១ សាំយូអែល 17:1-29
១ សាំយូអែល 17:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកភីលីស្ទីនបានប្រមូលទ័ពមកដើម្បីច្បាំង គេប្រមូលគ្នានៅត្រង់សូគរ ជាស្រុករបស់ពួកយូដា ហើយបោះទ័ពនៅត្រង់អេភេស-ដាំមីម ចន្លោះរវាងសូគរ និងអាសេកា។ ឯស្ដេចសូល និងពួកទ័ពអ៊ីស្រាអែល គេប្រមូលគ្នាបោះទ័ពនៅច្រកភ្នំអេឡា ក៏តម្រៀបពលដើម្បីច្បាំងនឹងពួកភីលីស្ទីន។ ពួកភីលីស្ទីនគេឈរលើភ្នំម្ខាង ហើយពួកអ៊ីស្រាអែលក៏ឈរលើភ្នំម្ខាង មានវាលច្រកភ្នំនៅកណ្ដាល។ លំដាប់នោះ មានទាហានម្នាក់ឈ្មោះកូលីយ៉ាត ដែលនៅក្រុងកាថ វាចេញពីពួកភីលីស្ទីនមក អ្នកនោះមានកម្ពស់ប្រាំមួយហត្ថមួយចំអាម ពាក់មួកលង្ហិន ហើយពាក់អាវក្រោះធ្វើពីលង្ហិន មានទម្ងន់ប្រាំពាន់សេកែល។ គាត់មានស្រោមលង្ហិនស្រោបជើង ហើយមានដែកពួយលង្ហិនស្ពាយជាប់នឹងខ្នង។ ឯដងលំពែងរបស់គាត់មានរាងដូចផ្សំកីតម្បាញ ហើយផ្លែធ្វើពីដែក ទម្ងន់ប្រាំមួយរយសេកែល មានអ្នកកាន់ខែលដើរពីមុខ វាឈរស្រែកមកខាងពួកទ័ពអ៊ីស្រាអែលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចេញមកតម្រៀបទ័ពច្បាំងដូច្នេះ? តើយើងនេះមិនមែនជាសាសន៍ភីលីស្ទីន ហើយអ្នករាល់គ្នាជាកញ្ជះរបស់សូលទេឬ? ចូររើសម្នាក់ឲ្យចុះមកច្បាំងនឹងយើងមើល បើវាអាចតដៃសម្លាប់យើងបាន យើងនឹងធ្វើជាអ្នកបម្រើឯង តែបើយើងឈ្នះ ហើយសម្លាប់វាបាន នោះអ្នករាល់គ្នាត្រូវធ្វើជាអ្នកបម្រើយើងវិញ»។ ពួកភីលីស្ទីននិយាយថា៖ «នៅថ្ងៃនេះ យើងនឹងបំបាក់ទ័ពអ៊ីស្រាអែល ចូរឲ្យមនុស្សម្នាក់ចេញមកតនឹងយើងលមើលចុះ»។ ពេលស្ដេចសូល និងពួកអ៊ីស្រាអែលទាំងអស់ បានឮពាក្យរបស់សាសន៍ភីលីស្ទីននិយាយដូច្នោះ គេក៏មានគំនិតវិលវល់ ហើយភ័យខ្លាចជាខ្លាំង។ រីឯដាវីឌ ជាកូនរបស់អ៊ីសាយនៃអំបូរអេប្រាតា នៅបេថ្លេហិម-យូដា។ ឯអ៊ីសាយមានកូនប្រុសប្រាំបីនាក់ ហើយនៅជំនាន់ស្តេចសូល គាត់មានវ័យចាស់ណាស់ហើយ។ មានកូនប្រុសច្បងរបស់អ៊ីសាយបីនាក់បានតាមសូលទៅច្បាំង កូនទាំងបីនាក់ដែលទៅច្បាំងនោះ គឺកូនបងបង្អស់ឈ្មោះអេលាប កូនបន្ទាប់ឈ្មោះអ័ប៊ីណាដាប់ និងទីបីឈ្មោះសាំម៉ា។ អ្នកទាំងបីនោះបានទៅតាមសូល ឯដាវីឌជាកូនពៅ ក៏តែងធ្វើដំណើរទៅមក ពីស្ដេចសូលទៅបេថ្លេហិម ដើម្បីឃ្វាលចៀមរបស់ឪពុក។ រីឯសាសន៍ភីលីស្ទីនម្នាក់នោះ ចេះតែចូលមកជិត ទាំងព្រឹកទាំងល្ងាច អស់រយៈសែសិបថ្ងៃ។ នៅគ្រានោះ អ៊ីសាយប្រាប់ដាវីឌកូនរបស់គាត់ថា៖ «ចូរយកលាជមួយថាំង និងនំបុ័ងដប់ដុំនេះទៅឲ្យបងៗរបស់កូន នៅឯទីបោះទ័ពជាប្រញាប់ ហើយយកទឹកដោះខះដប់ផែននេះ ទៅជូនដល់មេទ័ពរបស់គេទៅ រួចមើលថាបងៗរបស់ឯងសុខសប្បាយឬយ៉ាងណា ហើយយករបស់អ្វីមួយពីគេមកទុកជាសម្គាល់»។ ចំណែកស្ដេចសូល និងអ្នកទាំងបីនោះ ព្រមទាំងពួកអ៊ីស្រាអែលទាំងអស់ គេនៅច្រកភ្នំអេឡា កំពុងតែច្បាំងនឹងពួកភីលីស្ទីន ដូច្នេះ ដាវីឌក៏ក្រោកពីព្រលឹម ប្រគល់ចៀមទុកឲ្យគង្វាលម្នាក់ រួចយកអីវ៉ាន់ចេញទៅ ដូចជាឪពុកបានបង្គាប់។ ពេលដាវីឌបានទៅដល់ទីបោះទ័ព នោះជាពេលដែលពួកពលកំពុងតែចេញទៅទីចម្បាំង ទាំងស្រែកសម្រែកសង្គ្រាម ហើយពួកអ៊ីស្រាអែល និងពួកភីលីស្ទីន គេតម្រៀបទ័ពប្រទល់គ្នា រៀបនឹងតដៃហើយ ដាវីឌក៏ប្រគល់អីវ៉ាន់ទុកឲ្យអ្នករក្សាអីវ៉ាន់របស់ពួកទ័ព រួចរត់ចូលទៅក្នុងចំណោមទ័ព ដើម្បីនឹងជម្រាបសួរពួកបងៗ។ គ្រាដែលកំពុងតែនិយាយជាមួយបងៗ ក៏ឃើញទាហានរបស់សាសន៍ភីលីស្ទីនម្នាក់នោះ មកពីក្រុងកាថ ឈ្មោះកូលីយ៉ាត ចេញពីខាងទ័ពភីលីស្ទីន មកប្រកាសជាពាក្យដដែលទៀត ហើយដាវីឌក៏បានឮ។ កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានបានឃើញអ្នកនោះ គេក៏រត់ចេញពីវាដោយភ័យខ្លាចជាខ្លាំង។ ពួកអ៊ីស្រាអែលនិយាយគ្នាថា៖ «តើអ្នកបានឃើញមនុស្សនោះឡើងមកឬទេ? វាឡើងមកដើម្បីប្រកួតនឹងសាសន៍អ៊ីស្រាអែលយើងនេះប្រាកដហើយ បើអ្នកណាសម្លាប់វាបាន នោះស្តេចនឹងប្រទានទ្រព្យសម្បត្តិដ៏វិសេសដល់អ្នកនោះ ព្រមទាំងឲ្យព្រះរាជបុត្រីទ្រង់ផង ក៏នឹងប្រោសប្រណីដល់គ្រួឪពុករបស់អ្នកនោះ ឲ្យរួចពន្ធក្នុងសាសន៍អ៊ីស្រាអែលតទៅ»។ ដូច្នេះ ដាវីឌក៏សួរដល់ពួកអ្នកឈរនៅជិតថា៖ «តើអ្នកដែលនឹងសម្លាប់សាសន៍ភីលីស្ទីននេះ ហើយដកសេចក្ដីដំណៀលពីអ៊ីស្រាអែល ទទួលបានអ្វីខ្លះ? ដ្បិតតើសាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះជាអ្វី បានជាហ៊ានប្រកួតនឹងពលទ័ពរបស់ព្រះដ៏មានព្រះជន្មរស់ដូច្នេះ?» គេក៏ឆ្លើយប្រាប់តាមពាក្យដដែលនោះថា៖ «អ្នកណាដែលសម្លាប់វាបាន នឹងទទួលបានដូច្នេះឯង»។ នោះអេលាបជាបងបង្អស់ក៏ឮដាវីឌកំពុងនិយាយជាមួយគេ ហើយមានសេចក្ដីកំហឹងទាស់នឹងប្អូនថា៖ «ឯងចុះមកធ្វើអី? តើបានប្រគល់ហ្វូងចៀមតូចនោះ ដែលនៅទីរហោស្ថានទុកឲ្យអ្នកណាមើល? បងស្គាល់សេចក្ដីអំនួត និងគំនិតអាក្រក់របស់ឯងហើយ ដ្បិតឯងចុះមកដើម្បីឲ្យតែបានមើលចម្បាំងទេ»។ តែដាវីឌឆ្លើយថា៖ «តើខ្ញុំមានធ្វើអី ខ្ញុំគ្រាន់តែនិយាយមួយម៉ាត់ទេតើ?»
១ សាំយូអែល 17:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកភីលីស្ទីនប្រមូលផ្ដុំកងទ័ព ដើម្បីធ្វើសង្គ្រាម។ ពួកគេប្រមូលផ្ដុំគ្នានៅសូកូ ក្នុងស្រុកយូដា ហើយទៅបោះទ័ពនៅអេផេស-ដាំមីម ដែលនៅចន្លោះសូកូ និងអាសេកា។ រីឯព្រះបាទសូល និងទាហានអ៊ីស្រាអែល ក៏បានប្រមូលផ្ដុំគ្នាដែរ ហើយបោះទ័ពនៅតាមជ្រលងភ្នំអេឡា រួចរៀបទ័ព ដើម្បីប្រយុទ្ធនឹងពួកភីលីស្ទីន។ ពួកភីលីស្ទីនស្ថិតនៅលើភ្នំម្ខាង ពួកអ៊ីស្រាអែលស្ថិតនៅលើភ្នំម្ខាងទៀត មានជ្រលងភ្នំនៅចន្លោះកងទ័ពទាំងពីរ។ មានទាហានជើងឯកម្នាក់ចេញពីជំរំភីលីស្ទីន អ្នកនោះឈ្មោះកូលីយ៉ាត មកពីក្រុងកាថ គាត់មានកម្ពស់ប្រមាណបីម៉ែត្រ។ គាត់ពាក់មួកធ្វើពីលង្ហិន និងអាវក្រោះមានទម្ងន់ប្រមាណហាសិបប្រាំពីរគីឡូក្រាម ធ្វើពីលង្ហិនដែរ។ គាត់មានប្រដាប់ស្រោបជើងធ្វើពីលង្ហិន ព្រមទាំងមានស្នធ្វើពីលង្ហិនពាក់ឆៀងដែរ។ ដងលំពែងរបស់គាត់មានរាងធំដូចផ្សំកីតម្បាញ ផ្លែលំពែងនោះធ្វើពីដែក មានទម្ងន់ប្រមាណប្រាំពីរគីឡូក្រាម។ មានទាហានម្នាក់ទៀតកាន់ខែលដើរពីមុខគាត់។ គាត់ឈរ ហើយស្រែកទៅកាន់ពលទ័ពអ៊ីស្រាអែលថា៖ «ហេតុអ្វីបានជាពួកឯងចាំបាច់រៀបទ័ពច្បាំងដូច្នេះ? អញជាជនជាតិភីលីស្ទីន រីឯពួកឯងជាកញ្ជះរបស់ស្ដេចសូល។ ចូររើសម្នាក់ក្នុងចំណោមពួកឯងឲ្យចេញមកប្រយុទ្ធនឹងអញ។ ប្រសិនបើវាច្បាំងឈ្នះអញ ហើយសម្លាប់អញ នោះពួកអញនឹងធ្វើជាខ្ញុំកញ្ជះរបស់ពួកឯង តែប្រសិនបើអញឈ្នះ ហើយសម្លាប់វាបាន ពួកឯងនឹងក្លាយទៅជាខ្ញុំកញ្ជះ ហើយនៅបម្រើពួកអញវិញ»។ ទាហានភីលីស្ទីននោះនិយាយទៀតថា៖ «ថ្ងៃនេះ អញនឹងបំបាក់មុខពលទ័ពអ៊ីស្រាអែល! ចូរឲ្យម្នាក់ចេញមកប្រយុទ្ធគ្នាជាមួយអញមើល៍!»។ កាលព្រះបាទសូល និងប្រជាជនអ៊ីស្រាអែលទាំងមូល ឮពាក្យសម្ដីរបស់ទាហានភីលីស្ទីននោះ ក៏ញាប់ញ័រ ហើយភ័យខ្លាចជាខ្លាំង។ យុវជនដាវីឌជាកូនរបស់លោកអ៊ីសាយ ពីអំបូរអេប្រាតា ដែលរស់នៅភូមិបេថ្លេហិមក្នុងស្រុកយូដា។ លោកអ៊ីសាយមានកូនប្រុសប្រាំបីនាក់។ នៅជំនាន់ព្រះបាទសូល លោកមានវ័យចាស់ជរាណាស់ទៅហើយ។ កូនប្រុសច្បងទាំងបីរបស់លោក គឺ អេលាប អប៊ីណាដាប់ និងសាម៉ា បានចេញទៅច្បាំង រួមជាមួយព្រះបាទសូល ហើយដាវីឌជាកូនពៅ។ ពេលបងៗទាំងបីចេញទៅជាមួយព្រះបាទសូលអស់ទៅ ដាវីឌវិលត្រឡប់ទៅផ្ទះវិញ ដើម្បីឃ្វាលចៀមឲ្យឪពុកនៅភូមិបេថ្លេហិម។ កូលីយ៉ាតជាជនជាតិភីលីស្ទីននោះ បានចេញមកសម្លុតពលទ័ពអ៊ីស្រាអែល ទាំងព្រឹក ទាំងល្ងាច អស់រយៈពេលសែសិបថ្ងៃ។ ថ្ងៃមួយ លោកអ៊ីសាយមានប្រសាសន៍ទៅកាន់យុវជនដាវីឌ ជាកូនថា៖ «ចូរយកលាជមួយថង់ និងនំប៉័ងដប់ដុំនេះ ទៅឲ្យបងៗនៅកន្លែងបោះទ័ពយ៉ាងលឿន។ ចូរយកប្រូម៉ាស់ដប់ដុំនេះទៅជូនលោកមេទ័ពរបស់គេដែរ។ កូនត្រូវសួរសុខទុក្ខបងៗ ហើយយកអ្វីមួយជាសម្គាល់មកផង ដើម្បីបញ្ជាក់ថាពួកគេបានសេចក្ដីសុខហើយ។ ពួកគេស្ថិតនៅជាមួយព្រះបាទសូល និងពលទាហានអ៊ីស្រាអែលទាំងមូល នៅតាមជ្រលងភ្នំអេឡា ហើយកំពុងតែច្បាំងជាមួយពួកភីលីស្ទីន»។ យុវជនដាវីឌក្រោកពីព្រលឹម ទុកហ្វូងចៀមឲ្យគង្វាលម្នាក់មើលថែទាំ រួចយកស្បៀងអាហារទាំងនោះចេញដំណើរទៅ តាមបង្គាប់របស់លោកអ៊ីសាយ។ ពេលដាវីឌទៅដល់កន្លែងបោះទ័ព ពលទាហានកំពុងរៀបទ័ព ដើម្បីប្រយុទ្ធ ព្រមទាំងស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង។ ទាហានអ៊ីស្រាអែល និងទាហានភីលីស្ទីន រៀបទ័ពនៅប្រឈមមុខគ្នា ដើម្បីប្រយុទ្ធ។ ដាវីឌប្រគល់អីវ៉ាន់របស់ខ្លួនឲ្យអ្នកថែរក្សាសម្ភារៈ រួចរត់តម្រង់ទៅជួរទ័ពខាងមុខ។ ពេលទៅដល់ភ្លាម គាត់ជម្រាបសួរសុខទុក្ខបងៗ។ ពេលដាវីឌកំពុងតែសំណេះសំណាលជាមួយបងៗ ទាហានភីលីស្ទីន ឈ្មោះកូលីយ៉ាត ជាអ្នកក្រុងកាថ ចេញមកខាងមុខជួរទ័ពរបស់ខ្លួន ហើយស្រែកសួរពួកអ៊ីស្រាអែលនូវពាក្យដដែល ដាវីឌក៏បានឮពាក្យទាំងនោះដែរ។ កាលឃើញកូលីយ៉ាតចេញមក ទាហានអ៊ីស្រាអែលនាំគ្នារត់ប្រសេចប្រសាច ដ្បិតគេភ័យខ្លាចជាខ្លាំង។ ទាហានអ៊ីស្រាអែលនិយាយគ្នាថា៖ «អ្នកឃើញជននោះទេ? វាចេញមកសម្លុតពលទ័ពអ៊ីស្រាអែលយើង! អ្នកណាសម្លាប់វាបាន ស្ដេចនឹងប្រទានទ្រព្យសម្បត្តិយ៉ាងច្រើន ព្រមទាំងលើកបុត្រីឲ្យ ហើយគ្រួសាររបស់អ្នកនោះក៏បានរួចពន្ធនៅស្រុកអ៊ីស្រាអែលដែរ»។ យុវជនដាវីឌសួរទាហានដែលនៅជិតខ្លួនថា៖ «តើអ្នកដែលសម្លាប់ជនភីលីស្ទីននោះ ហើយលុបលាងការអាម៉ាស់របស់អ៊ីស្រាអែល នឹងទទួលរង្វាន់អ្វី? ជនភីលីស្ទីនជាសាសន៍មិនកាត់ស្បែកនេះជានរណា បានជាហ៊ានបំបាក់មុខពលទ័ពរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅដូច្នេះ?»។ ពួកទាហានឆ្លើយតាមពាក្យដែលស្ដេចបានសន្យាថា នឹងប្រទានចំពោះអ្នកដែលវាយឈ្នះជនភីលីស្ទីននោះ។ លោកអេលាប ជាបងបង្អស់ ឮដាវីឌនិយាយជាមួយនឹងពលទាហានដូច្នេះ គាត់ខឹងដាវីឌយ៉ាងខ្លាំង ហើយពោលថា៖ «ហេតុអ្វីបានជាឯងមកទីនេះ? ឯងទុកហ្វូងចៀមនៅវាលរហោស្ថាននោះឲ្យនរណាមើល? អញស្គាល់ចរិតរប៉ិលរប៉ូចរបស់ឯងច្បាស់ណាស់ គឺឯងមកនេះ ដើម្បីមើលគេច្បាំងគ្នាប៉ុណ្ណោះ»។ យុវជនដាវីឌឆ្លើយតបថា៖ «តើខ្ញុំមានធ្វើអ្វីខុស? ខ្ញុំគ្រាន់តែសួរប៉ុណ្ណឹង មិនបានឬ!»។
១ សាំយូអែល 17:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ ពួកភីលីស្ទីន គេលើកទ័ពមកដើម្បីច្បាំង ក៏មូលគ្នានៅត្រង់សូគរ ជាស្រុករបស់ពួកយូដា ហើយបោះទ័ពនៅកណ្តាលសូគរ នឹងអាសេកា ត្រង់អេភេស-ដាំមីម ឯសូលនឹងពួកទ័ពអ៊ីស្រាអែល គេប្រមូលគ្នាបោះទ័ពនៅច្រកភ្នំអេឡា ក៏ដំរៀបពល ដើម្បីច្បាំងនឹងពួកភីលីស្ទីន ពួកភីលីស្ទីនគេឈរលើភ្នំម្ខាង ហើយពួកអ៊ីស្រាអែលគេក៏ឈរលើភ្នំម្ខាង មានវាលច្រកភ្នំនៅជាកណ្តាល លំដាប់នោះ មានទាហានម្នាក់ឈ្មោះកូលីយ៉ាត ដែលនៅក្រុងកាថ វាចេញពីពួកភីលីស្ទីនមក អ្នកនោះមានកំពស់៦ហត្ថ១ចំអាម ពាក់មួកលង្ហិន ហើយពាក់អាវក្រោះធ្វើពីលង្ហិន មានទំងន់៥ពាន់ដំឡឹង ក៏មានស្រោមលង្ហិនស្រោបជើង ហើយមានប្រដាប់លង្ហិនបាំងពីខាងខ្នងដែរ ឯដងលំពែងរបស់វា នោះប្រៀបដោយផ្សំនៃដំបាញ ហើយផ្លែធ្វើពីដែក ទំងន់៦០០ដំឡឹង មានអ្នកកាន់ខែលដើរពីមុខ វាឈរស្រែកមកខាងពួកទ័ពអ៊ីស្រាអែលថា ម្តេចក៏ឯងរាល់គ្នាចេញមកដំរៀបទ័ពសំរាប់ច្បាំងដូច្នេះ តើអញមិនមែនជាសាសន៍ភីលីស្ទីន ហើយឯងរាល់គ្នាជាខ្ញុំរបស់សូលទេឬអី ចូររើសម្នាក់ឲ្យចុះមកច្បាំងនឹងអញមើល បើវាអាចនឹងតដៃសំឡាប់អញបាន នោះយើងនឹងធ្វើជាបាវបំរើឯង តែបើអញឈ្នះ ហើយសំឡាប់វាបាន នោះឯងរាល់គ្នាត្រូវធ្វើជាបាវបំរើយើងវិញ វាប្រកួតនឹងពួកទ័ពអ៊ីស្រាអែលថា នៅថ្ងៃនេះ ចូរឲ្យមនុស្សម្នាក់ចេញមកតនឹងអញលមើលចុះ កាលសូល នឹងពួកអ៊ីស្រាអែលទាំងអស់ បានឮពាក្យរបស់សាសន៍ភីលីស្ទីននោះនិយាយដូច្នោះ គេក៏មានគំនិតវិលវល់ ហើយភ័យខ្លាចជាខ្លាំង។ រីឯដាវីឌ ជាកូនរបស់ពួកអេប្រាតាម្នាក់ នៅបេថ្លេហិម-យូដា ឈ្មោះអ៊ីសាយ ឯអ៊ីសាយ មានកូនប្រុស៨នាក់ ហើយនៅជំនាន់ស្តេចសូល គាត់ចាស់ណាស់ មានវ័យកន្លងហើយ កូនប្រុសច្បងរបស់អ៊ីសាយ៣នាក់បានតាមសូលទៅច្បាំង កូនទាំង៣នាក់ដែលទៅច្បាំងនោះ គឺច្បងបង្អស់ឈ្មោះអេលាប បន្ទាប់មកឈ្មោះអ័ប៊ីន៉ាដាប់ ហើយទី៣ឈ្មោះសាំម៉ា អ្នកទាំង៣នោះបានតាមសូលទៅ ឯដាវីឌគាត់ជាកូនពៅ ក៏តែងធ្លាប់ទៅមកពីសូល ទៅឯឪពុកនៅបេថ្លេហិម ដើម្បីឃ្វាលចៀម រីឯសាសន៍ភីលីស្ទីនម្នាក់នោះ វាចេះតែចូលមកជិត ទាំងព្រឹកទាំងល្ងាច ក៏ប្រកាសខ្លួនដូច្នោះ អស់រវាង៤០ថ្ងៃ។ នៅគ្រានោះអ៊ីសាយប្រាប់ដាវីឌជាកូនថា ចូរឯងយកលាជ១ថាំង នឹងនំបុ័ង១០ដុំនេះទៅ ឲ្យដល់ពួកបងឯង នៅឯទីបោះទ័ពជាប្រញាប់ទៅ ហើយនាំយកទឹកដោះខះ១០ផែននេះ ទៅជូនដល់មេទ័ពរបស់វាទៅ រួចចូរមើលដែលបងឯងសុខសប្បាយ ឬយ៉ាងណា ហើយនាំយករបស់អ្វី១ ជាគ្រឿងសំគាល់ពីវា មកវិញ ចំណែកសូល នឹងអ្នកទាំង៣នោះ ព្រមទាំងពួកអ៊ីស្រាអែលទាំងអស់ គេនៅច្រកភ្នំអេឡា កំពុងតែច្បាំងនឹងពួកភីលីស្ទីន ដូច្នេះ ដាវីឌក៏ក្រោកពីព្រលឹម ប្រគល់ចៀមទុកនឹងអ្នកគង្វាលម្នាក់ រួចយកអីវ៉ាន់ចេញទៅ ដូចជាឪពុកបានបង្គាប់ ក៏បានទៅដល់ទីបោះទ័ព ក្នុងកាលដែលពួកពលកំពុងតែចេញទៅឯទីចំបាំង ទាំងស្រែកសំរែកសង្គ្រាម ហើយពួកអ៊ីស្រាអែល នឹងពួកភីលីស្ទីន គេដំរៀបទ័ពប្រទល់គ្នា រៀបនឹងតដៃហើយ ដាវីឌក៏ប្រគល់អីវ៉ាន់ទុកនឹងអ្នកដែលរក្សាអីវ៉ាន់របស់ពួកទ័ព រួចរត់ចូលទៅក្នុងចំណោមទ័ព ដើម្បីនឹងជំរាបសួរដល់ពួកបង គ្រាដែលកំពុងតែនិយាយនឹងពួកបង នោះមើល ទាហានរបស់សាសន៍ភីលីស្ទីនម្នាក់នោះ ពីក្រុងកាថ ឈ្មោះកូលីយ៉ាត ក៏ចេញពីខាងទ័ពភីលីស្ទីន មកប្រកាសជាពាក្យដដែលទៀត ហើយដាវីឌក៏បានឮ កាលពួកអ៊ីស្រាអែលទាំងប៉ុន្មាន បានឃើញអ្នកនោះ គេក៏រត់ពីវាទៅ ដោយភ័យខ្លាចជាខ្លាំង រួចពួកអ៊ីស្រាអែលនិយាយគ្នាថា បានឃើញមនុស្សនោះ ដែលឡើងមកឬទេ វាបានឡើងមក ដើម្បីប្រកួតនឹងសាសន៍អ៊ីស្រាអែលយើងនេះជាប្រាកដ បើអ្នកណាសំឡាប់វាបាន នោះស្តេចនឹងប្រទានទ្រព្យសម្បត្តិដ៏វិសេស ដល់អ្នកនោះ ព្រមទាំងឲ្យព្រះរាជបុត្រីទ្រង់ផង ក៏នឹងប្រោសប្រណី ដល់គ្រួឪពុករបស់អ្នកនោះ ឲ្យរួចពន្ធក្នុងសាសន៍អ៊ីស្រាអែលតទៅ ដូច្នេះ ដាវីឌក៏សួរដល់ពួកអ្នកដែលឈរនៅជិតថា ឯអ្នកណាដែលនឹងសំឡាប់សាសន៍ភីលីស្ទីននេះ ហើយដកសេចក្ដីដំនៀលពីអ៊ីស្រាអែលចេញ នោះនឹងបានដូចម្តេចខ្លះ ដ្បិតតើសាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះជាអ្វី បានជាហ៊ានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ដូច្នេះ គេក៏ឆ្លើយប្រាប់តាមពាក្យដដែលនោះថា អ្នកណាដែលនឹងសំឡាប់វាបាន នោះនឹងបានដូច្នេះឯង។ គ្រាដែលដាវីឌកំពុងនិយាយនឹងគេ នោះអេលាបជាបងបង្អស់ក៏ឮ ហើយកើតមានសេចក្ដីកំហឹងទាស់នឹងប្អូនថា ឯងបានចុះមកធ្វើអី តើបានប្រគល់ហ្វូងចៀមតូចនោះ ដែលនៅទីរហោស្ថានទុកនឹងអ្នកណា អញស្គាល់សេចក្ដីអំនួត នឹងសេចក្ដីអាក្រក់ដែលនៅក្នុងចិត្តឯងហើយ ដ្បិតឯងបានចុះមកដើម្បីឲ្យតែបានមើលចំបាំងទេ តែដាវីឌឆ្លើយថា តើខ្ញុំមានធ្វើអី ខ្ញុំគ្រាន់តែនិយាយ១ម៉ាត់ទេតើ