១ សាំយូអែល 17:1-29

១ សាំយូអែល 17:1-29 គខប

ពួក​ភីលីស្ទីន​ប្រមូល​ផ្ដុំ​កង‌ទ័ព ដើម្បី​ធ្វើ​សង្គ្រាម។ ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​សូកូ ក្នុង​ស្រុក​យូដា ហើយ​ទៅ​បោះ​ទ័ព​នៅ​អេផេស-‌ដាំមីម ដែល​នៅ​ចន្លោះ​សូកូ និង​អាសេ‌កា។ រីឯ​ព្រះ‌បាទ​សូល និង​ទាហាន​អ៊ីស្រា‌អែល ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា​ដែរ ហើយ​បោះ​ទ័ព​នៅ​តាម​ជ្រលង​ភ្នំ​អេឡា រួច​រៀប​ទ័ព ដើម្បី​ប្រយុទ្ធ​នឹង​ពួក​ភីលីស្ទីន។ ពួក​ភីលីស្ទីន​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង ពួក​អ៊ីស្រា‌អែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​កង‌ទ័ព​ទាំង​ពីរ។ មាន​ទាហាន​ជើង​ឯក​ម្នាក់​ចេញ​ពី​ជំរំ​ភីលីស្ទីន អ្នក​នោះ​ឈ្មោះ​កូលី‌យ៉ាត មក​ពី​ក្រុង​កាថ គាត់​មាន​កម្ពស់​ប្រមាណ​បី​ម៉ែត្រ។ គាត់​ពាក់​មួក​ធ្វើ​ពី​លង្ហិន និង​អាវ‌ក្រោះ​មាន​ទម្ងន់​ប្រមាណ​ហា‌សិប​ប្រាំ‌ពីរ​គីឡូ​ក្រាម ធ្វើ​ពី​លង្ហិន​ដែរ។ គាត់​មាន​ប្រដាប់​ស្រោប​ជើង​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​មាន​ស្ន​ធ្វើ​ពី​លង្ហិន​ពាក់​ឆៀង​ដែរ។ ដង​លំពែង​របស់​គាត់​មាន​រាង​ធំ​ដូច​ផ្សំ​កី‌តម្បាញ ផ្លែ​លំពែង​នោះ​ធ្វើ​ពី​ដែក មាន​ទម្ងន់​ប្រមាណ​ប្រាំ‌ពីរ​គីឡូ​ក្រាម។ មាន​ទាហាន​ម្នាក់​ទៀត​កាន់​ខែល​ដើរ​ពី​មុខ​គាត់។ គាត់​ឈរ ហើយ​ស្រែក​ទៅ​កាន់​ពល​ទ័ព​អ៊ីស្រា‌អែល​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​ឯង​ចាំបាច់​រៀប​ទ័ព​ច្បាំង​ដូច្នេះ? អញ​ជា​ជន‌ជាតិ​ភីលីស្ទីន រីឯ​ពួក​ឯង​ជា​កញ្ជះ​របស់​ស្ដេច​សូល។ ចូរ​រើស​ម្នាក់​ក្នុង​ចំណោម​ពួក​ឯង​ឲ្យ​ចេញ​មក​ប្រយុទ្ធ​នឹង​អញ។ ប្រសិន​បើ​វា​ច្បាំង​ឈ្នះ​អញ ហើយ​សម្លាប់​អញ នោះ​ពួក​អញ​នឹង​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​របស់​ពួក​ឯង តែ​ប្រសិន​បើ​អញ​ឈ្នះ ហើយ​សម្លាប់​វា​បាន ពួក​ឯង​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​កញ្ជះ ហើយ​នៅ​បម្រើ​ពួក​អញ​វិញ»។ ទាហាន​ភីលីស្ទីន​នោះ​និយាយ​ទៀត​ថា៖ «ថ្ងៃ​នេះ អញ​នឹង​បំបាក់​មុខ​ពល​ទ័ព​អ៊ីស្រា‌អែល! ចូរ​ឲ្យ​ម្នាក់​ចេញ​មក​ប្រយុទ្ធ​គ្នា​ជា​មួយ​អញ​មើល៍!»។ កាល​ព្រះ‌បាទ​សូល និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ឮ​ពាក្យ​សម្ដី​របស់​ទាហាន​ភីលីស្ទីន​នោះ ក៏​ញាប់‌ញ័រ ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។ យុវជន​ដាវីឌ​ជា​កូន​របស់​លោក​អ៊ីសាយ ពី​អំបូរ​អេប្រាតា ដែល​រស់​នៅ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា។ លោក​អ៊ីសាយ​មាន​កូន​ប្រុស​ប្រាំ​បី​នាក់។ នៅ​ជំនាន់​ព្រះ‌បាទ​សូល លោក​មាន​វ័យ​ចាស់​ជរា​ណាស់​ទៅ​ហើយ។ កូន​ប្រុស​ច្បង​ទាំង​បី​របស់​លោក គឺ អេលាប អប៊ី‌ណាដាប់ និង​សាម៉ា បាន​ចេញ​ទៅ​ច្បាំង រួម​ជា​មួយ​ព្រះ‌បាទ​សូល ហើយ​ដាវីឌ​ជា​កូន​ពៅ។ ពេល​បងៗ​ទាំង​បី​ចេញ​ទៅ​ជា​មួយ​ព្រះ‌បាទ​សូល​អស់​ទៅ ដាវីឌ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ឃ្វាល​ចៀម​ឲ្យ​ឪពុក​នៅ​ភូមិ​បេថ្លេ‌ហិម។ កូលី‌យ៉ាត​ជា​ជន‌ជាតិ​ភីលីស្ទីន​នោះ បាន​ចេញ​មក​សម្លុត​ពល​ទ័ព​អ៊ីស្រា‌អែល ទាំង​ព្រឹក ទាំង​ល្ងាច អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ថ្ងៃ​មួយ លោក​អ៊ីសាយ​មាន​ប្រសាសន៍​ទៅ​កាន់​យុវជន​ដាវីឌ ជា​កូន​ថា៖ «ចូរ​យក​លាជ​មួយ​ថង់ និង​នំប៉័ង​ដប់​ដុំ​នេះ ទៅ​ឲ្យ​បងៗ​នៅ​កន្លែង​បោះ​ទ័ព​យ៉ាង​លឿន។ ចូរ​យក​ប្រូម៉ាស់​ដប់​ដុំ​នេះ​ទៅ​ជូន​លោក​មេ‌ទ័ព​របស់​គេ​ដែរ។ កូន​ត្រូវ​សួរ​សុខ​ទុក្ខ​បងៗ ហើយ​យក​អ្វី​មួយ​ជា​សម្គាល់​មក​ផង ដើម្បី​បញ្ជាក់​ថា​ពួក​គេ​បាន​សេចក្ដី​សុខ​ហើយ។ ពួក​គេ​ស្ថិត​នៅ​ជា​មួយ​ព្រះ‌បាទ​សូល និង​ពល​ទាហាន​អ៊ីស្រា‌អែល​ទាំង​មូល នៅ​តាម​ជ្រលង​ភ្នំ​អេឡា ហើយ​កំពុង​តែ​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន»។ យុវជន​ដាវីឌ​ក្រោក​ពី​ព្រលឹម ទុក​ហ្វូង​ចៀម​ឲ្យ​គង្វាល​ម្នាក់​មើល​ថែ​ទាំ រួច​យក​ស្បៀង​អាហារ​ទាំង​នោះ​ចេញ​ដំណើរ​ទៅ តាម​បង្គាប់​របស់​លោក​អ៊ីសាយ។ ពេល​ដាវីឌ​ទៅ​ដល់​កន្លែង​បោះ​ទ័ព ពល​ទាហាន​កំពុង​រៀប​ទ័ព ដើម្បី​ប្រយុទ្ធ ព្រម​ទាំង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​ខ្លាំង។ ទាហាន​អ៊ីស្រា‌អែល និង​ទាហាន​ភីលីស្ទីន រៀប​ទ័ព​នៅ​ប្រឈម​មុខ​គ្នា ដើម្បី​ប្រយុទ្ធ។ ដាវីឌ​ប្រគល់​អីវ៉ាន់​របស់​ខ្លួន​ឲ្យ​អ្នក​ថែ‌រក្សា​សម្ភារៈ រួច​រត់​តម្រង់​ទៅ​ជួរ​ទ័ព​ខាង​មុខ។ ពេល​ទៅ​ដល់​ភ្លាម គាត់​ជម្រាប​សួរ​សុខ​ទុក្ខ​បងៗ។ ពេល​ដាវីឌ​កំពុង​តែ​សំណេះ‌សំណាល​ជា​មួយ​បងៗ ទាហាន​ភីលីស្ទីន ឈ្មោះ​កូលី‌យ៉ាត ជា​អ្នក​ក្រុង​កាថ ចេញ​មក​ខាង​មុខ​ជួរ​ទ័ព​របស់​ខ្លួន ហើយ​ស្រែក​សួរ​ពួក​អ៊ីស្រា‌អែល​នូវ​ពាក្យ​ដដែល ដាវីឌ​ក៏​បាន​ឮ​ពាក្យ​ទាំង​នោះ​ដែរ។ កាល​ឃើញ​កូលី‌យ៉ាត​ចេញ​មក ទាហាន​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​ប្រសេច‌ប្រសាច ដ្បិត​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ទាហាន​អ៊ីស្រា‌អែល​និយាយ​គ្នា​ថា៖ «អ្នក​ឃើញ​ជន​នោះ​ទេ? វា​ចេញ​មក​សម្លុត​ពល​ទ័ព​អ៊ីស្រា‌អែល​យើង! អ្នក​ណា​សម្លាប់​វា​បាន ស្ដេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ព្រម​ទាំង​លើក​បុត្រី​ឲ្យ ហើយ​គ្រួសារ​របស់​អ្នក​នោះ​ក៏​បាន​រួច​ពន្ធ​នៅ​ស្រុក​អ៊ីស្រា‌អែល​ដែរ»។ យុវជន​ដាវីឌ​សួរ​ទាហាន​ដែល​នៅ​ជិត​ខ្លួន​ថា៖ «តើ​អ្នក​ដែល​សម្លាប់​ជន​ភីលីស្ទីន​នោះ ហើយ​លុប‌លាង​ការ​អាម៉ាស់​របស់​អ៊ីស្រា‌អែល នឹង​ទទួល​រង្វាន់​អ្វី? ជន​ភីលីស្ទីន​ជា​សាសន៍​មិន​កាត់​ស្បែក​នេះ​ជា​នរណា បាន​ជា​ហ៊ាន​បំបាក់​មុខ​ពល​ទ័ព​របស់​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ដូច្នេះ?»។ ពួក​ទាហាន​ឆ្លើយ​តាម​ពាក្យ​ដែល​ស្ដេច​បាន​សន្យា​ថា នឹង​ប្រទាន​ចំពោះ​អ្នក​ដែល​វាយ​ឈ្នះ​ជន​ភីលីស្ទីន​នោះ។ លោក​អេលាប ជា​បង​បង្អស់ ឮ​ដាវីឌ​និយាយ​ជា​មួយ​នឹង​ពល​ទាហាន​ដូច្នេះ គាត់​ខឹង​ដាវីឌ​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​ឯង​មក​ទី​នេះ? ឯង​ទុក​ហ្វូង​ចៀម​នៅ​វាល​រហោ‌ស្ថាន​នោះ​ឲ្យ​នរណា​មើល? អញ​ស្គាល់​ចរិត​រប៉ិល‌រប៉ូច​របស់​ឯង​ច្បាស់​ណាស់ គឺ​ឯង​មក​នេះ ដើម្បី​មើល​គេ​ច្បាំង​គ្នា​ប៉ុណ្ណោះ»។ យុវជន​ដាវីឌ​ឆ្លើយ​តប​ថា៖ «តើ​ខ្ញុំ​មាន​ធ្វើ​អ្វី​ខុស? ខ្ញុំ​គ្រាន់​តែ​សួរ​ប៉ុណ្ណឹង មិន​បាន​ឬ!»។