កិច្ចការ 19:1-10

កិច្ចការ 19:1-10 គខប

ពេល​ដែល​លោក​អប៉ូ‌ឡូស​នៅ​ក្រុង​កូរិនថូស លោក​ប៉ូល​បាន​ឆ្លង​កាត់​តំបន់​ខ្ពង់​រាប ធ្វើ​ដំណើរ​មក​ដល់​ក្រុង​អេភេសូ។ លោក​បាន​ជួប​សិស្ស*​ខ្លះ ហើយ​សួរ​ថា៖ «កាល​បងប្អូន​ចាប់​ផ្ដើម​ជឿ​នោះ តើ​បងប្អូន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ហើយ​ឬ​នៅ?»។ គេ​តប​មក​លោក​វិញ​ថា៖ «យើង​ខ្ញុំ​មិន​ដែល​ទាំង​ឮ​ថា​មាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ផង!»។ លោក​សួរ​គេ​ទៀត​ថា៖ «ដូច្នេះ តើ​បងប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ណា?»។ គេ​តប​ថា៖ «ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន»។ លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ថា៖ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អស់​អ្នក​ដែល​កែ​ប្រែ​ចិត្ត​គំនិត ទាំង​មាន​ប្រសាសន៍​ប្រាប់​ប្រជា‌ជន​ឲ្យ​ជឿ​លើ​ព្រះអង្គ ដែល​យាង​មក​ក្រោយ​លោក គឺ​ព្រះ‌យេស៊ូ​នេះ​ហើយ»។ ក្រោយ​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នោះ ពួក​សិស្ស​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ។ លោក​ប៉ូល​បាន​ដាក់​ដៃ​លើ​គេ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ក៏​យាង​មក​សណ្ឋិត​លើ​គេ ហើយ​គេ​នាំ​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* និង​ថ្លែង​ព្រះ‌បន្ទូល​ផង។ អ្នក​ទាំង​នោះ​មាន​គ្នា​ទាំង​អស់​ប្រមាណ​ដប់‌ពីរ​នាក់។ លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ* ហើយ​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច ក្នុង​អំឡុង​ពេល​បី​ខែ។ លោក​បាន​សន្ទនា​ជា​មួយ​ពួក​គេ​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ និង​ខិត‌ខំ​ណែ‌នាំ​ពួក​គេ​ឲ្យ​ជឿ។ ប៉ុន្តែ ដោយ​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ត​មានះ​មិន​ព្រម​ជឿ ថែម​ទាំង​ប្រមាថ​មាគ៌ា​របស់​ព្រះ‌អម្ចាស់​នៅ​មុខ​ប្រជុំ​ជន​ផង​នោះ លោក​ក៏​ចាក​ចេញ​ពី​ពួក​គេ នាំ​សិស្ស​ទៅ​ដាច់​ឡែក ហើយ​បង្រៀន​គេ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​ទីរ៉ា‌ណុស លោក​បាន​បង្រៀន​គេ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ គឺ​រហូត​ទាល់​តែ​អ្នក​ស្រុក​អាស៊ី​ទាំង​អស់ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។