២ សាំយូអែល 1:17-27

២ សាំយូអែល 1:17-27 គខប

លោក​ដាវីឌ​បាន​លើក​ទំនុក​មួយ​បទ ដើម្បី​រំឭក​ដល់​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន​ជា​បុត្រ។ លោក​បាន​បញ្ជា​ឲ្យ​គេ​បង្រៀន​ទំនុក​នេះ​ដល់​អ្នក​ស្រុក​យូដា គឺ«ទំនុក​ធ្នូ» ដែល​មាន​កត់‌ត្រា​ទុក​ក្នុង​ក្រាំង «ជន​សុចរិត»។ អ៊ីស្រា‌អែល​អើយ! ហេតុ​អ្វី​បាន​ជា​វីរ‌ជន​របស់​អ្នក ត្រូវ​គេ​សម្លាប់​នៅ​លើ​កំពូល​ភ្នំ​យ៉ាង​នេះ? ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច ត្រូវ​បាត់​បង់​ជីវិត​ដូច្នេះ? មិន​ត្រូវ​ប្រកាស​ដំណឹង​នេះ​នៅ​ក្រុង​កាថ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ផ្សព្វ‌ផ្សាយ​ដំណឹង​នេះ នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​អាស‌កាឡូន​ដែរ ក្រែង​លោ​កូន​ស្រី​របស់​ជន‌ជាតិ​ភីលីស្ទីន នាំ​គ្នា​អរ​សប្បាយ ក្រែង​លោ​កូន​ស្រី​នៃ​សាសន៍​ដទៃ នាំ​គ្នា​ត្រេក​អរ។ ជួរ​ភ្នំ​គីល‌បោ​អើយ! សូម​កុំ​ឲ្យ​មាន​ទឹក​សន្សើម ឬ​ភ្លៀង​ធ្លាក់​មក​លើ​អ្នក​ឡើយ ហើយ​ក៏​កុំ​ឲ្យ​មាន​ចម្ការ​ដែល​ផ្ដល់ ភោគ‌ផល​ទៀត​ដែរ។ ដ្បិត​នៅ​ទី​នេះ​ហើយ​ដែល​សត្រូវ​បាន បន្ទាប​បន្ថោក​ខែល​របស់​វីរ‌បុរស​ដ៏​អង់‌អាច ហើយ​ខែល​របស់​ព្រះ‌បាទ​សូល ក៏​លែង​បាន​លាប​ប្រេង​ត​ទៅ​ទៀត​ដែរ។ ធ្នូ​របស់​សម្ដេច​យ៉ូណា‌ថាន​ឥត​រេ​ថយ​ឡើយ ហើយ​ដាវ​របស់​ព្រះ‌បាទ​សូល ក៏​មិន​ស៊ក​ចូល​ស្រោម​វិញ​ដែរ ដរាប​ណា​មិន​បាន​បង្ហូរ​ឈាម​សត្រូវ និង​សម្លាប់ ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ​ទេ​នោះ។ ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ និង​គោរព​រាប់​អាន ពេល​រស់ គឺ​រស់​ជា​មួយ​គ្នា ហើយ​ពេល​សោយ​ទិវង្គត ក៏​សោយ​ទិវង្គត​ជា​មួយ​គ្នា​ដែរ។ ទាំង​បិតា ទាំង​បុត្រា រហ័ស​ដូច​សត្វ​ឥន្ទ្រី ហើយ​ខ្លាំង​ដូច​សត្វ​សិង្ហ។ ឱ​កូន​ស្រី​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ! ចូរ​យំ​ស្រណោះ​ព្រះ‌បាទ​សូល​ទៅ ព្រោះ​ទ្រង់​តែង​ប្រទាន​ឲ្យ​ពួក​នាង មាន​សម្លៀក‌បំពាក់​ដ៏​រុងរឿង​ត្រចះ‌ត្រចង់ ព្រម​ទាំង​មាន​រំយោល​មាស​ទៀត​ផង។ ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច​ត្រូវ​ស្លាប់ ក្នុង​ពេល​ប្រយុទ្ធ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​សម្ដេច​យ៉ូណា‌ថាន ត្រូវ​ខ្មាំង​ចាក់​ទម្លុះ​នៅ​លើ​កំពូល​ភ្នំ​ដូច្នេះ? បង​យ៉ូណា‌ថាន​ជា​ទី​ស្រឡាញ់​បំផុត​អើយ ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា ដោយ‌សារ​បាត់​បង់​រូប​បង សេចក្ដី​ស្រឡាញ់​របស់​បង​វិសេស​បំផុត គឺ​ប្រសើរ​លើស​សេចក្ដី​ស្រឡាញ់ របស់​ស្រីៗ​ទៅ​ទៀត។ ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច ត្រូវ​ស្លាប់​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​គ្រឿង​សស្ត្រា‌វុធ ក៏​ត្រូវ​វិនាស​អន្តរាយ​អស់​ដូច្នេះ?