២ សាំយូអែល 23:1-7 - Compare All Versions
២ សាំយូអែល 23:1-7 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
នេះជាបណ្ដាំចុងក្រោយរបស់ព្រះបាទដាវីឌ ជាពាក្យទំនាយរបស់ព្រះបាទដាវីឌ បុត្ររបស់លោកអ៊ីសាយ ជាពាក្យទំនាយរបស់មនុស្សដែលព្រះបានលើកតម្កើងយ៉ាងខ្ពស់ ជាអ្នកដែលព្រះរបស់លោកយ៉ាកុបបានចាក់ប្រេងតាំង ជាអ្នកតែងទំនុកយ៉ាងពីរោះក្នុងសាសន៍អ៊ីស្រាអែល ទ្រង់ថ្លែងថា៖ ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា បានមានព្រះបន្ទូលតាមរយៈខ្ញុំ ព្រះអង្គដាក់ព្រះបន្ទូលនៅលើអណ្ដាតខ្ញុំ។ ព្រះនៃសាសន៍អ៊ីស្រាអែលបានមានព្រះបន្ទូល គឺថ្មដានៃសាសន៍អ៊ីស្រាអែល បានមានព្រះបន្ទូលមកខ្ញុំថា អ្នកណាដែលគ្រប់គ្រងលើប្រជាជន ដោយសុចរិត ហើយគ្រប់គ្រងដោយកោតខ្លាចព្រះ អ្នកនោះប្រៀបដូចជាពន្លឺនៅពេលព្រលឹមស្រាង ពេលថ្ងៃកំពុងតែរះ ជាពេលព្រឹកមេឃស្រឡះ ដែលមានស្មៅពន្លកពីដីឡើង ដោយពន្លឺភ្លឺមកក្រោយពេលភ្លៀងធ្លាក់។ តើវង្សរបស់ខ្ញុំមិនមែនដូច្នេះ នៅចំពោះព្រះទេឬ? ដ្បិតព្រះអង្គបានតាំងសញ្ញានឹងខ្ញុំ ឲ្យនៅជាប់អស់កល្បជានិច្ច ជាសញ្ញាដែលមានរបៀបរៀបរយ ហើយពិតប្រាកដ។ តើមិនមែនព្រះអង្គ ដែលប្រទានឲ្យខ្ញុំបានចម្រើនឡើង ហើយជួយខ្ញុំឲ្យមានសេចក្ដីប៉ងប្រាថ្នាគ្រប់យ៉ាង? ប៉ុន្តែ ពួកមនុស្សអាក្រក់វិញ ប្រៀបដូចជាបន្លាដែលគេបោះចោល ព្រោះគេមិនអាចលូកដៃចាប់កាន់បានឡើយ។ អ្នកណាដែលប៉ះវា គឺត្រូវតែមានដែក និងដងលំពែងផង គេនឹងប្រមូលវាដុតឲ្យឆេះសុសនៅទីនោះ។
២ សាំយូអែល 23:1-7 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
នេះជាពាក្យបណ្ដាំចុងក្រោយបង្អស់ របស់ព្រះបាទដាវីឌ។ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងដោយព្រះបាទដាវីឌ ជាបុត្ររបស់លោកអ៊ីសាយ ជាមនុស្សដែលព្រះជាម្ចាស់លើកតម្កើង យ៉ាងខ្ពស់បំផុត ជាស្ដេចដែលព្រះរបស់លោកយ៉ាកុប បានចាក់ប្រេងអភិសេក ជាស្ដេចដែល ប្រជាជនអ៊ីស្រាអែលតែងតែច្រៀងសរសើរ។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់មានព្រះបន្ទូល តាមរយៈខ្ញុំ ព្រះអង្គដាក់ព្រះបន្ទូលនៅលើអណ្ដាតខ្ញុំ។ ព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូល ព្រះអង្គដែលជាថ្មដាការពារអ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលមកខ្ញុំថា៖ ស្ដេចណាគ្រប់គ្រងប្រជាជនដោយសុចរិត គឺស្ដេចដែលគ្រប់គ្រងប្រជាជន ដោយគោរពកោតខ្លាចព្រះជាម្ចាស់ ស្ដេចនោះប្រៀបដូចជាពន្លឺព្រះអាទិត្យរះឡើង នៅពេលព្រឹកដែលផ្ទៃមេឃស្រឡះល្អ ពន្លឺនោះធ្វើឲ្យស្មៅលាស់ខៀវខ្ចី ក្រោយពេលភ្លៀង។ ព្រះជាម្ចាស់ក៏ប្រព្រឹត្តចំពោះពូជពង្សរបស់ខ្ញុំ យ៉ាងនោះដែរ ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយខ្ញុំ ជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលមានមាត្រាត្រឹមត្រូវ មិនអាចប្រែប្រួលឡើយ។ មានតែព្រះអង្គទេដែលប្រទានជ័យជម្នះមកខ្ញុំ ព្រមទាំងប្រទានអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន។ រីឯមនុស្សពាលវិញ ប្រៀបបាននឹងបន្លា ដែលគេបោះចោល គឺមិនដែលមាននរណាយកដៃពាល់ឡើយ។ ជនដែលចង់ពាល់វា ត្រូវតែកាន់តម្ពក់ដែក ឬដងលំពែង ហើយប្រមូលដុតនៅនឹងកន្លែងនោះទៅ។
២ សាំយូអែល 23:1-7 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
រីឯព្រះបន្ទូលក្រោយបង្អស់របស់ដាវីឌ នោះគឺថា ដាវីឌជាបុត្រអ៊ីសាយ ទ្រង់មានបន្ទូល គឺជាមនុស្សដែលបានដំកើងឡើងជាខ្ពស់ ជាអ្នកដែលព្រះនៃយ៉ាកុបបានចាក់ប្រេងតាំងឲ្យ ជាអ្នកតែងទំនុកយ៉ាងពីរោះ ក្នុងសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានមានបន្ទូលដោយសារខ្ញុំ ព្រះបន្ទូលនៃទ្រង់នៅលើអណ្តាតខ្ញុំ ព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានមានបន្ទូល គឺថ្មដានៃសាសន៍អ៊ីស្រាអែលបានមានបន្ទូលមកខ្ញុំថា អ្នកណាដែលសោយរាជ្យលើប្រជាជន នោះត្រូវតែបានសុចរិត ហើយត្រូវសោយរាជ្យ ដោយសេចក្ដីកោតខ្លាចដល់ព្រះ អ្នកនោះនឹងបានដូចជាពន្លឺនៅពេលព្រលឹមស្រាង កាលថ្ងៃកំពុងតែរះ ជាពេលព្រឹកមេឃស្រឡះ ដែលមានស្មៅពន្លកពីដីឡើង ដោយពន្លឺភ្លឺមកក្រោយពេលភ្លៀងធ្លាក់ តើវង្សខ្ញុំមិនមែនដូច្នោះ នៅចំពោះព្រះទេឬអី ដ្បិតទ្រង់បានតាំងសេចក្ដីសញ្ញានឹងខ្ញុំឲ្យនៅជាប់អស់កល្បជានិច្ច ជាសេចក្ដីសញ្ញាដែលមានរបៀបរៀបរយ ហើយក៏ពិតប្រាកដ ឯសេចក្ដីសង្គ្រោះនឹងសេចក្ដីប៉ងប្រាថ្នាគ្រប់ជំពូករបស់ខ្ញុំ បានកើតអំពីនោះមក ទោះបើទ្រង់មិនទាន់ឲ្យដុះដាលឡើងក៏ដោយ តែបណ្តាពួកមនុស្សអាក្រក់សុទ្ធតែដូចបន្លាដែលគេចោល ពីព្រោះនឹងចាប់កាន់ដោយដៃមិនបាន មនុស្សណាដែលពាល់វា ត្រូវតែមានដែក ហើយដងលំពែងផង គេនឹងដុតវាឲ្យសុសនៅទីនោះឯង។