នៅថ្ងៃបន្ទាប់ អ្នកទាំងនោះធ្វើដំណើរទៅជិតដល់ក្រុងយ៉ុបប៉េ។ ប្រមាណជាថ្ងៃត្រង់ លោកពេត្រុសឡើងទៅអធិស្ឋាន*នៅលើដំបូលផ្ទះ។ ពេលនោះ លោកឃ្លាន ចង់ពិសាបាយ។ កាលគេកំពុងតែរៀបចំម្ហូបចំណីជូនលោកពិសា លោកបានលង់ស្មារតី និមិត្តឃើញផ្ទៃមេឃបើកចំហ ឃើញវត្ថុម្យ៉ាងដូចកម្រាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ដី។ នៅលើកម្រាលនោះ មានសត្វចតុប្បាទគ្រប់ប្រភេទ មានសត្វលូនវារ និងបក្សាបក្សី។ មានព្រះសូរសៀងបញ្ជាមកគាត់ថា៖ «ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!»។ ប៉ុន្តែ លោកពេត្រុសទូលទៅវិញថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យហាមឃាត់ ឬមិនបរិសុទ្ធ*ទាល់តែសោះ»។ បន្ទាប់មក លោកពេត្រុសបានឮព្រះសូរសៀងនោះជាលើកទីពីរថា៖ «អ្វីៗដែលព្រះជាម្ចាស់បានប្រោសឲ្យបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យហាមឃាត់នោះឡើយ!»។ ហេតុការណ៍នេះកើតមានដល់ទៅបីដង នៅទីបំផុត វត្ថុនោះក៏ឡើងទៅលើមេឃវិញភ្លាមបាត់ទៅ។ លោកពេត្រុសកំពុងតែនឹកឆ្ងល់មិនដឹងជាត្រូវគិតដូចម្ដេច អំពីហេតុការណ៍ដែលលោកបាននិមិត្តឃើញនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមក បានមកដល់មាត់ទ្វារ ទាំងសាកសួររកផ្ទះរបស់លោកស៊ីម៉ូន។ គេស្រែកសួរថា៖ «លោកស៊ីម៉ូនហៅពេត្រុសស្នាក់ក្នុងផ្ទះនេះឬទេ?»។ ពេលលោកពេត្រុសកំពុងរិះគិតអំពីហេតុការណ៍ ដែលលោកនិមិត្តឃើញនោះ ព្រះវិញ្ញាណមានព្រះបន្ទូលមកគាត់ថា៖ «មានបុរសបីនាក់កំពុងសួររកអ្នក ចូរចុះទៅក្រោមចេញដំណើរទៅជាមួយគេភ្លាមទៅ កុំរារែកឡើយ ដ្បិតយើងនេះហើយដែលបានចាត់គេឲ្យមក»។ លោកពេត្រុសក៏ចុះទៅក្រោម មានប្រសាសន៍ទៅបុរសទាំងបីនាក់នោះថា៖ «ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងតែរក! តើអ្នកមកមានការអ្វី?»។ គេឆ្លើយថា៖ «លោកកូនេលាស ជានាយទាហាន បានចាត់យើងឲ្យមក គាត់ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះជាម្ចាស់ ហើយជាមនុស្សម្នាក់ដែលប្រជាជាតិយូដាសរសើរគ្រប់ៗគ្នា។ ទេវតាដ៏វិសុទ្ធមួយរូបបានមកប្រាប់គាត់ឲ្យអញ្ជើញលោកទៅផ្ទះគាត់ ដើម្បីស្ដាប់លោកមានប្រសាសន៍»។ លោកពេត្រុសអញ្ជើញអ្នកទាំងនោះចូលក្នុងផ្ទះ ឲ្យស្នាក់នៅជាមួយ។ ព្រឹកឡើង លោកក៏ចេញដំណើរទៅជាមួយគេ ទាំងមានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េជូនដំណើរទៅផង។
អាន កិច្ចការ 10
ស្ដាប់នូវ កិច្ចការ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 10:9-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ