កិច្ចការ 19:1-10

កិច្ចការ 19:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​លោក​អ័ប៉ុ‌ឡូស​កំពុង​នៅ​ក្រុង​កូរិន‌ថូស លោក​ប៉ុល​បានធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ខ្ពង់​រាប រហូត​មក​ដល់​ក្រុង​អេភេ‌សូរ ហើយ​លោក​បាន​ជួប​សិស្ស​ខ្លះ​នៅ​ទីនោះ។ លោក​សួរ​គេ​ថា៖ «ចាប់​តាំងពី​អ្នក​រាល់​គ្នា​បាន​ជឿ​មក តើ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ហើយ​ឬ​នៅ?» គេ​ឆ្លើយ​ថា៖ «ទេ យើង​ខ្ញុំ​មិន​ដែល​ទាំង​ឮថា​មាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង»។ លោក​សួរ​ទៀត​ថា៖ «ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​បែប​ណា?» គេ​ឆ្លើយ​ថា៖ «ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន»។ លោក​ប៉ុល​មាន​ប្រសាសន៍​ថា៖ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ខាង​ឯ​ការ​ប្រែ​ចិត្ត ទាំង​ប្រាប់​ប្រជាជន​ឲ្យ​ជឿ​ដល់​ព្រះ‌អង្គ ដែល​យាង​មក​ក្រោយ​លោក គឺ​ជឿដល់​ព្រះ‌យេស៊ូវ»។ កាល​បាន​ឮ​ដូច្នោះ​ហើយ គេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ។ កាល​លោក​ប៉ុល​បាន​ដាក់​ដៃ​លើ​គេ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​មក​សណ្ឋិត​លើ​គេ ហើយ​គេ​ចាប់​ផ្ដើម​និយាយ​ភាសា​ដទៃ និងថ្លែង​ទំនាយ។ អ្នក​ទាំង​នោះ​មាន​គ្នា​ទាំង​អស់​ប្រមាណ​ដប់​ពីរ​នាក់។ លោក​ប៉ុល​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ហើយ​មាន​ប្រសាសន៍​ដោយ​ក្លា‌ហាន អស់​រយៈ​ពេល​បី​ខែ ដោយ​ជជែក​ពន្យល់ ព្រម​ទាំង​ខិត​ខំ​ណែ​នាំ​គេ​ឲ្យ​ជឿ​អំពី​ព្រះរាជ្យ​របស់​ព្រះ។ ប៉ុន្ដែ កាល​អ្នក​ខ្លះ​កើត​មាន​ចិត្ត​រឹង​រូស ហើយ​នៅ​តែ​មិន​ព្រម​ជឿ ទាំង​និយាយ​អាក្រក់​ពី​ផ្លូវ​នោះ​នៅ​មុខ​ក្រុម​ជំនុំ លោក​ក៏​ថយ​ចេញ​ពី​ពួក​គេ ដោយ​នាំ​ពួក​សិស្ស​ទៅ​ជាមួយ រួច​លោក​ជជែក​ពន្យល់​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​របស់​ទីរ៉ា‌នុស។ លោក​ធ្វើ​ដូច្នេះអស់​រយៈ​ពេល​ពីរ​ឆ្នាំ រហូត​ដល់​អស់​អ្នក​ដែល​នៅ​ស្រុក​អាស៊ី បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក។

ចែក​រំលែក
អាន កិច្ចការ 19

កិច្ចការ 19:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ដែល​លោក​អប៉ូ‌ឡូស​នៅ​ក្រុង​កូរិនថូស លោក​ប៉ូល​បាន​ឆ្លង​កាត់​តំបន់​ខ្ពង់​រាប ធ្វើ​ដំណើរ​មក​ដល់​ក្រុង​អេភេសូ។ លោក​បាន​ជួប​សិស្ស*​ខ្លះ ហើយ​សួរ​ថា៖ «កាល​បងប្អូន​ចាប់​ផ្ដើម​ជឿ​នោះ តើ​បងប្អូន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ហើយ​ឬ​នៅ?»។ គេ​តប​មក​លោក​វិញ​ថា៖ «យើង​ខ្ញុំ​មិន​ដែល​ទាំង​ឮ​ថា​មាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ផង!»។ លោក​សួរ​គេ​ទៀត​ថា៖ «ដូច្នេះ តើ​បងប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ណា?»។ គេ​តប​ថា៖ «ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន»។ លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ថា៖ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អស់​អ្នក​ដែល​កែ​ប្រែ​ចិត្ត​គំនិត ទាំង​មាន​ប្រសាសន៍​ប្រាប់​ប្រជា‌ជន​ឲ្យ​ជឿ​លើ​ព្រះអង្គ ដែល​យាង​មក​ក្រោយ​លោក គឺ​ព្រះ‌យេស៊ូ​នេះ​ហើយ»។ ក្រោយ​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នោះ ពួក​សិស្ស​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ។ លោក​ប៉ូល​បាន​ដាក់​ដៃ​លើ​គេ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ក៏​យាង​មក​សណ្ឋិត​លើ​គេ ហើយ​គេ​នាំ​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* និង​ថ្លែង​ព្រះ‌បន្ទូល​ផង។ អ្នក​ទាំង​នោះ​មាន​គ្នា​ទាំង​អស់​ប្រមាណ​ដប់‌ពីរ​នាក់។ លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ* ហើយ​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច ក្នុង​អំឡុង​ពេល​បី​ខែ។ លោក​បាន​សន្ទនា​ជា​មួយ​ពួក​គេ​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ និង​ខិត‌ខំ​ណែ‌នាំ​ពួក​គេ​ឲ្យ​ជឿ។ ប៉ុន្តែ ដោយ​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ត​មានះ​មិន​ព្រម​ជឿ ថែម​ទាំង​ប្រមាថ​មាគ៌ា​របស់​ព្រះ‌អម្ចាស់​នៅ​មុខ​ប្រជុំ​ជន​ផង​នោះ លោក​ក៏​ចាក​ចេញ​ពី​ពួក​គេ នាំ​សិស្ស​ទៅ​ដាច់​ឡែក ហើយ​បង្រៀន​គេ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​ទីរ៉ា‌ណុស លោក​បាន​បង្រៀន​គេ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ គឺ​រហូត​ទាល់​តែ​អ្នក​ស្រុក​អាស៊ី​ទាំង​អស់ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន កិច្ចការ 19

កិច្ចការ 19:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កំពុង​ដែល​អ័ប៉ុឡូស​នៅ​ក្រុង​កូរិន‌ថូស នោះ​ប៉ុល​បាន​ដើរ​កាត់​អស់​ទាំង​ស្រុក​ខាង​លើ រហូត​ដល់​ក្រុង​អេភេសូរ កាល​គាត់​រក​ឃើញ​សិស្ស​ខ្លះ នោះ​ក៏​សួរ​ថា ចាប់​តាំង​ពី​អ្នក​រាល់​គ្នា​ជឿ​មក តើ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ហើយ​ឬ​នៅ គេ​ឆ្លើយ​ថា យើង​ខ្ញុំ​មិន​បាន​ទាំង​ឮ​និយាយ​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង គាត់​សួរ​គេ​ទៀត​ថា ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ដោយ​នូវ​អ្វី គេ​ឆ្លើយ​ថា គឺ​ដោយ​នូវ​បុណ្យ​ជ្រមុជ​របស់​លោក​យ៉ូហាន​ទេ រួច​ប៉ុល​និយាយ​ថា លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក ពី​ដំណើរ​ការ​ប្រែ​ចិត្ត ទាំង​ប្រាប់​ពួក​ជន​ឲ្យ​ជឿ​ដល់​ព្រះ‌អង្គ ដែល​យាង​មក​ក្រោយ​លោក​វិញ គឺ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ កាល​បាន​ឮ​ដូច្នោះ​ហើយ នោះ​គេ​ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​វិញ រួច​ប៉ុល​ដាក់​ដៃ​លើ​គេ ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​គេ នោះ​គេ​ចាប់​តាំង​និយាយ​ភាសា​ដទៃ ហើយ​អធិប្បាយ​ផង ពួក​អ្នក​ទាំង​នោះ​មាន​គ្នា​ប្រហែល​ជា​១២​នាក់។ ប៉ុល​ក៏​ចូល​ទៅ​អធិប្បាយ ក្នុង​សាលា​ប្រជុំ ដោយ​ក្លាហាន ហើយ​ក្នុង​រវាង​៣​ខែ គាត់​ចេះ​តែ​ជជែក​ពន្យល់ ព្រម​ទាំង​បញ្ចុះ​បញ្ចូល​គេ ឲ្យ​ជឿ​តាម​អស់​ទាំង​សេចក្ដី​ពី​នគរ​ព្រះ លុះ​កាល​អ្នក​ខ្លះ​កើត​មាន​ចិត្ត​រឹង‌ទទឹង ហើយ​ចចេស ព្រម​ទាំង​និយាយ​អាក្រក់​ពី​ផ្លូវ​នោះ នៅ​មុខ​ប្រជា‌ជន នោះ​គាត់​ក៏​ថយ​ចេញ​ពី​គេ​ទៅ ញែក​យក​ទាំង​ពួក​សិស្ស​ទៅ​ផង រួច​គាត់​ជជែក​ពន្យល់​ក្នុង​សាលា​បង្រៀន​របស់​ទីរ៉ា‌នុស​ជា​រាល់​ថ្ងៃ គាត់​ធ្វើ​ដូច្នោះ អស់​២​ឆ្នាំ ដល់​ម៉្លេះ​បាន​ជា​អស់​អ្នក ដែល​នៅ​ស្រុក​អាស៊ី បាន​ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ទាំង​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ផង

ចែក​រំលែក
អាន កិច្ចការ 19