២ សាំយូអែល 9:1-7

២ សាំយូអែល 9:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ពូជ‌ពង្ស​របស់​ស្ដេចសូល​សល់​នៅ​ឬ​ទេ? ដើម្បី​ឲ្យ​យើង​បាន​សម្ដែង​សេចក្ដី​ករុណា​ដល់​អ្នក​នោះ ដោយ​យល់​ដល់​យ៉ូណា‌ថាន» ។ រី​ឯ​នៅ​ក្នុង​ពួក​ដំណាក់​ស្ដេចសូល មាន​អ្នក​បម្រើ​ម្នាក់​ឈ្មោះ​ស៊ីបា គេ​ក៏​ហៅ​អ្នក​នោះ​មក​គាល់​ព្រះបាទ​ដាវីឌ រួច​ទ្រង់​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​ឯង​ឈ្មោះ​ស៊ីបា​ឬ?» អ្នក​នោះ​ឆ្លើយ​ថា៖ «ព្រះ‌ករុណា​វិសេស គឺ​ទូល‌បង្គំ​នេះ​ហើយ»។ ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ពូជ‌ពង្ស​របស់​ស្ដេចសូល​ណា​មួយ​នៅ​រស់​ឬ​ទេ? យើង​ចង់​សម្ដែង​សេចក្ដី​ករុណា​នៃ​ព្រះ​ដល់​អ្នក​នោះ» ស៊ីបា​ទូល​ឆ្លើយ​ថា៖ «នៅ​មាន​ម្នាក់​ខ្វិន​ជើង ជា​បុត្រ​របស់​យ៉ូណា‌ថាន» ។ ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​គេ​នៅ​ឯ​ណា?» រួច​ស៊ីបា​ទូល​ថា៖ «លោក​នៅ​ផ្ទះ​ម៉ាគារ ជា​កូន​អាំមាល​នៅ​ក្រុង​ឡូរ-ដេបារ»។ ពេល​នោះ ព្រះបាទ​ដាវីឌ​ក៏​បាន​ចាត់​ឲ្យ​គេ​ទៅ​នាំ​លោក​ពី​ផ្ទះ​ម៉ាគារ ជា​កូន​អាំមាល ជា​អ្នក​ដែល​នៅ​ក្រុង​ឡូរ-ដេបារ​នោះ​មក។ ដូច្នេះ មេភី‌បូសែត បុត្រា​របស់​យ៉ូណា‌ថាន ដែល​ជា​បុត្រា​របស់​ស្ដេចសូល ក៏​មក​ជួប​ព្រះបាទ​ដាវីឌ ក្រាប​ចុះ​ផ្កាប់​មុខ​ថ្វាយ‌បង្គំ រួច​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «មេភី‌បូសែត​អើយ» លោក​ទូល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះ‌ករុណា​វិសេស»។ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នឹង​សម្ដែង​សេចក្ដី​សប្បុរស​ដល់​អ្នក ដោយ​យល់​ដល់​យ៉ូណា‌ថាន​បិតា​អ្នក ហើយ​យើង​នឹង​ប្រគល់​ស្រែ​ចម្ការ​របស់​ស្ដេចសូល​ជា​ជីតា​របស់​អ្នក​ទាំង​អស់​ដល់​អ្នក តែ​ខ្លួន​អ្នក និង​បរិ‌ភោគ​នៅ​តុ​ជា‌មួយ​យើង​ជា‌និច្ច»។

ចែក​រំលែក
អាន ២ សាំយូអែល 9

២ សាំយូអែល 9:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​មួយ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «តើ​មាន​កូន​ចៅ​ណា​ម្នាក់​របស់​ព្រះ‌បាទ​សូល​នៅ​រស់​ឬ​ទេ? យើង​ចង់​សម្តែង​ចិត្ត​សប្បុរស​ចំពោះ​គេ ដោយ​យល់​ដល់​សម្ដេច​យ៉ូណា​ថាន»។ ក្នុង​ចំណោម​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សូល មាន​ម្នាក់​ឈ្មោះ​ស៊ីបា។ គេ​នាំ​គាត់​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌រាជា​សួរ​គាត់​ថា៖ «តើ​អ្នក​ឈ្មោះ​ស៊ីបា​ឬ?»។ គាត់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា គឺ​ទូលបង្គំ​នេះ​ហើយ»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «តើ​ក្នុង​រាជ‌វង្ស​របស់​ព្រះ‌បាទ​សូល មាន​សល់​អ្នក​ណា​ម្នាក់​នៅ​រស់​ដែរ​ឬ​ទេ? យើង​ចង់​សម្តែង​សេចក្ដី​សប្បុរស​ដល់​គេ តាម​ពាក្យ​ដែល​យើង​បាន​សន្យា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់»។ ស៊ីបា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា មាន​កូន​ប្រុស​ម្នាក់​របស់​សម្ដេច​យ៉ូណា‌ថាន​នៅ​រស់ លោក​ខ្វិន​ជើង​ទាំង​ពីរ»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «តើ​គេ​នៅ​ឯ​ណា?»។ ស៊ីបា​ទូល​ថា៖ «លោក​ស្នាក់​នៅ​ផ្ទះ​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​អាំមាល នៅ​ក្រុង​ឡូរ‌ដេបា»។ ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​តាម​រក​លោក​មេភី‌បូសែត នៅ​ផ្ទះ​លោក​ម៉ាកៀរ ជា​កូន​របស់​លោក​អាំ‌មាល នៅ​ក្រុង​ឡូរ‌ដេបា។ កាល​លោក​មេភី‌បូសែត ជា​កូន​របស់​សម្ដេច​យ៉ូណា‌ថាន និង​ជា​ចៅ​របស់​ព្រះ‌បាទ​សូល បាន​មក​ជួប​ព្រះ‌បាទ​ដាវីឌ លោក​ឱន​ចុះ ក្រាប​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ស្ដេច។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​សួរ​លោក​ថា៖ «អ្នក​ឈ្មោះ​មេភី‌បូសែត​មែន​ឬ?»។ លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា គឺ​ទូលបង្គំ​នេះ​ហើយ»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សប្បុរស ព្រោះ​យើង​គិត​ដល់​សម្ដេច​យ៉ូណា‌ថាន ជា​ឪពុក​របស់​អ្នក។ យើង​នឹង​ប្រគល់​ដី‌ធ្លី​ទាំង​ប៉ុន្មាន ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ‌បាទ​សូល ជា​ជីតា​របស់​អ្នក​ឲ្យ​អ្នក​វិញ ហើយ​អ្នក​នឹង​បរិភោគ​រួម​តុ​ជា​មួយ​យើង​រៀង​រាល់​ថ្ងៃ»។

ចែក​រំលែក
អាន ២ សាំយូអែល 9

២ សាំយូអែល 9:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ដាវីឌ​មាន​បន្ទូល​សួរ​ថា តើ​មាន​ពូជ‌ពង្ស​របស់​សូល​សល់​នៅ​ឬ​ទេ ដើម្បី​ឲ្យ​យើង​បាន​សំដែង​សេចក្ដី​ករុណា​ដល់​អ្នក​នោះ ដោយ​យល់​ដល់​យ៉ូណា‌ថាន រីឯ​នៅ​ក្នុង​ពួក​ដំណាក់​សូល មាន​អ្នក​បំរើ​ម្នាក់​ឈ្មោះ​ស៊ីបា គេ​ក៏​ហៅ​អ្នក​នោះ​មក​ឯ​ដាវីឌ រួច​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​ឯង​ឈ្មោះ​ស៊ីបា​ឬ​អី អ្នក​នោះ​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស គឺ​ទូលបង្គំ​នេះ​ហើយ នោះ​ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​មាន​ពូជ‌ពង្ស​របស់​សូល​ណា​មួយ​សល់​នៅ​ឬ​ទេ ដើម្បី​ឲ្យ​យើង​បាន​សំដែង​សេចក្ដី​ករុណា​នៃ​ព្រះ​ដល់​អ្នក​នោះ ស៊ីបា​ទូល​ឆ្លើយ​ថា នៅ​មាន​ម្នាក់​ខ្វិន​ជើង ជា​បុត្រ​នៃ​យ៉ូណា‌ថាន ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​នៅ​ឯ​ណា រួច​ស៊ីបា​ទូល​តប​ថា លោក​នៅ​ឯ​ផ្ទះ​ម៉ាគារ ជា​កូន​អាំមាល ដែល​នៅ​ក្រុង​ឡូរ-ដេបារ នោះ​ស្តេច​ដាវីឌ​ទ្រង់​ក៏​ចាត់​គេ ឲ្យ​ទៅ​នាំ​លោក​ពី​ផ្ទះ​ម៉ាគារ ជា​កូន​អាំមាល ជា​អ្នក​ដែល​នៅ​ក្រុង​ឡូរ-ដេបារ​នោះ​មក ដូច្នេះ មភីបូសែត ជា​បុត្រា​នៃ យ៉ូណា‌ថាន ដែលជាបុត្រា​សូល ក៏​មក​ឯ​ដាវីឌទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ថ្វាយ‌បង្គំ រួច​ដាវីឌ​ទ្រង់​មាន​បន្ទូល​ថា មភីបូសែត​អើយ លោក​ក៏​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា​វិសេស នោះ​ដាវីឌ​មាន​បន្ទូល​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​នឹង​សំដែង​សេចក្ដី​ករុណា​ដល់​អ្នក ដោយ​យល់​ដល់​យ៉ូណា‌ថាន​បិតា​អ្នក ហើយ​យើង​នឹង​ប្រគល់​អស់​ទាំង​ស្រែ​ចំការ​របស់​សូល​ជា​ជីតា​ដល់​អ្នក តែ​ឯ​ខ្លួន​អ្នក នឹង​បរិភោគ​នៅ​តុ​ជា​មួយ​នឹង​យើង​ជានិច្ច

ចែក​រំលែក
អាន ២ សាំយូអែល 9