ចូរឆ្លាក់រូបឫសដូងបាត និងរូបកណ្ដុរ ដែលរាតត្បាតស្រុករបស់អ្នករាល់គ្នា រួចលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែល នោះព្រះអង្គប្រហែលជានឹងបន្ធូរបន្ថយទណ្ឌកម្មលើអ្នករាល់គ្នា លើព្រះរបស់អ្នករាល់គ្នា និងលើស្រុករបស់អ្នករាល់គ្នាផង។ ហេតុអ្វីបានជាអ្នករាល់គ្នាមានចិត្តរឹងរូសដូចជនជាតិអេស៊ីប និងព្រះចៅផារ៉ោនដូច្នេះ? ព្រះជាម្ចាស់បានដាក់ទោសជនជាតិអេស៊ីបយ៉ាងធ្ងន់ រហូតដល់ពួកគេយល់ព្រមឲ្យជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកនោះ។ ចូររៀបចំរទេះថ្មីមួយ ព្រមទាំងយកមេគោពីរក្បាល ដែលកំពុងបំបៅកូន និងពុំដែលទឹមសោះ មកទឹមរទេះនោះ រួចបំបែកកូនវា ដោយឃាំងទុកក្នុងក្រោល។ ចូរយកហិបរបស់ព្រះអម្ចាស់ទៅដាក់លើរទេះ រួចយកវត្ថុធ្វើអំពីមាសដាក់ក្នុងប្រអប់មួយ ជិតហិប។ វត្ថុទាំងនោះជាតង្វាយ សម្រាប់សូមព្រះអង្គលើកលែងទោស។ បន្ទាប់មក ទុកឲ្យមេគោនាំហិបនោះចេញទៅ ដោយគ្មានអ្នកបរ។ ចូរតាមមើល ប្រសិនបើមេគោនាំហិបនោះឆ្ពោះទៅស្រុកអ៊ីស្រាអែលត្រង់បេតសេមែស នោះសឲ្យឃើញថា ពិតជាព្រះអម្ចាស់ ដែលបានធ្វើឲ្យពួកយើងរងទុក្ខវេទនាយ៉ាងខ្លាំងនេះ។ ប៉ុន្តែ បើវាមិនដើរឆ្ពោះទៅទិសនោះទេ យើងនឹងដឹងថា មិនមែនព្រះអង្គទេដែលដាក់ទោសពួកយើង គឺហេតុការណ៍កើតឡើង ដោយចៃដន្យ»។ ជនជាតិភីលីស្ទីនក៏ធ្វើតាម។ ពួកគេយកមេគោពីរក្បាលដែលកំពុងបំបៅកូនមកទឹមរទេះ ហើយបង្ឃាំងកូនវានៅក្នុងក្រោល។ ពួកគេយកហិបរបស់ព្រះអម្ចាស់ ព្រមទាំងប្រអប់ដែលមានរូបកណ្ដុរមាស និងរូបឫសដូងបាតធ្វើអំពីមាសដាក់លើរទេះ។ មេគោទាំងនោះដើរតម្រង់ទៅកាន់បេតសេមែស វាដើរតាមផ្លូវ ទាំងស្រែករោទ៍ តែមិនងាកឆ្វេង ងាកស្ដាំឡើយ។ ស្ដេចត្រាញ់នៃជនជាតិភីលីស្ទីននាំគ្នាដើរតាមក្រោយរទេះនោះ រហូតដល់ព្រំប្រទល់បេតសេមែស។ ពេលនោះ ប្រជាជននៅបេតសេមែសកំពុងតែច្រូតស្រូវ នៅតាមជ្រលងភ្នំ។ កាលពួកគេងើបមុខឡើង ក្រឡេកមើលទៅ ឃើញហិបនោះមកដល់ ពួកគេត្រេកអរយ៉ាងខ្លាំង។
អាន ១ សាំយូអែល 6
ស្ដាប់នូវ ១ សាំយូអែល 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 6:5-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ