ក្នុងពេលស្ដេចស្រុកស៊ីរីកំពុងតែធ្វើសង្គ្រាមជាមួយជនជាតិអ៊ីស្រាអែល ទ្រង់កោះហៅពួកមេទ័ពមករួមប្រជុំពិភាក្សាគ្នា រួចមានរាជឱង្ការថា៖ «យើងនឹងបោះទ័ពនៅកន្លែងមួយនោះ»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ ចាត់គេឲ្យទៅទូលស្ដេចស្រុកអ៊ីស្រាអែលថា៖ «សូមព្រះករុណាប្រុងប្រយ័ត្ន កុំយាងកាត់តាមកន្លែងមួយនោះឲ្យសោះ ដ្បិតកងទ័ពស៊ីរីចុះមកតាមនោះហើយ!»។ ស្ដេចស្រុកអ៊ីស្រាអែលចាត់មនុស្សឲ្យទៅស៊ើបការណ៍ នៅកន្លែង ដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ប្រាប់។ ហេតុការណ៍កើតមានជាច្រើនលើកច្រើនសា ដូចពាក្យលោកអេលីសេទូលស្ដេចឲ្យប្រុងប្រយ័ត្នជាមុន។ ស្ដេចស្រុកស៊ីរីមានព្រះហឫទ័យខ្វល់ខ្វាយជាខ្លាំងចំពោះហេតុការណ៍នេះ ទ្រង់កោះហៅពួកមេទ័ពមក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអស់លោកមិនប្រាប់ឲ្យខ្ញុំដឹងថា ក្នុងចំណោមពួកយើង មានម្នាក់ចូលដៃជាមួយស្ដេចស្រុកអ៊ីស្រាអែល?»។ មានមេទ័ពម្នាក់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! គ្មាននរណាក្បត់ទេ! ប៉ុន្តែ អ្វីៗដែលព្រះករុណាមានរាជឱង្ការក្នុងក្រឡាបន្ទំ ព្យាការីអេលីសេនៅស្រុកអ៊ីស្រាអែល យកទៅទូលស្ដេចស្រុកអ៊ីស្រាអែលទាំងអស់»។ ស្ដេចស្រុកស៊ីរីមានរាជឱង្ការថា៖ «ចូរទៅរកមើលកន្លែងដែលគាត់នៅ យើងនឹងចាត់មនុស្សឲ្យទៅចាប់!»។ គេទូលស្ដេចថា៖ «លោកនៅក្រុងដូថាន់»។ ស្ដេចស្រុកស៊ីរីចាត់ពលទាហានយ៉ាងច្រើន មានទាំងពលសេះ និងរទេះចម្បាំងផង។ កងទ័ពស៊ីរីទៅដល់ក្នុងពេលយប់នោះ ហើយឡោមព័ទ្ធទីក្រុង។ លុះព្រឹកឡើង អ្នកបម្រើរបស់អ្នកជំនិតព្រះជាម្ចាស់បានភ្ញាក់ពីព្រលឹម ចេញមកក្រៅ ឃើញមានពលទាហាន មានទ័ពសេះ និងរទេះចម្បាំងឡោមព័ទ្ធទីក្រុង។ អ្នកបម្រើនោះជម្រាបអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «លោកម្ចាស់អើយ! តើយើងត្រូវធ្វើដូចម្ដេច?»។ លោកឆ្លើយថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតអ្នកដែលនៅខាងយើង មានគ្នាច្រើនជាងពួកគេទៅទៀត»។ លោកអេលីសេអធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! សូមមេត្តាបើកភ្នែកគេឲ្យមើលឃើញផង!»។ ព្រះអម្ចាស់បើកភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលឃើញ នៅលើភ្នំ មានសុទ្ធតែទ័ពសេះ និងរទេះចម្បាំងជាភ្លើង ជុំវិញលោកអេលីសេ។ ពលទាហានស៊ីរីចុះតម្រង់មករកលោកអេលីសេ លោកអធិស្ឋានព្រះអម្ចាស់ថា៖ «សូមព្រះអង្គមេត្តាធ្វើឲ្យពួកគេស្រវាំងភ្នែកទៅ!»។ ព្រះអម្ចាស់ក៏ធ្វើឲ្យទាហានស៊ីរីស្រវាំងភ្នែក តាមពាក្យសុំរបស់លោកអេលីសេ។
អាន ២ ពង្សាវតារក្សត្រ 6
ស្ដាប់នូវ ២ ពង្សាវតារក្សត្រ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ពង្សាវតារក្សត្រ 6:8-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ