១ សាំយូអែល 21:1-6
១ សាំយូអែល 21:1-6 គខប
លោកដាវីឌទៅរកលោកបូជាចារ្យ*អហ៊ីម៉ាឡេក នៅភូមិណូប។ លោកអហ៊ីម៉ាឡេកចេញមកទទួលទាំងញ័ររន្ធត់ ហើយសួរថា៖ «ហេតុអ្វីបានជាលោកអញ្ជើញមកតែម្នាក់ឯង គ្មាននរណាមកជាមួយដូច្នេះ?»។ លោកដាវីឌឆ្លើយទៅលោកបូជាចារ្យអហ៊ីម៉ាឡេកថា៖ «ព្រះករុណាបានបង្គាប់មកខ្ញុំថា “កុំឲ្យអ្នកណាម្នាក់ដឹងអំពីកិច្ចការដែលយើងបញ្ជាដល់អ្នក ព្រមទាំងចាត់អ្នកឲ្យទៅបំពេញនេះឡើយ”។ ខ្ញុំក៏បានណាត់ជួបទាហានរបស់ខ្ញុំនៅកន្លែងមួយ។ ឥឡូវនេះ តើលោកមានអ្វីខ្លះ? សូមលោកផ្ដល់នំប៉័ងប្រាំ ឬអ្វីផ្សេងទៀតដែលលោកមានមកឲ្យខ្ញុំផង»។ លោកបូជាចារ្យតបទៅលោកដាវីឌវិញថា៖ «ខ្ញុំគ្មាននំប៉័ងធម្មតាទេ មានតែនំប៉័ងសក្ការៈ ប្រសិនបើទាហានរបស់លោកមិនបានរួមរស់ជាមួយស្រីៗ ទើបគេបរិភោគបាន»។ លោកដាវីឌមានប្រសាសន៍ទៅលោកបូជាចារ្យវិញថា៖ «ពិតមែនហើយ តាំងពីដើមរៀងមក កាលណាចេញទៅច្បាំង យើងតែងតែទទួលការហាមឃាត់មិនឲ្យរួមរស់ជាមួយស្ត្រីឡើយ។ អ្វីៗរបស់ពួកទាហានសុទ្ធតែបានញែកជាសក្ការៈអស់ហើយ។ ប៉ុន្តែ ថ្ងៃនេះ ទោះបីយើងធ្វើដំណើរធម្មតាក៏ដោយ ក៏យើងបានបរិសុទ្ធ ដោយសារកិច្ចការដែលកំពុងតែបំពេញនេះដែរ»។ ពេលនោះ លោកបូជាចារ្យប្រគល់នំប៉័ង ដែលគេតាំងថ្វាយព្រះអម្ចាស់ ជូនលោកដាវីឌ ដ្បិតគ្មាននំប៉័ងណាផ្សេងក្រៅពីនំប៉័ងនេះឡើយ។ គេបានដកនំប៉័ងនេះចេញពីទីសក្ការៈរបស់ព្រះអម្ចាស់ នៅថ្ងៃដែលដាក់នំប៉័ងថ្មីជំនួស។

