ក្រោយពីបានលាពួកគេទាំងអាឡោះអាល័យហើយ យើងចេញសំពៅតម្រង់ឆ្ពោះទៅកោះកូស។ នៅថ្ងៃបន្ទាប់ យើងបានទៅដល់កោះរ៉ូដូស ហើយចេញពីកោះរ៉ូដូសទៅដល់ក្រុងប៉ាតារ៉ា។ មានសំពៅមួយត្រូវទៅស្រុកភេនីស យើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។ ពេលមកជិតដល់កោះគីប្រុស យើងវាងតាមខាងត្បូង បន្តដំណើរឆ្ពោះទៅស្រុកស៊ីរី។ យើងបានចូលចតកំពង់ផែក្រុងទីរ៉ុស ដើម្បីយកទំនិញចេញពីសំពៅ។ យើងបានជួបពួកសិស្ស*នៅទីនោះ ហើយស្នាក់នៅជាមួយពួកគេ អស់រយៈពេលប្រាំពីរថ្ងៃ។ ដោយព្រះវិញ្ញាណសម្តែងឲ្យគេដឹង គេបានឃាត់លោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។ លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងត្រូវចេញដំណើរទៅមុខទៀត។ បងប្អូនទាំងអស់ ព្រមទាំងភរិយា និងកូនចៅរបស់គេ ជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងនាំគ្នាលុតជង្គង់ អធិស្ឋាននៅមាត់សមុទ្រ។ បន្ទាប់មក យើងបានជម្រាបលាគ្នា រួចចុះសំពៅ រីឯពួកគេវិញ ពួកគេវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។ យើងបានបន្តដំណើរពីក្រុងទីរ៉ុសទៅដល់ក្រុងផ្ទោឡេម៉ៃស៍ ហើយដំណើរតាមផ្លូវទឹកក៏ចប់ត្រឹមណេះ។ យើងបានចូលទៅជម្រាបសួរពួកបងប្អូននៅក្រុងផ្ទោឡេម៉ៃស៍ និងស្នាក់នៅជាមួយពួកគេមួយថ្ងៃ។ នៅថ្ងៃបន្ទាប់ យើងបន្តដំណើរដល់ក្រុងសេសារា។ យើងបានចូលផ្ទះលោកភីលីព ជាអ្នកផ្សាយដំណឹងល្អ និងជាម្នាក់នៅក្នុងចំណោមក្រុមប្រាំពីររូប ហើយយើងក៏ស្នាក់នៅផ្ទះគាត់។ លោកភីលីពមានកូនក្រមុំបួននាក់ ដែលថ្លែងព្រះបន្ទូល*របស់ព្រះជាម្ចាស់។ យើងស្នាក់នៅទីនោះជាច្រើនថ្ងៃ។ ពេលនោះ មានព្យាការីមួយរូបឈ្មោះអកាប៊ូស ធ្វើដំណើរមកពីស្រុកយូដា។ គាត់មកជួបយើង ហើយយកខ្សែក្រវាត់លោកប៉ូលមកចងជើងចងដៃរបស់ខ្លួន ទាំងពោលថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា នៅក្រុងយេរូសាឡឹម សាសន៍យូដានឹងចងដៃចងជើងម្ចាស់ខ្សែក្រវាត់នេះដូច្នេះដែរ ហើយថែមទាំងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃផង»។ កាលបានឮពាក្យនេះទាំងយើង ទាំងបងប្អូនដែលនៅក្រុងនោះ ក៏អង្វរលោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។ ប៉ុន្តែ លោកប៉ូលតបមកវិញថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាយំ ព្រមទាំងធ្វើឲ្យខ្ញុំពិបាកចិត្តដូច្នេះ? ខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ មិនត្រឹមតែឲ្យគេចងប៉ុណ្ណោះទេ គឺថែមទាំងឲ្យគេសម្លាប់នៅក្រុងយេរូសាឡឹម ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់យេស៊ូទៀតផង»។ ដោយយើងពុំអាចឃាត់លោកបានទេនោះ យើងក៏ឈប់អង្វរលោក ហើយពោលថា៖ «សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ចុះ»។ ក្រោយពីបានស្នាក់នៅទីនោះយូរបន្តិចមក យើងរៀបចំខ្លួនទៅក្រុងយេរូសាឡឹម។ ពួកសិស្ស*នៅក្រុងសេសារាខ្លះបានរួមដំណើរជាមួយយើង ហើយនាំយើងទៅស្នាក់នៅផ្ទះបុរសម្នាក់ឈ្មោះ ម៉្នាសុន ជាអ្នកកោះគីប្រុស និងជាសិស្ស*តាំងដើមដំបូងមក។ ពេលទៅដល់ក្រុងយេរូសាឡឹម ពួកបងប្អូនបានទទួលយើងយ៉ាងរាក់ទាក់។ នៅថ្ងៃបន្ទាប់ លោកប៉ូលបានទៅផ្ទះលោកយ៉ាកុបជាមួយយើង រីឯពួកព្រឹទ្ធាចារ្យ*ទាំងអស់ក៏ជួបជុំគ្នានៅទីនោះដែរ។ ក្រោយពីបានជម្រាបសួរពួកបងប្អូនរួចហើយ លោកប៉ូលរៀបរាប់យ៉ាងល្អិតល្អន់អំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ ក្នុងចំណោមសាសន៍ដទៃ តាមរយៈការងាររបស់លោក។ កាលបានឮលោកប៉ូលមានប្រសាសន៍ដូច្នេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោលមកកាន់លោកថា៖ «បងអើយ បងឃើញទេ មានជនជាតិយូដារាប់ម៉ឺននាក់បានជឿ ហើយបងប្អូនទាំងនោះជាប់ចិត្តនឹងក្រឹត្យវិន័យ*ខ្លាំងណាស់។ ប៉ុន្តែ គេបានឮដំណឹងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ ដែលរស់នៅក្នុងចំណោមសាសន៍ដទៃ មិនឲ្យប្រតិបត្តិតាមគម្ពីរវិន័យរបស់លោកម៉ូសេ*ទេ គឺឮថាបងប្រាប់គេមិនឲ្យធ្វើពិធីកាត់ស្បែក*កូនចៅ និងមិនឲ្យកាន់តាមទំនៀមទម្លាប់ផ្សេងៗឡើយ។ បើដូច្នេះ តើត្រូវធ្វើដូចម្ដេច? គេមុខជាដឹងថាបងនៅទីនេះមិនខាន។ សូមធ្វើតាមយោបល់យើងចុះ ដ្បិតគ្នាយើងបួននាក់មានជាប់បំណន់ សូមបងនាំគេទៅ ហើយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ*ជាមួយគេ ព្រមទាំងចេញប្រាក់ឲ្យគេកោរសក់ផង ដើម្បីឲ្យមនុស្សម្នាដឹងគ្រប់គ្នាថា ដំណឹងដែលគេបានឮអំពីបងនោះមិនពិតទេ ផ្ទុយទៅវិញ បងក៏ប្រព្រឹត្តតាមក្រឹត្យវិន័យ*ដែរ។ រីឯសាសន៍ដទៃដែលជឿនោះ យើងបានសរសេរសេចក្ដីដែលយើងបានសម្រេចជូនទៅគេរួចហើយ ថាកុំឲ្យបរិភោគសាច់ដែលសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលសម្លាប់ដោយច្របាច់-ក និងកុំរួមរស់ជាមួយគ្នាដោយឥតរៀបការ»។ នៅថ្ងៃបន្ទាប់ លោកប៉ូលបាននាំបងប្អូនទាំងបួននាក់នោះ ទៅធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ*ជាមួយលោក។ លោកក៏ចូលទៅក្នុងព្រះវិហារ* ប្រាប់គេអំពីពេលកំណត់ដែលពិធីជម្រះកាយឲ្យបរិសុទ្ធនេះនឹងត្រូវចប់ និងពេលកំណត់ដែលម្នាក់ៗត្រូវថ្វាយតង្វាយ។
អាន កិច្ចការ 21
ស្ដាប់នូវ កិច្ចការ 21
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 21:1-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ