១ សាំយូអែល 21:1-6

១ សាំយូអែល 21:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដាវីឌ​បាន​មក​ដល់​អ័ហ៊ី‌ម៉ាឡេក​ដែល​ជា​សង្ឃ​នៅ​ត្រង់​ណូប ឯ​អ័ហ៊ី‌ម៉ាលេក​ក៏​បាន​ចេញ​មក​ទទួល​ទាំង​ភ័យ​ញ័រ ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​អញ្ជើញ​មក​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​មក​ជា‌មួយ​ដូច្នេះ?» ដាវីឌ​ឆ្លើយ​ថា៖ «ស្តេច​បាន​បង្គាប់​ការ​មក​ខ្ញុំ​ថា "កុំ​ឲ្យ​អ្នក​ណា​ដឹង​អ្វី​ពី​ដំណើរ​ដែល​យើង​ចាត់​ឯង​ឲ្យ​ទៅ​ធ្វើ​នោះ ឬ​ពី​សេចក្ដី​ដែល​យើង​បាន​បង្គាប់​ដល់​ឯង​ឡើយ" ឯ​ខ្ញុំ​បាន​តម្រូវ​ឲ្យ​ពួក​កំលោះៗ​នៅ​ចាំ​ត្រង់​កន្លែង​មួយ។ ដូច្នេះ តើ​មាន​អ្វី​ខ្លះ​នៅ​ក្នុង​ដៃ​លោក? សូម​ឲ្យ​នំបុ័ង​ប្រាំ​ដុំ ដែល​លោក​មាន​នោះ​មក​ខ្ញុំ ឬ​របស់​អ្វី​ក៏​ដោយ ដែល​លោក​មាន​នៅ​ទី​នេះ»។ សង្ឃ​ឆ្លើយ​ថា៖ «ខ្ញុំ​គ្មាន​នំបុ័ង​ធម្មតា​នៅ​ក្នុង​បន្ទុក​របស់​ខ្ញុំ​ទេ មាន​តែ​នំបុ័ង​បរិសុទ្ធ​ប៉ុណ្ណោះ ប្រសិន‌បើ​យុវជន​ទាំង​នោះ​បាន​តម​តែ​ស្រី​ប៉ុណ្ណោះ នោះ​បាន​ហើយ» រួច​ដាវីឌ​ឆ្លើយ​កាត់​ថា៖ «នេះ​គឺ​គេ​បាន​បង្អត់​យើង​ជា​ស្រេច តាំង​តែ​ពី​ខ្ញុំ​ចេញ​ធ្វើ​ដំណើរ​បាន​បី​ថ្ងៃ​មក​ហើយ បាន​ជា​ពួក​ខ្ញុំ​បាន​បរិសុទ្ធ​ទាំង​អស់​គ្នា​ទេ ឯ​នំបុ័ង​នេះ​ក៏​ជា​នំបុ័ង​ធម្មតា​ម៉្យាង​ដែរ ទោះ​បើ​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ចាន​នៅ​ថ្ងៃ​នេះ​ឯង​ក៏​ដោយ»។ ដូច្នេះ សង្ឃ​ក៏​ឲ្យ​នំបុ័ង​បរិសុទ្ធ​ទៅ​លោក ដ្បិត​នៅ​ទី​នោះ​គ្មាន​នំបុ័ង​ណា​ផ្សេង​ទៀត​ឡើយ មាន​តែ​នំបុ័ង​តាំង​ទុក​ប៉ុណ្ណោះ គឺ​ជា​នំបុ័ង​ដែល​បាន​យក​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​មក ដើម្បី​ដាក់​នំបុ័ង​ក្តៅ នៅ​ថ្ងៃ​ដែល​គេ​យក​នំបុ័ង​ចាស់​នោះ​ចេញ។

១ សាំយូអែល 21:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ដាវីឌ​ទៅ​រក​លោក​បូជា‌ចារ្យ*​អហ៊ី‌ម៉ាឡេក នៅ​ភូមិ​ណូប។ លោក​អហ៊ី‌ម៉ាឡេក​ចេញ​មក​ទទួល​ទាំង​ញ័រ​រន្ធត់ ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​អញ្ជើញ​មក​តែ​ម្នាក់​ឯង គ្មាន​នរណា​មក​ជា​មួយ​ដូច្នេះ?»។ លោក​ដាវីឌ​ឆ្លើយ​ទៅ​លោក​បូជា‌ចារ្យ​អហ៊ី‌ម៉ាឡេក​ថា៖ «ព្រះ‌ករុណា​បាន​បង្គាប់​មក​ខ្ញុំ​ថា “កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​អំពី​កិច្ចការ​ដែល​យើង​បញ្ជា​ដល់​អ្នក ព្រម​ទាំង​ចាត់​អ្នក​ឲ្យ​ទៅ​បំពេញ​នេះ​ឡើយ”។ ខ្ញុំ​ក៏​បាន​ណាត់​ជួប​ទាហាន​របស់​ខ្ញុំ​នៅ​កន្លែង​មួយ។ ឥឡូវ​នេះ តើ​លោក​មាន​អ្វី​ខ្លះ? សូម​លោក​ផ្ដល់​នំប៉័ង​ប្រាំ ឬ​អ្វី​ផ្សេង​ទៀត​ដែល​លោក​មាន​មក​ឲ្យ​ខ្ញុំ​ផង»។ លោក​បូជា‌ចារ្យ​តប​ទៅ​លោក​ដាវីឌ​វិញ​ថា៖ «ខ្ញុំ​គ្មាន​នំប៉័ង​ធម្មតា​ទេ មាន​តែ​នំប៉័ង​សក្ការៈ ប្រសិន​បើ​ទាហាន​របស់​លោក​មិន​បាន​រួម​រស់​ជា​មួយ​ស្រីៗ ទើប​គេ​បរិភោគ​បាន»។ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​លោក​បូជា‌ចារ្យ​វិញ​ថា៖ «ពិត​មែន​ហើយ តាំង​ពី​ដើម​រៀង​មក កាល​ណា​ចេញ​ទៅ​ច្បាំង យើង​តែងតែ​ទទួល​ការ​ហាម​ឃាត់​មិន​ឲ្យ​រួម​រស់​ជា​មួយ​ស្ត្រី​ឡើយ។ អ្វីៗ​របស់​ពួក​ទាហាន​សុទ្ធ​តែ​បាន​ញែក​ជា​សក្ការៈ​អស់​ហើយ។ ប៉ុន្តែ ថ្ងៃ​នេះ ទោះ​បី​យើង​ធ្វើ​ដំណើរ​ធម្មតា​ក៏​ដោយ ក៏​យើង​បាន​បរិសុទ្ធ ដោយ‌សារ​កិច្ចការ​ដែល​កំពុង​តែ​បំពេញ​នេះ​ដែរ»។ ពេល​នោះ លោក​បូជា‌ចារ្យ​ប្រគល់​នំប៉័ង ដែល​គេ​តាំង​ថ្វាយ​ព្រះ‌អម្ចាស់ ជូន​លោក​ដាវីឌ ដ្បិត​គ្មាន​នំប៉័ង​ណា​ផ្សេង​ក្រៅ​ពី​នំប៉័ង​នេះ​ឡើយ។ គេ​បាន​ដក​នំប៉័ង​នេះ​ចេញ​ពី​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​ដែល​ដាក់​នំប៉័ង​ថ្មី​ជំនួស។

១ សាំយូអែល 21:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដាវីឌ​ក៏​ទៅ​ឯ​អ័ហ៊ី‌ម៉ា‌លេក​ដ៏​ជា​សង្ឃ នៅ​ត្រង់​ណូប ឯ​អ័ហ៊ី‌ម៉ា‌លេក ក៏​ចេញ​មក​ទទួល​ទាំង​ភ័យ​ញ័រ ហើយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​លោក​អញ្ជើញ​មក​តែ​ម្នាក់​ឯង ឥត​មាន​អ្នក​ណា​មក​ជា​មួយ​ផង​ដូច្នេះ ដាវីឌ​ឆ្លើយ​ថា ស្តេច​ទ្រង់​បាន​បង្គាប់​ការ​មក​ខ្ញុំ ដោយ​ថា កុំ​ឲ្យ​អ្នក​ណា​ដឹង​អ្វី​ពី​ដំណើរ ដែល​អញ​ចាត់​ឯង​ឲ្យ​ទៅ​ធ្វើ​នោះ ឬ​ពី​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ដល់​ឯង​ឡើយ ឯ​ខ្ញុំ​បាន​ដំរូវ​ឲ្យ​ពួក​កំឡោះៗ​នៅ​ចាំ​ត្រង់​កន្លែង​១​នោះ ដូច្នេះ តើ​មាន​អ្វី​ខ្លះ​នៅ​ក្នុង​បន្ទុក​លោក​ដែរ សូម​ឲ្យ​នំបុ័ង​៥​ដុំ ដែល​នៅ​ក្នុង​បន្ទុក​លោក​នោះ​មក​ខ្ញុំ ឬ​របស់​អ្វី​ក៏​ដោយ ដែល​លោក​មាន​ផង សង្ឃ​ឆ្លើយ​តប​ថា ខ្ញុំ​គ្មាន​នំបុ័ង​ធម្មតា​នៅ​ក្នុង​បន្ទុក​របស់​ខ្ញុំ​ទេ មាន​តែ​នំបុ័ង​បរិសុទ្ធ​ប៉ុណ្ណោះ បើ​ពួក​កំឡោះ​នោះ​បាន​តម​តែ​ស្រី​ប៉ុណ្ណោះ នោះ​បាន​ហើយ រួច​ដាវីឌ​ឆ្លើយ​កាត់​ថា នេះ​គឺ​គេ​បាន​បង្អត់​យើង​ជា​ស្រេច តាំង​តែ​ពី​ខ្ញុំ​ចេញ​ធ្វើ​ដំណើរ បាន​៣​ថ្ងៃ​មក​ហើយ បាន​ជា​ពួក​ខ្ញុំបាន​បរិសុទ្ធ​ទាំង​អស់​គ្នា​ទេ ឯ​នំបុ័ង​នេះ​ក៏​ជា​នំបុ័ង​ធម្មតា​ម្យ៉ាង​ដែរ ទោះ​បើ​បាន​ញែក​ជា​បរិសុទ្ធ​ក្នុង​ចាន​នៅ​ថ្ងៃ​នេះ​ឯង​ក៏​ដោយ ដូច្នេះសង្ឃ​ក៏​ឲ្យ​នំបុ័ង​បរិសុទ្ធ​ទៅ​លោក ដ្បិត​នៅ​ទី​នោះគ្មាន​នំបុ័ង​ណា​ផ្សេង​ទៀត​ឡើយ មាន​តែ​នំបុ័ង​តាំង​ទុក​ប៉ុណ្ណោះ គឺ​ជា​នំបុ័ង​ដែល​បាន​យក​ចេញ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​មក ដើម្បី​នឹង​ដាក់​នំបុ័ង​ក្តៅ នៅ​ថ្ងៃ​ដែល​គេ​យក​នំបុ័ង​ចាស់​នោះ​ចេញ។