១ សាំយូអែល 14:1-23
១ សាំយូអែល 14:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ថ្ងៃមួយ យ៉ូណាថាន ជាបុត្រារបស់ស្ដេចសូល ប្រាប់យុវជនដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរយើងឆ្លងទៅបន្ទាយរបស់ពួកភីលីស្ទីន ដែលនៅខាងនាយនោះ»។ ប៉ុន្តែ លោកមិនបានទូលដល់បិតាឲ្យជ្រាបទេ។ ឯស្ដេចសូលនៅត្រង់ចុងក្រុងគីបៀរ ក្រោមដើមទទឹមដែលនៅមីករ៉ូន មានទាំងពួកទ័ពនៅជាមួយ ប្រហែលជាប្រាំមួយរយនាក់ផង ព្រមទាំងអ័ហ៊ីយ៉ាជាកូនអ័ហ៊ីទូប បងរបស់អ៊ីកាបូឌ ដែលជាកូនភីនេហាស ភីនេហាស ជាកូនអេលី ជាសង្ឃរបស់ព្រះយេហូវ៉ា នៅត្រង់ស៊ីឡូរ ដែលលោកពាក់អេផូឌដែរ គេឥតបានដឹងជាយ៉ូណាថានទៅទេ។ នៅកណ្ដាលច្រកភ្នំដែលយ៉ូណាថានចង់ឆ្លងទៅឯបន្ទាយរបស់ពួកភីលីស្ទីន នោះមានថ្មដាស្រួចអមទាំងសងខាងផ្លូវ មួយឈ្មោះបូសេស ហើយមួយទៀតឈ្មោះសេនេ។ មួយនៅខាងជើងទល់មុខនឹងមីកម៉ាស ហើយមួយនៅខាងត្បូងទល់មុខនឹងកេបា។ យ៉ូណាថានក៏ប្រាប់យុវជនដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរយើងឆ្លងទៅឯបន្ទាយនៃពួកមិនកាត់ស្បែកនោះ ប្រហែលជាព្រះយេហូវ៉ានឹងជួយយើងទេដឹង ដ្បិតគ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលព្រះអង្គនឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ»។ ឯអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកក៏ឆ្លើយថា៖ «សូមសម្រេចតាមតែគំនិតរបស់លោក ហើយធ្វើតាមតែចិត្តប្រាថ្នាចុះ មើល៍ ខ្ញុំនៅជាមួយលោកស្រាប់ហើយ»។ ដូច្នេះ យ៉ូណាថានប្រាប់ថា៖ «ឥឡូវ យើងនឹងឆ្លងទៅរកអ្នកទាំងនោះ រួចបង្ហាញខ្លួនយើងឲ្យគេឃើញ ប្រសិនបើគេប្រាប់យើងថា "ចូររង់ចាំរហូតដល់យើងមករកអ្នក" នោះយើងនឹងឈរនៅនឹងកន្លែង យើងនឹងមិនឡើងទៅរកគេឡើយ។ ប៉ុន្តែ ប្រសិនបើគេប្រាប់ថា "ចូរឡើងមករកយើង" នោះយើងនឹងឡើងទៅ ដ្បិតព្រះយេហូវ៉ាបានប្រគល់គេមកក្នុងកណ្ដាប់ដៃយើងហើយ នេះនឹងបានជាទីសម្គាល់ដល់យើង»។ ដូច្នេះ អ្នកទាំងពីរក៏បង្ហាញខ្លួនឲ្យពួកបន្ទាយនៃសាសន៍ភីលីស្ទីនឃើញ រួចគេនិយាយថា៖ «មើល៍! ពួកហេព្រើរចេញពីរូងដែលគេពួននោះហើយ» គេក៏និយាយទៅយ៉ូណាថាន និងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរឡើងមករកយើងចុះ យើងនឹងបង្ហាញឲ្យអ្នកដឹង» នោះយ៉ូណាថានប្រាប់ដល់អ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរអ្នកឡើងមកតាមក្រោយយើងមក ដ្បិតព្រះយេហូវ៉ាបានប្រគល់គេ មកក្នុងកណ្ដាប់ដៃនៃអ៊ីស្រាអែលហើយ»។ រួចយ៉ូណាថានក៏ប្រតោងឡើង ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏ឡើងតាមក្រោយទៅ។ ពួកភីលីស្ទីនក៏ដួលនៅមុខយ៉ូណាថាន ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏សម្លាប់គេជាក្រោយ។ នៅពេលដែលយ៉ូណាថាន និងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកបានសម្លាប់គេមុនដំបូង នោះបានស្លាប់អស់ប្រហែលជាម្ភៃនាក់ នៅលើដីចំនួនមួយងារ។ នោះក៏មានការញាប់ញ័រកើតឡើង ក្នុងទីបោះទ័ពដែលនៅវាល និងនៅក្នុងពួកបណ្ដាទ័ពទាំងប៉ុន្មាន ឯពួកអ្នកនៅក្នុងបន្ទាយ និងពួកទ័ពបំផ្លាញ គេក៏ញ័ររន្ធត់ដែរ ហើយផែនដីក៏កក្រើកឡើង ដូច្នេះ គេមានសេចក្ដីញ័ររន្ធត់ជាខ្លាំងក្រៃលែង។ ពួកយាមល្បាតរបស់សូលនៅក្រុងគីបៀរ ស្រុកបេនយ៉ាមីន មើលទៅឃើញពលទ័ពបែកខ្ញែកគ្នា ខ្លះទៅខាងនេះ ខ្លះទៅខាងនោះ ដូច្នេះ ស្ដេចសូលមានរាជឱង្ការទៅពួកអ្នកដែលនៅជាមួយថា៖ «ចូររាប់មើលអ្នកណាខ្លះដែលបានចេញពីយើង»។ ពេលគេបានរាប់ ឃើញបាត់យ៉ូណាថាន និងអ្នកដែលកាន់គ្រឿងរបស់លោក។ ព្រះបាទសូលបញ្ជាលោកអ័ហ៊ីយ៉ាថា៖ «ចូរយកហិបរបស់ព្រះមកទីនេះ»។ ដ្បិតគ្រានោះ ហិបរបស់ព្រះនៅជាមួយប្រជាជនអ៊ីស្រាអែល។ កាលស្ដេចសូលកំពុងមានរាជឱង្ការទៅកាន់សង្ឃនៅឡើយ សូរអឺងកងដែលឮពីជំរំពួកភីលីស្ទីនក៏កាន់តែខ្លាំងឡើងៗ។ ដូច្នេះ ស្ដេចសូលប្រាប់សង្ឃថា៖ «ចូរដកដៃអ្នកចេញ »។ ពេលនោះ ស្ដេចសូល និងពួកអ្នកដែលនៅជាមួយទាំងប៉ុន្មានក៏ប្រមូលគ្នាទៅសមរភូមិ ហើយមើល៍ មានការច្របូកច្របល់យ៉ាងសម្បើម ដោយពួកភីលីស្ទីនកំពុងតែកាប់ចាក់គ្នាឯង។ រីឯពួកហេព្រើរដែលនៅជាមួយពួកភីលីស្ទីន ហើយបានឡើងមកក្នុងពួកទ័ពជាមួយគេ នោះក៏បែរមកខាងពួកអ៊ីស្រាអែល ដែលនៅជាមួយសូល និងយ៉ូណាថានវិញ។ កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានដែលពួននៅស្រុកភ្នំអេប្រាអិមបានឮថា ពួកភីលីស្ទីនរត់ដូច្នោះ នោះគេក៏ដេញតាមច្បាំងយ៉ាងប្រកិតដែរ។ ដូច្នេះ ព្រះយេហូវ៉ាបានជួយសង្គ្រោះអ៊ីស្រាអែល នៅថ្ងៃនោះ ហើយចម្បាំងនោះក៏ឆ្លងទៅ រហូតដល់បេត-អាវេនវិញ។
១ សាំយូអែល 14:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ សម្ដេចយ៉ូណាថាន ជាបុត្រារបស់ព្រះបាទសូល បានប្រាប់ទៅសេនាក្មេងម្នាក់ ដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេចថា៖ «ចូរយើងឆ្លងចូលទៅខ្សែត្រៀមរបស់ពួកភីលីស្ទីនដែលនៅទល់មុខនោះ»។ សម្ដេចមិនបានទូលបិតាឲ្យជ្រាបទេ។ ព្រះបាទសូលប្រថាប់នៅជាយភូមិគីបៀរ ក្រោមដើមទទឹមមួយដើម គឺនៅមីក្រូន ហើយមានទាហានប្រមាណប្រាំមួយរយនាក់នៅជាមួយ។ រីឯអ្នកដែលពាក់អាវអេផូដ* ដើម្បីទូលសួរព្រះជាម្ចាស់នៅពេលនោះ គឺលោកអហ៊ីយ៉ា ជាកូនរបស់លោកអហ៊ីទូប ត្រូវជាបងប្អូនរបស់អ៊ីកាបុដ ជាកូនរបស់លោកភីនេហាស និងត្រូវជាចៅរបស់លោកអេលី ដែលជាបូជាចារ្យរបស់ព្រះអម្ចាស់នៅស៊ីឡូ។ គ្មាននរណាម្នាក់ក្នុងជួរកងទ័ពដឹងថា សម្ដេចយ៉ូណាថានចេញទៅទេ។ ច្រកភ្នំដែលសម្ដេចយ៉ូណាថានបម្រុងនឹងឆ្លងទៅរកខ្សែត្រៀមរបស់ពួកភីលីស្ទីននោះ មានថ្មស្រួចៗនៅអមសងខាងផ្លូវ មួយឈ្មោះបូសេស មួយទៀតឈ្មោះសេនេ។ ថ្មស្រួចមួយស្ថិតនៅខាងជើង ទល់មុខនឹងមីកម៉ាស់ និងមួយទៀតស្ថិតនៅខាងត្បូង ទល់មុខនឹងកេបា។ សម្ដេចយ៉ូណាថានប្រាប់ទៅសេនាក្មេង ដែលកាន់គ្រឿងសស្ត្រាវុធថា៖ «តោ៎ះ! យើងចូលទៅខ្សែត្រៀមរបស់ពួកទមិឡ ប្រហែលជាព្រះអម្ចាស់ជួយយើង ដ្បិតគ្មានអ្វីរារាំងព្រះអម្ចាស់មិនឲ្យប្រទានជ័យជម្នះដល់យើងឡើយ ទោះបីយើងមានគ្នាតិច ឬច្រើនក្ដី!»។ សេនានោះក៏ឆ្លើយតបវិញថា៖ «សូមធ្វើតាមគំនិតរបស់សម្ដេចចុះ! កុំបង្អង់ឡើយ ទូលបង្គំដើរតាមក្រោយសម្ដេចជានិច្ច»។ សម្ដេចយ៉ូណាថានតបថា៖ «បើដូច្នេះ ចូរយើងឆ្លងទៅរកអ្នកទាំងនោះ រួចបង្ហាញខ្លួនឲ្យគេឃើញ។ បើសិនជាពួកគេប្រាប់មកយើងថា “ចូរឈប់នៅទីនោះហើយ ពួកយើងនឹងចុះទៅរកអ្នក!” នោះយើងត្រូវឈរនៅនឹងកន្លែង គឺមិនត្រូវឡើងទៅរកពួកគេទេ។ ប៉ុន្តែ បើសិនជាពួកគេប្រាប់ថា “ចូរឡើងមករកយើង!” នោះយើងនឹងឡើងទៅភ្លាម ដ្បិតនេះជាសញ្ញាសម្គាល់ឲ្យយើងដឹងថា ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់យើងហើយ»។ អ្នកទាំងពីរបង្ហាញខ្លួនឲ្យពួកខ្សែត្រៀមរបស់ភីលីស្ទីនឃើញ។ ពួកភីលីស្ទីនពោលថា៖ «មើលហ្ន៎! ពួកហេប្រឺចេញពីរូងដែលគេពួនហើយ!»។ ពួកទាហាននៅខ្សែត្រៀមស្រែកប្រាប់សម្ដេចយ៉ូណាថាន និងសេនាដែលកាន់គ្រឿងសស្ត្រាវុធថា៖ «ចូរឡើងមក! យើងនឹងប្រដៅអ្នកទាំងពីរ»។ សម្ដេចយ៉ូណាថានប្រាប់សេនារបស់សម្ដេចថា៖ «ឡើងតាមខ្ញុំ ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលហើយ»។ សម្ដេចយ៉ូណាថានវារឡើង ហើយសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេចក៏វារឡើងតាមក្រោយដែរ។ សម្ដេចយ៉ូណាថានវាយផ្ដួលពួកភីលីស្ទីន ហើយសេនាដែលកាន់អាវុធក៏សម្លាប់ពួកគេតាមក្រោយ។ នៅគ្រាដំបូង សម្ដេចយ៉ូណាថាន និងសេនា បានប្រហារពួកភីលីស្ទីនអស់ប្រមាណម្ភៃនាក់ នៅលើផ្ទៃដីប្រហែលមួយស្រែ។ ពេលនោះ ក៏កើតការភ័យញាប់ញ័រនៅក្នុងជំរំរបស់ពួកភីលីស្ទីន និងក្នុងចំណោមប្រជាជនដែលនៅជិតខាងនោះផងដែរ។ រីឯទាហាននៅតាមខ្សែត្រៀម និងកងទ័ពក៏ភ័យញាប់ញ័រដែរ ដ្បិតមានរញ្ជួយផែនដី បណ្ដាលឲ្យមានការភ័យញាប់ញ័រជាខ្លាំង។ ពួកអ្នកយាមល្បាតរបស់ស្ដេចសូល នៅក្រុងគីបៀរ ក្នុងស្រុកបេនយ៉ាមីន ក៏បានឃើញកងទ័ពភីលីស្ទីនរត់បែកខ្ញែកគ្នាទៅគ្រប់ទិសទីដែរ។ ព្រះបាទសូលមានរាជឱង្ការទៅកាន់ទាហាន ដែលនៅជាមួយស្ដេចថា៖ «ចូររាប់ចំនួនគ្នាយើងមើល តើបាត់នរណាខ្លះ»។ គេក៏រាប់មើល ហើយឃើញបាត់សម្ដេចយ៉ូណាថាន និងសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេច។ ព្រះបាទសូលបញ្ជាទៅលោកអហ៊ីយ៉ាថា៖ «ចូរទៅយកហិបរបស់ព្រះជាម្ចាស់មក!»។ នៅគ្រានោះ ហិបរបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយជនជាតិអ៊ីស្រាអែល។ ពេលព្រះបាទសូលកំពុងតែមានរាជឱង្ការទៅកាន់លោកបូជាចារ្យ ការច្របូកច្របល់កើតមានកាន់តែខ្លាំងឡើងៗ នៅក្នុងជំរំពួកភីលីស្ទីន។ ព្រះបាទសូលក៏ប្រាប់លោកបូជាចារ្យថា៖ «មិនបាច់ទូលសួរព្រះជាម្ចាស់ទៀតទេ»។ ព្រះបាទសូល និងទាហានទាំងអស់ដែលនៅជាមួយស្ដេច បានប្រមូលគ្នា រួចចេញទៅដល់ទីលានប្រយុទ្ធ។ ម្នាក់ៗកាន់ដាវចូលប្រឡូកច្បាំង ហើយសភាពច្របូកច្របល់ក៏កើតមានយ៉ាងខ្លាំងឥតឧបមា។ មានពួកហេប្រឺមួយចំនួន ដែលពីមុននៅបម្រើពួកភីលីស្ទីន ហើយបានចេញមកច្បាំងរួមជាមួយពួកគេដែរនោះ ក៏រត់ចូលមកខាងទ័ពអ៊ីស្រាអែល ដែលនៅជាមួយព្រះបាទសូល និងសម្ដេចយ៉ូណាថាន។ ទាហានអ៊ីស្រាអែលទាំងប៉ុន្មានដែលលាក់ខ្លួននៅតាមតំបន់ភ្នំអេប្រាអ៊ីមដឹងថា ពួកភីលីស្ទីនបាក់ទ័ព នោះក៏ចេញមកដេញតាមប្រហារពួកគេដែរ។ នៅថ្ងៃនោះ ព្រះអម្ចាស់បានសង្គ្រោះជនជាតិអ៊ីស្រាអែល ហើយការប្រយុទ្ធក៏បន្តទៅទៀត រហូតដល់បេតអាវេន។
១ សាំយូអែល 14:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ថ្ងៃ១យ៉ូណាថាន ជាបុត្រាសូល ប្រាប់ដល់មនុស្សកំឡោះ ដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរយើងឆ្លងទៅឯបន្ទាយរបស់ពួកភីលីស្ទីន ដែលនៅខាងនាយនោះ តែលោកមិនបានទូលដល់បិតាឲ្យជ្រាបទេ ឯសូល ទ្រង់នៅត្រង់ចុងក្រុងគីបៀរ ក្រោមដើមទទឹមដែលនៅមីករ៉ូន មានទាំងពួកទ័ពនៅជាមួយប្រហែលជា៦០០នាក់ផង ព្រមទាំងអ័ហ៊ីយ៉ា ជាកូនអ័ហ៊ីទូប បងអ៊ីកាបូឌ ដែលជាកូនភីនេហាសៗជាកូនអេលីដ៏ជាសង្ឃនៃព្រះយេហូវ៉ា នៅត្រង់ស៊ីឡូរ ដែលលោកពាក់អេផូឌដែរ គេឥតបានដឹងជាយ៉ូណាថានទៅទេ រីឯនៅកណ្តាលច្រកភ្នំ ដែលយ៉ូណាថានចង់ឆ្លង ទៅឯបន្ទាយរបស់ពួកភីលីស្ទីន នោះមានថ្មដាស្រួចអមទាំងសងខាងផ្លូវ ១ឈ្មោះបូសេស ហើយ១ទៀតឈ្មោះសេនេ មួយនៅខាងជើងទល់មុខនឹងមីកម៉ាស ហើយ១នៅខាងត្បូងទល់មុខនឹងកេបា។ យ៉ូណាថានក៏ប្រាប់ដល់មនុស្សកំឡោះ ដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរយើងឆ្លងទៅឯបន្ទាយនៃពួកមិនកាត់ស្បែកនោះ ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងជួយយើងទេដឹង ដ្បិតគ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលទ្រង់នឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ ឯអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកក៏ឆ្លើយថា សូមសំរេចតាមតែលោកចុះ ចង់បែរទៅខាងណាក៏តាមតែចិត្ត មើល ខ្ញុំនៅជាមួយនឹងលោកស្រាប់ ដូច្នេះយ៉ូណាថានប្រាប់ថា មើល យើងនឹងឆ្លងទៅឯមនុស្សទាំងនោះ រួចសំដែងខ្លួនយើងឲ្យគេឃើញ បើគេនិយាយនឹងយើងដូច្នេះថា ចូរចាំយើងចុះមកឯឯងសិន នោះយើងនឹងឈររង់នៅឥតឡើងទៅឯគេឡើយ តែបើគេថា ចូរឡើងមកឯយើងចុះ នោះយើងនឹងឡើងទៅ ដ្បិតច្បាស់ជាព្រះយេហូវ៉ាបានប្រគល់គេ មកក្នុងកណ្តាប់ដៃយើងហើយ នេះឯងនឹងបានជាទីសំគាល់ដល់យើង ដូច្នេះអ្នកទាំង២ក៏សំដែងខ្លួន ឲ្យពួកបន្ទាយនៃសាសន៍ភីលីស្ទីនឃើញ រួចគេនិយាយថា មើល ពួកហេព្រើរចេញពីរូងដែលគេពួននៅនោះហើយ គេក៏និយាយទៅយ៉ូណាថាន នឹងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរឡើងមកឯយើងចុះ យើងនឹងបង្ហាញឲ្យឯងដឹង នោះយ៉ូណាថានប្រាប់ដល់អ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកថា ចូរឯងឡើងមកតាមក្រោយអញមក ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រគល់គេ មកក្នុងកណ្តាប់ដៃនៃអ៊ីស្រាអែលហើយ រួចយ៉ូណាថានក៏ប្រតោងឡើង ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏ឡើងតាមក្រោយទៅ ឯពួកនោះក៏ដួលនៅមុខយ៉ូណាថាន ហើយអ្នកដែលកាន់គ្រឿងរបស់លោកក៏សំឡាប់គេជាក្រោយ រីឯក្នុងកាលដែលយ៉ូណាថាន នឹងអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកបានសំឡាប់គេជាមុនដំបូង នោះបានស្លាប់អស់ប្រហែលជា២០នាក់ នៅលើដីចំនួន១ងារ នោះក៏មានការញាប់ញ័រកើតឡើង ក្នុងទីបោះទ័ពដែលនៅវាល នឹងនៅក្នុងពួកបណ្តាទ័ពទាំងប៉ុន្មាន ឯពួកអ្នកនៅក្នុងបន្ទាយ នឹងពួកទ័ពបំផ្លាញ គេក៏ញ័ររន្ធត់ដែរ ហើយផែនដីក៏កក្រើកឡើង ដូច្នេះ គេមានសេចក្ដីញ័ររន្ធត់ជាខ្លាំងក្រៃលែង។ ឯពួកយាមល្បាតខាងសូល ដែលនៅក្រុងគីបៀរក្នុងស្រុកបេនយ៉ាមីន គេក៏មើលទៅឃើញបណ្តាពលបែកខ្ញែកពីគ្នាខ្ចាត់ខ្ចាយ ខ្លះទៅខាងនេះ ខ្លះទៅខាងនោះ ដូច្នេះ សូលមានបន្ទូលទៅពួកអ្នក ដែលនៅជាមួយថា ចូររាប់មើល តើអ្នកណាដែលបានចេញពីយើងទៅនោះ កាលគេបានរាប់ទៅ នោះឃើញបាត់យ៉ូណាថាន នឹងអ្នកដែលកាន់គ្រឿងរបស់លោកផង នោះសូលទ្រង់មានបន្ទូលទៅអ័ហ៊ីយ៉ាថា ចូរយកហឹបនៃព្រះមកឯណេះ (ដ្បិតនៅវេលានោះ ហឹបនៃព្រះបាននៅជាមួយនឹងពួកទ័ពអ៊ីស្រាអែល) កាលសូលកំពុងតែមានបន្ទូលនឹងសង្ឃនៅឡើយ នោះសូរអឺងកងដែលឮពីទីបោះទ័ពរបស់ពួកភីលីស្ទីនក៏កាន់តែខ្លាំងឡើង ដូច្នេះ សូលប្រាប់ដល់សង្ឃថា ចូរដកដៃមកវិញ រួចទ្រង់នឹងពួកអ្នកដែលនៅជាមួយទាំងប៉ុន្មានក៏ប្រមូលគ្នាទៅឯទីចំបាំង ហើយឃើញមានការច្របូកច្របល់យ៉ាងសំបើម ដោយកំពុងតែកាប់ចាក់គ្នាគេ រីឯពួកហេព្រើរដែលនៅជាមួយនឹងពួកភីលីស្ទីន ហើយបានឡើងមកក្នុងពួកទ័ពជាមួយនឹងគេ នោះក៏បែរមកខាងពួកអ៊ីស្រាអែល ដែលនៅជាមួយនឹងសូល ហើយនឹងយ៉ូណាថានវិញ កាលពួកអ៊ីស្រាអែលទាំងប៉ុន្មានដែលពួននៅស្រុកភ្នំអេប្រាអិមបានឮថា ពួកភីលីស្ទីនរត់ដូច្នោះ នោះគេក៏ដេញតាមច្បាំងយ៉ាងប្រកិតដែរ ដូច្នេះ ព្រះយេហូវ៉ា ទ្រង់បានជួយសង្គ្រោះអ៊ីស្រាអែល នៅថ្ងៃនោះឯង ហើយចំបាំងច្បាំងគ្នានោះក៏ឆ្លងទៅ រហូតដល់បេត-អាវេនវិញ។