២ សាំយូអែល 23:1-7

២ សាំយូអែល 23:1-7 គខប

នេះ​ជា​ពាក្យ​បណ្ដាំ​ចុង​ក្រោយ​បង្អស់ របស់​ព្រះ‌បាទ​ដាវីឌ។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ថ្លែង​ដោយ​ព្រះ‌បាទ​ដាវីឌ ជា​បុត្រ​របស់​លោក​អ៊ីសាយ ជា​មនុស្ស​ដែល​ព្រះ‌ជាម្ចាស់​លើក​តម្កើង យ៉ាង​ខ្ពស់​បំផុត ជា​ស្ដេច​ដែល​ព្រះ​របស់​លោក​យ៉ាកុប បាន​ចាក់​ប្រេង​អភិ‌សេក ជា​ស្ដេច​ដែល ប្រជា‌ជន​អ៊ីស្រា‌អែល​តែងតែ​ច្រៀង​សរសើរ។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល តាម​រយៈ​ខ្ញុំ ព្រះអង្គ​ដាក់​ព្រះ‌បន្ទូល​នៅ​លើ​អណ្ដាត​ខ្ញុំ។ ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល ព្រះអង្គ​ដែល​ជា​ថ្ម‌ដា​ការ‌ពារ​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ ស្ដេច​ណា​គ្រប់‌គ្រង​ប្រជា‌ជន​ដោយ​សុចរិត គឺ​ស្ដេច​ដែល​គ្រប់‌គ្រង​ប្រជា‌ជន ដោយ​គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់ ស្ដេច​នោះ​ប្រៀប​ដូច​ជា​ពន្លឺ​ព្រះ‌អាទិត្យ​រះ​ឡើង នៅ​ពេល​ព្រឹក​ដែល​ផ្ទៃ​មេឃ​ស្រឡះ​ល្អ ពន្លឺ​នោះ​ធ្វើ​ឲ្យ​ស្មៅ​លាស់​ខៀវ​ខ្ចី ក្រោយ​ពេល​ភ្លៀង។ ព្រះ‌ជាម្ចាស់​ក៏​ប្រព្រឹត្ត​ចំពោះ​ពូជ‌ពង្ស​របស់​ខ្ញុំ យ៉ាង​នោះ​ដែរ ព្រោះ​ព្រះអង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ខ្ញុំ ជា​សម្ពន្ធ‌មេត្រី​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ជា​សម្ពន្ធ‌មេត្រី​ដែល​មាន​មាត្រា​ត្រឹម​ត្រូវ មិន​អាច​ប្រែ‌ប្រួល​ឡើយ។ មាន​តែ​ព្រះអង្គ​ទេ​ដែល​ប្រទាន​ជ័យ‌ជម្នះ​មក​ខ្ញុំ ព្រម​ទាំង​ប្រទាន​អ្វីៗ​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន។ រីឯ​មនុស្ស​ពាល​វិញ ប្រៀប​បាន​នឹង​បន្លា ដែល​គេ​បោះ​ចោល គឺ​មិន​ដែល​មាន​នរណា​យក​ដៃ​ពាល់​ឡើយ។ ជន​ដែល​ចង់​ពាល់​វា ត្រូវ​តែ​កាន់​តម្ពក់​ដែក ឬ​ដង​លំពែង ហើយ​ប្រមូល​ដុត​នៅ​នឹង​កន្លែង​នោះ​ទៅ។