១ សាំយូអែល 6:5-13

១ សាំយូអែល 6:5-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​រូប​ឫស‌ដូង‌បាត និង​រូប​កណ្តុរ ដែល​បាន​បំផ្លាញ​ស្រុក រួច​សរ‌សើរ​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទៅ ប្រហែល​ជា​ព្រះ‌អង្គ​នឹង​សម្រាល​ព្រះ‌ហស្ត​ចេញ​ពី​អ្នក​រាល់​គ្នា និង​ពី​ព្រះ ហើយ​ពី​ស្រុក​របស់​អ្នក​រាល់​គ្នា​ទេ​ដឹង។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​តាំង​ចិត្ត​រឹង‌រូស ដូច​ជា​ពួក​សាសន៍​អេស៊ីព្ទ និង​ផារ៉ោន​ដូច្នេះ? កាល​ក្រោយ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ពួក​គេ តើ​គេ​មិន​បាន​បើក​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ​បាត់​ទេ​ឬ? ដូច្នេះ ចូរ​ធ្វើ​រទេះ​មួយ​ថ្មី និង​យក​គោ​ញី​ពីរ ដែល​បំបៅ​កូន ឥត​ដែល​មាន​អ្នក​ណា​យក​នឹម​មក​ទឹម​នៅ​ឡើយ រួច​ឲ្យ​ទឹម​នឹង​រទេះ​នោះ ហើយ​ដេញ​កូន​ពី​វា​ឲ្យ​ទៅ​ផ្ទះ​វិញ។ នោះ​ត្រូវ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា​ដាក់​លើ​រទេះ​ទៅ ហើយ​ដាក់​គ្រឿង​មាស​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ថ្វាយ​នោះ ទៅ​ក្នុង​ប្រអប់​ដាក់​ខាង​ហិប រួច​លែង​វា​ឲ្យ​នាំ​ទៅ​វិញ​ចុះ។ ចាំ​មើល ប្រសិន‌បើ​វា​ឡើង​តាម​ផ្លូវ​ដែល​នាំ​ទៅ​ឯ​បេត-សេមែស ក្នុង​ដែន​ស្រុក​របស់​គេ នោះ​គឺ​ជា​ព្រះ‌អង្គ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​យើង​កើត​មាន​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ តែ​បើ​មិន​ដូច្នោះ នោះ​យើង​នឹង​ដឹង​ថា មិន​មែន​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ដែល​បាន​វាយ​យើង​ទេ គឺ​ជា​គ្រោះ​របស់​យើង​វិញ»។ គេ​ក៏​ធ្វើ​ដូច្នោះ គឺ​គេ​យក​គោ​ញី​ពីរ​ដែល​បំបៅ​កូន នាំ​មក​ទឹម​នឹង​រទេះ រួច​បង្ខាំង​កូន​ទុក​នៅ​ក្នុង​ក្រោល​វិញ។ ហើយ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា​មក​ដាក់​លើ​រទេះ ព្រម​ទាំង​ប្រអប់​ដែល​មាន​រូប​កណ្តុរ​មាស និង​រូប​ឫស‌ដូង‌បាត​របស់​គេ​ផង។ រួច​គោ​នោះ​ក៏​ចេញ​តម្រង់​តាម​ផ្លូវ​ទៅ​បេត-សេមែស គឺ​ទៅ​តាម​ថ្នល់​តែ​មួយ​នោះ ទាំង​រោទ៍​បណ្តើរ ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ឡើយ ពួក​មេ​នៃ​សាសន៍​ភីលី‌ស្ទីន​ក៏​ដើរ​តាម​រហូត​ដល់​ព្រំ​ប្រទល់​បេត-សេមែស។ គ្រា​នោះ ពួក​អ្នក​នៅ​បេត-សេមែស គេ​កំពុង​តែ​ច្រូត​ស្រូវ​នៅ​វាល​ច្រក​ភ្នំ។ លុះ​គេ​ងើប​មុខ​ឡើង ក៏​អរ​សប្បាយ ដោយ​ឃើញ​ហិប​នៃ​ព្រះ​មក​វិញ។

ចែក​រំលែក
អាន ១ សាំយូអែល 6

១ សាំយូអែល 6:5-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ឆ្លាក់​រូប​ឫស‌ដូង‌បាត និង​រូប​កណ្ដុរ ដែល​រាត​ត្បាត​ស្រុក​របស់​អ្នក​រាល់​គ្នា រួច​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នោះ​ព្រះអង្គ​ប្រហែល​ជា​នឹង​បន្ធូរ​បន្ថយ​ទណ្ឌ‌កម្ម​លើ​អ្នក​រាល់​គ្នា លើ​ព្រះ​របស់​អ្នក​រាល់​គ្នា និង​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា​ផង។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស​ដូច​ជន‌ជាតិ​អេស៊ីប និង​ព្រះចៅ​ផារ៉ោន​ដូច្នេះ? ព្រះ‌ជាម្ចាស់​បាន​ដាក់​ទោស​ជន‌ជាតិ​អេស៊ីប​យ៉ាង​ធ្ងន់ រហូត​ដល់​ពួក​គេ​យល់​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​នោះ។ ចូរ​រៀបចំ​រទេះ​ថ្មី​មួយ ព្រម​ទាំង​យក​មេ​គោ​ពីរ​ក្បាល ដែល​កំពុង​បំបៅ​កូន និង​ពុំ​ដែល​ទឹម​សោះ មក​ទឹម​រទេះ​នោះ រួច​បំបែក​កូន​វា ដោយ​ឃាំង​ទុក​ក្នុង​ក្រោល។ ចូរ​យក​ហិប​របស់​ព្រះ‌អម្ចាស់​ទៅ​ដាក់​លើ​រទេះ រួច​យក​វត្ថុ​ធ្វើ​អំពី​មាស​ដាក់​ក្នុង​ប្រអប់​មួយ ជិត​ហិប។ វត្ថុ​ទាំង​នោះ​ជា​តង្វាយ សម្រាប់​សូម​ព្រះអង្គ​លើក‌លែង​ទោស។ បន្ទាប់​មក ទុក​ឲ្យ​មេ​គោ​នាំ​ហិប​នោះ​ចេញ​ទៅ ដោយ​គ្មាន​អ្នក​បរ។ ចូរ​តាម​មើល ប្រសិន​បើ​មេ​គោ​នាំ​ហិប​នោះ​ឆ្ពោះ​ទៅ​ស្រុក​អ៊ីស្រា‌អែល​ត្រង់​បេតសេ‌មែស នោះ​ស​ឲ្យ​ឃើញ​ថា ពិត​ជា​ព្រះ‌អម្ចាស់ ដែល​បាន​ធ្វើ​ឲ្យ​ពួក​យើង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​នេះ។ ប៉ុន្តែ បើ​វា​មិន​ដើរ​ឆ្ពោះ​ទៅ​ទិស​នោះ​ទេ យើង​នឹង​ដឹង​ថា មិន​មែន​ព្រះអង្គ​ទេ​ដែល​ដាក់​ទោស​ពួក​យើង គឺ​ហេតុ‌ការណ៍​កើត​ឡើង ដោយ​ចៃដន្យ»។ ជន‌ជាតិ​ភីលីស្ទីន​ក៏​ធ្វើ​តាម។ ពួក​គេ​យក​មេ​គោ​ពីរ​ក្បាល​ដែល​កំពុង​បំបៅ​កូន​មក​ទឹម​រទេះ ហើយ​បង្ឃាំង​កូន​វា​នៅ​ក្នុង​ក្រោល។ ពួក​គេ​យក​ហិប​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ប្រអប់​ដែល​មាន​រូប​កណ្ដុរ​មាស និង​រូប​ឫស‌ដូង‌បាត​ធ្វើ​អំពី​មាស​ដាក់​លើ​រទេះ។ មេ​គោ​ទាំង​នោះ​ដើរ​តម្រង់​ទៅ​កាន់​បេត‌សេ‌មែស វា​ដើរ​តាម​ផ្លូវ ទាំង​ស្រែក​រោទ៍ តែ​មិន​ងាក​ឆ្វេង ងាក​ស្ដាំ​ឡើយ។ ស្ដេច​ត្រាញ់​នៃ​ជន‌ជាតិ​ភីលីស្ទីន​នាំ​គ្នា​ដើរ​តាម​ក្រោយ​រទេះ​នោះ រហូត​ដល់​ព្រំ‌ប្រទល់​បេត‌សេ‌មែស។ ពេល​នោះ ប្រជា‌ជន​នៅ​បេត‌សេ‌មែស​កំពុង​តែ​ច្រូត​ស្រូវ នៅ​តាម​ជ្រលង​ភ្នំ។ កាល​ពួក​គេ​ងើប​មុខ​ឡើង ក្រឡេក​មើល​ទៅ ឃើញ​ហិប​នោះ​មក​ដល់ ពួក​គេ​ត្រេក​អរ​យ៉ាង​ខ្លាំង។

ចែក​រំលែក
អាន ១ សាំយូអែល 6

១ សាំយូអែល 6:5-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​រូប​ឫស‌ដូង‌បាត នឹង​រូប​កណ្តុរ ដែល​បាន​បំផ្លាញ​ស្រុក រួច​សរសើរ​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទៅ ប្រហែល​ជា​ទ្រង់​នឹង​សំរាល​ព្រះ‌ហស្ត​ចេញ​ពី​អ្នក​រាល់​គ្នា នឹង​ពី​ព្រះ ហើយ​ពី​ស្រុក​របស់​អ្នក​រាល់​គ្នា​ទេ​ដឹង ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​តាំង​ចិត្ត​រឹង‌រូស ដូច​ជា​ពួក​សាសន៍​អេស៊ីព្ទ នឹង​ផារ៉ោន​ដូច្នេះ កាល​ក្រោយ​ដែល​ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ពួក​គេ នោះ​តើ​គេ​មិន​បាន​បើក​ឲ្យ​ពួក​អ៊ីស្រាអែល​ចេញ​ទៅ​បាត់​ទេ​ឬ​អី ដូច្នេះ ចូរ​ធ្វើ​រទេះ​១​ថ្មី ហើយ​យក​គោ​ញី​២​ដែល​បំបៅ​កូន ឥត​ដែល​មាន​អ្នក​ណា​យក​នឹម​មក​ទឹម​នៅ​ឡើយ រួច​ឲ្យ​ទឹម​នឹង​រទេះ​នោះ ហើយ​ដេញ​កូន​ពី​វា​ឲ្យ​ទៅ​ផ្ទះ​វិញ នោះ​ត្រូវ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ដាក់​លើ​រទេះ​ទៅ ហើយ​ដាក់​គ្រឿង​មាស​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ថ្វាយ​នោះ ទៅ​ក្នុង​ប្រអប់​ដាក់​ខាង​ហឹប រួច​លែង​វា​ឲ្យ​នាំ​ទៅ​វិញ​ចុះ ចាំ​មើល បើ​សិន​ជា​វា​ឡើង​តាម​ផ្លូវ ដែល​នាំ​ទៅ​ឯ​បេត-សេមែស ក្នុង​ដែន​ស្រុក​របស់​គេ នោះ​គឺ​ជា​ទ្រង់​ហើយ ដែល​បាន​ធ្វើ​ឲ្យ​យើង​កើត​មាន​សេចក្ដី​អាក្រក់​យ៉ាង​ធំ​នេះ តែ​បើ​មិន​ដូច្នោះ នោះ​យើង​នឹង​ដឹង​ថា មិន​មែន​ព្រះ‌ហស្ត​នៃ​ទ្រង់​ដែល​បាន​វាយ​យើង​ទេ គឺ​ជា​គ្រោះ​របស់​យើង​វិញ។ គេ​ក៏​ធ្វើ​ដូច្នោះ គឺ​គេ​យក​គោ​ញី​២​ដែល​បំបៅ​កូន នាំ​មក​ទឹម​នឹង​រទេះ រួច​បង្ខាំង​កូន​ទុក​នៅ​ក្នុង​ក្រោល​វិញ ហើយ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា មក​ដាក់​លើ​រទេះ ព្រម​ទាំង​ប្រអប់ ដែល​មាន​រូប​កណ្តុរ​មាស នឹង​រូប​ឫស‌ដូង‌បាត​របស់​គេ​ផង រួច​គោ​នោះ​ក៏​ចេញ​ដំរង់​តាម​ផ្លូវ​ទៅ​ឯ​បេត-សេមែស គឺ​ទៅ​តាម​ថ្នល់​តែ​១​នោះ​ទាំង​រោទ៍​បណ្តើរ ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ឡើយ ឯ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន គេ​ក៏​ដើរ​តាម​រហូត​ដល់​ព្រំ​ស្រុក​បេត-សេមែស គ្រា​នោះ ពួក​អ្នក​នៅ​បេត-សេមែស គេ​កំពុង​តែ​ច្រូត​ស្រូវ​នៅ​វាល​ច្រក​ភ្នំ លុះ​ងើប​ភ្នែក​ឡើង ក៏​អរ​សប្បាយ ដោយ​ឃើញ​ហឹប​នៃ​ព្រះ​មក​វិញ

ចែក​រំលែក
អាន ១ សាំយូអែល 6