ថ្ងៃមួយ សម្ដេចយ៉ូណាថាន ជាបុត្រារបស់ព្រះបាទសូល បានប្រាប់ទៅសេនាក្មេងម្នាក់ ដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេចថា៖ «ចូរយើងឆ្លងចូលទៅខ្សែត្រៀមរបស់ពួកភីលីស្ទីនដែលនៅទល់មុខនោះ»។ សម្ដេចមិនបានទូលបិតាឲ្យជ្រាបទេ។ ព្រះបាទសូលប្រថាប់នៅជាយភូមិគីបៀរ ក្រោមដើមទទឹមមួយដើម គឺនៅមីក្រូន ហើយមានទាហានប្រមាណប្រាំមួយរយនាក់នៅជាមួយ។ រីឯអ្នកដែលពាក់អាវអេផូដ* ដើម្បីទូលសួរព្រះជាម្ចាស់នៅពេលនោះ គឺលោកអហ៊ីយ៉ា ជាកូនរបស់លោកអហ៊ីទូប ត្រូវជាបងប្អូនរបស់អ៊ីកាបុដ ជាកូនរបស់លោកភីនេហាស និងត្រូវជាចៅរបស់លោកអេលី ដែលជាបូជាចារ្យរបស់ព្រះអម្ចាស់នៅស៊ីឡូ។ គ្មាននរណាម្នាក់ក្នុងជួរកងទ័ពដឹងថា សម្ដេចយ៉ូណាថានចេញទៅទេ។ ច្រកភ្នំដែលសម្ដេចយ៉ូណាថានបម្រុងនឹងឆ្លងទៅរកខ្សែត្រៀមរបស់ពួកភីលីស្ទីននោះ មានថ្មស្រួចៗនៅអមសងខាងផ្លូវ មួយឈ្មោះបូសេស មួយទៀតឈ្មោះសេនេ។ ថ្មស្រួចមួយស្ថិតនៅខាងជើង ទល់មុខនឹងមីកម៉ាស់ និងមួយទៀតស្ថិតនៅខាងត្បូង ទល់មុខនឹងកេបា។ សម្ដេចយ៉ូណាថានប្រាប់ទៅសេនាក្មេង ដែលកាន់គ្រឿងសស្ត្រាវុធថា៖ «តោ៎ះ! យើងចូលទៅខ្សែត្រៀមរបស់ពួកទមិឡ ប្រហែលជាព្រះអម្ចាស់ជួយយើង ដ្បិតគ្មានអ្វីរារាំងព្រះអម្ចាស់មិនឲ្យប្រទានជ័យជម្នះដល់យើងឡើយ ទោះបីយើងមានគ្នាតិច ឬច្រើនក្ដី!»។ សេនានោះក៏ឆ្លើយតបវិញថា៖ «សូមធ្វើតាមគំនិតរបស់សម្ដេចចុះ! កុំបង្អង់ឡើយ ទូលបង្គំដើរតាមក្រោយសម្ដេចជានិច្ច»។ សម្ដេចយ៉ូណាថានតបថា៖ «បើដូច្នេះ ចូរយើងឆ្លងទៅរកអ្នកទាំងនោះ រួចបង្ហាញខ្លួនឲ្យគេឃើញ។ បើសិនជាពួកគេប្រាប់មកយើងថា “ចូរឈប់នៅទីនោះហើយ ពួកយើងនឹងចុះទៅរកអ្នក!” នោះយើងត្រូវឈរនៅនឹងកន្លែង គឺមិនត្រូវឡើងទៅរកពួកគេទេ។ ប៉ុន្តែ បើសិនជាពួកគេប្រាប់ថា “ចូរឡើងមករកយើង!” នោះយើងនឹងឡើងទៅភ្លាម ដ្បិតនេះជាសញ្ញាសម្គាល់ឲ្យយើងដឹងថា ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់យើងហើយ»។ អ្នកទាំងពីរបង្ហាញខ្លួនឲ្យពួកខ្សែត្រៀមរបស់ភីលីស្ទីនឃើញ។ ពួកភីលីស្ទីនពោលថា៖ «មើលហ្ន៎! ពួកហេប្រឺចេញពីរូងដែលគេពួនហើយ!»។ ពួកទាហាននៅខ្សែត្រៀមស្រែកប្រាប់សម្ដេចយ៉ូណាថាន និងសេនាដែលកាន់គ្រឿងសស្ត្រាវុធថា៖ «ចូរឡើងមក! យើងនឹងប្រដៅអ្នកទាំងពីរ»។ សម្ដេចយ៉ូណាថានប្រាប់សេនារបស់សម្ដេចថា៖ «ឡើងតាមខ្ញុំ ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលហើយ»។ សម្ដេចយ៉ូណាថានវារឡើង ហើយសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេចក៏វារឡើងតាមក្រោយដែរ។ សម្ដេចយ៉ូណាថានវាយផ្ដួលពួកភីលីស្ទីន ហើយសេនាដែលកាន់អាវុធក៏សម្លាប់ពួកគេតាមក្រោយ។ នៅគ្រាដំបូង សម្ដេចយ៉ូណាថាន និងសេនា បានប្រហារពួកភីលីស្ទីនអស់ប្រមាណម្ភៃនាក់ នៅលើផ្ទៃដីប្រហែលមួយស្រែ។ ពេលនោះ ក៏កើតការភ័យញាប់ញ័រនៅក្នុងជំរំរបស់ពួកភីលីស្ទីន និងក្នុងចំណោមប្រជាជនដែលនៅជិតខាងនោះផងដែរ។ រីឯទាហាននៅតាមខ្សែត្រៀម និងកងទ័ពក៏ភ័យញាប់ញ័រដែរ ដ្បិតមានរញ្ជួយផែនដី បណ្ដាលឲ្យមានការភ័យញាប់ញ័រជាខ្លាំង។ ពួកអ្នកយាមល្បាតរបស់ស្ដេចសូល នៅក្រុងគីបៀរ ក្នុងស្រុកបេនយ៉ាមីន ក៏បានឃើញកងទ័ពភីលីស្ទីនរត់បែកខ្ញែកគ្នាទៅគ្រប់ទិសទីដែរ។ ព្រះបាទសូលមានរាជឱង្ការទៅកាន់ទាហាន ដែលនៅជាមួយស្ដេចថា៖ «ចូររាប់ចំនួនគ្នាយើងមើល តើបាត់នរណាខ្លះ»។ គេក៏រាប់មើល ហើយឃើញបាត់សម្ដេចយ៉ូណាថាន និងសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេច។ ព្រះបាទសូលបញ្ជាទៅលោកអហ៊ីយ៉ាថា៖ «ចូរទៅយកហិបរបស់ព្រះជាម្ចាស់មក!»។ នៅគ្រានោះ ហិបរបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយជនជាតិអ៊ីស្រាអែល។ ពេលព្រះបាទសូលកំពុងតែមានរាជឱង្ការទៅកាន់លោកបូជាចារ្យ ការច្របូកច្របល់កើតមានកាន់តែខ្លាំងឡើងៗ នៅក្នុងជំរំពួកភីលីស្ទីន។ ព្រះបាទសូលក៏ប្រាប់លោកបូជាចារ្យថា៖ «មិនបាច់ទូលសួរព្រះជាម្ចាស់ទៀតទេ»។ ព្រះបាទសូល និងទាហានទាំងអស់ដែលនៅជាមួយស្ដេច បានប្រមូលគ្នា រួចចេញទៅដល់ទីលានប្រយុទ្ធ។ ម្នាក់ៗកាន់ដាវចូលប្រឡូកច្បាំង ហើយសភាពច្របូកច្របល់ក៏កើតមានយ៉ាងខ្លាំងឥតឧបមា។ មានពួកហេប្រឺមួយចំនួន ដែលពីមុននៅបម្រើពួកភីលីស្ទីន ហើយបានចេញមកច្បាំងរួមជាមួយពួកគេដែរនោះ ក៏រត់ចូលមកខាងទ័ពអ៊ីស្រាអែល ដែលនៅជាមួយព្រះបាទសូល និងសម្ដេចយ៉ូណាថាន។ ទាហានអ៊ីស្រាអែលទាំងប៉ុន្មានដែលលាក់ខ្លួននៅតាមតំបន់ភ្នំអេប្រាអ៊ីមដឹងថា ពួកភីលីស្ទីនបាក់ទ័ព នោះក៏ចេញមកដេញតាមប្រហារពួកគេដែរ។ នៅថ្ងៃនោះ ព្រះអម្ចាស់បានសង្គ្រោះជនជាតិអ៊ីស្រាអែល ហើយការប្រយុទ្ធក៏បន្តទៅទៀត រហូតដល់បេតអាវេន។
អាន ១ សាំយូអែល 14
ស្ដាប់នូវ ១ សាំយូអែល 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 14:1-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ