២ ពង្សាវតារក្សត្រ 6:8-18 - Compare All Versions
២ ពង្សាវតារក្សត្រ 6:8-18 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ក្នុងពេលដែលស្តេចស្រុកស៊ីរីកំពុងតែច្បាំងនឹងសាសន៍អ៊ីស្រាអែល ក៏ហៅពួកអ្នកជំនិតទ្រង់មកពិគ្រោះគ្នា រួចបង្គាប់ថា៖ «យើងនឹងបោះទ័ពនៅកន្លែងមួយនោះ»។ ដូច្នេះ អ្នកសំណព្វរបស់ព្រះចាត់គេឲ្យទៅទូលដល់ស្តេចអ៊ីស្រាអែលថា៖ «សូមទ្រង់ប្រយ័ត្ន កុំយាងទៅតាមទីមួយនោះឡើយ ដ្បិតពួកស៊ីរីគេចុះមកតាមផ្លូវនោះហើយ»។ ស្តេចអ៊ីស្រាអែលក៏ចាត់គេ ឲ្យទៅកន្លែងដែលអ្នកសំណព្វរបស់ព្រះបានប្រាប់ឲ្យប្រយ័ត្ននោះ ទ្រង់ក៏បានរួចពីសេចក្ដីអន្តរាយនៅទីនោះ មិនមែនតែម្តង ឬពីរដងប៉ុណ្ណោះទេ។ ឯស្តេចស្រុកស៊ីរីមានព្រះហឫទ័យវល់អំពីដំណើរនោះ ក៏ហៅពួកអ្នកជំនិតមកសួរថា៖ «តើអ្នករាល់គ្នាមិនព្រមប្រាប់ឲ្យយើងដឹងជាអ្នកណាក្នុងពួកយើង ដែលកាន់ខាងស្តេចអ៊ីស្រាអែលទេឬ?» អ្នកជំនិតទ្រង់ម្នាក់ទូលតបថា៖ «បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ឥតមានអ្នកណាឡើយ គឺអេលីសេ ជាហោរាដែលនៅស្រុកអ៊ីស្រាអែល គាត់នាំយកអស់ទាំងព្រះបន្ទូល ដែលទ្រង់មានព្រះបន្ទូល នៅក្នុងក្រឡាព្រះបន្ទំរបស់ព្រះអង្គ ទៅប្រាប់ដល់ស្តេចអ៊ីស្រាអែល»។ រួចទ្រង់បង្គាប់ថា៖ «ចូរទៅសង្កេតមើលកន្លែងណាដែលគាត់នៅ ដើម្បីឲ្យយើងបានចាត់គេឲ្យទៅចាប់មក»។ មានគេទូលទ្រង់ថា៖ «គាត់នៅឯក្រុងដូថាន់»។ ដូច្នេះ ទ្រង់ក៏ចាត់ពលសេះ រទេះចម្បាំង និងពួកទ័ពសន្ធឹកឲ្យចេញទៅ គេក៏ទៅឡោមព័ទ្ធទីក្រុងនោះទាំងយប់។ ពេលអ្នកបម្រើនៃអ្នកសំណព្វរបស់ព្រះបានក្រោកពីព្រលឹម ចេញទៅក្រៅ ឃើញមានពលទ័ពដែលមានទាំងសេះ និងរទេះចម្បាំងនៅព័ទ្ធជុំវិញទីក្រុង រួចអ្នកបម្រើជម្រាបលោកថា៖ «វរហើយ ចៅហ្វាយខ្ញុំអើយ តើយើងនឹងធ្វើដូចម្តេច?» លោកឆ្លើយតបថា៖ «កុំខ្លាចអី ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត»។ ពេលនោះ អេលីសេក៏អធិស្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកគេបានមើលឃើញ» ព្រះយេហូវ៉ាក៏ប្រោសភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ និងរទេះចម្បាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ។ កាលពួកស៊ីរី បានចុះមកដល់អេលីសេហើយ នោះលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា៖ «សូមព្រះអង្គវាយពួកស៊ីរីនេះ ឲ្យភ្នែកគេស្រវាំងទៅ» ដូច្នេះ ទ្រង់ក៏ធ្វើឲ្យភ្នែកគេស្រវាំងតាមពាក្យអេលីសេ
២ ពង្សាវតារក្សត្រ 6:8-18 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ក្នុងពេលស្ដេចស្រុកស៊ីរីកំពុងតែធ្វើសង្គ្រាមជាមួយជនជាតិអ៊ីស្រាអែល ទ្រង់កោះហៅពួកមេទ័ពមករួមប្រជុំពិភាក្សាគ្នា រួចមានរាជឱង្ការថា៖ «យើងនឹងបោះទ័ពនៅកន្លែងមួយនោះ»។ អ្នកជំនិតរបស់ព្រះជាម្ចាស់ ចាត់គេឲ្យទៅទូលស្ដេចស្រុកអ៊ីស្រាអែលថា៖ «សូមព្រះករុណាប្រុងប្រយ័ត្ន កុំយាងកាត់តាមកន្លែងមួយនោះឲ្យសោះ ដ្បិតកងទ័ពស៊ីរីចុះមកតាមនោះហើយ!»។ ស្ដេចស្រុកអ៊ីស្រាអែលចាត់មនុស្សឲ្យទៅស៊ើបការណ៍ នៅកន្លែង ដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ប្រាប់។ ហេតុការណ៍កើតមានជាច្រើនលើកច្រើនសា ដូចពាក្យលោកអេលីសេទូលស្ដេចឲ្យប្រុងប្រយ័ត្នជាមុន។ ស្ដេចស្រុកស៊ីរីមានព្រះហឫទ័យខ្វល់ខ្វាយជាខ្លាំងចំពោះហេតុការណ៍នេះ ទ្រង់កោះហៅពួកមេទ័ពមក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអស់លោកមិនប្រាប់ឲ្យខ្ញុំដឹងថា ក្នុងចំណោមពួកយើង មានម្នាក់ចូលដៃជាមួយស្ដេចស្រុកអ៊ីស្រាអែល?»។ មានមេទ័ពម្នាក់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! គ្មាននរណាក្បត់ទេ! ប៉ុន្តែ អ្វីៗដែលព្រះករុណាមានរាជឱង្ការក្នុងក្រឡាបន្ទំ ព្យាការីអេលីសេនៅស្រុកអ៊ីស្រាអែល យកទៅទូលស្ដេចស្រុកអ៊ីស្រាអែលទាំងអស់»។ ស្ដេចស្រុកស៊ីរីមានរាជឱង្ការថា៖ «ចូរទៅរកមើលកន្លែងដែលគាត់នៅ យើងនឹងចាត់មនុស្សឲ្យទៅចាប់!»។ គេទូលស្ដេចថា៖ «លោកនៅក្រុងដូថាន់»។ ស្ដេចស្រុកស៊ីរីចាត់ពលទាហានយ៉ាងច្រើន មានទាំងពលសេះ និងរទេះចម្បាំងផង។ កងទ័ពស៊ីរីទៅដល់ក្នុងពេលយប់នោះ ហើយឡោមព័ទ្ធទីក្រុង។ លុះព្រឹកឡើង អ្នកបម្រើរបស់អ្នកជំនិតព្រះជាម្ចាស់បានភ្ញាក់ពីព្រលឹម ចេញមកក្រៅ ឃើញមានពលទាហាន មានទ័ពសេះ និងរទេះចម្បាំងឡោមព័ទ្ធទីក្រុង។ អ្នកបម្រើនោះជម្រាបអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «លោកម្ចាស់អើយ! តើយើងត្រូវធ្វើដូចម្ដេច?»។ លោកឆ្លើយថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតអ្នកដែលនៅខាងយើង មានគ្នាច្រើនជាងពួកគេទៅទៀត»។ លោកអេលីសេអធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! សូមមេត្តាបើកភ្នែកគេឲ្យមើលឃើញផង!»។ ព្រះអម្ចាស់បើកភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលឃើញ នៅលើភ្នំ មានសុទ្ធតែទ័ពសេះ និងរទេះចម្បាំងជាភ្លើង ជុំវិញលោកអេលីសេ។ ពលទាហានស៊ីរីចុះតម្រង់មករកលោកអេលីសេ លោកអធិស្ឋានព្រះអម្ចាស់ថា៖ «សូមព្រះអង្គមេត្តាធ្វើឲ្យពួកគេស្រវាំងភ្នែកទៅ!»។ ព្រះអម្ចាស់ក៏ធ្វើឲ្យទាហានស៊ីរីស្រវាំងភ្នែក តាមពាក្យសុំរបស់លោកអេលីសេ។
២ ពង្សាវតារក្សត្រ 6:8-18 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
រីឯស្តេចស្រុកស៊ីរី ទ្រង់កំពុងតែច្បាំងនឹងសាសន៍អ៊ីស្រាអែល ក៏ហៅពួកអ្នកជំនិតទ្រង់មកពិគ្រោះគ្នា រួចបង្គាប់ថា យើងនឹងបោះទ័ពនៅទីណាមួយនោះ ដូច្នេះ អ្នកសំណប់របស់ព្រះ លោកចាត់គេឲ្យទៅទូលដល់ស្តេចអ៊ីស្រាអែលថា សូមទ្រង់ប្រយ័ត កុំយាងទៅតាមទី១នោះឡើយ ដ្បិតពួកស៊ីរីគេចុះមកតាមផ្លូវនោះហើយ ស្តេចអ៊ីស្រាអែលក៏ចាត់គេ ឲ្យទៅឯកន្លែងណាដែលអ្នកសំណប់របស់ព្រះបានប្រាប់ឲ្យប្រយ័តនោះ ទ្រង់ក៏បានរួចពីសេចក្ដីអន្តរាយនៅទីទាំងនោះ មិនមែនតែម្តង ឬពីរដងប៉ុណ្ណោះទេ ឯស្តេចស្រុកស៊ីរី ទ្រង់មានព្រះទ័យវល់អំពីដំណើរនោះ ក៏ហៅពួកអ្នកជំនិតមកសួរថា តើអ្នករាល់គ្នាមិនព្រមប្រាប់ឲ្យយើងដឹងជាអ្នកណាក្នុងពួកយើង ដែលកាន់ខាងស្តេចអ៊ីស្រាអែលទេឬ នោះអ្នកជំនិតទ្រង់ម្នាក់ទូលតបថា បពិត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ឥតមានអ្នកណាឡើយ គឺជាអេលីសេ ជាហោរា ដែលនៅស្រុកអ៊ីស្រាអែលវិញ គាត់នាំយកអស់ទាំងព្រះបន្ទូល ដែលទ្រង់មានបន្ទូល នៅក្នុងក្រឡាព្រះបន្ទំរបស់ទ្រង់ ទៅប្រាប់ដល់ស្តេចអ៊ីស្រាអែល រួចទ្រង់បង្គាប់ថា ចូរទៅសង្កេតមើលកន្លែងណាដែលវានៅ ដើម្បីឲ្យអញបានចាត់គេឲ្យទៅចាប់នាំមក នោះមានគេទូលទ្រង់ថា មើល គាត់នៅឯក្រុងដូថាន់។ ដូច្នេះ ទ្រង់ក៏ចាត់ពលសេះ រទេះចំបាំង នឹងពួកទ័ពសន្ធឹកឲ្យចេញទៅ គេក៏ទៅឡោមព័ទ្ធទីក្រុងនោះទាំងយប់ ឯអ្នកបំរើនៃអ្នកសំណប់របស់ព្រះ កាលបានក្រោកពីព្រលឹមចេញទៅក្រៅ នោះឃើញមានពលទ័ពដែលមានទាំងសេះ នឹងរទេះចំបាំង នៅព័ទ្ធជុំវិញទីក្រុង រួចអ្នកបំរើជំរាបលោកថា វរហើយ ចៅហ្វាយខ្ញុំអើយ តើយើងនឹងធ្វើដូចម្តេច លោកឆ្លើយតបថា កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត នោះអេលីសេក៏អធិស្ឋានថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់ប្រោសឲ្យភ្នែកវាបានមើលឃើញ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសភ្នែកអ្នកបំរើនោះ ហើយវាក៏មើលទៅឃើញភ្នំនោះ មានពេញដោយពលសេះ នឹងរទេះចំបាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ កាលបានចុះមកដល់អេលីសេហើយ នោះលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា សូមព្រះអង្គវាយពួកស៊ីរីនេះ ឲ្យភ្នែកគេត្រូវថ្ពឹនទៅ ដូច្នេះ ទ្រង់ក៏ធ្វើឲ្យភ្នែកគេ ត្រូវថ្ពឹនតាមពាក្យអេលីសេ