២ របាក្សត្រ 21:12-20

២ របាក្សត្រ 21:12-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​សំបុត្រ​មួយ​មក​ពី​ហោរា​អេលីយ៉ា​ដល់​ទ្រង់​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ដាវីឌ បិតា​ទ្រង់ បាន​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ទ្រង់​មិន​បាន​ដើរ​តាម​ផ្លូវ​របស់​ព្រះបាទ​យេ‌ហូសា‌ផាត ជា​បិតា​ទ្រង់ និង​ផ្លូវ​របស់​ព្រះបាទ​អេសា ជា​ស្តេច​យូដា គឺ​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​វិញ ព្រម​ទាំង​បណ្ដាល​ឲ្យ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ផិត​ព្រះ ដូច​ជា​ពួក​វង្ស​របស់​ព្រះបាទ​អ័ហាប់​ដែរ ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​សម្លាប់​កនិដ្ឋា​ទាំង​ប៉ុន្មាន ជា​ព្រះ‌វង្ស​របស់​បិតា​ទ្រង់ ដែល​សុទ្ធ​តែ​ល្អ​ជាង​ទ្រង់​ផង នោះ​មើល៍ ព្រះ‌យេហូវ៉ា​នឹង​វាយ​ប្រជា‌រាស្ត្រ​ទ្រង់ ដោយ​សេចក្ដី​វេទនា​ជា​ខ្លាំង ព្រម​ទាំង​ពួក​បុត្រ និង​ភរិយា​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​របស់​ទ្រព្យ​ទ្រង់​ផង រីឯ​ព្រះករុណា​វិញ នឹង​កើត​មាន​ជំងឺ​ក្នុង​ពោះ‌វៀន​ជា​ទម្ងន់ ឈឺ​រាល់​ថ្ងៃ រហូត​ដល់​ពោះ‌វៀន​ធ្លាក់​ចេញ​មក​ដោយ‌សារ​ជំងឺ​នោះ»។ ព្រះ‌យេហូវ៉ា​ក៏​បណ្ដាល​ចិត្ត​ពួក​ភីលី‌ស្ទីន និង​ពួក​អារ៉ាប់ ដែល​នៅ​ជិត​សាសន៍​អេធី‌អូពី ឲ្យ​គេ​កម្រើក​ឡើង​ទាស់​នឹង​ព្រះបាទ​យេ‌ហូរ៉ាម​ដែរ។ គេ​ឡើង​សង្ខុញ​ចូល​មក​ក្នុង​ស្រុក​យូដា ប្លន់​យក​អស់​ទាំង​របស់​ទ្រព្យ​ដែល​ឃើញ​មាន​ក្នុង​ព្រះ​រាជ​ដំណាក់ ព្រម​ទាំង​នាំ​យក​ពួក​បុត្រ និង​ភរិយា​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ផង បាន​ជា​គ្មាន​បុត្រ​ណា​នៅ​សល់​ឡើយ មាន​តែ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​ពៅ​ប៉ុណ្ណោះ។ ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌យេហូវ៉ា​ប្រហារ​ស្តេច​ឲ្យ​មាន​ជំងឺ​ក្នុង​ពោះ‌វៀន ដែល​មើល​មិន​ជា​ឡើយ។ លុះ​កន្លង​មក​បាន​ពីរ​ឆ្នាំ ពោះ​វៀន​ទ្រង់​ក៏​ធ្លាក់​ចេញ​មក ហើយ​ទ្រង់​សុគត​ទៅ ដោយ​រោគ​យ៉ាង​អាក្រក់​ណាស់ ឯ​ពួក​ប្រជា‌រាស្ត្រ​ទ្រង់​មិន​បាន​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ដូច​បាន​ថ្វាយ​ដល់​បុព្វ‌បុរស​របស់​ទ្រង់​ទេ។ ពេល​ទ្រង់​ឡើង​សោយ‌រាជ្យ មាន​ព្រះ‌ជន្ម​សាមសិប​ពីរ​ព្រះវស្សា​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ប្រាំបី​ឆ្នាំ រួច​ទ្រង់​លា​ចាក​លោក​ទៅ ឥត​មាន​អ្នក​ណា​ស្តាយ​ឡើយ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ។

២ របាក្សត្រ 21:12-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស្ដេច​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​ព្យាកា‌រី​អេលីយ៉ា ដែល​មាន​សេចក្ដី​ដូច​ត​ទៅ “ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌បាទ​ដាវីឌ ជា​អយ្យ‌កោ​របស់​ព្រះ‌ករុណា​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌ករុណា​ពុំ​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​បិតា​របស់​ព្រះ‌ករុណា​ទេ ហើយ​ព្រះ‌ករុណា​ក៏​មិន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌បាទ​អេ‌សា ជា​ស្ដេច​ស្រុក​យូដា​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះ‌ករុណា​ដើរ​តាម​ផ្លូវ​របស់​ស្ដេច​ទាំង‌ឡាយ​នៃ​ស្រុក​អ៊ីស្រា‌អែល ព្រះ‌ករុណា​ទាក់‌ទាញ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​គោរព​ព្រះ​ដទៃ ដូច​រាជ‌វង្ស​របស់​ស្ដេច​អហាប់​បាន​ប្រព្រឹត្ត ហើយ​ព្រះ‌ករុណា​បាន​សម្លាប់​ប្អូន​បង្កើត​របស់​ព្រះ‌ករុណា ដែល​សុទ្ធ​តែ​ជា​មនុស្ស​ប្រសើរ​ជាង​ព្រះ‌ករុណា​ដែរ។ ហេតុ​នេះ​ព្រះ‌អម្ចាស់​នឹង​ប្រហារ​ប្រជា‌រាស្ត្រ ព្រម​ទាំង​បុត្រា មហេសី និង​ទ្រព្យ​សម្បត្តិ​របស់​ព្រះ‌ករុណា ដោយ​គ្រោះ​កាច​ដ៏​សាហាវ។ រីឯ​ព្រះ‌ករុណា​វិញ ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​ព្រះ‌ករុណា​មាន​ជំងឺ​ជា​ទម្ងន់ គឺ​ព្រះ‌ករុណា​នឹង​មាន​រោគ​ពោះ​វៀន ដែល​បណ្ដាល​ឲ្យ​ព្រះ‌ករុណា​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ឡើងៗ ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​ពោះ​វៀន​ធ្លាយ​ចេញ​មក”។ ព្រះ‌អម្ចាស់​បាន​ជំរុញ​ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​អារ៉ាប់ ដែល​រស់​នៅ​ក្បែរ​ជន‌ជាតិ​អេត្យូ‌ពី ឲ្យ​មាន​គំនិត​ប្រឆាំង​នឹង​ព្រះ‌បាទ​យ៉ូរ៉ាម។ អ្នក​ទាំង​នោះ​លើក​គ្នា​ចូល​មក​រាត​ត្បាត​ស្រុក​យូដា និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​វាំង​ស្ដេច ព្រម​ទាំង​ចាប់​បុត្រ និង​មហេសី​របស់​ស្ដេច នាំ​យក​ទៅ​ជា​មួយ​ផង គឺ​នៅ​សល់​តែ​សម្ដេច​អហា‌ស៊ីយ៉ា​មួយ​អង្គ​គត់ ដែល​ក្មេង​ជាង​គេ។ បន្ទាប់​មក ព្រះ‌អម្ចាស់​ប្រហារ​ស្ដេច​ដោយ​ជំងឺ​ពោះ​វៀន ដែល​ពុំ​អាច​ព្យាបាល​ឲ្យ​ជា​បាន​ឡើយ។ ជំងឺ​នោះ​កាន់​តែ​ធ្ងន់​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ។ ប្រមាណ​ជា​ពីរ​ឆ្នាំ​ក្រោយ​មក ពោះ​វៀន​របស់​ស្ដេច​យ៉ូរ៉ាម​ក៏​ធ្លាយ​ចេញ​ពី​រូប​កាយ ហើយ​ស្ដេច​សោយ​ទិវង្គត ដោយ​ឈឺ​ចាប់​បំផុត។ ប្រជា‌ជន​ពុំ​បាន​ធ្វើ​ពិធី​ថ្វាយ​ព្រះ‌ភ្លើង​ចំពោះ​ស្ដេច ដូច​គេ​បាន​ធ្វើ​ចំពោះ​អយ្យ‌កោ​របស់​ស្ដេច​ឡើយ។ ព្រះ‌បាទ​យ៉ូរ៉ាម​ឡើង​សោយ​រាជ្យ នៅ​ពេល​មាន​ជន្មាយុ​សាម‌សិប​ពីរ​ព្រះ‌វស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ប្រាំ​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ពេល​ស្ដេច​សោយ​ទិវង្គត គ្មាន​នរណា​សោក​ស្ដាយ​ទេ។ គេ​បញ្ចុះ​សព​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ តែ​មិន​តម្កល់​នៅ​ក្នុង​ផ្នូរ​ដែល​គេ​បម្រុង​ទុក​សម្រាប់​ព្រះ‌មហា‌ក្សត្រ​ឡើយ។

២ របាក្សត្រ 21:12-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​មាន​សំបុត្រ​មក​ពី​ហោរ៉ាអេលីយ៉ា​ដល់​ទ្រង់​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ដាវីឌ ព្រះ‌បិតា​ទ្រង់ បាន​មាន​បន្ទូល​ថា ដោយ​ព្រោះ​ទ្រង់​មិន​បាន​ដើរ​តាម​ផ្លូវ​របស់​យ៉ូសា‌ផាត ជា​ព្រះ‌បិតា​ទ្រង់ នឹង​ផ្លូវ​របស់​អេសា ជា​ស្តេច​យូដា គឺ​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​វិញ ព្រម​ទាំង​បណ្តាល​ឲ្យ​ពួក​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ផិត​ព្រះ ដូច​ជា​ពួក​វង្ស​របស់​អ័ហាប់​ដែរ ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​សំឡាប់​កនិដ្ឋា​ទាំង​ប៉ុន្មាន ជា​ព្រះ‌វង្ស​របស់​ព្រះ‌បិតា​ទ្រង់ ដែល​សុទ្ធ​តែ​ល្អ​ជាង​ទ្រង់​ផង នោះ​មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​រាស្ត្រ​ទ្រង់ ដោយ​សេចក្ដី​វេទនា​ជា​ខ្លាំង​ព្រម​ទាំង​ពួក​បុត្រ នឹង​ភរិយា​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​របស់​ទ្រព្យ​នៃ​ទ្រង់​ផង ឯ​ទ្រង់ នឹង​កើត​មាន​ជំងឺ​ក្នុង​ពោះ‌វៀន​ជា​ទំងន់ ឈឺ​រាល់​តែ​ថ្ងៃ ដរាប​ដល់​ពោះ‌វៀន​ធ្លាក់​ចេញ​មក​ដោយ‌សារ​ជំងឺ​នោះ។ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បណ្តាល​ចិត្ត​ពួក​ភីលីស្ទីន នឹង​ពួក​អារ៉ាប់ ដែល​នៅ​ជិត​សាសន៍​អេធី‌អូពី ឲ្យ​គេ​កំរើក​ឡើង​ទាស់​នឹង​យ៉ូរ៉ាម​ដែរ គេ​ឡើង​សង្ខុញ​ចូល​មក​ក្នុង​ស្រុក​យូដា ប្លន់​យក​អស់​ទាំង​របស់​ទ្រព្យ​ដែល​ឃើញ​មាន​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ ព្រម​ទាំង​នាំ​យក​ពួក​បុត្រ នឹង​ភរិយា​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ផង បាន​ជា​គ្មាន​បុត្រ​ណា នៅ​សល់​ដល់​ទ្រង់ មាន​តែ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​ពៅ​របស់​ទ្រង់​ប៉ុណ្ណោះ។ ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​ប្រហារ​ស្តេច​ឲ្យ​មាន​ជំងឺ​ក្នុង​ពោះ‌វៀន ដែល​មើល​មិន​ចេះ​ជា​ឡើយ លុះ​វេលា​កន្លង​មក​បាន​២​ឆ្នាំ នោះ​ពោះ‌វៀន​ទ្រង់​ក៏​ធ្លាក់​ចេញ​មក ដោយ​ជំងឺ​នោះ ហើយ​ទ្រង់​សុគត​ទៅ ដោយ​រោគ​យ៉ាង​អាក្រក់​ណាស់ ឯ​ពួក​រាស្ត្រ​ទ្រង់​មិន​បាន​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ដូច​បាន​ថ្វាយ​ដល់​ពួក​ឰយុកោ​ទ្រង់​ទេ កាល​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​មាន​ព្រះ‌ជន្ម​៣២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៨​ឆ្នាំ រួច​ទ្រង់​លា​ចាក​លោក​ទៅ ឥត​មាន​អ្នក​ណា​ស្តាយ​ឡើយ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ។