ស្ដេចបានទទួលលិខិតមួយច្បាប់ពីព្យាការីអេលីយ៉ា ដែលមានសេចក្ដីដូចតទៅ “ព្រះអម្ចាស់ ជាព្រះរបស់ព្រះបាទដាវីឌ ជាអយ្យកោរបស់ព្រះករុណាមានព្រះបន្ទូលថា ព្រះករុណាពុំបានដើរតាមមាគ៌ារបស់ព្រះបាទយ៉ូសាផាត ជាបិតារបស់ព្រះករុណាទេ ហើយព្រះករុណាក៏មិនដើរតាមមាគ៌ារបស់ព្រះបាទអេសា ជាស្ដេចស្រុកយូដាដែរ។ ផ្ទុយទៅវិញ ព្រះករុណាដើរតាមផ្លូវរបស់ស្ដេចទាំងឡាយនៃស្រុកអ៊ីស្រាអែល ព្រះករុណាទាក់ទាញអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យគោរពព្រះដទៃ ដូចរាជវង្សរបស់ស្ដេចអហាប់បានប្រព្រឹត្ត ហើយព្រះករុណាបានសម្លាប់ប្អូនបង្កើតរបស់ព្រះករុណា ដែលសុទ្ធតែជាមនុស្សប្រសើរជាងព្រះករុណាដែរ។ ហេតុនេះព្រះអម្ចាស់នឹងប្រហារប្រជារាស្ត្រ ព្រមទាំងបុត្រា មហេសី និងទ្រព្យសម្បត្តិរបស់ព្រះករុណា ដោយគ្រោះកាចដ៏សាហាវ។ រីឯព្រះករុណាវិញ ព្រះជាម្ចាស់នឹងធ្វើឲ្យព្រះករុណាមានជំងឺជាទម្ងន់ គឺព្រះករុណានឹងមានរោគពោះវៀន ដែលបណ្ដាលឲ្យព្រះករុណាឈឺចាប់កាន់តែខ្លាំងឡើងៗ ជារៀងរាល់ថ្ងៃ រហូតដល់ពោះវៀនធ្លាយចេញមក”។ ព្រះអម្ចាស់បានជំរុញជនជាតិភីលីស្ទីន និងជនជាតិអារ៉ាប់ ដែលរស់នៅក្បែរជនជាតិអេត្យូពី ឲ្យមានគំនិតប្រឆាំងនឹងព្រះបាទយ៉ូរ៉ាម។ អ្នកទាំងនោះលើកគ្នាចូលមករាតត្បាតស្រុកយូដា និងរឹបអូសយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលមាននៅក្នុងវាំងស្ដេច ព្រមទាំងចាប់បុត្រ និងមហេសីរបស់ស្ដេច នាំយកទៅជាមួយផង គឺនៅសល់តែសម្ដេចអហាស៊ីយ៉ាមួយអង្គគត់ ដែលក្មេងជាងគេ។ បន្ទាប់មក ព្រះអម្ចាស់ប្រហារស្ដេចដោយជំងឺពោះវៀន ដែលពុំអាចព្យាបាលឲ្យជាបានឡើយ។ ជំងឺនោះកាន់តែធ្ងន់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃនោះ។ ប្រមាណជាពីរឆ្នាំក្រោយមក ពោះវៀនរបស់ស្ដេចយ៉ូរ៉ាមក៏ធ្លាយចេញពីរូបកាយ ហើយស្ដេចសោយទិវង្គត ដោយឈឺចាប់បំផុត។ ប្រជាជនពុំបានធ្វើពិធីថ្វាយព្រះភ្លើងចំពោះស្ដេច ដូចគេបានធ្វើចំពោះអយ្យកោរបស់ស្ដេចឡើយ។ ព្រះបាទយ៉ូរ៉ាមឡើងសោយរាជ្យ នៅពេលមានជន្មាយុសាមសិបពីរព្រះវស្សា។ ស្ដេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។ ពេលស្ដេចសោយទិវង្គត គ្មាននរណាសោកស្ដាយទេ។ គេបញ្ចុះសពនៅបុរីព្រះបាទដាវីឌ តែមិនតម្កល់នៅក្នុងផ្នូរដែលគេបម្រុងទុកសម្រាប់ព្រះមហាក្សត្រឡើយ។
អាន ២ របាក្សត្រ 21
ស្ដាប់នូវ ២ របាក្សត្រ 21
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ របាក្សត្រ 21:12-20
17 ថ្ងៃ
នៅក្នុង អូឌីយ៉ូ សិក្សា ២១យើងទទួលបានទស្សនៈផ្សេងគ្នាលើរឿងដែលយើងបានឮអំពីស្តេច និងហោរារបស់អ៊ីស្រាអែលពីមុន។ ការធ្វើដំណើរប្រចាំថ្ងៃតាមរបាក្សត្រ 2 កាលដែលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ