កិច្ចការ 21:1-26
កិច្ចការ 21:1-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលយើងបានលាពួកគេចេញទៅ យើងបានចេញសំពៅតម្រង់ទៅកោះកូស ហើយនៅថ្ងៃបន្ទាប់ យើងមកដល់កោះរូដូស រួចចេញពីទីនោះ ទៅក្រុងប៉ាតារ៉ា។ កាលបានឃើញសំពៅមួយទៅស្រុកភេនីស យើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។ ពេលយើងមកជិតដល់កោះគីប្រុស យើងក៏ធ្វើដំណើរវាងទៅខាងស្ដាំ ឆ្ពោះទៅស្រុកស៊ីរី រួចចូលចតនៅក្រុងទីរ៉ុស ដ្បិតសំពៅត្រូវរើទំនិញចេញនៅទីនោះ។ យើងបានជួបពួកសិស្សនៅទីនោះ ហើយស្នាក់នៅជាមួយពួកគេរយៈពេលប្រាំពីរថ្ងៃ។ តាមរយៈព្រះវិញ្ញាណ គេបានឃាត់លោកប៉ុលមិនឲ្យឡើងទៅក្រុងយេរូសាឡិមឡើយ។ លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងក៏ចេញដំណើរទៅមុខទៀត ហើយគេទាំងអស់គ្នា ព្រមទាំងប្រពន្ធ និងកូនរបស់គេផង បានជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ ហើយជម្រាបលាគ្នាទៅវិញទៅមក។ បន្ទាប់មក យើងក៏ចុះសំពៅ រីឯពួកគេវិលត្រឡប់ទៅផ្ទះវិញ។ យើងបានបញ្ចប់ដំណើរតាមសំពៅពីក្រុងទីរ៉ុស នៅពេលយើងបានមកដល់ក្រុងផ្ទលេមេ។ យើងបានជម្រាបសួរពួកបងប្អូន ហើយបានស្នាក់នៅជាមួយគេអស់មួយថ្ងៃ។ នៅថ្ងៃបន្ទាប់ យើងបានចេញទៅដល់ក្រុងសេសារា ហើយចូលទៅក្នុងផ្ទះរបស់លោកភីលីព ជាអ្នកប្រកាសដំណឹងល្អ ជាម្នាក់ក្នុងចំណោមអ្នកទាំងប្រាំពីរ ហើយយើងក៏ស្នាក់នៅជាមួយគាត់។ លោកភីលីពមានកូនក្រមុំបួននាក់ ដែលមានអំណោយទានថ្លែងទំនាយ។ កាលយើងកំពុងស្នាក់នៅទីនោះជាច្រើនថ្ងៃ មានហោរាម្នាក់ឈ្មោះអ័ក្កាបុស ចុះមកពីស្រុកយូដា។ គាត់បានមកជួបយើង ហើយយកខ្សែក្រវាត់របស់លោកប៉ុលមកចងជើងចងដៃរបស់ខ្លួន រួចពោលថា៖ «ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលដូច្នេះថា៖ "ពួកសាសន៍យូដានៅក្រុងយេរូសាឡិម នឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះ ហើយបញ្ជូនលោកទៅក្នុងកណ្តាប់ដៃរបស់ពួកសាសន៍ដទៃ"» កាលយើងឮដូច្នេះ នោះទាំងយើង ទាំងប្រជាជនដែលនៅទីនោះ ក៏អង្វរលោកប៉ុល មិនឲ្យឡើងទៅក្រុងយេរូឡិមឡើយ។ ពេលនោះ លោកប៉ុលឆ្លើយថា៖ «អ្នករាល់គ្នាយំ ហើយធ្វើឲ្យខ្ញុំពិបាកចិត្តធ្វើអ្វី? ដ្បិតខ្ញុំបានប្រុងប្រៀបរួចស្រេចហើយ មិនត្រឹមតែឲ្យគេចាប់ចងខ្ញុំប៉ុណ្ណោះទេ តែថែមទាំងសុខចិត្តស្លាប់នៅក្នុងក្រុងយេរូសាឡិមទៀតផង ដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ»។ ដោយលោកមិនយល់ព្រមតាមពាក្យអង្វររបស់យើង យើងក៏នៅស្ងៀម ហើយពោលថា៖ «សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ចុះ»។ ប៉ុន្មានថ្ងៃក្រោយមក យើងរៀបចំខ្លួនឡើងទៅក្រុងយេរូសាឡិម។ មានសិស្សខ្លះពីក្រុងសេសារាបានរួមដំណើរជាមួយយើង ហើយនាំយើងទៅផ្ទះរបស់លោកម៉្នាសុន ជាអ្នកកោះគីប្រុស និងជាសិស្សចាស់ ដែលយើងត្រូវស្នាក់នៅផ្ទះរបស់គាត់។ ពេលយើងបានមកដល់ក្រុងយេរូសាឡិម ពួកបងប្អូនបានទទួលយើងដោយអំណរ។ នៅថ្ងៃបន្ទាប់ លោកប៉ុលបានទៅផ្ទះរបស់លោកយ៉ាកុបជាមួយយើង ឯពួកចាស់ទុំទាំងអស់បានជួបជុំគ្នានៅទីនោះ។ កាលបានជម្រាបសួរអ្នកទាំងនោះរួចហើយ លោកប៉ុលក៏បានរៀបរាប់ពីកិច្ចការដែលព្រះបានធ្វើក្នុងចំណោមពួកសាសន៍ដទៃ ម្ដងមួយៗ តាមរយៈការងាររបស់លោក។ កាលបានឮដូច្នេះ គេក៏លើកតម្កើងព្រះ ហើយពោលមកកាន់លោកថា៖ «បងអើយ បងឃើញស្រាប់ហើយ ក្នុងចំណោមសាសន៍យូដា មានមនុស្សរាប់ម៉ឺននាក់បានជឿ ហើយគេសុទ្ធតែមានចិត្តខ្នះខ្នែងកាន់តាមក្រឹត្យវិន័យគ្រប់គ្នា។ គេបានឮដំណឹងពីបងថា បងបង្រៀនសាសន៍យូដាទាំងអស់ ដែលនៅជាមួយសាសន៍ដទៃ ឲ្យគេបោះបង់ចោលលោកម៉ូសេ ព្រមទាំងហាមប្រាមគេមិនឲ្យធ្វើពិធីកាត់ស្បែកកូនចៅ ឬកាន់តាមទំនៀមទម្លាប់ផ្សេងៗឡើយ។ ដូច្នេះ តើត្រូវធ្វើដូចម្តេច? គេច្បាស់ជានឹងឮថា បងបានមកដល់ទីនេះមិនខាន។ ដូច្នេះ សូមបងធ្វើតាមពាក្យដែលយើងបានប្រាប់ចុះ ដ្បិតយើងមានមនុស្សបួននាក់ដែលនៅជាប់បំណន់។ សូមបងនាំអ្នកទាំងនេះទៅ ហើយធ្វើពិធីជម្រះកាយជាមួយគេ រួចចេញប្រាក់ឲ្យគេកោរសក់ផង។ យ៉ាងនោះមនុស្សទាំងអស់នឹងដឹងថា ដំណឹងដែលគេឮអំពីបង នោះមិនពិតទេ គឺថា ខ្លួនបងក៏រស់នៅទាំងកាន់តាមក្រឹត្យវិន័យដែរ។ តែឯសាសន៍ដទៃដែលបានជឿ យើងបានផ្ញើសំបុត្រទៅហើយ ដោយសម្រេចថា គេត្រូវចៀសវាងកុំបរិភោគអាហារដែលសែនដល់រូបព្រះ កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងអំពើសហាយស្មន់» ។ បន្ទាប់មក លោកប៉ុលក៏នាំអ្នកទាំងនោះទៅ ហើយនៅថ្ងៃបន្ទាប់ លោកបានធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធជាមួយអ្នកទាំងនោះ រួចចូលទៅក្នុងព្រះវិហារ ដើម្បីបញ្ជាក់ពីថ្ងៃដែលពិធីជម្រះកាយត្រូវបញ្ចប់ និងតង្វាយដែលគេម្នាក់ៗត្រូវថ្វាយ។
កិច្ចការ 21:1-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពីបានលាពួកគេទាំងអាឡោះអាល័យហើយ យើងចេញសំពៅតម្រង់ឆ្ពោះទៅកោះកូស។ នៅថ្ងៃបន្ទាប់ យើងបានទៅដល់កោះរ៉ូដូស ហើយចេញពីកោះរ៉ូដូសទៅដល់ក្រុងប៉ាតារ៉ា។ មានសំពៅមួយត្រូវទៅស្រុកភេនីស យើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។ ពេលមកជិតដល់កោះគីប្រុស យើងវាងតាមខាងត្បូង បន្តដំណើរឆ្ពោះទៅស្រុកស៊ីរី។ យើងបានចូលចតកំពង់ផែក្រុងទីរ៉ុស ដើម្បីយកទំនិញចេញពីសំពៅ។ យើងបានជួបពួកសិស្ស*នៅទីនោះ ហើយស្នាក់នៅជាមួយពួកគេ អស់រយៈពេលប្រាំពីរថ្ងៃ។ ដោយព្រះវិញ្ញាណសម្តែងឲ្យគេដឹង គេបានឃាត់លោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។ លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងត្រូវចេញដំណើរទៅមុខទៀត។ បងប្អូនទាំងអស់ ព្រមទាំងភរិយា និងកូនចៅរបស់គេ ជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងនាំគ្នាលុតជង្គង់ អធិស្ឋាននៅមាត់សមុទ្រ។ បន្ទាប់មក យើងបានជម្រាបលាគ្នា រួចចុះសំពៅ រីឯពួកគេវិញ ពួកគេវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។ យើងបានបន្តដំណើរពីក្រុងទីរ៉ុសទៅដល់ក្រុងផ្ទោឡេម៉ៃស៍ ហើយដំណើរតាមផ្លូវទឹកក៏ចប់ត្រឹមណេះ។ យើងបានចូលទៅជម្រាបសួរពួកបងប្អូននៅក្រុងផ្ទោឡេម៉ៃស៍ និងស្នាក់នៅជាមួយពួកគេមួយថ្ងៃ។ នៅថ្ងៃបន្ទាប់ យើងបន្តដំណើរដល់ក្រុងសេសារា។ យើងបានចូលផ្ទះលោកភីលីព ជាអ្នកផ្សាយដំណឹងល្អ និងជាម្នាក់នៅក្នុងចំណោមក្រុមប្រាំពីររូប ហើយយើងក៏ស្នាក់នៅផ្ទះគាត់។ លោកភីលីពមានកូនក្រមុំបួននាក់ ដែលថ្លែងព្រះបន្ទូល*របស់ព្រះជាម្ចាស់។ យើងស្នាក់នៅទីនោះជាច្រើនថ្ងៃ។ ពេលនោះ មានព្យាការីមួយរូបឈ្មោះអកាប៊ូស ធ្វើដំណើរមកពីស្រុកយូដា។ គាត់មកជួបយើង ហើយយកខ្សែក្រវាត់លោកប៉ូលមកចងជើងចងដៃរបស់ខ្លួន ទាំងពោលថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា នៅក្រុងយេរូសាឡឹម សាសន៍យូដានឹងចងដៃចងជើងម្ចាស់ខ្សែក្រវាត់នេះដូច្នេះដែរ ហើយថែមទាំងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃផង»។ កាលបានឮពាក្យនេះទាំងយើង ទាំងបងប្អូនដែលនៅក្រុងនោះ ក៏អង្វរលោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។ ប៉ុន្តែ លោកប៉ូលតបមកវិញថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាយំ ព្រមទាំងធ្វើឲ្យខ្ញុំពិបាកចិត្តដូច្នេះ? ខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ មិនត្រឹមតែឲ្យគេចងប៉ុណ្ណោះទេ គឺថែមទាំងឲ្យគេសម្លាប់នៅក្រុងយេរូសាឡឹម ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់យេស៊ូទៀតផង»។ ដោយយើងពុំអាចឃាត់លោកបានទេនោះ យើងក៏ឈប់អង្វរលោក ហើយពោលថា៖ «សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ចុះ»។ ក្រោយពីបានស្នាក់នៅទីនោះយូរបន្តិចមក យើងរៀបចំខ្លួនទៅក្រុងយេរូសាឡឹម។ ពួកសិស្ស*នៅក្រុងសេសារាខ្លះបានរួមដំណើរជាមួយយើង ហើយនាំយើងទៅស្នាក់នៅផ្ទះបុរសម្នាក់ឈ្មោះ ម៉្នាសុន ជាអ្នកកោះគីប្រុស និងជាសិស្ស*តាំងដើមដំបូងមក។ ពេលទៅដល់ក្រុងយេរូសាឡឹម ពួកបងប្អូនបានទទួលយើងយ៉ាងរាក់ទាក់។ នៅថ្ងៃបន្ទាប់ លោកប៉ូលបានទៅផ្ទះលោកយ៉ាកុបជាមួយយើង រីឯពួកព្រឹទ្ធាចារ្យ*ទាំងអស់ក៏ជួបជុំគ្នានៅទីនោះដែរ។ ក្រោយពីបានជម្រាបសួរពួកបងប្អូនរួចហើយ លោកប៉ូលរៀបរាប់យ៉ាងល្អិតល្អន់អំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ ក្នុងចំណោមសាសន៍ដទៃ តាមរយៈការងាររបស់លោក។ កាលបានឮលោកប៉ូលមានប្រសាសន៍ដូច្នេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោលមកកាន់លោកថា៖ «បងអើយ បងឃើញទេ មានជនជាតិយូដារាប់ម៉ឺននាក់បានជឿ ហើយបងប្អូនទាំងនោះជាប់ចិត្តនឹងក្រឹត្យវិន័យ*ខ្លាំងណាស់។ ប៉ុន្តែ គេបានឮដំណឹងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ ដែលរស់នៅក្នុងចំណោមសាសន៍ដទៃ មិនឲ្យប្រតិបត្តិតាមគម្ពីរវិន័យរបស់លោកម៉ូសេ*ទេ គឺឮថាបងប្រាប់គេមិនឲ្យធ្វើពិធីកាត់ស្បែក*កូនចៅ និងមិនឲ្យកាន់តាមទំនៀមទម្លាប់ផ្សេងៗឡើយ។ បើដូច្នេះ តើត្រូវធ្វើដូចម្ដេច? គេមុខជាដឹងថាបងនៅទីនេះមិនខាន។ សូមធ្វើតាមយោបល់យើងចុះ ដ្បិតគ្នាយើងបួននាក់មានជាប់បំណន់ សូមបងនាំគេទៅ ហើយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ*ជាមួយគេ ព្រមទាំងចេញប្រាក់ឲ្យគេកោរសក់ផង ដើម្បីឲ្យមនុស្សម្នាដឹងគ្រប់គ្នាថា ដំណឹងដែលគេបានឮអំពីបងនោះមិនពិតទេ ផ្ទុយទៅវិញ បងក៏ប្រព្រឹត្តតាមក្រឹត្យវិន័យ*ដែរ។ រីឯសាសន៍ដទៃដែលជឿនោះ យើងបានសរសេរសេចក្ដីដែលយើងបានសម្រេចជូនទៅគេរួចហើយ ថាកុំឲ្យបរិភោគសាច់ដែលសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលសម្លាប់ដោយច្របាច់-ក និងកុំរួមរស់ជាមួយគ្នាដោយឥតរៀបការ»។ នៅថ្ងៃបន្ទាប់ លោកប៉ូលបាននាំបងប្អូនទាំងបួននាក់នោះ ទៅធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ*ជាមួយលោក។ លោកក៏ចូលទៅក្នុងព្រះវិហារ* ប្រាប់គេអំពីពេលកំណត់ដែលពិធីជម្រះកាយឲ្យបរិសុទ្ធនេះនឹងត្រូវចប់ និងពេលកំណត់ដែលម្នាក់ៗត្រូវថ្វាយតង្វាយ។
កិច្ចការ 21:1-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលយើងបានឃ្លាតចេញផុតពីគេទៅហើយ នោះក៏បើកក្តោងដំរង់ទៅឯកោះកូស ហើយថ្ងៃក្រោយបានដល់កោះរ៉ូដូស រួចពីនោះទៅដល់ក្រុងប៉ាតារ៉ា កាលឃើញសំពៅ១ មានដំណើរទៅឯស្រុកភេនីស នោះយើងក៏ចុះតាមសំពៅនោះចេញទៅទៀត ដល់បានឃើញកោះគីប្រុសហើយ នោះបានបើកបង្ហួសទៅខាងឆ្វេង រួចទៅដល់ស្រុកស៊ីរី ចូលចតនៅត្រង់ក្រុងទីរ៉ុស ដ្បិតសំពៅត្រូវរើទំនិញនៅទីនោះ លុះកាលរកឃើញពួកសិស្សហើយ នោះក៏ស្នាក់នៅទីនោះ៧ថ្ងៃ ហើយគេឃាត់ប៉ុលដោយនូវព្រះវិញ្ញាណ មិនឲ្យគាត់ឡើងទៅឯក្រុងយេរូសាឡិមឡើយ ប៉ុន្តែ ដល់ផុតថ្ងៃទាំងនោះទៅ យើងក៏ចេញធ្វើដំណើរដើរទៀត ឯពួកគេទាំងអស់ ព្រមទាំងប្រពន្ធកូន បានជូនយើងខ្ញុំទៅខាងក្រៅទីក្រុង រួចយើងលុតជង្គង់អធិស្ឋាននៅមាត់ច្រាំង កាលបានលាគ្នារួចជាស្រេច នោះយើងក៏ចុះសំពៅទៅ ហើយពួកគេត្រឡប់ទៅផ្ទះវិញ លុះសំរេចដំណើរពីក្រុងទីរ៉ុស ទៅដល់ផ្ទលេមេហើយ នោះក៏ទៅជំរាបសួរដល់ពួកជំនុំ ហើយបានសំចតនៅជាមួយនឹងគេអស់១ថ្ងៃ ដល់ថ្ងៃស្អែកឡើង ប៉ុល នឹងពួកគាត់បានចេញទៅឯសេសារា ក៏ចូលទៅក្នុងផ្ទះរបស់ភីលីព ជាអ្នកផ្សាយដំណឹងល្អម្នាក់ក្នុងពួកទាំង៧នាក់នោះ ហើយស្នាក់នៅនឹងគាត់ អ្នកនោះមានកូនក្រមុំ៤នាក់ដែលចេះទាយទំនាយ លុះយើងបាននៅទីនោះជាយូរថ្ងៃ នោះមានហោរាម្នាក់ ឈ្មោះអ័ក្កាបុស គាត់ចុះពីស្រុកយូដាមក លុះមកដល់យើងហើយ គាត់ក៏យកខ្សែក្រវាត់របស់ប៉ុលមក ចងជើងចងដៃខ្លួន ប្រាប់ថា ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលដូច្នេះថា ពួកសាសន៍យូដានឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះបែបយ៉ាងនេះ នៅក្រុងយេរូសាឡិម ហើយនឹងបញ្ជូនទៅក្នុងកណ្តាប់ដៃនៃពួកសាសន៍ដទៃ កាលឮដូច្នោះ នោះយើង នឹងពួកអ្នកនៅទីនោះ ក៏អង្វរប៉ុល មិនឲ្យឡើងទៅឯក្រុងយេរូសាឡិមឡើយ តែគាត់ឆ្លើយថា ហេតុអ្វីបានជាយំ ហើយធ្វើឲ្យខ្ញុំពិបាកចិត្តយ៉ាងដូច្នេះ ពីព្រោះខ្ញុំព្រមស្រេចហើយ នឹងឲ្យគេចាប់ចងខ្ញុំចុះ មិនតែប៉ុណ្ណោះសោត ថែមទាំងសុខចិត្តស្លាប់ផង នៅក្នុងក្រុងយេរូសាឡិមទៀត គឺដោយយល់ដល់ព្រះនាមព្រះអម្ចាស់យេស៊ូវ នោះយើងក៏ឈប់និយាយ ដោយថា សូមតាមព្រះហឫទ័យព្រះអម្ចាស់ចុះ ពីព្រោះគាត់មិនយល់ព្រមតាមយើងទេ។ លុះផុតថ្ងៃទាំងនោះមក កាលយើងបានរៀបអីវ៉ាន់ស្រេចហើយ នោះក៏ឡើងទៅឯក្រុងយេរូសាឡិម ក៏មានសិស្សខ្លះពីសេសារាទៅជាមួយនឹងយើងដែរ បាននាំទាំងមនុស្សម្នាក់ ឈ្មោះម៉្នាសុន ជាសិស្សចាស់ ពីកោះគីប្រុស ដែលយើងរាល់គ្នាត្រូវស្នាក់នៅក្នុងផ្ទះគាត់ទៅផង គ្រាដល់ក្រុងយេរូសាឡិមហើយ នោះពួកជំនុំក៏ទទួលយើងដោយអំណរ ថ្ងៃស្អែកឡើងប៉ុលក៏ចូលទៅសួរយ៉ាកុបជាមួយនឹងយើង ក្នុងកាលដែលពួកចាស់ទុំទាំងអស់ប្រជុំគ្នានៅទីនោះ កាលគាត់បានជំរាបសួរដល់គេរួចហើយ នោះគាត់ថ្លែងប្រាប់ ពីអស់ទាំងការនិមួយៗ ដែលព្រះទ្រង់បានធ្វើក្នុងពួកសាសន៍ដទៃ ដោយសារគាត់ គេឮដូច្នោះ ក៏សរសើរដំកើងដល់ព្រះ រួចនិយាយទៅប៉ុលថា បងអើយ បងដឹងថា មានសាសន៍យូដាប៉ុន្មានម៉ឺនបានជឿហើយ គេសុទ្ធតែមានសេចក្ដីឧស្សាហ៍ខ្មីឃ្មាតកាន់តាមក្រិត្យវិន័យទាំងអស់គ្នា ក៏បានឮនិយាយពីបងថា បងបង្រៀនដល់សាសន៍យូដាទាំងអស់ ដែលនៅជាមួយនឹងសាសន៍ដទៃ ឲ្យគេលះចោលលោកម៉ូសេចេញ ព្រមទាំងហាមប្រាមគេ កុំឲ្យកាត់ស្បែកកូន ឬប្រតិបត្តិតាមទំលាប់ពីបុរាណផង ដូច្នេះ តើដូចម្តេច មុខជានឹងមានគេប្រជុំគ្នាទាំងហ្វូងជាមិនខាន ដ្បិតគេនឹងឮថា បងមកដល់ហើយ ដូច្នេះ ចូរបងធ្វើតាមពាក្យយើងវិញ ដ្បិតមានមនុស្ស៤នាក់ក្នុងពួកយើង នៅជាប់ក្នុងបំណន់នៅឡើយ ចូរបងនាំយកគេទៅលាបំណន់ជាមួយគ្នា ហើយចេញសោហ៊ុយឲ្យគេផង ដើម្បីឲ្យគេបានកោរសក់ចេញ នោះមនុស្សទាំងអស់នឹងដឹងថា សេចក្ដីដែលគេឮនិយាយពីបង នោះមិនពិតទេ គឺខ្លួនបងតែងប្រព្រឹត្តទៀងត្រង់ ហើយកាន់តាមក្រិត្យវិន័យដែរ ឯពួកសាសន៍ដទៃដែលជឿ នោះយើងបានផ្ញើសំបុត្រទៅហើយ ដោយសំរេចថា មិនចាំបាច់ឲ្យគេកាន់តាមសេចក្ដីទាំងនោះទេ ត្រូវប្រយ័តតែនឹងរបស់អ្វី ដែលថ្វាយទៅរូបព្រះ ហើយឈាម នឹងសត្វសំឡាប់ដោយច្របាច់ក ហើយនឹងសេចក្ដីកំផិតប៉ុណ្ណោះ នោះប៉ុលក៏នាំយកអ្នកទាំងនោះទៅ លុះស្អែកឡើង កាលបានញែកជាបរិសុទ្ធជាមួយនឹងគេហើយ ក៏ចូលទៅក្នុងព្រះវិហារ ដើម្បីប្រាប់ពីកំណត់ដែលត្រូវបានបរិសុទ្ធ ចាំទំរាំដល់បានថ្វាយដង្វាយសំរាប់គេគ្រប់គ្នា។