កូនប្រុសរបស់លោកអេលីជាមនុស្សពាល ពួកគេមិនស្គាល់ព្រះអម្ចាស់ទេ។ ទោះបីអ្នកទាំងនោះមានមុខងារជាបូជាចារ្យក្ដី គេប្រព្រឹត្តចំពោះប្រជាជន ដូចតទៅ: កាលណាមានគេយកយញ្ញបូជាមកថ្វាយព្រះអម្ចាស់ អ្នកបម្រើរបស់បូជាចារ្យក៏ចូលមកចំពេលដែលគេចម្អិនសាច់ ទាំងកាន់សមមុខបីមកជាមួយផង។ អ្នកបម្រើនោះយកសមចាក់សាច់ដែលគេស្ងោរ នៅក្នុងខ្ទះ ក្នុងឆ្នាំង ឬក្នុងថ្លាង ហើយសាច់ទាំងប៉ុន្មានដែលនៅជាប់នឹងសមនោះ បូជាចារ្យប្រមូលយកទាំងអស់។ ពួកគេតែងតែប្រព្រឹត្តបែបនេះចំពោះជនជាតិអ៊ីស្រាអែលទាំងអស់ ដែលមកថ្វាយយញ្ញបូជានៅស៊ីឡូ។ ជួនកាលមុនពេលគេដុតខ្លាញ់ អ្នកបម្រើរបស់បូជាចារ្យមកនិយាយនឹងអ្នកដែលថ្វាយយញ្ញបូជាថា៖ «ចូរប្រគល់សាច់ដែលត្រូវអាំងនេះជូនលោកបូជាចារ្យទៅ ដ្បិតលោកមិនទទួលសាច់ឆ្អិនពីអ្នកទេ គឺលោកទទួលតែសាច់ឆៅប៉ុណ្ណោះ»។ ប្រសិនបើអ្នកនោះឆ្លើយថា «ត្រូវដុតខ្លាញ់ជាមុនសិន រួចសឹមអ្នកយកតាមចិត្តចុះ!» នោះអ្នកបម្រើពោលឡើងថា «ទេ! ត្រូវឲ្យខ្ញុំឥឡូវនេះមក បើមិនដូច្នោះទេ ខ្ញុំនឹងយកដោយប្រើកម្លាំងបាយ!»។ អំពើបាបដែលកូនប្រុសរបស់លោកអេលីប្រព្រឹត្តនោះ ទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ខ្លាំងណាស់ ដ្បិតពួកគេប្រមាថមើលងាយតង្វាយរបស់ព្រះអង្គ។ កុមារសាំយូអែលបំពេញការងារនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គាត់ពាក់អាវអេផូដ*ធ្វើពីក្រណាត់ទេសឯក។ រៀងរាល់ឆ្នាំ ម្ដាយតែងតែដេរអាវតូចមួយយកមកឲ្យ នៅពេលនាងឡើងមកជាមួយប្ដី ដើម្បីថ្វាយយញ្ញបូជាប្រចាំឆ្នាំ។ លោកអេលីជូនពរលោកអែលកាណា និងនាងហាណាថា៖ «សូមព្រះអម្ចាស់ប្រោសប្រទានឲ្យអ្នកមានកូនផ្សេងទៀត ជាមួយស្ត្រីនេះ ជំនួសកូនដែលនាងបានថ្វាយទៅព្រះអម្ចាស់!»។ បន្ទាប់មក ពួកគេវិលត្រឡប់ទៅផ្ទះវិញ។ ព្រះអម្ចាស់ប្រោសប្រណីដល់នាងហាណា នាងក៏មានផ្ទៃពោះជាបន្តបន្ទាប់ ហើយសម្រាលបានកូនប្រុសបីនាក់ និងស្រីពីរនាក់។ រីឯកុមារសាំយូអែលមានវ័យចម្រើនធំឡើងនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
អាន ១ សាំយូអែល 2
ស្ដាប់នូវ ១ សាំយូអែល 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 2:12-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ