១ សាំយូអែល 16:1-7

១ សាំយូអែល 16:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកសាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត? យើង​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ដាក់​ប្រេង​ក្នុង​ស្នែង​របស់​អ្នក​ឲ្យ​ពេញ ហើយ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ទៅ​រក​អ៊ីសាយ​នៅ​បេ‌ថ្លេ‌ហិម ដ្បិត​យើង​បាន​ជ្រើស​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​យើង»។ លោកសាំយូ‌អែល​និយាយ​ថា៖ «តើ​ឲ្យ​ទូល‌បង្គំ​ទៅ​យ៉ាង​ម៉េច​បាន? ប្រសិន‌បើ​ស្ដេច​សូល​បាន​ឮ ទ្រង់​នឹង​សម្លាប់​ទូល‌បង្គំ​ហើយ» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​គោ​ក្រមុំ​មួយ​ទៅ​ជា‌មួយ ហើយ​និយាយ​ថា "ខ្ញុំ​មក​ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា"។ ចូរ​ហៅ​អ៊ីសាយ​មក​ក្នុង​ការ​ថ្វាយ​យញ្ញ‌បូជា​ដែរ នោះ​យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា អ្នក​ត្រូវ​ចាក់​ប្រេង​លើ​អ្នក​ណា​ដែល​យើង​នឹង​ប្រាប់ ដើម្បី​ញែក​សម្រាប់​យើង»។ លោកសាំយូ‌អែល​បាន​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​លោក ហើយ​ក៏​បាន​ទៅ​ដល់​បេ‌ថ្លេ‌ហិម។ ពួក​ចាស់​ទុំ​នៅ​ទី​ក្រុង​នោះ គេ​ចេញ​មក​ទទួល​លោក​ដោយ​ភ័យ​ញ័រ ហើយ​សួរ​ថា៖ «តើ​លោក​អញ្ជើញ​មក​ដោយ​មេត្រី​ទេ​ឬ?» លោក​ឆ្លើយ​ថា៖ «ដោយ​មេត្រី​ទេ ខ្ញុំ​មក​ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​សម្អាត​កាយ​ឲ្យ​បាន​បរិសុទ្ធ​ចុះ រួច​មក​បរិ‌ភោគ​យញ្ញ‌បូជា​ជា‌មួយ​គ្នា» លោក​ក៏​ញែក​អ៊ីសាយ និង​ពួក​កូន​គាត់​ចេញ​ជា​បរិសុទ្ធ ហើយ​ហៅ​គេ​មក​បរិ‌ភោគ​យញ្ញ‌បូជា​ទាំង​អស់​គ្នា។ ពេល​គេ​ចូល​មក​ដល់ នោះ​លោក​ក៏​ក្រឡេក​មើល​ទៅ​អេលាប ដោយ​គិត​ថា៖ «នេះ​ប្រាកដ​ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ចាក់​ប្រេង​តាំង ឲ្យ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ហើយ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​មើល​តែ​ឫក‌ពា​ខាង​ក្រៅ ឬ​កម្ពស់​ខ្លួន​នោះ​ឡើយ ដ្បិត​យើង​មិន​ទទួល​អ្នក​នេះ​ទេ ព្រោះ​ព្រះ​មិន​ទត​ចំពោះ​សេចក្ដី​ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ មនុស្ស​តែង​មើល​តែ​ឫក‌ពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ»។

១ សាំយូអែល 16:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​យំ​សោក​ស្ដាយ​សូល​ដល់​ណា​ទៀត? យើង​បោះ​បង់​គេ​ចោល លែង​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ហើយ។ ចូរ​យក​ស្នែង​មក​ចាក់​ប្រេង​ឲ្យ​ពេញ រួច​ធ្វើ​ដំណើរ​ទៅ។ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ផ្ទះ​លោក​អ៊ីសាយ នៅ​ភូមិ​បេថ្លេ‌ហិម ដ្បិត​ក្នុង​ចំណោម​កូន​ប្រុស​របស់​គាត់ យើង​ជ្រើស​រើស​យក​ម្នាក់​ឲ្យ​ធ្វើ​ជា​ស្ដេច ដែល​ត្រូវ​ចិត្ត​យើង»។ លោក​សាំយូ‌អែល​ទូល​ថា៖ «តើ​ឲ្យ​ទូលបង្គំ​ទៅ​ម្ដេច​កើត? បើ​ព្រះ‌បាទ​សូល​ជ្រាប ស្ដេច​មុខ​ជា​សម្លាប់​ទូលបង្គំ​មិន​ខាន»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ដឹក​គោ​ញី​ស្ទាវ​មួយ​ទៅ ហើយ​ប្រាប់​គេ​ថា ខ្ញុំ​មក​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់។ ចូរ​អញ្ជើញ​លោក​អ៊ីសាយ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញ‌បូជា​នោះ​ផង។ ពេល​នោះ យើង​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​នូវ​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ត្រូវ​យក​ប្រេង​ចាក់​អភិសេក​អ្នក​ដែល​យើង​នឹង​ចង្អុល​ប្រាប់»។ លោក​សាំយូ‌អែល​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេ‌ហិម។ អស់​លោក​ព្រឹទ្ធា‌ចារ្យ​ក្នុង​ភូមិ​នោះ​ចេញ​មក​ទទួល​លោក ទាំង​ភ័យ​ញាប់‌ញ័រ ហើយ​សួរ​លោក​ថា៖ «តើ​លោក​អញ្ជើញ​មក​នេះ ក្នុង​គោល​បំណង​ល្អ​ឬ?»។ លោក​សាំយូ‌អែល​ឆ្លើយ​តប​ថា៖ «បាទ! ខ្ញុំ​មក​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ដូច្នេះ សូម​អស់​លោក​អញ្ជើញ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ* ហើយ​មក​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​ខ្ញុំ»។ លោក​សាំយូ‌អែល​ក៏​ធ្វើ​ពិធី​ជម្រះ​កាយ​ជូន​លោក​អ៊ីសាយ ព្រម​ទាំង​កូន​ប្រុសៗ​ឲ្យ​បាន​វិសុទ្ធ និង​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញ‌បូជា​ដែរ។ កាល​លោក​អ៊ីសាយ និង​កូន​ប្រុសៗ​មក​ដល់ លោក​សាំយូ‌អែល​ក្រឡេក​ឃើញ​អេលាប ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «ប្រាកដ​ជា​ម្នាក់​នេះ​ហើយ ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស»។ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «កុំ​មើល​តែ​សំបក​ក្រៅ ឬ​កម្ពស់​របស់​គេ​ឡើយ យើង​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ទេ។ ព្រះ‌អម្ចាស់​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ ព្រះ‌អម្ចាស់​ទត​មើល​ចិត្ត​គំនិត​វិញ»។

១ សាំយូអែល 16:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​សាំយូ‌អែល​ថា តើ​ឯង​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត ដ្បិត​អញ​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រាអែល​ហើយ ដូច្នេះចូរ​បំពេញ​ប្រេង​ក្នុង​ស្នែង​របស់​ឯង​ចេញ​ទៅ អញ​នឹង​ចាត់​ឯង​ទៅ​ឯ​អ៊ីសាយ​នៅ​បេថ្លេ‌ហិម ដ្បិត​អញ​បាន​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​អញ តែ​សាំយូ‌អែល​ប្រកែក​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ទូលបង្គំ​ទៅ​បាន ដ្បិត​បើ​សូល​បាន​ឮ នោះ​ទ្រង់​នឹង​សំឡាប់​ទូលបង្គំ​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​យក​គោ​ក្រមុំ​១​នាំ​ទៅ​ជា​មួយ​ផង​ដោយ​ថា ខ្ញុំ​បាន​មក ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា រួច​ចូរ​ហៅ​អ៊ីសាយ​មក​ក្នុង​ការ​ថ្វាយ​យញ្ញ‌បូជា​ដែរ នោះ​អញ​នឹង​បង្ហាញ​ឲ្យ​ឯង​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា ត្រូវ​ឲ្យ​ឯង​ចាក់​ប្រេង​ដល់​អ្នក​ណា​ដែល​អញ​នឹង​ប្រាប់​ឯង ដើម្បី​ញែក​ចេញ​ឲ្យ​អញ ដូច្នេះ សាំយូ‌អែល​ក៏​ធ្វើ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​មក​លោកបាន​ទៅ​ដល់​បេថ្លេ‌ហិម ឯ​ពួក​ចាស់‌ទុំ​នៅ​ទី​ក្រុង​នោះ គេ​ចេញ​មក​ទទួល​លោក​ដោយ​ភ័យ​ញ័រ ហើយ​សួរ​ថា លោក​អញ្ជើញ​មក​ដោយ​មេត្រី​ទេ​ឬ​អី លោក​ឆ្លើយ​ថា ដោយ​មេត្រី​ទេ ខ្ញុំ​បាន​មក​ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ដូច្នេះចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ជា​បរិសុទ្ធ​ចុះ រួច​មក​បរិភោគ​យញ្ញ‌បូជា​ជា​មួយ​គ្នា លោក​ក៏​ញែក​អ៊ីសាយ នឹង​ពួក​កូន​គាត់​ចេញ​ជា​បរិសុទ្ធ ហើយ​ហៅ​គេ​មក​បរិភោគ​យញ្ញ‌បូជា​ទាំង​អស់​គ្នា។ កាល​បាន​ចូល​មក​ដល់ នោះ​លោក​ក៏​ក្រឡេក​មើល​ទៅ​អេលាប ដោយ​គិត​ថា នេះ​ប្រាកដ​ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ចាក់​ប្រេង​តាំង​ឲ្យ បាន​មក​នៅ​ចំពោះ​ទ្រង់​ហើយ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​មើល​តែ​ឫកពា​ខាង​ក្រៅ ឬ​កំពស់​ខ្លួន​នោះ​ឡើយ ដ្បិត​អញ​មិន​ទទួល​អ្នក​នេះ​ទេ ពី​ព្រោះ​ព្រះ‌ទ្រង់​មិន​ទត​ចំពោះ​សេចក្ដី ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ