២ សាំយូអែល 1:17-27

២ សាំយូអែល 1:17-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដាវីឌ​បាន​លើក​បទ​ទំនួញ​មួយ​អំពី​ស្តេច​សូល និង​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់ (លោក​បាន​បង្គាប់​ឲ្យ​គេ​បង្រៀន​បទ​ចម្រៀង​អំពី​ធ្នូ នេះ​ដល់​ពួក​កូន​ចៅ​យូដា បទ​នេះ​សឹង​មាន​កត់​ទុក​នៅ​ក្នុង​សៀវភៅ​របស់​យ៉ា‌ស៊ើរ) ថា៖ ឱ​សាសន៍​អ៊ីស្រា‌អែល​អើយ សិរី‌ល្អ​របស់​ឯង​ត្រូវ​គេ​សម្លាប់ នៅ​លើ​ទី​ខ្ពស់​របស់​ឯង ម្តេច​បាន​ជា​ពួក​ខ្លាំង​ពូកែ​ដួល​ស្លាប់​ដូច្នេះ? កុំ​ថ្លែង​ប្រាប់​នៅ​ក្រុង​កាថ កុំ​ប្រកាស​ប្រាប់​តាម​ផ្លូវ នៅ​ក្នុង​ក្រុង​អាស‌កាឡូន​ឡើយ ក្រែង​ពួក​កូន​ស្រី​របស់​សាសន៍​ភីលី‌ស្ទីន បាន​រីក‌រាយ​សប្បាយ ហើយ​ក្រែង​កូន​ស្រី​របស់​ពួក​មិន​កាត់​ស្បែក​នោះ បាន​អរ​សាទរ។ ឱ​ភ្នំ​គីល‌បោ​អើយ កុំ​ឲ្យ​មាន​សន្សើម ឬ​ភ្លៀង​ធ្លាក់​មក​លើ​ឯង​ឡើយ ក៏​កុំ​ឲ្យ​មាន​ភោគ​ផល​ទៀត​ដែរ ដ្បិត​នៅ​ទី​នោះ ខែល​របស់​ពួក​ខ្លាំង​ពូកែ ត្រូវ​គេ​បន្ទាប​បន្ថោក គឺ​ខែល​របស់​ស្តេច​សូល ដែល​មិន​បាន​ចាក់​ប្រេង​តាំង ត​ទៅ​ទៀត​ឡើយ។ ធ្នូ​របស់​យ៉ូណា‌ថាន​មិន​រា​ថយ​ឡើយ បើ​មិន​បាន​បង្ហូរ​ឈាម ឬ​ខ្លាញ់​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ដាវ​របស់​ស្ដេច​សូល​ក៏​មិន​ដែល​ត្រឡប់​មក​វិញ ដោយ​ទទេ​ដែរ។ ស្ដេច​សូល និង​យ៉ូណា‌ថាន​គួរ​ឲ្យ​ស្រឡាញ់ និង​គួរ​រាប់អាន​ណាស់​កាល​នៅ​រស់ ហើយ​ពេល​ទ្រង់​សុគត​ទៅ​ក៏​មិន​ឃ្លាត​ពី​គ្នា​ដែរ ទ្រង់​រហ័ស​ជាង​សត្វ​ឥន្ទ្រី ហើយ​ខ្លាំង​ជាង​សត្វ​សិង្ហ។ ឱ​ពួក​កូន​ស្រី​សាសន៍​អ៊ីស្រា‌អែល​អើយ ចូរ​យំ​សោក​នឹង​ស្ដេច​សូល ដែល​ទ្រង់​បាន​ចាត់​ចែង​ឲ្យ​ឯង​ស្លៀក‌ពាក់ សំពត់​ក្រហម​យ៉ាង​រុងរឿង ហើយ​តែង​សម្លៀក‌បំពាក់​ឲ្យ​ឯង ដោយ​គ្រឿង​មាស។ ម្តេច​ក៏​អ្នក​ខ្លាំង​ពូកែ​ត្រូវ​ដួល​ស្លាប់ នៅ​ក្នុង​ចម្បាំង​ដូច្នេះ យ៉ូណា‌ថាន​ត្រូវ​គេ​សម្លាប់ នៅ​លើ​ទី​ខ្ពស់​របស់​ឯង។ ឱ​យ៉ូណា‌ថាន បង​អើយ ខ្ញុំ​ឈឺ​ចាប់​ណាស់ បង​ជា​ទី​ពេញ​ចិត្ត​របស់​ខ្ញុំ បង​ស្រឡាញ់​ដល់​ខ្ញុំ​ខ្លាំង​ណាស់ លើស​ជាង​សេចក្ដី​ស្រឡាញ់ របស់​ស្រីៗ​ទៅ​ទៀត។ ម្តេច​ក៏​ពួក​ខ្លាំង​ពូកែ​ត្រូវ​ដួល​ស្លាប់ និង​អស់​ទាំង​គ្រឿង​សស្ត្រាវុធ ត្រូវ​វិនាស​ដូច្នេះ?

ចែក​រំលែក
អាន ២ សាំយូអែល 1

២ សាំយូអែល 1:17-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ដាវីឌ​បាន​លើក​ទំនុក​មួយ​បទ ដើម្បី​រំឭក​ដល់​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន​ជា​បុត្រ។ លោក​បាន​បញ្ជា​ឲ្យ​គេ​បង្រៀន​ទំនុក​នេះ​ដល់​អ្នក​ស្រុក​យូដា គឺ«ទំនុក​ធ្នូ» ដែល​មាន​កត់‌ត្រា​ទុក​ក្នុង​ក្រាំង «ជន​សុចរិត»។ អ៊ីស្រា‌អែល​អើយ! ហេតុ​អ្វី​បាន​ជា​វីរ‌ជន​របស់​អ្នក ត្រូវ​គេ​សម្លាប់​នៅ​លើ​កំពូល​ភ្នំ​យ៉ាង​នេះ? ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច ត្រូវ​បាត់​បង់​ជីវិត​ដូច្នេះ? មិន​ត្រូវ​ប្រកាស​ដំណឹង​នេះ​នៅ​ក្រុង​កាថ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ផ្សព្វ‌ផ្សាយ​ដំណឹង​នេះ នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​អាស‌កាឡូន​ដែរ ក្រែង​លោ​កូន​ស្រី​របស់​ជន‌ជាតិ​ភីលីស្ទីន នាំ​គ្នា​អរ​សប្បាយ ក្រែង​លោ​កូន​ស្រី​នៃ​សាសន៍​ដទៃ នាំ​គ្នា​ត្រេក​អរ។ ជួរ​ភ្នំ​គីល‌បោ​អើយ! សូម​កុំ​ឲ្យ​មាន​ទឹក​សន្សើម ឬ​ភ្លៀង​ធ្លាក់​មក​លើ​អ្នក​ឡើយ ហើយ​ក៏​កុំ​ឲ្យ​មាន​ចម្ការ​ដែល​ផ្ដល់ ភោគ‌ផល​ទៀត​ដែរ។ ដ្បិត​នៅ​ទី​នេះ​ហើយ​ដែល​សត្រូវ​បាន បន្ទាប​បន្ថោក​ខែល​របស់​វីរ‌បុរស​ដ៏​អង់‌អាច ហើយ​ខែល​របស់​ព្រះ‌បាទ​សូល ក៏​លែង​បាន​លាប​ប្រេង​ត​ទៅ​ទៀត​ដែរ។ ធ្នូ​របស់​សម្ដេច​យ៉ូណា‌ថាន​ឥត​រេ​ថយ​ឡើយ ហើយ​ដាវ​របស់​ព្រះ‌បាទ​សូល ក៏​មិន​ស៊ក​ចូល​ស្រោម​វិញ​ដែរ ដរាប​ណា​មិន​បាន​បង្ហូរ​ឈាម​សត្រូវ និង​សម្លាប់ ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ​ទេ​នោះ។ ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ និង​គោរព​រាប់​អាន ពេល​រស់ គឺ​រស់​ជា​មួយ​គ្នា ហើយ​ពេល​សោយ​ទិវង្គត ក៏​សោយ​ទិវង្គត​ជា​មួយ​គ្នា​ដែរ។ ទាំង​បិតា ទាំង​បុត្រា រហ័ស​ដូច​សត្វ​ឥន្ទ្រី ហើយ​ខ្លាំង​ដូច​សត្វ​សិង្ហ។ ឱ​កូន​ស្រី​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ! ចូរ​យំ​ស្រណោះ​ព្រះ‌បាទ​សូល​ទៅ ព្រោះ​ទ្រង់​តែង​ប្រទាន​ឲ្យ​ពួក​នាង មាន​សម្លៀក‌បំពាក់​ដ៏​រុងរឿង​ត្រចះ‌ត្រចង់ ព្រម​ទាំង​មាន​រំយោល​មាស​ទៀត​ផង។ ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច​ត្រូវ​ស្លាប់ ក្នុង​ពេល​ប្រយុទ្ធ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​សម្ដេច​យ៉ូណា‌ថាន ត្រូវ​ខ្មាំង​ចាក់​ទម្លុះ​នៅ​លើ​កំពូល​ភ្នំ​ដូច្នេះ? បង​យ៉ូណា‌ថាន​ជា​ទី​ស្រឡាញ់​បំផុត​អើយ ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា ដោយ‌សារ​បាត់​បង់​រូប​បង សេចក្ដី​ស្រឡាញ់​របស់​បង​វិសេស​បំផុត គឺ​ប្រសើរ​លើស​សេចក្ដី​ស្រឡាញ់ របស់​ស្រីៗ​ទៅ​ទៀត។ ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច ត្រូវ​ស្លាប់​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​គ្រឿង​សស្ត្រា‌វុធ ក៏​ត្រូវ​វិនាស​អន្តរាយ​អស់​ដូច្នេះ?

ចែក​រំលែក
អាន ២ សាំយូអែល 1

២ សាំយូអែល 1:17-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​បទ​ទំនួញ ដែល​ដាវីឌ​បាន​លើក​និពន្ធ​ទុក​ពី​ដំណើរ​សូល នឹង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់ លោក​ក៏​បង្គាប់​ឲ្យ​គេ​បង្រៀន​បទ​ចំរៀង​ពី​ធ្នូ​នេះ ដល់​ពួក​កូន​ចៅ​យូដា ឯ​បទ​នេះ​សឹង​មាន​កត់​ទុក នៅ​ក្នុង​សៀវភៅ​របស់​យ៉ាស៊ើរ ថា ឱ​សាសន៍​អ៊ីស្រាអែល​អើយ អ្នក​ដ៏​ជា​សិរី‌ល្អ​នៃ​ឯង បាន​ត្រូវ​គេ​សំឡាប់​នៅ​លើ​ទី​ខ្ពស់​របស់​ឯង ឱះ‌ឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​ហើយ កុំ​ឲ្យ​ថ្លែង​ប្រាប់​នៅ​ក្រុង​កាថ ក៏​កុំ​ឲ្យ​ប្រកាស​ប្រាប់ តាម​ផ្លូវ​នៅ​ក្នុង​ក្រុង​អាស‌កា‌ឡូន​ឡើយ ក្រែង​ពួក​កូន​ស្រី​នៃ​សាសន៍​ភីលីស្ទីន​គេ​រីក‌រាយ​សប្បាយ ហើយ​ក្រែង​កូន​ស្រី​នៃ​ពួក​មិន​កាត់​ស្បែក​នោះ បាន​អរ​សាទរ ឱ​ភ្នំ​គីលបោ​អើយ កុំ​ឲ្យ​មាន​សន្សើម ឬ​ភ្លៀង​ធ្លាក់​មក​លើ​ឯង​ឡើយ ក៏​កុំ​ឲ្យ​មាន​ស្រែ​ពេញ​ដោយ​ដង្វាយ​ទៀត​ដែរ ដ្បិត​នៅ​ទី​នោះខែល​នៃ​ពួក​ខ្លាំង​ពូកែ​បាន​ត្រូវ​បង្អាប់ គឺ​ជា​ខែល​របស់​សូល ទុក​ដូច​ជា​មិន​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ឡើយ​សោះ ឯ​ធ្នូ​របស់​យ៉ូណា‌ថាន នោះ​មិន​បាន​ថយ​ចេញ​ពី​ឈាម​នៃ​មនុស្ស​របួស ឬ​ពី​ខ្លាញ់​របស់​មនុស្ស​ខ្លាំង​ពូកែ​ឡើយ ដាវ​របស់​សូល​ក៏​មិន​បាន​មក​វិញ​ទទេ​ដែរ សូលនឹង​យ៉ូណា‌ថាន ជា​ទី​គួរ​ស្រឡាញ់ គួរ​រីក‌រាយ​ណាស់​ពី​កាល​នៅ​រស់ ហើយ​កាល​ទ្រង់​សុគត នោះ​ក៏​មិន​ឃ្លាត​ពី​គ្នា​ដែរ ទ្រង់​រហ័ស​ជាង​សត្វ​ឥន្ទ្រី ហើយ​ខ្លាំង​ជាង​សត្វ​សិង្ហ ឱ​ពួក​កូន​ស្រី​នៃ​សាសន៍​អ៊ីស្រាអែល​អើយ ចូរ​យំ​សោក​នឹង​សូល ដែល​ទ្រង់​បាន​ចាត់‌ចែង ឲ្យ​ឯង​ស្លៀក‌ពាក់ ដោយ​សំពត់​ក្រហម​យ៉ាង​រុងរឿង ហើយ​តែង​សំលៀក‌បំពាក់​ឲ្យ​ឯង​ដោយ​គ្រឿង​មាស ឱះ​ឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​នៅ​កណ្តាល​ចំបាំង​ហើយ យ៉ូណា‌ថាន​ត្រូវ​គេ​សំឡាប់​នៅ​លើ​ទី​ខ្ពស់​របស់​ឯង ឱ​យ៉ូណា‌ថាន បង​អើយ ខ្ញុំ​មាន​សេចក្ដី​ទុក្ខ​ចំពោះ​បង ដោយ​ព្រោះ​បង​ជា​ទី​ពេញ​ចិត្ត​ដល់​ខ្ញុំ​ណាស់ ហើយ​ដែល​បង​ស្រឡាញ់​ដល់​ខ្ញុំ នោះ​ជា​ទី​អស្ចារ្យ ក៏​លើស​ជាង​សេចក្ដី​ស្រឡាញ់​របស់​ស្រីៗ​ផង ឱះ​ឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​ហើយ អស់​ទាំង​គ្រឿង​ចំបាំង​ក៏​បាន​វិនាស​អស់​ទៅ។

ចែក​រំលែក
អាន ២ សាំយូអែល 1