កិច្ចការ 13:26-34

កិច្ចការ 13:26-34 គខប

បងប្អូន​ជា​ពូជ‌ពង្ស​លោក​អប្រាហាំ និង​បងប្អូន​ដែល​គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់​អើយ! ព្រះអង្គ​បាន​ចាត់​ព្រះ‌បន្ទូល​ស្ដី​អំពី​ការ​សង្គ្រោះ មក​ឲ្យ​យើង​ទាំង​អស់​គ្នា​នេះ​ហើយ ដ្បិត​អ្នក​ក្រុង​យេរូ‌សាឡឹម និង​ពួក​មេ​ដឹក​នាំ​របស់​គេ ពុំ​បាន​ដឹង​ថា​ព្រះ‌យេស៊ូ​ជា​នរណា​ឡើយ។ គេ​បាន​កាត់​ទោស​ព្រះអង្គ ស្រប​នឹង​សេចក្ដី​ដែល​ព្យាការី*​ថ្លែង​ទុក​មក ហើយ​គេ​អាន​រៀង​រាល់​ថ្ងៃ​សប្ប័ទ* ទោះ​បី​គេ​រក​កំហុស​អ្វី​មក​កាត់​ទោស​លោក​មិន​ឃើញ​ក៏​ដោយ ក៏​គេ​នៅ​តែ​សុំ​ឲ្យ​លោក​ពីឡាត​ប្រហារ​ជីវិត​ព្រះអង្គ​ដែរ។ កាល​គេ​បាន​ធ្វើ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​អំពី​ព្រះអង្គ​ចប់​សព្វ​គ្រប់​ហើយ គេ​ក៏​យក​ព្រះ​សព​ព្រះអង្គ​ចុះ​ពី​ឈើ​ឆ្កាង​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ឡើង​វិញ។ ព្រះ‌យេស៊ូ​បាន​បង្ហាញ​ខ្លួន​ឲ្យ​អស់​អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​ព្រះអង្គ ពី​ស្រុក​កាលី‌ឡេ​ទៅ​ក្រុង​យេរូ‌សាឡឹម ឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ធ្វើ​ជា​បន្ទាល់​របស់​ព្រះអង្គ នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទៀត​ផង។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​សូម​ជូន​ដំណឹង‌ល្អ​នេះ​ប្រាប់​បងប្អូន​ថា ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ព្រះអង្គ​បាន​ធ្វើ​តាម ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ទាំង​នោះ​ហើយ គឺ​ព្រះអង្គ​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​ចែង​ទុក​ក្នុង​ទំនុកតម្កើង ទី​ពីរ​ថា: ព្រះអង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ដែល​បាន​បង្កើត​ព្រះអង្គ​មក នៅ​ថ្ងៃ​នេះ ។ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ព្រះ​សព​ព្រះអង្គ​ត្រូវ​រលួយ​ឡើយ ដូច​មាន​ចែង​ទុក​មក​ថា: អ្វីៗ​ដ៏វិសុទ្ធ* និង​ដ៏​ជា​ទី​ទុក​ចិត្ត ដែល​យើង​បាន​សន្យា​ថា​នឹង​ឲ្យ​ដាវីឌ យើង​នឹង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ។

វីដេអូសម្រាប់ កិច្ចការ 13:26-34