កិច្ចការ 10:9-23

កិច្ចការ 10:9-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​បន្ទាប់ កាល​អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ទី​ក្រុងនោះ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាននៅ​លើ​ដំបូល​ផ្ទះ ប្រហែលជា​ពេល​ថ្ងៃ​ត្រង់។ លោកក៏​ឃ្លាន ហើយ​ចង់​បាន​អ្វីមួយមក​បរិ‌ភោគ តែ​កាលគេ​កំពុង​រៀប​ចំ​ជូន លោក​ក៏​លង់​ស្មារតី។ លោក​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​មាន​អ្វី​ម្យ៉ាង​ដូច​ជា​កម្រាល​មួយ​យ៉ាង​ធំ មាន​ចង​ជ្រុង​ទាំង​បួន សម្រូត​ចុះ​ពី​លើ​មក​ដល់​ដី។ នៅ​ក្នុង​កម្រាល​នោះ មាន​សត្វ​ជើង​បួន សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស​គ្រប់​ប្រភេទ។ មានព្រះសូរ​សៀង​មួយ​បន្លឺ​មកកាន់​លោក​ថា៖ «ពេត្រុស​អើយ ក្រោក​ឡើង សម្លាប់ ហើយ​បរិ‌ភោគ​ទៅ!»។ ប៉ុន្ដែ លោក​ពេត្រុសទូល​ថា៖ «ទេ ព្រះ‌អម្ចាស់ ដ្បិត​ទូល​បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​នោះ​ឡើយ»។ ព្រះ​សូរ​សៀង​នោះ​បន្លឺ​មក​កាន់​លោក​ម្តង​ទៀត​ថា៖ «អ្វី​ដែល​ព្រះ​បាន​សម្អាត​ហើយ មិន​ត្រូវ​រាប់​ថា​មិន​ស្អាត​ឡើយ!»។ ហេតុ‌ការណ៍នេះបាន​កើត​ឡើង​បី​ដង រួច​វត្ថុ​នោះ​ក៏​ឡើង​ទៅ​លើ​មេឃ​វិញភ្លាម​បាត់​ទៅ។ កាល​លោក​ពេត្រុស​កំពុង​នឹក​ឆ្ងល់​ក្នុងចិត្ត ពី​និមិត្ត​ដែល​លោក​បាន​ឃើញនោះមានន័យ​ដូច​ម្ដេច ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​លោក​កូនេ‌លាស​ចាត់​ឲ្យ​មក ឈរ​នៅ​មាត់​ទ្វារ ហើយ​បាន​សួរ​រក​ផ្ទះ​របស់​ស៊ីម៉ូន។ គេ​ស្រែក​សួរ ក្រែង​មាន​ឈ្មោះ​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស កំពុង​នៅ​ស្នាក់​នៅ​ផ្ទះ​នោះ។ កាល​លោក​ពេត្រុស​កំពុង​រិះ​គិត​អំពី​និមិត្ត​នោះ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «មាន​បុរស​បី​នាក់​កំពុង​ស្វែង​រក​អ្នក។ ចូរ​ក្រោក​ឡើង ហើយ​ទៅ​ជា‌មួយ​គេ​ចុះ កុំ​រា​រែក​ឡើយ ដ្បិត​យើងបាន​ចាត់​ឲ្យ​គេ​មក»។ លោក​ពេត្រុស​ក៏​ចុះ​ទៅ​ជួបបុរស​ទាំង​នោះ ហើយ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​កំពុង​រក។ តើ​អ្នក​មក​មាន​ការ​អ្វី?» គេ​ឆ្លើយ​ថា៖ «លោក​មេទ័ព​កូនេ‌លាស ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​ព្រះ ហើយ​សាសន៍​យូដា​កោត​សរសើរ​លោក​គ្រប់​ៗ​គ្នា បាន​ទទួល​បង្គាប់​ពី​ទេវតា​បរិសុទ្ធមួយ ឲ្យ​ចាត់​គេ​មក​អញ្ជើញ​លោក​គ្រូ​ទៅ​ផ្ទះ​លោក ដើម្បី​ស្តាប់​សេចក្ដី​ដែល​លោក​មាន​ប្រសាសន៍»។ ដូច្នេះ លោក​ពេត្រុស​ក៏​អញ្ជើញ​អ្នក​ទាំងនោះ​ចូល​ទៅ​សម្រាក​ក្នុង​ផ្ទះសិន។ ស្អែក​ឡើង លោកក៏ចេញ​ដំណើរ​ទៅ​ជា‌មួយ​គេ ហើយ​មាន​ពួក​បង‌ប្អូន​ខ្លះមក​ពី​ក្រុង​យ៉ុប‌ប៉េ ក៏​រួម​ដំណើរ​ជា‌មួយលោក​ដែរ។

ចែក​រំលែក
អាន កិច្ចការ 10

កិច្ចការ 10:9-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​បន្ទាប់ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​យ៉ុប‌ប៉េ។ ប្រមាណ​ជា​ថ្ងៃ​ត្រង់ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាន*​នៅ​លើ​ដំបូល​ផ្ទះ។ ពេល​នោះ លោក​ឃ្លាន ចង់​ពិសា​បាយ។ កាល​គេ​កំពុង​តែ​រៀបចំ​ម្ហូប​ចំណី​ជូន​លោក​ពិសា លោក​បាន​លង់​ស្មារតី និមិត្ត​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កម្រាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង ចុះ​ពី​លើ​មក​ដល់​ដី។ នៅ​លើ​កម្រាល​នោះ មាន​សត្វ​ចតុប្បាទ​គ្រប់​ប្រភេទ មាន​សត្វ​លូន​វារ និង​បក្សា‌បក្សី។ មាន​ព្រះ​សូរសៀង​បញ្ជា​មក​គាត់​ថា៖ «ពេត្រុស​អើយ! ចូរ​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!»។ ប៉ុន្តែ លោក​ពេត្រុស​ទូល​ទៅ​វិញ​ថា៖ «ទេ ព្រះ‌អម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ​ហាម​ឃាត់ ឬ​មិន​បរិសុទ្ធ*​ទាល់​តែ​សោះ»។ បន្ទាប់​មក លោក​ពេត្រុស​បាន​ឮ​ព្រះ‌សូរសៀង​នោះ​ជា​លើក​ទី​ពីរ​ថា៖ «អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា​វិន័យ​ហាម​ឃាត់​នោះ​ឡើយ!»។ ហេតុ‌ការណ៍​នេះ​កើត​មាន​ដល់​ទៅ​បី​ដង នៅ​ទី​បំផុត វត្ថុ​នោះ​ក៏​ឡើង​ទៅ​លើ​មេឃ​វិញ​ភ្លាម​បាត់​ទៅ។ លោក​ពេត្រុស​កំពុង​តែ​នឹក​ឆ្ងល់​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច អំពី​ហេតុ‌ការណ៍​ដែល​លោក​បាន​និមិត្ត​ឃើញ​នោះ ស្រាប់​តែ​ពួក​អ្នក​ដែល​លោក​កូនេ‌លាស​ចាត់​ឲ្យ​មក បាន​មក​ដល់​មាត់​ទ្វារ ទាំង​សាក​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន។ គេ​ស្រែក​សួរ​ថា៖ «លោក​ស៊ីម៉ូន​ហៅ​ពេត្រុស​ស្នាក់​ក្នុង​ផ្ទះ​នេះ​ឬ​ទេ?»។ ពេល​លោក​ពេត្រុស​កំពុង​រិះគិត​អំពី​ហេតុ‌ការណ៍ ដែល​លោក​និមិត្ត​ឃើញ​នោះ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «មាន​បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក ចូរ​ចុះ​ទៅ​ក្រោម​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ភ្លាម​ទៅ កុំ​រារែក​ឡើយ ដ្បិត​យើង​នេះ​ហើយ​ដែល​បាន​ចាត់​គេ​ឲ្យ​មក»។ លោក​ពេត្រុស​ក៏​ចុះ​ទៅ​ក្រោម មាន​ប្រសាសន៍​ទៅ​បុរស​ទាំង​បី​នាក់​នោះ​ថា៖ «ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រក! តើ​អ្នក​មក​មាន​ការ​អ្វី?»។ គេ​ឆ្លើយ​ថា៖ «លោក​កូនេ‌លាស ជា​នាយ​ទាហាន បាន​ចាត់​យើង​ឲ្យ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជា‌ជាតិ​យូដា​សរសើរ​គ្រប់ៗ​គ្នា។ ទេវតា​ដ៏វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍»។ លោក​ពេត្រុស​អញ្ជើញ​អ្នក​ទាំង​នោះ​ចូល​ក្នុង​ផ្ទះ ឲ្យ​ស្នាក់​នៅ​ជា​មួយ។ ព្រឹក​ឡើង លោក​ក៏​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ ទាំង​មាន​បងប្អូន​ខ្លះ​នៅ​ក្រុង​យ៉ុប‌ប៉េ​ជូន​ដំណើរ​ទៅ​ផង។

ចែក​រំលែក
អាន កិច្ចការ 10

កិច្ចការ 10:9-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដល់​ស្អែក​ឡើង​កំពុង​ដែល​ពួក​អ្នក​ទាំង​នោះ​ដើរ​ទៅ​ជិត​ដល់​ទី​ក្រុង​ហើយ នោះ​ពេត្រុស​ក៏​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​នឹង​អធិស្ឋាន ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ គាត់​ក៏​នឹក​ឃ្លាន​ជា​ខ្លាំង ចង់​បរិភោគ តែ​កំពុង​ដែល​គេ​ចាត់‌ចែង​ឲ្យ នោះ​គាត់​លង់​ស្មារតី​ទៅ គាត់​ឃើញ​មេឃ​ចំហ ហើយ​មាន​ប្រដាប់ ដូច​ជា​សំពត់​កំរាល​យ៉ាង​ធំ បាន​ចុះ​មក ចង​ទាំង​៤​ជ្រុង សំរូត​មក​ដល់​ដី នៅ​ក្នុង​សំពត់​នោះ មាន​សត្វ​ជើង​៤ សត្វ​ព្រៃ សត្វ​លូន​វារ​គ្រប់​មុខ ដែល​នៅ​លើ​ដី នឹង​សត្វ​ហើរ​លើ​អាកាស​ដែរ ក៏​ឮ​សំឡេង​មាន​បន្ទូល​មក​ថា ពេត្រុស​អើយ ចូរ​ក្រោក​ឡើង​សំឡាប់ ហើយ​បរិភោគ​ទៅ តែ​ពេត្រុស​ប្រកែក​ថា ទេ ព្រះ‌អម្ចាស់ ដ្បិត​ទូលបង្គំ​មិន​ដែល​ទទួល​ទាន​អ្វី ដែល​មិន​ស្អាត​មិន​បរិសុទ្ធ​នោះ​សោះ រួច​ឮ​សំឡេង​នោះ​មក​ម្តង​ទៀត​ថា របស់​អ្វី​ដែល​ព្រះ​បាន​សំអាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​រាប់​ថា​ជា​មិន​ស្អាត​ឡើយ ការ​នោះ​មាន​មក​គ្រប់​៣​ដង រួច​បាន​លើក​ប្រដាប់​នោះ ឡើង​ទៅ​លើ​មេឃ​វិញ។ កំពុង​ដែល​ពេត្រុស​នៅ​ងោង​ក្នុង​ខ្លួន ពី​ន័យ​ការ​ជាក់​ស្តែង ដែល​បាន​ឃើញ​នោះ​នៅ​ឡើយ នោះ​មនុស្ស​៣​នាក់ ដែល​កូនេ‌លាស​ចាត់​ឲ្យ​មក បាន​សួរ​រក​ផ្ទះ​ស៊ីម៉ូន ក៏​ឈរ​នៅ​មាត់​ទ្វារ​ហើយ គេ​កំពុង​តែ​ហៅ​សួរ បើ​មាន​ឈ្មោះ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស នៅ​ផ្ទះ​នោះ​ឬ​ទេ ដូច្នេះ កំពុង​ដែល​ពេត្រុស​គិត​រំពឹង​ពី​ការ​ជាក់​ស្តែង នោះ​ព្រះ‌វិញ្ញាណ​មាន​បន្ទូល​មក​គាត់​ថា មើល មាន​មនុស្ស​៣​នាក់​មក​រក​អ្នក ចូរ​ក្រោក​ឡើង​ចុះ​ទៅ ហើយ​ទៅ​ជា​មួយ​នឹង​គេ​ចុះ កុំ​ប្រកាន់​ឡើយ ពី​ព្រោះ​គឺ​ខ្ញុំ​ហើយ ដែល​ចាត់​ឲ្យ​គេ​មក ដូច្នេះ ពេត្រុស​ក៏​ចុះ​ទៅ​ទទួល​គេ ដោយ​ពាក្យ​ថា គឺ​ខ្ញុំ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​រក តើ​មាន​ការ​អ្វី គេ​ឆ្លើយ​ឡើង​ថា លោក​មេ​ទ័ព​កូនេ‌លាស ដែល​ជា​មនុស្ស​សុចរិត ហើយ​កោត‌ខ្លាច​ដល់​ព្រះ មាន​សាសន៍​យូដា​ទាំង​អស់​ធ្វើ​បន្ទាល់​ល្អ​ឲ្យ លោក​បាន​ទទួល​បង្គាប់​នៃ​ព្រះ ដោយ‌សារ​ទេវតា​បរិសុទ្ធ ឲ្យ​ចាត់​មក​អញ្ជើញ​លោក​គ្រូ​ទៅ​ឯ​ផ្ទះ​លោក ដើម្បី​នឹង​បាន​ស្តាប់​លោក​គ្រូ​អធិប្បាយ​ខ្លះ ដូច្នេះ ពេត្រុស​ក៏​អញ្ជើញ​គេ​ចូល​មក​ស្នាក់​នៅ​សិន លុះ​ដល់​ស្អែក គាត់​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​គេ ហើយ​មាន​ពួក​បង​ប្អូន​ខ្លះ ដែល​នៅ​យ៉ុបប៉េ ក៏​ទៅ​ជា​មួយ​ដែរ

ចែក​រំលែក
អាន កិច្ចការ 10