ថ្ងៃមួយ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «តើមានកូនចៅណាម្នាក់របស់ព្រះបាទសូលនៅរស់ឬទេ? យើងចង់សម្តែងចិត្តសប្បុរសចំពោះគេ ដោយយល់ដល់សម្ដេចយ៉ូណាថាន»។ ក្នុងចំណោមអ្នកបម្រើរបស់ព្រះបាទសូល មានម្នាក់ឈ្មោះស៊ីបា។ គេនាំគាត់ចូលមកគាល់ព្រះបាទដាវីឌ ហើយព្រះរាជាសួរគាត់ថា៖ «តើអ្នកឈ្មោះស៊ីបាឬ?»។ គាត់ទូលថា៖ «បពិត្រព្រះករុណា គឺទូលបង្គំនេះហើយ»។ ព្រះរាជាមានរាជឱង្ការថា៖ «តើក្នុងរាជវង្សរបស់ព្រះបាទសូល មានសល់អ្នកណាម្នាក់នៅរស់ដែរឬទេ? យើងចង់សម្តែងសេចក្ដីសប្បុរសដល់គេ តាមពាក្យដែលយើងបានសន្យានៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់»។ ស៊ីបាទូលថា៖ «បពិត្រព្រះករុណា មានកូនប្រុសម្នាក់របស់សម្ដេចយ៉ូណាថាននៅរស់ លោកខ្វិនជើងទាំងពីរ»។ ស្ដេចមានរាជឱង្ការថា៖ «តើគេនៅឯណា?»។ ស៊ីបាទូលថា៖ «លោកស្នាក់នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមាល នៅក្រុងឡូរដេបា»។ ព្រះបាទដាវីឌចាត់គេឲ្យទៅតាមរកលោកមេភីបូសែត នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមាល នៅក្រុងឡូរដេបា។ កាលលោកមេភីបូសែត ជាកូនរបស់សម្ដេចយ៉ូណាថាន និងជាចៅរបស់ព្រះបាទសូល បានមកជួបព្រះបាទដាវីឌ លោកឱនចុះ ក្រាបមុខដល់ដី ថ្វាយបង្គំស្ដេច។ ព្រះបាទដាវីឌមានរាជឱង្ការសួរលោកថា៖ «អ្នកឈ្មោះមេភីបូសែតមែនឬ?»។ លោកទូលថា៖ «បពិត្រព្រះករុណា គឺទូលបង្គំនេះហើយ»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរកុំភ័យខ្លាចអ្វីឡើយ យើងនឹងប្រព្រឹត្តចំពោះអ្នកដោយសប្បុរស ព្រោះយើងគិតដល់សម្ដេចយ៉ូណាថាន ជាឪពុករបស់អ្នក។ យើងនឹងប្រគល់ដីធ្លីទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ព្រះបាទសូល ជាជីតារបស់អ្នកឲ្យអ្នកវិញ ហើយអ្នកនឹងបរិភោគរួមតុជាមួយយើងរៀងរាល់ថ្ងៃ»។
អាន ២ សាំយូអែល 9
ស្ដាប់នូវ ២ សាំយូអែល 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 9:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ