កិច្ចការ 13:26-34

កិច្ចការ 13:26-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​ជា​កូន​ចៅ​នៃ​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ និង​អស់​អ្នក​ក្នុង​ចំណោម​អ្នក​រាល់​គ្នាដែល​កោត​ខ្លាច​ព្រះ​អើយ ទ្រង់​បាន​ចាត់​ព្រះ‌បន្ទូល​ពី​ការ​សង្គ្រោះ​នេះ មក​ឲ្យ​យើង​រាល់​គ្នា​ហើយ។ ដ្បិត​អស់​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម និង​ពួក​មេ​គ្រប់​គ្រង​របស់​គេ មិន​បាន​ស្គាល់​ព្រះ‌អង្គទេ ក៏​មិន​បាន​យល់​ទំនាយ​របស់​ពួក​ហោរា ដែល​គេ​អាន​រាល់​ថ្ងៃ​សប្ប័ទ​ដែរ គេ​បាន​ធ្វើ​ឲ្យ​ទំនាយ​នោះ​បាន​សម្រេច ដោយ​កាត់​ទោស​ព្រះ‌អង្គ។ ទោះ​បី​គេ​រក​ហេតុ​នឹង​សម្លាប់​ព្រះ‌អង្គ​មិន​បាន​ក៏​ដោយ ក៏​គេ​នៅ​តែ​សុំ​ឲ្យ​លោក​ពីឡាត់​យក​ព្រះ‌អង្គទៅ​សម្លាប់​ដែរ។ កាល​គេ​បាន​ធ្វើ​សម្រេច​គ្រប់​ទាំង​សេចក្តី ដែល​បាន​ចែង​ទុក​អំពី​ព្រះ‌អង្គ​ស្រេច​ហើយ គេ​ក៏​យក​ព្រះ‌អង្គ​ចុះ​ពី​ឈើ​ឆ្កាង មក​បញ្ចុះ​ក្នុង​ផ្នូរ។ ប៉ុន្តែ ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រះ‌អង្គ​បាន​លេច​ឲ្យ​អស់​អ្នក​ដែល​បាន​ឡើង​ពី​ស្រុក​កាលី‌ឡេ មក​ក្រុង​យេរូ‌សាឡិម​ជា‌មួយ​ព្រះ‌អង្គ​បាន​ឃើញ អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ជា​ស្មរ​បន្ទាល់​របស់​ព្រះ‌អង្គ​ដល់​ប្រជាជន។ យើង​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា ពី​សេចក្តី​ដែល​ព្រះ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​យើង ព្រះ‌អង្គ​បាន​សម្រេច​ដល់​យើង​រាល់​គ្នា ដែល​ជា​ពូជ‌ពង្ស​របស់​ពួក​លោក ដោយ​ទ្រង់​បាន​ប្រោស​ព្រះ‌យេស៊ូវ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​សេចក្តី​ចែង​ទុក​មក នៅ​ក្នុង​ទំនុក​តម្កើង​ទី​ពីរ​ថា៖ "អ្នក​ជា​កូន​របស់​យើង យើង​បាន​បង្កើត​អ្នក​នៅ​ថ្ងៃ​នេះ" ។ ឯ​ការ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ទៅ​ឯ​សេចក្ដី​ពុក​រលួយ នោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​នឹង​ប្រគល់​ព្រះ​ពរ​ដ៏​បរិសុទ្ធ និង​ប្រាកដ​របស់​ដាវីឌ ឲ្យ​អ្នក​រាល់​គ្នា" ។

ចែក​រំលែក
អាន កិច្ចការ 13

កិច្ចការ 13:26-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​ជា​ពូជ‌ពង្ស​លោក​អប្រាហាំ និង​បងប្អូន​ដែល​គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់​អើយ! ព្រះអង្គ​បាន​ចាត់​ព្រះ‌បន្ទូល​ស្ដី​អំពី​ការ​សង្គ្រោះ មក​ឲ្យ​យើង​ទាំង​អស់​គ្នា​នេះ​ហើយ ដ្បិត​អ្នក​ក្រុង​យេរូ‌សាឡឹម និង​ពួក​មេ​ដឹក​នាំ​របស់​គេ ពុំ​បាន​ដឹង​ថា​ព្រះ‌យេស៊ូ​ជា​នរណា​ឡើយ។ គេ​បាន​កាត់​ទោស​ព្រះអង្គ ស្រប​នឹង​សេចក្ដី​ដែល​ព្យាការី*​ថ្លែង​ទុក​មក ហើយ​គេ​អាន​រៀង​រាល់​ថ្ងៃ​សប្ប័ទ* ទោះ​បី​គេ​រក​កំហុស​អ្វី​មក​កាត់​ទោស​លោក​មិន​ឃើញ​ក៏​ដោយ ក៏​គេ​នៅ​តែ​សុំ​ឲ្យ​លោក​ពីឡាត​ប្រហារ​ជីវិត​ព្រះអង្គ​ដែរ។ កាល​គេ​បាន​ធ្វើ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​អំពី​ព្រះអង្គ​ចប់​សព្វ​គ្រប់​ហើយ គេ​ក៏​យក​ព្រះ​សព​ព្រះអង្គ​ចុះ​ពី​ឈើ​ឆ្កាង​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ឡើង​វិញ។ ព្រះ‌យេស៊ូ​បាន​បង្ហាញ​ខ្លួន​ឲ្យ​អស់​អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​ព្រះអង្គ ពី​ស្រុក​កាលី‌ឡេ​ទៅ​ក្រុង​យេរូ‌សាឡឹម ឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ធ្វើ​ជា​បន្ទាល់​របស់​ព្រះអង្គ នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទៀត​ផង។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​សូម​ជូន​ដំណឹង‌ល្អ​នេះ​ប្រាប់​បងប្អូន​ថា ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ព្រះអង្គ​បាន​ធ្វើ​តាម ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ទាំង​នោះ​ហើយ គឺ​ព្រះអង្គ​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​ចែង​ទុក​ក្នុង​ទំនុកតម្កើង ទី​ពីរ​ថា: ព្រះអង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ដែល​បាន​បង្កើត​ព្រះអង្គ​មក នៅ​ថ្ងៃ​នេះ ។ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ព្រះ​សព​ព្រះអង្គ​ត្រូវ​រលួយ​ឡើយ ដូច​មាន​ចែង​ទុក​មក​ថា: អ្វីៗ​ដ៏វិសុទ្ធ* និង​ដ៏​ជា​ទី​ទុក​ចិត្ត ដែល​យើង​បាន​សន្យា​ថា​នឹង​ឲ្យ​ដាវីឌ យើង​នឹង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ។

ចែក​រំលែក
អាន កិច្ចការ 13

កិច្ចការ 13:26-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​បង​ប្អូន ជា​កូន​ចៅ​ពូជ​អ័ប្រា‌ហាំ នឹង​អស់​អ្នក​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ ទ្រង់​បាន​ផ្ញើ​ព្រះ‌បន្ទូល​ពី​សេចក្ដី​សង្គ្រោះ​នេះ មក​ដល់​អ្នក​រាល់​គ្នា ដ្បិត​ដោយ​ព្រោះ​ពួក​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ពួក​មេ​របស់​គេ​មិន​បាន​ស្គាល់​ទ្រង់​ទេ ក៏​មិន​បាន​យល់​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា ដែល​គេ​មើល​រាល់​តែ​ថ្ងៃ​ឈប់​សំរាក​ដែរ បាន​ជា​គេ​ធ្វើ​សំរេច​តាម​សេចក្ដី​ទំនាយ​នោះ​ឯង ដោយ​គេ​បាន​កាត់​ទោស​ដល់​ទ្រង់ ហើយ​ទោះ​បើ​គេ​រក​ហេតុ​អ្វី​នឹង​សំឡាប់​ទ្រង់​មិន​បាន​ក៏​ដោយ គង់​តែ​គេ​សូម​អង្វរ​ដល់​លោក​ពីឡាត់ ឲ្យ​បាន​សំឡាប់​ទ្រង់​ដែរ ក្រោយ​ដែល​គេ​ធ្វើ​សំរេច​គ្រប់​សេចក្ដី ដែល​ចែង​ទុក​ពី​ទ្រង់​រួច​ហើយ នោះ​គេ​ក៏​យក​ទ្រង់​ចុះ​ពី​ឈើ​ឆ្កាង​មក​បញ្ចុះ​ក្នុង​ផ្នូរ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ទ្រង់​លេច​មក ឲ្យ​ពួក​អ្នក​ដែល​បាន​ឡើង​ពី​ស្រុក​កាលី‌ឡេ មក​ឯ​ក្រុង​យេរូ‌សាឡិម​ជា​មួយ​នឹង​ទ្រង់ បាន​ឃើញ​ជា​យូរ​ថ្ងៃ អ្នក​ទាំង​នោះ​ជា​ស្មរ​បន្ទាល់​ពី​ទ្រង់​ដល់​ពួក​ជន​ទាំង‌ឡាយ។ យើង​ខ្ញុំ​ក៏​ប្រាប់​ដំណឹង​ល្អ​នេះ ដល់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្ដី​សន្យា ដែល​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង​ថា ព្រះ​បាន​ធ្វើ​សំរេច​តាម​សេចក្ដី​សន្យា​ទ្រង់ ដល់​យើង​ជា​ពូជ​នៃ​ពួក​ឰយុកោ​នោះ​ហើយ ដោយ​ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​ទំនុក​ដំកើង​បទ​ទី​២​ថា «ឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ» ហើយ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​មិន​ឲ្យ​ទ្រង់​ត្រឡប់​ទៅ​ឯ​សេចក្ដី​ពុក‌រលួយ​ទៀត​ឡើយ នោះ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា «អញ​នឹង​ផ្តល់​សេចក្ដី​មេត្តា‌ករុណា​ស្មោះ‌ត្រង់ ដែល​ឲ្យ​ដល់​ដាវីឌ ដល់​ឯង​រាល់​គ្នា​ដែរ»

ចែក​រំលែក
អាន កិច្ចការ 13