១ សាំយូអែល 2:12-21

១ សាំយូអែល 2:12-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​ប្រុស​របស់​លោកអេលី​ជា​មនុស្ស​អាក្រក់ ឥត​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ គេ​ជា​សង្ឃ​ដែល​ទម្លាប់​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​យ៉ាង​ដូច្នេះ គឺ​បើ​មាន​អ្នក​ណា​ថ្វាយ​យញ្ញ‌បូជា នោះ​អ្នក​បម្រើ​របស់​សង្ឃ​តែង​យក​សម​មាន​ធ្មេញ​បី​មក​កាន់​នៅ​ដៃ ក្នុង​ពេល​ដែល​គេ​កំពុង​ស្ងោរ​សាច់ ហើយ​ចាក់​ចុះ​ទៅ​ក្នុង​ខ្ទះ ឬ​កំសៀវ ឬ​ថ្លាង ឬ​ឆ្នាំង រួច​សង្ឃ​យក​សាច់​ទាំង​អស់​ដែល​ជាប់​នឹង​សម​នោះ។ គេ​ធ្វើ​ដូច្នោះ​ដាក់​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​មក​ស៊ីឡូរ។ មួយ​ទៀត មុន​ដែល​គេ​ដុត​ខ្លាញ់ អ្នក​បម្រើ​របស់​ពួក​សង្ឃ ក៏​មក​និយាយ​ទៅ​កាន់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ថា៖ «ចូរ​ឲ្យ​សាច់​ដែល​ត្រូវ​អាំង​ដល់​ពួក​សង្ឃ​មក ព្រោះ​លោក​មិន​យក​សាច់​ស្ងោរ​ពី​អ្នក​ទេ លោក​យក​តែ​សាច់​ឆៅ​ប៉ុណ្ណោះ»។ ប្រសិន‌បើ​អ្នក​នោះ​ឆ្លើយ​ឃាត់​ថា៖ «ចាំ​ដុត​ខ្លាញ់​មុន​សិន រួច​សឹម​យក​តាម​ចិត្ត​ចុះ» គេ​ឆ្លើយ​ឡើង​ថា៖ «ទេ! ត្រូវ​តែ​ឲ្យ​មក​ឥឡូវ​នេះ បើ​មិន​ដូច្នោះ ខ្ញុំ​នឹង​យក​ទាំង​បង្ខំ»។ ដូច្នេះ យុវជន​ទាំង​នោះ​ធ្វើ​បាប​ធ្ងន់​ណាស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​គេ​បាន​មើល​ងាយ​តង្វាយ​របស់​ព្រះ‌យេហូវ៉ា។ កុមារ​សាំយូ‌អែល​តែង​តែ​បំពេញ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស។ រាល់​ឆ្នាំ ម្តាយ​របស់​គាត់​ធ្លាប់​ដេរ​អាវ​តូច​មួយ​យក​មក​ឲ្យ នៅ​ពេល​នាង​ឡើង​មក​ជា‌មួយ​ប្តី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដែល​ត្រូវ​ថ្វាយ​ប្រចាំ​ឆ្នាំ។ លោក​អេលី​បាន​ឲ្យ​ពរ​ដល់​លោក​អែល‌កា‌ណា និង​ប្រពន្ធ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​អ្នក​មាន​កូន​តាម​រយៈ​ស្រ្តី​នេះ ជំនួស​កូន​ដែល​នាង​បានទូល​សូម​ពី​ព្រះ‌យេហូវ៉ា» ហើយ​គេ​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ក្រោយ​មក ព្រះ‌យេហូវ៉ា​ក៏​ប្រោស‌ប្រទាន​ឲ្យ​នាង​ហា‌ណា​មាន​ទម្ងន់ បង្កើត​បាន​កូន​ប្រុស​បី កូន​ស្រី​ពីរ​ទៀត ហើយ​កុមារ​សាំយូ‌អែល​នោះ ក៏​មាន​វ័យ​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន ១ សាំយូអែល 2

១ សាំយូអែល 2:12-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​ប្រុស​របស់​លោក​អេលី​ជា​មនុស្ស​ពាល ពួក​គេ​មិន​ស្គាល់​ព្រះ‌អម្ចាស់​ទេ។ ទោះ​បី​អ្នក​ទាំង​នោះ​មាន​មុខងារ​ជា​បូជា‌ចារ្យ​ក្ដី គេ​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន ដូច​ត​ទៅ: កាល​ណា​មាន​គេ​យក​យញ្ញ‌បូជា​មក​ថ្វាយ​ព្រះ‌អម្ចាស់ អ្នក​បម្រើ​របស់​បូជា‌ចារ្យ​ក៏​ចូល​មក​ចំ​ពេល​ដែល​គេ​ចម្អិន​សាច់ ទាំង​កាន់​សម​មុខ​បី​មក​ជា​មួយ​ផង។ អ្នក​បម្រើ​នោះ​យក​សម​ចាក់​សាច់​ដែល​គេ​ស្ងោរ នៅ​ក្នុង​ខ្ទះ ក្នុង​ឆ្នាំង ឬ​ក្នុង​ថ្លាង ហើយ​សាច់​ទាំង​ប៉ុន្មាន​ដែល​នៅ​ជាប់​នឹង​សម​នោះ បូជា‌ចារ្យ​ប្រមូល​យក​ទាំង​អស់។ ពួក​គេ​តែងតែ​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​មក​ថ្វាយ​យញ្ញ‌បូជា​នៅ​ស៊ីឡូ។ ជួន​កាល​មុន​ពេល​គេ​ដុត​ខ្លាញ់ អ្នក​បម្រើ​របស់​បូជា‌ចារ្យ​មក​និយាយ​នឹង​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ថា៖ «ចូរ​ប្រគល់​សាច់​ដែល​ត្រូវ​អាំង​នេះ​ជូន​លោក​បូជា‌ចារ្យ​ទៅ ដ្បិត​លោក​មិន​ទទួល​សាច់​ឆ្អិន​ពី​អ្នក​ទេ គឺ​លោក​ទទួល​តែ​សាច់​ឆៅ​ប៉ុណ្ណោះ»។ ប្រសិន​បើ​អ្នក​នោះ​ឆ្លើយ​ថា «ត្រូវ​ដុត​ខ្លាញ់​ជា​មុន​សិន រួច​សឹម​អ្នក​យក​តាម​ចិត្ត​ចុះ!» នោះ​អ្នក​បម្រើ​ពោល​ឡើង​ថា «ទេ! ត្រូវ​ឲ្យ​ខ្ញុំ​ឥឡូវ​នេះ​មក បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​យក​ដោយ​ប្រើ​កម្លាំង​បាយ!»។ អំពើ​បាប​ដែល​កូន​ប្រុស​របស់​លោក​អេលី​ប្រព្រឹត្ត​នោះ ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់​ខ្លាំង​ណាស់ ដ្បិត​ពួក​គេ​ប្រមាថ​មើល‌ងាយ​តង្វាយ​របស់​ព្រះអង្គ។ កុមារ​សាំយូ‌អែល​បំពេញ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ គាត់​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។ រៀង​រាល់​ឆ្នាំ ម្ដាយ​តែងតែ​ដេរ​អាវ​តូច​មួយ​យក​មក​ឲ្យ នៅ​ពេល​នាង​ឡើង​មក​ជា​មួយ​ប្ដី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ឆ្នាំ។ លោក​អេលី​ជូន​ពរ​លោក​អែល‌កាណា និង​នាង​ហាណា​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​អ្នក​មាន​កូន​ផ្សេង​ទៀត ជា​មួយ​ស្ត្រី​នេះ ជំនួស​កូន​ដែល​នាង​បាន​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់!»។ បន្ទាប់​មក ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​នាង​ហាណា នាង​ក៏​មាន​ផ្ទៃ​ពោះ​ជា​បន្ត​បន្ទាប់ ហើយ​សម្រាល​បាន​កូន​ប្រុស​បី​នាក់ និង​ស្រី​ពីរ​នាក់។ រីឯ​កុមារ​សាំយូ‌អែល​មាន​វ័យ​ចម្រើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន ១ សាំយូអែល 2

១ សាំយូអែល 2:12-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ពួក​សង្ឃ ជា​កូន​របស់​អេលី គេ​ជា​មនុស្ស​គំរក់​អាក្រក់ ឥត​ស្គាល់​ដល់​ព្រះ‌យេហូវ៉ា​ទេ ឯ​ទំលាប់​ដែល​គេ​ប្រព្រឹត្ត​ចំពោះ​បណ្តាជន នោះ​គឺ​ដូច្នេះ បើ​មាន​អ្នក​ណា​ថ្វាយ​យញ្ញ‌បូជា នោះ​អ្នក​បំរើ​របស់​សង្ឃ​តែង​យក​សម​មាន​ធ្មេញ​៣​មក​កាន់​នៅ​ដៃ ក្នុង​ពេល​ដែល​គេ​កំពុង​ស្ងោរ​សាច់ ហើយ​ចាក់​ចុះ​ទៅ​ក្នុង​ខ្ទះ ឬ​ថ្លាង ឬ​ឆ្នាំង រួច​សង្ឃ​ក៏​យក​សាច់​ទាំង​អស់​ដែល​ជាប់​នឹង​សម​នោះ​មក គេ​ធ្វើ​ដូច្នោះ​ដល់​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ដែល​មក​ឯ​ស៊ីឡូរ មួយ​ទៀត​មុន​ដែល​គេ​ដុត​ខ្លាញ់ នោះ​អ្នក​បំរើ​របស់​ពួក​សង្ឃ​ក៏​មក​និយាយ​នឹង​មនុស្ស​ដែល​ថ្វាយ​យញ្ញ‌បូជា​ថា ចូរ​ឲ្យ​សាច់​ដែល​សំរាប់​អាំង​ដល់​ពួក​សង្ឃ​មក ដ្បិត​លោក​មិន​យក​សាច់​ស្ងោរ​ពី​ឯង​ទេ លោក​យក​តែ​សាច់​ឆៅ​វិញ បើ​សិន​ជា​អ្នក​នោះ​ឆ្លើយ​ឃាត់​ថា ចាំ​ឲ្យ​ដុត​ខ្លាញ់​មុន​សិន រួច​សឹម​យក​តាម​ចិត្ត​ចុះ នោះ​គេ​ឆ្លើយ​ឡើង​ថា ទេ ត្រូវ​តែ​ឲ្យ​មក​ឥឡូវ​នេះ បើ​មិន​ដូច្នោះ អញ​នឹង​យក​ទាំង​បង្ខំ ដូច្នេះបាប​របស់​មនុស្ស​កំឡោះ​ទាំង​នោះ មាន​ទំងន់​ខ្លាំង​ណាស់នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​គេ​បាន​មើល‌ងាយ​ដល់​ដង្វាយ​នៃ​ព្រះ‌យេហូវ៉ា។ ឯ​សាំយូ‌អែល ជា​ក្មេង​តូច​នោះ ក៏​តែង​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស ដើម្បី​សំរេច​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ម្តាយ​ក៏​ធ្វើ​អាវ​តូច​១ យក​មក​ឲ្យ​រាល់​តែ​ឆ្នាំ ក្នុង​កាល​ដែល​នាង​ឡើង​មក​ជា​មួយ​នឹង​ប្ដី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដែល​ត្រូវ​ថ្វាយ​រាល់​តែ​ឆ្នាំ នោះ​អេលី លោក​ឲ្យ​ពរ​ដល់​អែល‌កាណា នឹង​ប្រពន្ធ​ផង​ថា សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​អ្នក​បាន​ពូជ‌ពង្ស ដោយ‌សារ​ស្រី​នេះ ជំនួស​កូន​នេះ​ដែល​នាង​បាន​សូម​ពី​ទ្រង់ រួច​គេ​ក៏​ត្រឡប់​វិល​ទៅ​ផ្ទះ​វិញ ក្រោយ​មក ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស‌ប្រទាន​ឲ្យ​នាង​ហាណាមាន​ទំងន់ បង្កើត​បាន​កូន​ប្រុស​៣​កូន​ស្រី​២​ទៀត ឯ​សាំយូ‌អែល ជា​ក្មេង​តូច​នោះ ក៏​មាន​វ័យ​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន ១ សាំយូអែល 2