ​បាន​ចូល​ទៅ​កឿង​នៅ​ចន្លោះ​ខ្សែ​ទឹក​ហូរ​ប្រសព្វ​គ្នា ហើយ​ក្បាល​ជ្រមុជ​ជាប់​នៅ​នឹង​ថ្កល់ តែ​កន្សៃ​ត្រូវ​បាក់​បែក​ដោយ​ទឹក​រលក​បោក​ផ្ទប់​ខ្លាំង។ ពួក​ទាហាន​មាន​បំណង​សម្លាប់​អ្នក​ទោស​ចោល ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ហែល​គេច​ខ្លួន​បាន។ ប៉ុន្ដែ ដោយ​ចង់​សង្គ្រោះ​ជីវិត​លោក​ប៉ុល មេទ័ពរងក៏​ឃាត់​គេមិន​ឲ្យ​ធ្វើ​តាម​គំនិត​នោះ​ឡើយ។ លោក​បញ្ជា​ឲ្យ​អស់​អ្នក​ដែល​ចេះ​ហែលលោត​ចុះ ហើយ​ហែល​ទៅ​រក​គោក​មុន ឯ​អ្នក​ដែល​នៅ​សល់ តោង​បន្ទះ​ក្តារ ឬ​បំណែក​សំពៅ​ទៅតាម​ក្រោយ។ ដូច្នេះ គេ​ទាំង​អស់​គ្នា​ក៏​បាន​ទៅ​ដល់​គោក​ដោយ​សុវត្ថិភាព។

ចែក​រំលែក
អាន កិច្ចការ 27

កិច្ចការ 27:13-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ មាន​ខ្យល់​បក់​មក​តិចៗ​ពី​ទិស​ខាង​ត្បូង ពួក​គេ​យល់​ឃើញ​ថា ជា​ឱកាស​ល្អ​សម្រាប់​គម្រោង‌ការ​របស់​គេ គេ​ក៏​នាំ​គ្នា​ស្រាវ​យុថ្កា ហើយ​ចេញ​សំពៅ​សសៀរៗ​កោះ​ក្រែត​ទៅ។ ប៉ុន្តែ បន្តិច​ក្រោយ​មក មាន​ខ្យល់​ព្យុះ​មួយ​យ៉ាង​ខ្លាំង ឈ្មោះ «ខ្យល់​ព្យុះ​អ៊ើរ៉ា‌គ្លីដូន» បក់​ពី​កោះ​មក នាំ​សំពៅ​ទៅ​តាម​ខ្យល់ ហើយ​ដោយ​យើង​ពុំ​អាច​ធ្វើ​ឲ្យ​សំពៅ​បើក​បញ្ច្រាស​ខ្យល់​វិញ​បាន យើង​ក៏​បណ្ដោយ​ឲ្យ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់​ទៅ។ ពេល​មក​ដល់​ខាង​ត្បូង​កោះ​តូច​មួយ​ឈ្មោះ​កោះ​ក្លូដេ យើង​បាន​លើក​សំប៉ាន​ឡើង ទាំង​ពិបាក បន្ទាប់​មក យើង​យក​ខ្សែ‌ពួរ​សម្រាប់​ប្រើ​នៅ​គ្រា​មាន​អាសន្ន មក​ចង​ព័ទ្ធ​ជុំ‌វិញ​សំពៅ ការ‌ពារ​កុំ​ឲ្យ​ធ្លាយ។ យើង​ក៏​បាន​ទម្លាក់​ឈើ​បណ្ដែត​ចុះ​ដែរ ក្រែង​លោ​សំពៅ​ទៅ​កឿង​នៅ​ឈូង​សមុទ្រ​សៀរ‌ទីស រួច​ហើយ​ទុក​ឲ្យ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់។ នៅ​ថ្ងៃ​បន្ទាប់ ដោយ​ខ្យល់​ព្យុះ​បក់​បោក​មក​ខ្លាំង​ពេក គេ​បាន​ទម្លាក់​ទំនិញ​ចោល។ នៅ​ថ្ងៃ​ទី​បី សូម្បី​តែ​ពួក​អ្នក​សំពៅ​ក៏​បោះ​គ្រឿង​ប្រដាប់​សំពៅ​ចោល​ដែរ។ យើង​មើល​ថ្ងៃ ឬ​ផ្កាយ​មិន​ឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​ដោយ​ខ្យល់​ព្យុះ​នៅ​តែ​មាន​សន្ទុះ​ខ្លាំង​ដដែល នៅ​ទី​បំផុត យើង​ក៏​លែង​មាន​សង្ឃឹម​ថា​នឹង​បាន​រួច​ជីវិត។ យើង​ពុំ​បាន​បរិភោគ​អ្វី​ជា​យូរ​ថ្ងៃ​មក​ហើយ។ លោក​ប៉ូល​ក៏​ក្រោក​ឈរ នៅ​កណ្ដាល​ចំណោម​អស់​អ្នក​ដែល​នៅ​ក្នុង​សំពៅ ហើយ​មាន​ប្រសាសន៍​ថា៖ «បើ​បងប្អូន​ស្ដាប់​ខ្ញុំ ហើយ​មិន​ចាក​ចេញ​ពី​កោះ​ក្រែត​មក​ទេ​នោះ បងប្អូន​ពិត​ជា​មិន​ត្រូវ​អន្តរាយ​ខូច​ខាត​ដូច្នេះ​ទេ។ ប៉ុន្តែ សូម​បងប្អូន​កុំ​អស់​សង្ឃឹម​អី! គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ គឺ​មាន​តែ​សំពៅ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អន្តរាយ។ ព្រោះ​ពី​យប់‌មិញ មាន​ទេវតា*​របស់​ព្រះ‌ជាម្ចាស់ ដែល​ខ្ញុំ​ជឿ និង​គោរព​បម្រើ បាន​មក​ជិត​ខ្ញុំ ប្រាប់​ថា “ប៉ូល​អើយ កុំ​ខ្លាច​អី ដ្បិត​អ្នក​ត្រូវ​តែ​បាន​ទៅ​ឈរ​នៅ​មុខ​ព្រះ‌ចៅ​អធិ‌រាជ ហើយ​ដោយ​ព្រះ‌ជាម្ចាស់​ប្រោស‌ប្រណី​អ្នក ព្រះអង្គ​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​អ្នក ឲ្យ​បាន​រួច​ជីវិត​ផង​ដែរ”។ ហេតុ​នេះ បងប្អូន​អើយ ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង ដ្បិត​ខ្ញុំ​ជឿ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់​ថា​នឹង​បាន​សម្រេច​ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មែន គឺ​សំពៅ​យើង​នឹង​ត្រូវ​ទៅ​កឿង នៅ​កោះ​ណា​មួយ​ជា​មិន​ខាន»។ សំពៅ​យើង​បាន​រសាត់​អណ្ដែត​លើ​ផ្ទៃ​សមុទ្រ​អាឌ្រា អស់​រយៈ​ពេល​ដប់‌បួន​ថ្ងៃ​មក​ហើយ។ ពេល​នោះ ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ ពួក​អ្នក​សំពៅ​នឹក​សង្ស័យ​ថា ប្រហែល​ជា​មក​ជិត​ដល់​ដី​គោក​ហើយ។ គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ឃើញ​ថា​មាន​ជម្រៅ​សាម‌សិប​ប្រាំ‌ពីរ​ម៉ែត្រ។ លុះ​ទៅ​មុខ​បន្តិច គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ម្ដង​ទៀត ឃើញ​ថា​មាន​ជម្រៅ​ម្ភៃ​ប្រាំ​បី​ម៉ែត្រ។ ដោយ​ខ្លាច​ក្រែង​សំពៅ​រសាត់​ទៅ​ប៉ះ​នឹង​ថ្ម ពួក​គេ​ទម្លាក់​យុថ្កា​បួន​នៅ​ខាង​កន្សៃ ហើយ​ទន្ទឹង​រង់‌ចាំ​ភ្លឺ។ ពួក​អ្នក​សំពៅ​ចង់​រត់​ចោល​សំពៅ គេ​ក៏​នាំ​គ្នា​សម្រូត​សំប៉ាន​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​យក​លេស​ថា គេ​ចង់​ទាញ​យុថ្កា​ទៅ​ដាក់​នៅ​ខាង​ក្បាល​សំពៅ​វិញ។ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​នាយ​ទាហាន និង​កូន​ទាហាន​ថា៖ «ប្រសិន​បើ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ អស់​លោក​ប្រាកដ​ជា​ពុំ​អាច​រួច​ជីវិត​ឡើយ»។ ពួក​ទាហាន​ក៏​កាប់​ផ្ដាច់​ខ្សែ ទម្លាក់​សំប៉ាន​នោះ​ទៅ​ក្នុង​សមុទ្រ​បាត់​ទៅ។ លុះ​ទៀប​ភ្លឺ លោក​ប៉ូល​អញ្ជើញ​គេ​ទាំង​អស់​គ្នា​ឲ្យ​បរិភោគ​អាហារ ដោយ​មាន​ប្រសាសន៍​ថា៖ «បងប្អូន​បាន​ទ្រាំ​តម​អាហារ​អស់​រយៈ​ពេល​ដប់‌បួន​ថ្ងៃ​មក​ហើយ បងប្អូន​ពុំ​បាន​ពិសា​អ្វី​សោះ។ ដូច្នេះ សូម​បងប្អូន​អញ្ជើញ​ពិសា​ទៅ ដើម្បី​ឲ្យ​បាន​រួច​ជីវិត ដ្បិត​នៅ​ក្នុង​ចំណោម​បងប្អូន សូម្បី​តែ​សក់​មួយ​សរសៃ​របស់​បងប្អូន​ក៏​មិន​បាត់​ផង»។ លោក​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​យក​នំប៉័ង​មក​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា រួច​លោក​កាច់​បរិភោគ។ ពេល​នោះ អ្នក​ដែល​នៅ​ក្នុង​សំពៅ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ គេ​ក៏​បរិភោគ​ទាំង​អស់​គ្នា។ នៅ​ក្នុង​សំពៅ​នោះ យើង​មាន​គ្នា​ទាំង​អស់​ពីរ​រយ​ចិត‌សិប​ប្រាំ​មួយ​នាក់។ កាល​បរិភោគ​ឆ្អែត​ហើយ គេ​ក៏​លើក​បាវ​ស្រូវ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​ស្រាល​សំពៅ។ លុះ​ភ្លឺ​ឡើង អ្នក​សំពៅ​មើល​ស្រុក​នោះ​មិន​ស្គាល់​ទេ គេ​ឃើញ​តែ​ឆក​សមុទ្រ ដែល​មាន​វាល​ខ្សាច់។ គេ​បាន​សម្រេច​ចិត្ត​ចូល​សំពៅ​ទៅ​បង្កឿង​នៅ​ទី​នោះ ប្រសិន​បើ​អាច​ចូល​ទៅ​បាន។ គេ​ក៏​ស្រាយ​ខ្សែ​យុថ្កា​ទម្លាក់​ចោល​ទៅ​ក្នុង​សមុទ្រ ព្រម​ទាំង​ស្រាយ​ខ្សែ​ចង្កូត​ចោល​ផង​ដែរ រួច​គេ​លើក​ក្ដោង​ខាង​មុខ​ឡើង ឲ្យ​សំពៅ​ចូល​ទៅ​រក​ច្រាំង ប៉ុន្តែ សំពៅ​បាន​បុក​ខ្សាច់ ដែល​នៅ​ចន្លោះ​ខ្សែ​ទឹក​ពីរ បណ្ដាល​ឲ្យ​សំពៅ​កឿង​នៅ​ទី​នោះ​ទៅ ក្បាល​សំពៅ​នៅ​ជាប់​នឹង​ថ្កល់ រីឯ​កន្សៃ​វិញ បាន​ត្រូវ​បាក់​បែក ដោយ​ទឹក​រលក​បក់​បោក​ផ្ទប់​មក​យ៉ាង​ខ្លាំង។ ពួក​ទាហាន​មាន​បំណង​សម្លាប់​អ្នក​ទោស​ទាំង​អស់​ចោល ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ហែល​ទឹក​គេច​ខ្លួន​បាន​ឡើយ។ ប៉ុន្តែ ដោយ​នាយ​ទាហាន​ចង់​សង្គ្រោះ​ជីវិត​លោក​ប៉ូល គាត់​ក៏​ជំទាស់​នឹង​គោល​បំណង​របស់​កូន​ទាហាន​ទាំង​នោះ។ គាត់​បាន​បញ្ជា​ឲ្យ​អស់​អ្នក​ដែល​ចេះ​ហែល​ទឹក​លោត​ទៅ​ក្នុង​ទឹក ហែល​ទៅ​រក​គោក​មុន រីឯ​អ្នក​មិន​ចេះ​ហែល​ទឹក ត្រូវ​តោង​បន្ទះ​ក្ដារ ឬ​តោង​បំណែក​សំពៅ ហែល​ទៅ​តាម​ក្រោយ។ ធ្វើ​ដូច្នេះ គេ​បាន​ទៅ​ដល់​ដី​គោក ដោយ​សុខ‌សាន្ត​គ្រប់ៗ​គ្នា។

ចែក​រំលែក
អាន កិច្ចការ 27

កិច្ចការ 27:13-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ កាល​មាន​ខ្យល់​បក់​រំភើយៗ​មក​ពី​ទិស​ខាង​ត្បូង នោះ​គេ​ស្មាន​ថា​បាន​ដូច​ចិត្ត​ហើយ ក៏​ស្រាវ​យុថ្កា​ឡើង បើក​ទៅ​តាម​ក្បែរ​កោះ​ក្រេត តែ​ក្រោយ​មក​បន្តិច នោះ​មាន​ធ្លាក់​ខ្យល់​ព្យុះ​កំណាច ដែល​ហៅ​ថា ខ្យល់​អ៊ើរ៉ា‌គ្លីដូន មក​ប៉ះ​នឹង​សំពៅ ហើយ​យើង​បំបែរ​ក្បាល​សំពៅ​ទៅ​ចំ​ខ្យល់​ពុំ​បាន នោះ​ក៏​ទុក​ឲ្យ​បណ្តោយ​តាម​ខ្យល់​ទៅ បាន​សសៀរ​ទៅ​តាម​កោះ​១​តូច ឈ្មោះ​ក្លូដេ ហើយ​លើក​ទូក​ចង​ដោយ​ពិបាក​ណាស់ កាល​លើក​ចង​ស្រេច​ហើយ គេ​ក៏​យក​ខ្សែ‌ពួរ​ចង​ព័ទ្ធ​សំពៅ រួច​ទំលាក់​ក្តោង​ឲ្យ​រសាត់​ទៅ​តាម​ខ្យល់ ខ្លាច​ក្រែង​កឿង​នឹង​ផ្នូក​ខ្សាច់ ដល់​ថ្ងៃ​ស្អែក​ឡើង យើង​ទំលាក់​ទំនិញ​ចោល​ចេញ ព្រោះ​ខ្យល់​ព្យុះ​សង្ឃរា​បោក​ប៉ះ​យើង​ជា​ខ្លាំង ហើយ​ដល់​ថ្ងៃ​ទី​៣ ក៏​ចោល​គ្រឿង​ប្រដាប់​សំពៅ ដោយ​ដៃ​ខ្លួន​យើង​ទៀត រួច​ដោយ​ព្រោះ​មិន​ឃើញ​ថ្ងៃ ឬ​ផ្កាយ​ជា​យូរ​ថ្ងៃ ហើយ​ព្យុះ​សង្ឃរា​មិន​ចេះ​អន់​ស្រាក​សោះ បាន​ជា​យើង​លែង​សង្ឃឹម​នឹង​រួច​ជីវិត​បាន។ កាល​គេ​បាន​តម​អាហារ​ជា​យូរ​ថ្ងៃ នោះ​ប៉ុល​ឈរ​ឡើង​នៅ​កណ្តាល​គេ​និយាយ​ថា អ្នក​រាល់​គ្នា​អើយ គួរ​តែ​បាន​ស្តាប់​តាម​ខ្ញុំ ហើយ​មិន​ចេញ​ពី​កោះ​ក្រេត​មក នោះ​យើង​មិន​ត្រូវ​អន្តរាយ ហើយ​ខូច​ខាត​ដូច្នេះ​ទេ តែ​ឥឡូវ​នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​សង្ឃឹម​ឡើង ដ្បិត​គ្មាន​ពួក​អ្នក​រាល់​គ្នា​ណា​១​នឹង​បាត់​ជីវិត​ទេ ខូច​ខាត​តែ​សំពៅ​ប៉ុណ្ណោះ ព្រោះ​យប់​មិញ មាន​ទេវតា​នៃ​ព្រះ ដែល​ខ្ញុំ​ជា​អ្នក​បំរើ​របស់​ទ្រង់ បាន​មក​ឈរ​ជិត​ខ្ញុំ​ប្រាប់​ថា ប៉ុល​អើយ កុំ​ខ្លាច​អ្វី​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈរ​នៅ​មុខ​សេ‌សារ ហើយ​មើល ព្រះ‌ទ្រង់​បាន​អនុញ្ញាត​ឲ្យ​អស់​អ្នក ដែល​ដើរ​ដំណើរ​ជា​មួយ​នឹង​អ្នក​ដែរ ដូច្នេះ អ្នក​រាល់​គ្នា​អើយ ចូរ​សង្ឃឹម​ឡើង ព្រោះ​ខ្ញុំ​ជឿ​ព្រះ​ថា ការ​ដែល​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ នឹង​កើត​មក​ដូច្នោះ​មែន ប៉ុន្តែ យើង​ត្រូវ​ធ្លាក់​ទៅ​លើ​កោះ​ណា​មួយ។ ដល់​គំរប់​១៤​យប់ កំពុង​ដែល​យើង​រសាត់​ទៅ​មក ក្នុង​សមុទ្រ​អាឌ្រា នោះ​ប្រហែល​ជា​កណ្តាល​អធ្រាត្រ​ពួក​សំពៅ​ស្មាន​ថា យើង​ជិត​ដល់​ទី​គោក​ណា​មួយ​ហើយ លុះ​បាន​បោះ​សំណ​ស្ទង់​ទឹក​ចុះ​ទៅ ក៏​ឃើញ​មាន​ជំរៅ​២០​ព្យាម រួច​ទៅ​បន្តិច​ទៀត​ក៏​ស្ទង់​មើល ឃើញ​មាន​តែ​១៥​ព្យាម នោះ​គេ​ទំលាក់​យុថ្កា​៤​ពី​ខាង​កន្សៃ ក្រែង​សំពៅ​ទង្គិច​ប៉ះ​នឹង​ថ្ម រួច​គេ​ទន្ទឹង​ចាំ​ភ្លឺ​ឡើង ពួក​សំពៅ​ក៏​សំរូត​ទូក​ទំលាក់​ទឹក ធ្វើ​ដូច​ជា​ចង់​ទំលាក់​យុថ្កា​ពី​ខាង​ក្បាល​ដែរ តែ​គេ​ចង់​រត់​ចោល​សំពៅ​ទេ នោះ​ប៉ុល​និយាយ​ទៅ​មេ​ទ័ព នឹង​ទាហាន​ថា បើ​ពួក​នោះ​មិន​នៅ​ក្នុង​សំពៅ នោះ​អ្នក​រាល់​គ្នា​មិន​បាន​រួច​ទេ ពួក​ទាហាន​ក៏​កាត់​ខ្សែ​ឲ្យ​ទូក​ធ្លាក់​ទៅ លុះ​ដល់​ថ្ងៃ​ជិត​រះ ប៉ុល​ក៏​ទូន្មាន​ឲ្យ​គេ​បរិភោគ​ទាំង​អស់​គ្នា ដោយ​ពាក្យ​ថា នេះ​គំរប់​១៤​ថ្ងៃ​ហើយ ដែល​អ្នក​រាល់​គ្នា​នៅ​ចាំ​យាម ទាំង​តម​អាហារ ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​ពិសា​ទៅ ដ្បិត​នេះ​មាន​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​ជីវិត ព្រោះ​សក់​១​សរសៃ​នៅ​ក្បាល​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​បាត់​ផង កាល​និយាយ​ដូច្នេះ​ហើយ គាត់​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ​ដល់​ព្រះ នៅ​មុខ​គេ​ទាំង​អស់​គ្នា រួច​កាច់​បរិភោគ​ទៅ គេ​មាន​សង្ឃឹម​ឡើង ហើយ​ក៏​បរិភោគ​ទាំង​អស់​គ្នា​ដែរ រីឯ​យើង​ទាំង​អស់​ដែល​នៅ​ក្នុង​សំពៅ នោះ​មាន​២៧៦​នាក់ កាល​បរិភោគ​ឆ្អែត​ហើយ ក៏​សំរាល​សំពៅ​ចេញ ដោយ​ទំលាក់​ស្រូវ​ចុះ​ទៅ​ក្នុង​សមុទ្រ។ លុះ​ភ្លឺ​ច្បាស់​ហើយ នោះ​គេ​មិន​បាន​ស្គាល់​ស្រុក​នោះ​ទេ តែ​គេ​ឃើញ​ញោច​១​មាន​ជំរាល រួច​គេ​គិត​ដំរង់​សំពៅ​ឲ្យ​ទៅ​កឿង​នៅ​ទី​នោះ បើ​សិន​ជា​បាន គេ​ក៏​កាត់​ពួរ​យុថ្កា​ចោល​នៅ​សមុទ្រ រួច​ស្រាយ​ចង្កូត ហើយ​លើក​ក្តោង​ខាង​មុខ​ឲ្យ​ត្រូវ​ខ្យល់ ដំរង់​សំពៅ​ទៅ​ឯ​ទី​ជំរាល​នោះ សំពៅ​ក៏​ចូល​ទៅ​កឿង​នៅ​កន្លែង​ដែល​ទឹក​ហូរ​ប្រសព្វ​គ្នា ហើយ​ក្បាល​ជ្រមុជ​ជាប់​នៅ​នឹង​ថ្កល់ តែ​កន្សៃ​ត្រូវ​បាក់​បែក​ទៅ​ដោយ​អំណាច​រលក ឯ​ពួក​ទាហាន គេ​ចង់​សំឡាប់​អ្នក​ទោស​ទាំង​ប៉ុន្មាន​ចោល​ចេញ ដោយ​ខ្លាច​ក្រែង​ហែល​រត់​រួច​ខ្លះ តែ​មេ​ទ័ព​ចង់​ជួយ​ប៉ុល​ឲ្យ​រួច បាន​ជា​ឃាត់​គេ មិន​ឲ្យ​ធ្វើ​តាម​គំនិត​នោះ​ឡើយ ក៏​បង្គាប់​អ្នក​ណា​ដែល​ចេះ​ហែល ឲ្យ​លោត​ហែល​ទៅ​ដល់​គោក​ជា​មុន ហើយ​ឲ្យ​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន តោង​បន្ទះ​ក្តារ ឬ​បំណែក​សំពៅ​បណ្តែត​ទៅ ដូច្នេះ អ្នក​ទាំង​អស់​គ្នា​ក៏​បាន​ដល់​គោក​ដោយ​សុខ‌សាន្ត​ត្រាណ។

ចែក​រំលែក
អាន កិច្ចការ 27