កិច្ចការ 10:9-34

កិច្ចការ 10:9-34 គខប

នៅ​ថ្ងៃ​បន្ទាប់ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​យ៉ុប‌ប៉េ។ ប្រមាណ​ជា​ថ្ងៃ​ត្រង់ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាន*​នៅ​លើ​ដំបូល​ផ្ទះ។ ពេល​នោះ លោក​ឃ្លាន ចង់​ពិសា​បាយ។ កាល​គេ​កំពុង​តែ​រៀបចំ​ម្ហូប​ចំណី​ជូន​លោក​ពិសា លោក​បាន​លង់​ស្មារតី និមិត្ត​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កម្រាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង ចុះ​ពី​លើ​មក​ដល់​ដី។ នៅ​លើ​កម្រាល​នោះ មាន​សត្វ​ចតុប្បាទ​គ្រប់​ប្រភេទ មាន​សត្វ​លូន​វារ និង​បក្សា‌បក្សី។ មាន​ព្រះ​សូរសៀង​បញ្ជា​មក​គាត់​ថា៖ «ពេត្រុស​អើយ! ចូរ​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!»។ ប៉ុន្តែ លោក​ពេត្រុស​ទូល​ទៅ​វិញ​ថា៖ «ទេ ព្រះ‌អម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ​ហាម​ឃាត់ ឬ​មិន​បរិសុទ្ធ*​ទាល់​តែ​សោះ»។ បន្ទាប់​មក លោក​ពេត្រុស​បាន​ឮ​ព្រះ‌សូរសៀង​នោះ​ជា​លើក​ទី​ពីរ​ថា៖ «អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា​វិន័យ​ហាម​ឃាត់​នោះ​ឡើយ!»។ ហេតុ‌ការណ៍​នេះ​កើត​មាន​ដល់​ទៅ​បី​ដង នៅ​ទី​បំផុត វត្ថុ​នោះ​ក៏​ឡើង​ទៅ​លើ​មេឃ​វិញ​ភ្លាម​បាត់​ទៅ។ លោក​ពេត្រុស​កំពុង​តែ​នឹក​ឆ្ងល់​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច អំពី​ហេតុ‌ការណ៍​ដែល​លោក​បាន​និមិត្ត​ឃើញ​នោះ ស្រាប់​តែ​ពួក​អ្នក​ដែល​លោក​កូនេ‌លាស​ចាត់​ឲ្យ​មក បាន​មក​ដល់​មាត់​ទ្វារ ទាំង​សាក​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន។ គេ​ស្រែក​សួរ​ថា៖ «លោក​ស៊ីម៉ូន​ហៅ​ពេត្រុស​ស្នាក់​ក្នុង​ផ្ទះ​នេះ​ឬ​ទេ?»។ ពេល​លោក​ពេត្រុស​កំពុង​រិះគិត​អំពី​ហេតុ‌ការណ៍ ដែល​លោក​និមិត្ត​ឃើញ​នោះ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «មាន​បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក ចូរ​ចុះ​ទៅ​ក្រោម​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ភ្លាម​ទៅ កុំ​រារែក​ឡើយ ដ្បិត​យើង​នេះ​ហើយ​ដែល​បាន​ចាត់​គេ​ឲ្យ​មក»។ លោក​ពេត្រុស​ក៏​ចុះ​ទៅ​ក្រោម មាន​ប្រសាសន៍​ទៅ​បុរស​ទាំង​បី​នាក់​នោះ​ថា៖ «ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រក! តើ​អ្នក​មក​មាន​ការ​អ្វី?»។ គេ​ឆ្លើយ​ថា៖ «លោក​កូនេ‌លាស ជា​នាយ​ទាហាន បាន​ចាត់​យើង​ឲ្យ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជា‌ជាតិ​យូដា​សរសើរ​គ្រប់ៗ​គ្នា។ ទេវតា​ដ៏វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍»។ លោក​ពេត្រុស​អញ្ជើញ​អ្នក​ទាំង​នោះ​ចូល​ក្នុង​ផ្ទះ ឲ្យ​ស្នាក់​នៅ​ជា​មួយ។ ព្រឹក​ឡើង លោក​ក៏​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ ទាំង​មាន​បងប្អូន​ខ្លះ​នៅ​ក្រុង​យ៉ុប‌ប៉េ​ជូន​ដំណើរ​ទៅ​ផង។ នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត លោក​បាន​ទៅ​ដល់​ក្រុង​សេសារា។ រីឯ​លោក​កូនេ‌លាស​វិញ គាត់​បាន​អញ្ជើញ​ញាតិ‌សន្ដាន និង​មិត្ត​ជិត‌ដិត​មក​ផ្ទះ​របស់​គាត់ ហើយ​ទន្ទឹង​រង់‌ចាំ​ពួក​លោក​ពេត្រុស។ ពេល​លោក​ពេត្រុស​មក​ដល់ លោក​កូនេ‌លាស​ចេញ​ទៅ​ទទួល ក្រាប​ចុះ​ទៀប​ជើង​លោក។ ប៉ុន្តែ លោក​ពេត្រុស​ចាប់​គាត់​ឲ្យ​ក្រោក​ឡើង ទាំង​ពោល​ថា៖ «អញ្ជើញ​ក្រោក​ឡើង ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​ទេ​តើ!»។ លោក​ដើរ​ចូល​ទៅ​ខាង​ក្នុង​បណ្ដើរ សន្ទនា​ជា​មួយ​លោក​កូនេ‌លាស​បណ្ដើរ។ ដោយ​លោក​ឃើញ​មនុស្ស​ជា​ច្រើន​នៅ​ជុំ​គ្នា លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បងប្អូន​ជ្រាប​ឬ​ទេ វិន័យ*​របស់​សាសនា​យូដា​ហាម​មិន​ឲ្យ​សាសន៍​យូដា​ទាក់ទង​ជា​មួយ​ជន​បរទេស ឬ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គេ​ឡើយ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ដឹង​ថា មិន​ត្រូវ​ប្រកាន់​នរណា​ម្នាក់​ថា​ជា​មនុស្ស​ដែល​វិន័យ​ហាម​ឃាត់​មិន​ឲ្យ​ទាក់ទង ឬ​ជា​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មក​ភ្លាម ឥត​មាន​ជំទាស់​អ្វី​សោះ នៅ​ពេល​ដែល​បងប្អូន​ហៅ​ខ្ញុំ​មក។ ឥឡូវ​នេះ សុំ​ប្រាប់​ខ្ញុំ​មើល៍ បងប្អូន​ហៅ​ខ្ញុំ​មក​មាន​ការ​អ្វី?»។ លោក​កូនេ‌លាស​មាន​ប្រសាសន៍​ថា៖ «កាល​ពី​បី​ថ្ងៃ​មុន ពេល​ខ្ញុំ​កំពុង​អធិស្ឋាន*​ក្នុង​ផ្ទះ​ខ្ញុំ នៅ​ម៉ោង​បី​រសៀល មាន​បុរស​ម្នាក់​ស្លៀក​សម្លៀក‌បំពាក់​ភ្លឺ​ត្រចះ‌ត្រចង់​មក​ឈរ​នៅ​មុខ​ខ្ញុំ ហើយ​ពោល​ថា “លោក​កូនេ‌លាស​អើយ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ រីឯ​ទាន​របស់​លោក​ក៏​ព្រះអង្គ​មិន​ភ្លេច​ដែរ។ ឥឡូវ​នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​ពេត្រុស នៅ​ក្រុង​យ៉ុប‌ប៉េ​មក។ គាត់​ស្នាក់​នៅ​ផ្ទះ​របស់​លោក​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក ផ្ទះ​នោះ​ស្ថិត​នៅ​មាត់​សមុទ្រ”។ ខ្ញុំ​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​ភ្លាម លោក​មក​ដូច្នេះ​ជា​ការ​ប្រពៃ​ណាស់។ ឥឡូវ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស្ថិត​នៅ​ទី​នេះ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ រង់‌ចាំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក»។ ពេល​នោះ លោក​ពេត្រុស​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ខ្ញុំ​បាន​យល់​យ៉ាង​ច្បាស់​ហើយ​ថា ព្រះ‌ជាម្ចាស់​រាប់​រក​មនុស្ស​ទួទៅ​ឥត​រើស​មុខ​ឡើយ

វីដេអូសម្រាប់ កិច្ចការ 10:9-34