ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែយំសោកស្ដាយសូលដល់ណាទៀត? យើងបោះបង់គេចោល លែងឲ្យធ្វើជាស្ដេចលើជនជាតិអ៊ីស្រាអែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឲ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឲ្យទៅផ្ទះលោកអ៊ីសាយ នៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងជ្រើសរើសយកម្នាក់ឲ្យធ្វើជាស្ដេច ដែលត្រូវចិត្តយើង»។ លោកសាំយូអែលទូលថា៖ «តើឲ្យទូលបង្គំទៅម្ដេចកើត? បើព្រះបាទសូលជ្រាប ស្ដេចមុខជាសម្លាប់ទូលបង្គំមិនខាន»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដឹកគោញីស្ទាវមួយទៅ ហើយប្រាប់គេថា ខ្ញុំមកថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។ ចូរអញ្ជើញលោកអ៊ីសាយឲ្យចូលរួមក្នុងពិធីថ្វាយយញ្ញបូជានោះផង។ ពេលនោះ យើងនឹងប្រាប់អ្នកឲ្យដឹងនូវកិច្ចការដែលអ្នកត្រូវធ្វើ គឺត្រូវយកប្រេងចាក់អភិសេកអ្នកដែលយើងនឹងចង្អុលប្រាប់»។ លោកសាំយូអែលធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ ហើយធ្វើដំណើរទៅភូមិបេថ្លេហិម។ អស់លោកព្រឹទ្ធាចារ្យក្នុងភូមិនោះចេញមកទទួលលោក ទាំងភ័យញាប់ញ័រ ហើយសួរលោកថា៖ «តើលោកអញ្ជើញមកនេះ ក្នុងគោលបំណងល្អឬ?»។ លោកសាំយូអែលឆ្លើយតបថា៖ «បាទ! ខ្ញុំមកថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដូច្នេះ សូមអស់លោកអញ្ជើញធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ* ហើយមកថ្វាយយញ្ញបូជាជាមួយខ្ញុំ»។ លោកសាំយូអែលក៏ធ្វើពិធីជម្រះកាយជូនលោកអ៊ីសាយ ព្រមទាំងកូនប្រុសៗឲ្យបានវិសុទ្ធ និងអញ្ជើញពួកគេឲ្យចូលរួមក្នុងពិធីថ្វាយយញ្ញបូជាដែរ។ កាលលោកអ៊ីសាយ និងកូនប្រុសៗមកដល់ លោកសាំយូអែលក្រឡេកឃើញអេលាប ក៏នឹកក្នុងចិត្តថា៖ «ប្រាកដជាម្នាក់នេះហើយ ដែលព្រះអម្ចាស់បានជ្រើសរើស»។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «កុំមើលតែសំបកក្រៅ ឬកម្ពស់របស់គេឡើយ យើងមិនបានជ្រើសរើសអ្នកនេះទេ។ ព្រះអម្ចាស់មិនវិនិច្ឆ័យដូចមនុស្សលោក ដែលមើលតែសំបកក្រៅប៉ុណ្ណោះទេ ព្រះអម្ចាស់ទតមើលចិត្តគំនិតវិញ»។
អាន ១ សាំយូអែល 16
ស្ដាប់នូវ ១ សាំយូអែល 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 16:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ