កិច្ចការ 10:9-34
កិច្ចការ 10:9-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃបន្ទាប់ កាលអ្នកទាំងនោះធ្វើដំណើរទៅជិតដល់ទីក្រុងនោះ លោកពេត្រុសឡើងទៅអធិស្ឋាននៅលើដំបូលផ្ទះ ប្រហែលជាពេលថ្ងៃត្រង់។ លោកក៏ឃ្លាន ហើយចង់បានអ្វីមួយមកបរិភោគ តែកាលគេកំពុងរៀបចំជូន លោកក៏លង់ស្មារតី។ លោកឃើញផ្ទៃមេឃបើកចំហ ហើយមានអ្វីម្យ៉ាងដូចជាកម្រាលមួយយ៉ាងធំ មានចងជ្រុងទាំងបួន សម្រូតចុះពីលើមកដល់ដី។ នៅក្នុងកម្រាលនោះ មានសត្វជើងបួន សត្វលូនវារ និងសត្វហើរលើអាកាសគ្រប់ប្រភេទ។ មានព្រះសូរសៀងមួយបន្លឺមកកាន់លោកថា៖ «ពេត្រុសអើយ ក្រោកឡើង សម្លាប់ ហើយបរិភោគទៅ!»។ ប៉ុន្ដែ លោកពេត្រុសទូលថា៖ «ទេ ព្រះអម្ចាស់ ដ្បិតទូលបង្គំមិនដែលទទួលទានអ្វីដែលមិនស្អាត ឬមិនបរិសុទ្ធនោះឡើយ»។ ព្រះសូរសៀងនោះបន្លឺមកកាន់លោកម្តងទៀតថា៖ «អ្វីដែលព្រះបានសម្អាតហើយ មិនត្រូវរាប់ថាមិនស្អាតឡើយ!»។ ហេតុការណ៍នេះបានកើតឡើងបីដង រួចវត្ថុនោះក៏ឡើងទៅលើមេឃវិញភ្លាមបាត់ទៅ។ កាលលោកពេត្រុសកំពុងនឹកឆ្ងល់ក្នុងចិត្ត ពីនិមិត្តដែលលោកបានឃើញនោះមានន័យដូចម្ដេច ស្រាប់តែមានបុរសបីនាក់ ដែលលោកកូនេលាសចាត់ឲ្យមក ឈរនៅមាត់ទ្វារ ហើយបានសួររកផ្ទះរបស់ស៊ីម៉ូន។ គេស្រែកសួរ ក្រែងមានឈ្មោះស៊ីម៉ូន ដែលហៅថាពេត្រុស កំពុងនៅស្នាក់នៅផ្ទះនោះ។ កាលលោកពេត្រុសកំពុងរិះគិតអំពីនិមិត្តនោះ ព្រះវិញ្ញាណមានព្រះបន្ទូលមកលោកថា៖ «មានបុរសបីនាក់កំពុងស្វែងរកអ្នក។ ចូរក្រោកឡើង ហើយទៅជាមួយគេចុះ កុំរារែកឡើយ ដ្បិតយើងបានចាត់ឲ្យគេមក»។ លោកពេត្រុសក៏ចុះទៅជួបបុរសទាំងនោះ ហើយមានប្រសាសន៍ថា៖ «ខ្ញុំនេះហើយ ដែលអ្នករាល់គ្នាកំពុងរក។ តើអ្នកមកមានការអ្វី?» គេឆ្លើយថា៖ «លោកមេទ័ពកូនេលាស ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះ ហើយសាសន៍យូដាកោតសរសើរលោកគ្រប់ៗគ្នា បានទទួលបង្គាប់ពីទេវតាបរិសុទ្ធមួយ ឲ្យចាត់គេមកអញ្ជើញលោកគ្រូទៅផ្ទះលោក ដើម្បីស្តាប់សេចក្ដីដែលលោកមានប្រសាសន៍»។ ដូច្នេះ លោកពេត្រុសក៏អញ្ជើញអ្នកទាំងនោះចូលទៅសម្រាកក្នុងផ្ទះសិន។ ស្អែកឡើង លោកក៏ចេញដំណើរទៅជាមួយគេ ហើយមានពួកបងប្អូនខ្លះមកពីក្រុងយ៉ុបប៉េ ក៏រួមដំណើរជាមួយលោកដែរ។ នៅថ្ងៃបន្ទាប់ គេបានចូលមកដល់ក្រុងសេសារា ឯលោកកូនេលាសកំពុងទន្ទឹងមើលផ្លូវពួកគេ ហើយបានហៅញាតិសន្តាន និងមិត្តជិតស្និទ្ធរបស់លោកមកជួបជុំគ្នាជាស្រេច។ ពេលលោកពេត្រុសចូលទៅ លោកកូនេលាសក៏ចេញមកទទួល ហើយក្រាបចុះនៅទៀបជើងរបស់លោក។ ប៉ុន្ដែ លោកពេត្រុសលើកលោកឡើង ទាំងពោលថា៖ «សូមក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរ»។ លោកក៏ដើរចូលទៅទាំងជជែកគ្នាបណ្តើរ ហើយឃើញមានមនុស្សជាច្រើនជួបជុំគ្នាជាស្រេច។ លោកមានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាជ្រាបហើយថា សាសន៍យូដាគ្មានច្បាប់នឹងសេពគប់ជាមួយសាសន៍ដទៃ ឬចូលទៅជិតគេឡើយ តែព្រះបានបង្ហាញឲ្យខ្ញុំដឹងថា មិនត្រូវរាប់អ្នកណាថាមិនស្អាត ឬមិនបរិសុទ្ធឡើយ។ ហេតុនេះហើយ បានជាពេលលោកចាត់គេទៅហៅខ្ញុំ ខ្ញុំក៏មកភ្លាម ឥតជំទាស់អ្វីឡើយ។ ដូច្នេះ ខ្ញុំសុំសួរថា តើហៅខ្ញុំមកមានការអ្វី?» លោកកូនេលាសឆ្លើយថា៖ «បួនថ្ងៃមុន ពេលថ្មើនេះ កាលខ្ញុំកំពុងអធិស្ឋាននៅក្នុងផ្ទះរបស់ខ្ញុំ នៅវេលាម៉ោងបីរសៀល ឃើញមានបុរសម្នាក់ឈរនៅមុខខ្ញុំ ទាំងមានសម្លៀកបំពាក់ភ្លឺចិញ្ចាច ហើយពោលថា៖ "កូនេលាសអើយ ព្រះទ្រង់សណ្ដាប់សេចក្ដីអធិស្ឋានរបស់លោកហើយ ឯការធ្វើទានរបស់លោក ក៏បានជាសេចក្ដីរំឭកនៅចំពោះព្រះដែរ។ ឥឡូវនេះ ចូរចាត់គេឲ្យទៅក្រុងយ៉ុបប៉េ អញ្ជើញស៊ីម៉ូន ដែលហៅថាពេត្រុសមក គាត់កំពុងស្នាក់នៅផ្ទះរបស់ជាងសម្លាប់ស្បែកម្នាក់ ឈ្មោះស៊ីម៉ូន នៅក្បែរមាត់សមុទ្រ"។ ដូច្នេះ ខ្ញុំក៏បានចាត់គេឲ្យទៅរកលោកភ្លាម ហើយលោកក៏អញ្ជើញមកយ៉ាងប្រពៃ។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នានៅទីនេះនៅចំពោះព្រះ រង់ចាំស្តាប់គ្រប់ទាំងសេចក្តីដែលព្រះបានបង្គាប់មកលោក»។ ពេលនោះ លោកពេត្រុសក៏ចាប់ផ្តើមមានប្រសាសន៍ថា៖ «ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ
កិច្ចការ 10:9-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃបន្ទាប់ អ្នកទាំងនោះធ្វើដំណើរទៅជិតដល់ក្រុងយ៉ុបប៉េ។ ប្រមាណជាថ្ងៃត្រង់ លោកពេត្រុសឡើងទៅអធិស្ឋាន*នៅលើដំបូលផ្ទះ។ ពេលនោះ លោកឃ្លាន ចង់ពិសាបាយ។ កាលគេកំពុងតែរៀបចំម្ហូបចំណីជូនលោកពិសា លោកបានលង់ស្មារតី និមិត្តឃើញផ្ទៃមេឃបើកចំហ ឃើញវត្ថុម្យ៉ាងដូចកម្រាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ដី។ នៅលើកម្រាលនោះ មានសត្វចតុប្បាទគ្រប់ប្រភេទ មានសត្វលូនវារ និងបក្សាបក្សី។ មានព្រះសូរសៀងបញ្ជាមកគាត់ថា៖ «ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!»។ ប៉ុន្តែ លោកពេត្រុសទូលទៅវិញថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យហាមឃាត់ ឬមិនបរិសុទ្ធ*ទាល់តែសោះ»។ បន្ទាប់មក លោកពេត្រុសបានឮព្រះសូរសៀងនោះជាលើកទីពីរថា៖ «អ្វីៗដែលព្រះជាម្ចាស់បានប្រោសឲ្យបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យហាមឃាត់នោះឡើយ!»។ ហេតុការណ៍នេះកើតមានដល់ទៅបីដង នៅទីបំផុត វត្ថុនោះក៏ឡើងទៅលើមេឃវិញភ្លាមបាត់ទៅ។ លោកពេត្រុសកំពុងតែនឹកឆ្ងល់មិនដឹងជាត្រូវគិតដូចម្ដេច អំពីហេតុការណ៍ដែលលោកបាននិមិត្តឃើញនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមក បានមកដល់មាត់ទ្វារ ទាំងសាកសួររកផ្ទះរបស់លោកស៊ីម៉ូន។ គេស្រែកសួរថា៖ «លោកស៊ីម៉ូនហៅពេត្រុសស្នាក់ក្នុងផ្ទះនេះឬទេ?»។ ពេលលោកពេត្រុសកំពុងរិះគិតអំពីហេតុការណ៍ ដែលលោកនិមិត្តឃើញនោះ ព្រះវិញ្ញាណមានព្រះបន្ទូលមកគាត់ថា៖ «មានបុរសបីនាក់កំពុងសួររកអ្នក ចូរចុះទៅក្រោមចេញដំណើរទៅជាមួយគេភ្លាមទៅ កុំរារែកឡើយ ដ្បិតយើងនេះហើយដែលបានចាត់គេឲ្យមក»។ លោកពេត្រុសក៏ចុះទៅក្រោម មានប្រសាសន៍ទៅបុរសទាំងបីនាក់នោះថា៖ «ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងតែរក! តើអ្នកមកមានការអ្វី?»។ គេឆ្លើយថា៖ «លោកកូនេលាស ជានាយទាហាន បានចាត់យើងឲ្យមក គាត់ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះជាម្ចាស់ ហើយជាមនុស្សម្នាក់ដែលប្រជាជាតិយូដាសរសើរគ្រប់ៗគ្នា។ ទេវតាដ៏វិសុទ្ធមួយរូបបានមកប្រាប់គាត់ឲ្យអញ្ជើញលោកទៅផ្ទះគាត់ ដើម្បីស្ដាប់លោកមានប្រសាសន៍»។ លោកពេត្រុសអញ្ជើញអ្នកទាំងនោះចូលក្នុងផ្ទះ ឲ្យស្នាក់នៅជាមួយ។ ព្រឹកឡើង លោកក៏ចេញដំណើរទៅជាមួយគេ ទាំងមានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េជូនដំណើរទៅផង។ នៅថ្ងៃបន្ទាប់មកទៀត លោកបានទៅដល់ក្រុងសេសារា។ រីឯលោកកូនេលាសវិញ គាត់បានអញ្ជើញញាតិសន្ដាន និងមិត្តជិតដិតមកផ្ទះរបស់គាត់ ហើយទន្ទឹងរង់ចាំពួកលោកពេត្រុស។ ពេលលោកពេត្រុសមកដល់ លោកកូនេលាសចេញទៅទទួល ក្រាបចុះទៀបជើងលោក។ ប៉ុន្តែ លោកពេត្រុសចាប់គាត់ឲ្យក្រោកឡើង ទាំងពោលថា៖ «អញ្ជើញក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរទេតើ!»។ លោកដើរចូលទៅខាងក្នុងបណ្ដើរ សន្ទនាជាមួយលោកកូនេលាសបណ្ដើរ។ ដោយលោកឃើញមនុស្សជាច្រើននៅជុំគ្នា លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបឬទេ វិន័យ*របស់សាសនាយូដាហាមមិនឲ្យសាសន៍យូដាទាក់ទងជាមួយជនបរទេស ឬក៏ចូលទៅក្នុងផ្ទះរបស់គេឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់បានបង្ហាញខ្ញុំឲ្យដឹងថា មិនត្រូវប្រកាន់នរណាម្នាក់ថាជាមនុស្សដែលវិន័យហាមឃាត់មិនឲ្យទាក់ទង ឬជាមនុស្សមិនបរិសុទ្ធនោះឡើយ។ ហេតុនេះហើយបានជាខ្ញុំមកភ្លាម ឥតមានជំទាស់អ្វីសោះ នៅពេលដែលបងប្អូនហៅខ្ញុំមក។ ឥឡូវនេះ សុំប្រាប់ខ្ញុំមើល៍ បងប្អូនហៅខ្ញុំមកមានការអ្វី?»។ លោកកូនេលាសមានប្រសាសន៍ថា៖ «កាលពីបីថ្ងៃមុន ពេលខ្ញុំកំពុងអធិស្ឋាន*ក្នុងផ្ទះខ្ញុំ នៅម៉ោងបីរសៀល មានបុរសម្នាក់ស្លៀកសម្លៀកបំពាក់ភ្លឺត្រចះត្រចង់មកឈរនៅមុខខ្ញុំ ហើយពោលថា “លោកកូនេលាសអើយ ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ រីឯទានរបស់លោកក៏ព្រះអង្គមិនភ្លេចដែរ។ ឥឡូវនេះ ចូរចាត់គេឲ្យទៅហៅបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុស នៅក្រុងយ៉ុបប៉េមក។ គាត់ស្នាក់នៅផ្ទះរបស់លោកស៊ីម៉ូនជាអ្នកសម្លាប់ស្បែក ផ្ទះនោះស្ថិតនៅមាត់សមុទ្រ”។ ខ្ញុំក៏បានចាត់គេឲ្យទៅអញ្ជើញលោកភ្លាម លោកមកដូច្នេះជាការប្រពៃណាស់។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នាស្ថិតនៅទីនេះចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ រង់ចាំស្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោក»។ ពេលនោះ លោកពេត្រុសចាប់ផ្ដើមមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់រាប់រកមនុស្សទួទៅឥតរើសមុខឡើយ
កិច្ចការ 10:9-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់ស្អែកឡើងកំពុងដែលពួកអ្នកទាំងនោះដើរទៅជិតដល់ទីក្រុងហើយ នោះពេត្រុសក៏ឡើងទៅលើដំបូលផ្ទះ ដើម្បីនឹងអធិស្ឋាន ក្នុងពេលប្រហែលជាថ្ងៃត្រង់ហើយ គាត់ក៏នឹកឃ្លានជាខ្លាំង ចង់បរិភោគ តែកំពុងដែលគេចាត់ចែងឲ្យ នោះគាត់លង់ស្មារតីទៅ គាត់ឃើញមេឃចំហ ហើយមានប្រដាប់ ដូចជាសំពត់កំរាលយ៉ាងធំ បានចុះមក ចងទាំង៤ជ្រុង សំរូតមកដល់ដី នៅក្នុងសំពត់នោះ មានសត្វជើង៤ សត្វព្រៃ សត្វលូនវារគ្រប់មុខ ដែលនៅលើដី នឹងសត្វហើរលើអាកាសដែរ ក៏ឮសំឡេងមានបន្ទូលមកថា ពេត្រុសអើយ ចូរក្រោកឡើងសំឡាប់ ហើយបរិភោគទៅ តែពេត្រុសប្រកែកថា ទេ ព្រះអម្ចាស់ ដ្បិតទូលបង្គំមិនដែលទទួលទានអ្វី ដែលមិនស្អាតមិនបរិសុទ្ធនោះសោះ រួចឮសំឡេងនោះមកម្តងទៀតថា របស់អ្វីដែលព្រះបានសំអាតហើយ នោះកុំឲ្យអ្នករាប់ថាជាមិនស្អាតឡើយ ការនោះមានមកគ្រប់៣ដង រួចបានលើកប្រដាប់នោះ ឡើងទៅលើមេឃវិញ។ កំពុងដែលពេត្រុសនៅងោងក្នុងខ្លួន ពីន័យការជាក់ស្តែង ដែលបានឃើញនោះនៅឡើយ នោះមនុស្ស៣នាក់ ដែលកូនេលាសចាត់ឲ្យមក បានសួររកផ្ទះស៊ីម៉ូន ក៏ឈរនៅមាត់ទ្វារហើយ គេកំពុងតែហៅសួរ បើមានឈ្មោះស៊ីម៉ូន ដែលហៅថា ពេត្រុស នៅផ្ទះនោះឬទេ ដូច្នេះ កំពុងដែលពេត្រុសគិតរំពឹងពីការជាក់ស្តែង នោះព្រះវិញ្ញាណមានបន្ទូលមកគាត់ថា មើល មានមនុស្ស៣នាក់មករកអ្នក ចូរក្រោកឡើងចុះទៅ ហើយទៅជាមួយនឹងគេចុះ កុំប្រកាន់ឡើយ ពីព្រោះគឺខ្ញុំហើយ ដែលចាត់ឲ្យគេមក ដូច្នេះ ពេត្រុសក៏ចុះទៅទទួលគេ ដោយពាក្យថា គឺខ្ញុំនេះហើយ ដែលអ្នករាល់គ្នារក តើមានការអ្វី គេឆ្លើយឡើងថា លោកមេទ័ពកូនេលាស ដែលជាមនុស្សសុចរិត ហើយកោតខ្លាចដល់ព្រះ មានសាសន៍យូដាទាំងអស់ធ្វើបន្ទាល់ល្អឲ្យ លោកបានទទួលបង្គាប់នៃព្រះ ដោយសារទេវតាបរិសុទ្ធ ឲ្យចាត់មកអញ្ជើញលោកគ្រូទៅឯផ្ទះលោក ដើម្បីនឹងបានស្តាប់លោកគ្រូអធិប្បាយខ្លះ ដូច្នេះ ពេត្រុសក៏អញ្ជើញគេចូលមកស្នាក់នៅសិន លុះដល់ស្អែក គាត់ក្រោកឡើង ទៅជាមួយនឹងគេ ហើយមានពួកបងប្អូនខ្លះ ដែលនៅយ៉ុបប៉េ ក៏ទៅជាមួយដែរ ដល់ស្អែកឡើង គេចូលទៅក្នុងសេសារា ឯកូនេលាសក៏ទន្ទឹងមើលផ្លូវគេ បានទាំងប្រមូលញាតិសន្តាន នឹងសំឡាញ់ស្និទ្ធស្នាលរបស់លោកមកផង។ កាលពេត្រុសកំពុងតែចូលទៅ កូនេលាសក៏មករាក់ទាក់ទទួល ដោយក្រាបថ្វាយបង្គំនៅទៀបជើងគាត់ តែពេត្រុសលើកលោកឡើងដោយពាក្យថា សូមក្រោកឡើង ខ្លួនខ្ញុំជាមនុស្សដូចគ្នាដែរ នោះក៏ចូលទៅទាំងចរចាគ្នា ហើយឃើញមានមនុស្សជាច្រើនប្រជុំចាំ រួចគាត់និយាយទៅគេថា អ្នករាល់គ្នាដឹងថា មនុស្សសាសន៍យូដាគ្មានច្បាប់នឹងសេពគប់នឹងសាសន៍ដទៃ ឬនឹងចូលទៅជិតគេឡើយ តែព្រះទ្រង់បានសំដែងឲ្យខ្ញុំដឹងថា មិនត្រូវរាប់អ្នកណាថាមិនស្អាត ឬមិនបរិសុទ្ធឡើយ ហេតុនោះបានជាកាលលោកចាត់គេឲ្យទៅហៅខ្ញុំ នោះខ្ញុំបានមកដោយឥតប្រកែកសោះ ដូច្នេះ ខ្ញុំសូមសួរលោក តើលោកឲ្យខ្ញុំមកមានការអ្វី កូនេលាសឆ្លើយថា កន្លងមក៤ថ្ងៃហើយ ពេលថ្មើរណេះ កាលខ្ញុំកំពុងតែតម ហើយអធិស្ឋាននៅផ្ទះខ្ញុំ ក្នុងពេលម៉ោង៣រសៀល នោះឃើញមានម្នាក់ពាក់អាវដ៏ភ្លឺ ឈរនៅមុខខ្ញុំ ប្រាប់ថា កូនេលាសអើយ ព្រះបានទទួលសេចក្ដីអធិស្ឋានរបស់អ្នកហើយ ក៏នឹកចាំពីទានរបស់អ្នកដែរ ដូច្នេះ ចូរប្រើគេឲ្យទៅឯយ៉ុបប៉េ អញ្ជើញស៊ីម៉ូន ដែលហៅថា ពេត្រុសមក លោកនោះនៅក្នុងផ្ទះរបស់ជាងសំឡាប់ស្បែក ឈ្មោះស៊ីម៉ូន នៅក្បែរមាត់សមុទ្រ កាលណាលោកបានមកដល់ នោះនឹងអធិប្បាយឲ្យអ្នកស្តាប់ ដូច្នេះ ខ្ញុំបានចាត់គេឲ្យទៅឯលោកភ្លាម ដែលលោកអញ្ជើញមកនេះក៏ល្អហើយ ឥឡូវនេះ យើងទាំងអស់នៅចំពោះព្រះ ដើម្បីនឹងស្តាប់គ្រប់ទាំងសេចក្ដី ដែលព្រះបានបង្គាប់មកលោក។ ពេត្រុសក៏បើកមាត់និយាយថា ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ